សៀមរាបៈ តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ២០០ ​នាក់​ បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាដំបូង​ខេត្តសៀមរាប​កាលពី​សប្ដាហ៍​មុន​ សុំ​ឲ្យ​មានការ​ដោះលែង​ជនសង្ស័យ​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ម្នាក់​ឲ្យ​ចេញមក​ទទួល​ខុសត្រូវ​លើ​សំណង​ដល់​ពលរដ្ឋ​ប្រមាណ​ ២ ០០០ ​នាក់ ​ដែល​បានដាក់​លុយ​វិនិយោគ​ជាមួយ​​ក្រុមហ៊ុន​មួយ​នេះ ប៉ុន្តែ​ត្រូវបាន​តុលាការ​បដិសេធ​។

ទោះជា​យ៉ាងណា​ក៏ដោយ​ការស្នើសុំ​ឲ្យ​មាន​ការដោះលែង​នៅ​ក្រៅ​ឃុំ​នេះ ធ្វើឡើង​ក្រោយពី​មាន​លិខិត​ ១ ​ច្បាប់​ដែល​ចុះហត្ថលេខា​ដោយ​លោក ឌីម សួនណាត កាលពី​ថ្ងៃទី​ ១៥ មីនា ឆ្នាំ ២០២០ ដោយ​បាន​អះអាង​ថា​លោក​នឹង​ធ្វើការ​ទូទាត់​សង​ទៅតាម​ទំហំ​ទឹកប្រាក់​ដើម​របស់​ប្រជាពលរដ្ឋ​រហូត​ដល់​គ្រប់​ចំនួន​ក្នុង​ករណី​ដែល​រូបលោក​មាន​សេរីភាព ហើយ​បាន​ចេញពី​ការឃុំខ្លួន​។

លោក ឌីម សួនណាត អគ្គនាយក​ក្រុមហ៊ុន Enarita បាននិង​កំពុង​ស្ថិតនៅ​ក្នុង​មន្ទីរឃុំឃាំង​អស់​រយៈពេល ៨ ​ខែ ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ក្រោយពី​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទឆបោក និង​បទ​ចេញ​មូលប្បទានបត្រ​ក្លែងក្លាយ​។

លោក យិន ស្រាង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា សំណើ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​គឺ​មិនអាច​ត្រឹមត្រូវ​នោះ​ទេ ហើយ​តុលាការ​ក៏​មិន​ធ្វើការ​ដោះលែង​លោក ឌីម សួនណាត តាម​សំណើ​បាន​នោះ​ដែរ ព្រោះ​តុលាការ​កំពុង​បន្ត​នីតិវិធី​។

ក្នុងករណី​ដែល​តុលាការ​បញ្ចប់​ការស៊ើបអង្កេត​រួចរាល់​នោះ តុលាការ​នឹង​បើក​សវនាការ ដូច្នេះ​​សុំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​រង់ចាំ​​ដំណោះស្រាយ​ពី​តុលាការ ខណៈ​ដែល​លោក​ក៏​មិនទាន់​ច្បាស់​ថា ករណី​នេះ​អាច​នឹង​បញ្ចប់​ការស៊ើបអង្កេត និង​សម្រេច​បើកសវនាការ នៅពេលណា​នៅឡើយ​នោះទេ​។

លោក​ ស្រាង ថ្លែងថា​៖ «​នីតិវិធី​តុលាការ គេ​កំពុងតែបន្ត​​សវនាការ​ផង និង​ស៊ើបអង្កេត​បន្ត​ផង ព្រោះ​រឿង​គាត់​ច្រើន​​ករណី ហើយ​ការប្រមូលផ្តុំ​របស់​គាត់ គឺជា​សិទ្ធិ​របស់គាត់​ទេ​ដែល​មិន​ទាក់ទង​នឹង​នីតិវិធី​របស់​តុលាការ​នោះទេ​។ តាមរយៈ​ការតវ៉ា​នេះ​ព្រះរាជអាជ្ញា​បាន​ធ្វើការ​បកស្រាយ​រួចរាល់​អស់ហើយ និង​បាន​ពន្យល់​ដល់​អ្នក​តវ៉ា​អស់ហើយ ព្រោះ​នីតិវិធីតុលាការ គេ​អនុវត្ត​ទៅតាម​សំណុំរឿង​នីមួយៗ​»​។

លោក ស្រាង បាន​អះអាង​ថា​ករណី​នេះ​ក្រៅពី​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​ក៏​ស្ថិតក្នុង​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​ដែរ ដែល​កំពុងធ្វើការ​ស៊ើបអង្កេត​ព្រោះ​ដោយសារ​តែមាន​ដើមបណ្តឹង​ដែល​ជា​ជនរងគ្រោះ​ខ្លះ​បាន​ប្តឹងទៅ​ក្រសួងមហាផ្ទៃ ហើយ​នៅពេល​នេះ​តុលាការ​ក៏​កំពុង​ស៊ើបអង្កេត​រក​ទ្រព្យសម្បត្តិ​របស់​លោក ឌីម សួនណាត ដែល​កំពុងមាន​ជាក់ស្តែង​ជាមុនសិន​។

