
អ្នកជំនាញក្បង់ដង្កូវបង្ហាញក្នុងកសិដ្ឋានចិញ្ចឹមរុយ នៅខណ្ឌមានជ័យកាលពីថ្ងៃទី ១៥ កុម្ភៈ។ ហុង មិនា
ភ្នំពេញៈ ប្រជាពលរដ្ឋនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលរស់នៅជិតកន្លែងកសិដ្ឋានចិញ្ចឹមរុយ ប៊ីអេសអែហ្វ (BSF Farm) បានឱ្យដឹងថា ទីតាំងកសិដ្ឋានចិញ្ចឹមរុយ ១ កន្លែងនេះមានការជះក្លិនមិនល្អនាំឱ្យពួកគាត់ពិបាកក្នុងការរស់នៅ ប៉ុន្តែក្រោយអាជ្ញាធរចុះពិនិត្យដល់កន្លែងទើបក្លិនស្អុយត្រូវបានកាត់បន្ថយ។
អ្នកស្រី ម៉េង ជូ ជាអ្នកលក់គ្រឿងទេសម្នាក់នៅក្បែរកសិដ្ឋាននោះបានថ្លែងថា ប្រមាណរយៈពេលជាងកន្លះខែមកនេះ ក្លិនស្អុយដែលធ្លាប់តែភាយចេញពីកសិកដ្ឋានចិញ្ចឹមរុយបានធូរស្បើយឡើងវិញ ប៉ុន្តែមិនទាន់បានឈប់ជះក្លិនទាំងស្រុងនោះទេនៅមានភាយមកម្តងៗ តែមិនប៉ះពាល់ខ្លាំងដូចកាលពីមុន។
អាជីវកររូបនេះថ្លែងថា៖ «ឥឡូវវាគ្រាន់ជាងមុន កាលសារមុនស្អុយពេញភូមិដែរហ្នឹង។ ស្អុយដេកអត់បានទេ ម្នាក់ៗបិទតែកៅអៀកទេ ហើយខ្ញុំអ្នកលក់នៅក្បែរហ្នឹងអ៊ីចឹង ម៉ៃ្ងៗខ្ញុំឈឺក្បាលរហូត។ ឥឡូវប្រហែលគាត់មានបច្ចេកទេសអីយ៉ាងម៉េច ធ្វើឱ្យលែងសូវធុំក្លិន អាហ្នឹងខ្ញុំមិនដឹងដែរ»។
អ្នកស្រី សុង ខេង ពលរដ្ឋម្នាក់ទៀតដែលនៅក្បែរនោះបានឱ្យដឹងថា កាលពីមុនដំបូងមានក្លិនស្អុយជាប់រាល់ថ្ងៃ តែក្រោយមកប្រជាពលរដ្ឋនៅក្បែរៗនេះនាំគ្នាត្អូញត្អែរប្រាប់ម្ចាស់កសិដ្ឋានជាបន្តបន្ទាប់។ ក្រោយមកក៏សង្កេតឃើញថា លែងសូវមានជះក្លិនមិនល្អ ក្រោយពេលថ្មីៗនេះ អាជ្ញាធរមូលដ្ឋានចុះមកធ្វើការណែនាំដល់ម្ចាស់កសិកដ្ឋាន។
អ្នកស្រីនិយាយថា៖ «ការធុំក្លិននេះ វាមិនអីទេ គ្រាន់តែធុំក្លិន។ អ៊ីចឹងទៅ វាពិបាករស់នៅចេះតែប្រាប់ៗគាត់អ៊ីចឹងទៅ។ តែក្រោយអាជ្ញាធរចុះមកម្តង លែងសូវធុំក្លិនទៅ អាហ្នឹងវាតាមខ្យល់ទេ។ ខ្យល់បក់ពីខាងណា វាធុំខាងហ្នឹង ហើយអ្នកណានៅជិតអ្នកហ្នឹងធុំក្លិន អ្នកឆ្ងាយគេមិនសូវប៉ុន្មានទេ»។
ស្រដៀងគ្នាដែរ អ្នកស្រី រ៉ា សៀង បានថ្លែងថា ការជះក្លិនស្អុយក្នុងពេលកន្លងមកមិនទាន់មានជះឥទ្ធិពលធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋទេ។ បញ្ហាសំខាន់គឺនាំឱ្យមានការពិបាករស់នៅ ព្រោះធំក្លិនស្អុយ និងមានរុយចេញមករំខាន។
«វារាងស្អុយ ស្អុយឡើងជូរអ៊ីចឹងទៅណា! ហើយវាមានរុយមានអី អ៊ីចឹងទៅនៅអត់ចង់បានទេ។ តែខ្ញុំចេះតែស្រែកៗឱ្យដែរហ្នឹងថាធុំក្លិន។ អ៊ីចឹងការធុំក្លិននេះដូចអត់ទាន់មានបញ្ហាអីធ្ងន់ធ្ងរ កើតជាជំងឺអីផ្សេងៗទេ គ្រាន់តែវាធុំក្លិនជូរខ្លាំងអ៊ីចឹងទៅ ទាំងយប់ទាំងថ្ងៃយើងពិបាករស់នៅ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ដូចអត់អីផង»។ នេះបើតាមអ្នកស្រី រ៉ា សៀង។
