ភ្នំពេញ: អ្នកមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃប្រមាណ ៥០ នាក់តំណាងឱ្យ ២៥៣ គ្រួសាររស់នៅភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលមានជម្លោះជាមួយអាជ្ញាធរខេត្តព្រះវិហារ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញបានដាក់ញត្តិជាថ្មីស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ពន្លឿនការដោះស្រាយបញ្ហាដីធ្លីដើម្បីឲ្យពួកគាត់បានត្រឡប់ទៅរស់នៅក្នុងភូមិឃុំរបស់ពួកគាត់វិញឲ្យបានឆាប់។
តំណាងប្រជាពលរដ្ឋលោក ផាន់ ធឿន បានថ្លែងថានេះជាលើកទី ២ ហើយដែលពួកគាត់បានដាក់ញត្តិទៅក្រសួងមហាផ្ទៃដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យពួកគាត់បានត្រឡប់ទៅរស់នៅលើដីភូមិឋានទំហំ ៣៣៥៣ ហិកតារបស់ពួកគាត់វិញបន្ទាប់ពីអាជ្ញាធរឃុបឃិតគ្នារឹបអូសយក និងបណ្តេញចេញកាលពីឆ្នាំ ២០១២ មក។
លោកថា៖ «មន្ត្រីទទួលញត្តិថានឹងមានការដោះស្រាយប៉ុន្តែចាំឱ្យខេត្តឆ្លើយតបនឹងសំណើសិនចាំគាត់ហៅមកដោះស្រាយ»។
កាលពីដើមឆ្នាំ ២០១៦ នេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកឧបនាយករដ្ឋមន្ត្រី ស ខេង ធ្លាប់បានផ្ញើលិខិតជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីឲ្យពិនិត្យ និងដោះស្រាយចំពោះសំណើរបស់ប្រជាពលរដ្ឋ។
ក្រោយទទួលបានលិខិតនេះពលរដ្ឋទាំងនោះក៏បានត្រឡប់ទៅភូមិឋានគាត់វិញតែត្រូវបានអាជ្ញាធរហាមឃាត់ហើយពួកគាត់ក៏បានឡើងមករាជធានីភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជាថ្មីទៀតនេះ។
មន្ត្រី ADHOC ប្រចាំខេត្តព្រះវិហារលោក ឡោ ចាន់ គាំទ្រឲ្យមានដំណោះស្រាយជូនពលរដ្ឋ៕