លោក ស្រាង ថ្លែង​ថា​៖ «​តែ​គេ​បិទ​បញ្ចប់​ការស៊ើបអង្កេត គេ​នឹង​បើកសវនាការ​ជំនុំជម្រះ ហើយ​បើ​រឿងនេះ​មិនទាន់​បិទ​ទេ​គឺ​បានន័យ​ថា គេ​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ​។ ចំពោះ​ចំនួន​ទឹកប្រាក់ និង​ពាក្យបណ្តឹង គឺ​ខ្ញុំ​មិនទាន់​បាន​បូកសរុប​ទេ ប៉ុន្តែ​សំណុំ​រឿងនេះ​ប្រធាន​តុលាការ​ដំបូង និង​ព្រះរាជអាជ្ញា គាត់​បាន​ប្រមូល និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​បន្តទៀត​រួចហើយ​»​។

លោក ឌីម សួនណាត អាយុ ៣៦ ឆ្នាំ​រស់នៅ​ភូមិ​ឧកញ៉ាវាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​គឺជា​អគ្គនាយក​ក្រុមហ៊ុន Enarita Development Co.Ltd ដោយ​ក្រុមហ៊ុន​នេះ​មាន​បុត្រសម្ព័ន្ធ​ចំនួន ៧ ទូទាំង​ប្រទេស និង​វិនិយោគ​លើ​វិស័យ​ជាច្រើន ដូចជា វិនិយោគ​លើដី លើ​ហាង​កាហ្វេ វិនិយោគ​លើទឹក​សុទ្ធ និង​ក្នុង​វិស័យ​អប់រំ​ជាដើម ដែល​មាន​សាខា​ធំ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប និង​តាម​បណ្តា​ខេត្ត​មាន​ប្រធាន​ផ្នែក​ទីផ្សារ​គ្រប់គ្រង​បន្ត​។

លោក ឌីម សួនណាត ត្រូវបាន​សាលាដំបូង​ខេត្ត​សៀមរាប​សម្រេច​ឃាត់ខ្លួន និង​ចោទប្រកាន់​ចំនួន ២ ករណី​ពី​បទ​ឆបោក និង​បទ​ចេញ​មូលប្បទានបត្រ​ក្លែងក្លាយ​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​ ២០១៩ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​មួយចំនួន​បាន​ប្តឹង​ម្ចាស់​ក្រុមហ៊ុន​នេះ​ថា បាន​ឆបោក​ពួកគេ​មាន​ទឹកប្រាក់​រាប់លាន​ដុល្លារ​តាមរយៈ​ការដាក់ទុន​វិនិយោគ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភពដើម​បណ្តឹង​ដែល​បានដាក់​ពាក្យ​ប្តឹង​ម្ចាស់​ក្រុមហ៊ុន​នេះ​បាន​នោះទេ​កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​តុលាការ​ក៏​បដិសេធ​ផ្តល់​ប្រភព​ទាក់ទង​។

លោក អ៊ឹង សុបញ្ញា ពលរដ្ឋ​តំណាង​ឲ្យ​ពលរដ្ឋ​ប្រមាណ​ ២០០ ​នាក់​ ​ដែល​ចូលរួម​តវ៉ា​ឲ្យ​មាន​ការដោះលែង​លោក ឌីម សួនណាត បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការប្រមូលផ្តុំ​គ្នា​នេះ គឺ​ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដល់​ពួកគេ​រាប់ពាន់​គ្រួសារ​ដែល​បានដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន អ៊ីណារីតា ឯ.ក ដែល​មាន​លោក ឌីម សួនណាត ជា​អគ្គនាយក​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅឯ​ពន្ធនាគារ​ខេត្ត​សៀមរាប​អស់​រយៈពេល ៨ ខែ​មកហើយ​។

លោក​បន្តថា​៖ «​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ប្រមាណ​រាប់ពាន់​គ្រួសារ​កំពុង​មាន​ការលំបាក​យ៉ាងខ្លាំង គ្មាន​លុយ​បង់​ធនាគារ គ្មាន​លុយ​បង់​ការប្រាក់​ឯកជន ហើយ​អ្នក​ខ្លះទៀត​ក៏​មិន​ហ៊ាន​ទៅ​ស្រុកកំណើត ព្រោះ​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​ម្ចាស់បំណុល​។ ប្រជាពលរដ្ឋ​ទាំងអស់​កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះអន្ទែង​បំផុត និង​ព្រម​ទទួល​យក​ដំណោះស្រាយ​ពី​លោក ឌីម សួនណាត តាម​ការសន្យា​ដូច​ក្នុង​លិខិត​»​។

សហមេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារ​ក្តី​លោក ឌីម សួនណាត ប្រមាណ​ ១០ នាក់ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា ការបន្ត​ឃុំខ្លួន​កូនក្តី​របស់លោក​រយៈពេល​យូរហើយ​មិន​ព្រម​បិទ​បញ្ចប់​ការស៊ើបអង្កេត​បែបនេះ បានធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជនជាប់ចោទ​ដែល​មានចែង​ក្នុង​បញ្ញត្តិ​។

លោក​មេធាវី​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ការឃុំខ្លួន​របស់​គាត់​មាន​រយៈពេល​យូរ​មែនទែន ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូនក្តី​ខ្ញុំ ហើយ​ការឃុំខ្លួន​យូរ​បែបនេះ មាន​អ្វី​ជា​ផល​តបស្នង​មកវិញ​ចំពោះ​កូនក្តី​របស់ខ្ញុំ​។ ក្នុងនាម​ជា​សហមេធាវី​​ការពារ​សិទ្ធិ​គឺ​ចង់​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ឲ្យ​លឿនៗ​ទៅ ​ដើម្បី​ឲ្យ​ប្រាកដថា ជនរងគ្រោះ​មាន​ទោស ឬ​គ្មាន​ទោស​ដូច​ការចោទប្រកាន់​»៕