លោក ទឹម រ័ត្ន អ្នកបច្ចេកទេសនៅកសិដ្ឋាន BSF Farm បានឱ្យដឹងថា ការចិញ្ចឹមសត្វរុយនេះ មិនប៉ះពាល់ដល់បរិស្ថាននោះទេ។ ផ្ទុយទៅវិញវាបានជួយទៅដល់បរិស្ថានទៀតផង ព្រោះការចិញ្ចឹមរុយនេះនឹងជួយកាត់បន្ថយការបោះចោលកាកសំណល់ស្អុយរលួយផ្សេងៗជាច្រើនយ៉ាងដូចជា បន្លែ ផ្លែឈើគ្រប់មុខជាដើម។
«បើនិយាយឱ្យចំទៅផ្នែកបរិស្ថានវាជួយបានច្រើនទៅលើបរិស្ថានខាងកាកសំណល់រលួយគ្រប់ប្រភេទ។ តែបើរឿងប៉ះពាល់ដោយក្លិនអី កាលណាដែលយើងប្រមូលកាកសំណល់បន្លែផ្លែឈើមកគរទុកយូរអាហ្នឹងវាអាចនឹងមានក្លិនខ្លះ។ ប៉ុន្តែនៅពេល យើងកិនបំប្លែងបន្ថែមវត្ថុធាតុដើមយើងទៅវាអត់មានបញ្ហាក្លិនចោទទេ»។ នេះបើតាមការអះអាងរបស់លោក ទឹម រ័ត្ន។
បើតាមលោក រ័ត្ន ការចិញ្ចឹមរុយនេះមានប្រយោជន៍ច្រើនសម្រាប់អ្នកកសិកម្ម ជាពិសេសអ្នកចិញ្ចឹមសត្វ ដែលត្រូវការផលិតចំណីសម្រាប់សត្វ ដូចជា ត្រចៀកកាំ មាន់ ទា និងត្រីគ្រប់ប្រភេទជាដើម។ លោកបញ្ជាក់ថា រុយ និងដង្កូវមានប្រូតេអ៊ីនខ្ពស់ដែលជួយឱ្យសត្វឆាប់ធំ ស្បែករោមភ្លឺរលោង ឆ្អឹងរឹងមាំ ខ្លាំងក្លា មិនងាយមានជំងឺ។
លោកនិយាយថា៖ «រុយដែលយើងចិញ្ចឹមនេះ គេហៅថារុយ Black soldier fly គឺរុយប្រូតេអ៊ីន គឺវាអត់មានទៅប៉ះពាល់ដល់សុខភាពមនុស្ស ឬក៏អីទេ ហើយដង្កូវ គឺយើងចិញ្ចឹមសម្រាប់ជាចំណីសត្វ។ រីឯកាកសំណល់ដែលសល់ពីដង្កូវហ្នឹងគឺយើងអាចធ្វើជាជីកំប៉ុសដ៏ល្អ»។
លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទីនៃសង្កាត់ស្ទឹងមានជ័យទី ១ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ជុំវិញរឿងភាយចេញក្លិនមិនល្អប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្បែរកសិដ្ឋានចិញ្ចឹមរុយនេះ អាជ្ញាធរបានហៅភាគីអ្នកប្តឹងម្នាក់ និងម្ចាស់កសិដ្ឋានទៅប្រជុំនៅសាលារាជធានីភ្នំពេញ និងបានសម្របសម្រួលគ្នារួចរាល់ហើយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ។
លោកស្រីថ្លែងថា៖ «កាលពីម្សិលមិញនេះ គេបានទៅសម្របសម្រួលគ្នា ដោះស្រាយគ្នារួចរាល់អស់ហើយ អត់មានបញ្ហាអីទៀតទេ។ អ្នកប្តឹងហ្នឹងមានតែម្នាក់ទេ ព្រោះពីមុន វាមានអ៊ីចឹងមែន។ ដល់ឥឡូវនេះគេហ៊ុមព័ទ្ធបានល្អ ហើយម្យ៉ាងទៀតកន្លែងហ្នឹងគេជិតប្តូរទីតាំងទៅកៀនស្វាយហើយ»។
លោក សៅ សែនសំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមរុយ BSF ដែលបានទៅចូលរួមក្នុងកិច្ចប្រជុំនោះឱ្យដឹងថា អាជ្ញាធរបានសាទរចំពោះការចិញ្ចឹមរុយក្នុងកសិដ្ឋាននេះ។ ប៉ុន្តែត្រូវធ្វើយ៉ាងណាត្រូវមានបច្ចេកទេស កុំឱ្យមានក្លិនភាយចេញប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកប្រាប់ថា៖ «កិច្ចប្រជុំបានលទ្ធផលល្អណាស់បង។ ឯកឧត្តម [ខាងអាជ្ញាធរ] លោកគាំទ្រឱ្យមានការចិញ្ចឹមឱ្យបានច្រើន។ លោករីករាយព្រោះវាជួយបរិស្ថានច្រើន ហើយលោកណែនាំធ្វើយ៉ាងណាឱ្យល្អ កុំឱ្យប៉ះពាល់ដល់អ្នកជិតខាង កុំឱ្យមានក្លិន ដោយបច្ចេកទេស»៕
វីដេអូ៖