
សកម្មភាពប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញកន្លងមក។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ពលរដ្ឋមួយចំនួននៅសង្កាត់ស្រះចកខណ្ឌដូនពេញបានថ្លែងថា ការបោះចោលសំរាម ឬទុកសំរាមផ្ដេសផ្ដាសព្រោះខ្វះធុងដាក់សំរាមតាមទីសាធារណៈប៉ុន្ដែមន្រ្ដីថាបើដាក់ធុងសំរាមនៅទីនោះនឹងរឹតតែធ្វើឲ្យសំរាមនៅផ្ដុំគ្នាគ្មានសណ្ដាប់ធ្នាប់និងបង្កភាពកង្វក់លើសដើម។
លោក សុខ សុឃៀន អាជីវករលក់ប្រហិតចៀននៅទល់មុខរ៉ារថភ្លើងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញបុស្ដិ៍នៅថ្ងៃទី២៣ខែតុលានេះថា ពិតជាមានពលរដ្ឋមួយចំនួនបានទុកដាក់សំរាមមិនបានត្រឹមត្រូវមែនទើបអាជ្ញាធរមកណែនាំឲ្យទុកដាក់សំរាមនិងយកសំរាមចេញទៅចោលឲ្យទាន់ពេលរថយន្តក្រុមហ៊ុនស៊ីនទ្រីមកប្រមូល។
លោកថា៖«ការចោលសំរាមគ្មានសណ្ដាប់ធ្នាប់របស់ពលរដ្ឋខ្លះក៏មកពីនៅតាមទីសាធារណៈមិនសូវមានធុងសំរាមអ៊ីចឹងទើបគេនាំគ្នាយកសំរាមទៅបោះចោលនៅកន្លែងផ្សេងៗបែបនេះ។ បើនៅទីសាធារណៈមានធុងសំរាម ក៏គេមិនយកសំរាមទៅចោលអ៊ីចឹងដែរ»។
លោកបន្តថាអាជ្ញាធរពេលខ្លះបានតែផ្សព្វផ្សាយប៉ុន្ដែមិនសូវមានប្រសិទ្ធភាពព្រោះមិនសូវមានអ្នកអនុវត្ដតាម។
លោក សុឃឿន ថា៖«បើនៅតាមទីសាធារណៈអាជ្ញាធរដាក់ធុងសំរាមនិងប្រាប់ពីការទុកដាក់សំរាមនោះខ្ញុំក៏គាំទ្រដែរព្រោះនេះវាជាអនាម័យសម្រាប់ទាំងអស់គ្នា។ អាជ្ញាធរអាចរឹតបន្ដឹងឬផាកពិន័យឲ្យធ្ងន់ក៏បាន បើពលរដ្ឋនៅតែចោលសំរាមគ្មានសណ្ដាប់ធ្នាប់នោះ។ ប៉ុន្ដែកន្លងមកបានតែជូនដំណឹងមិនមានលទ្ធផលប៉ុន្មានទេ»។
លោកស្រី អឿ សុភា អាជីវករលក់មេឆា និងភេសជ្ជៈ នៅក្បែរស្ថានីយរថភ្លើងដែរនោះបានថ្លែងថា អាជ្ញធរក្នុងសង្កាត់ស្រះចកបានជូនដំណឹងដល់ពួកគាត់ឲ្យរៀបចំទុកដាក់សំរាមឲ្យទាន់ពេលវេលាមុនពេលរថយន្ដដឹកសំរាមស៊ីនទ្រីមកដល់ចៀសវាងសល់សំរាមគ្មានអ្នកប្រមូល។
អ្នកស្រីបានឲ្យដឹងថា៖ «កន្លងមកមានទីតាំងមួយចំនួននៅទល់មុខរ៉ារថភ្លើងនេះមានសំរាមនៅសល់ចោលច្រើន ដោយគ្មានសណ្ដាប់ធ្នាប់ ទើបអាជ្ញាធរចុះមកណែនាំបន្ថែមបែបនេះ។ ប៉ុន្ដែសំរាមនៅទីនេះច្រើនព្រោះកន្លែងនេះ ជាកន្លែងបេនឡាននិងមានអ្នកលក់ដូរច្រើន ហើយគ្មានធុងសំរាមទៀត»។
លោក ឆាយ ធិរិទ្ធ ចៅសង្កាត់រងទី២សង្កាត់ស្រះចក បានថ្លែងប្រាប់ភ្នំពេញបុស្ដិ៍នៅថ្ងៃទី២៣ខែតុលានេះថា ពលរដ្ឋមួយចំនួននៅមិនទាន់ចេះបែងចែកនិងទុកដាក់សំរាមបានត្រឹមត្រូវទេ។ ដូច្នេះទើបអាជ្ញាធរតែងតែផ្សព្វផ្សាយឱ្យយកសំរាមចេញពីផ្ទះរបស់ពួកគាត់ឲ្យបានទាន់ពេល។
លោកបន្ដថា ពលរដ្ឋខ្លះយកសំរាមទាំងកាកសំណល់ ទាំងថ្ម ទៅចោលជាមួយគ្នាក៏មាន ដែលធ្វើឲ្យក្រុមហ៊ុនប្រមូលសំរាមពិបាកក្នុងការប្រមូល។
លោកថា៖ «ឲ្យតែដាក់ធុងសំរាម ពួកគាត់គឺយកសំរាមមកចាក់ផ្ទេរគគ្រិចនៅកន្លែងនោះម្ដង។ អ៊ីចឹងទើបយើងលុបបំបាត់ដេប៉ូសំរាមនេះ។ អ៊ីចឹងនៅក្នុងមួយសង្កាត់យើងទុកឲ្យមានកន្លែងទុកដាក់សំរាម តែមួយឬពីរកន្លែងប៉ុណ្ណោះ ដើម្បីឲ្យឡានក្រុមហ៊ុនទៅប្រមូល»។
គួរបញ្ជាក់ថា កាកសំណល់សំរាមផ្ទះបាយនៅរាជធានីភ្នំពេញកើនឡើងដល់ជិត៣ពាន់តោនក្នុង១ថ្ងៃនាពាក់កណ្ដាលឆ្នាំនេះហើយសាលារាជធានីភ្នំពេញកំពុងរកក្រុមហ៊ុនដៃគូមកកែច្នៃឱ្យទៅជាថាមពលអគ្គិសនី និង ជីកំប៉ុស។ នេះបើតាម លោក កែវ ចាន់ណារិទ្ធ ប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាមដង្កោរាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែមុន។
ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ករណីកំណើនសំរាមនេះ ដោយសារកំណើនពលរដ្ឋ ការផ្លាស់ប្តូរជីវភាពរស់នៅនិងទំនៀមទម្លាប់នៃការប្រើប្រាស់និងការវេចខ្ចប់ទំនិញ ខណៈការកែច្នៃសំរាមនៅមានកម្រិតទាបដែលជាបញ្ហាប្រឈមចម្បងមួយលើការងារគ្រប់គ្រងបរិស្ថាននៅរាជធានីភ្នំពេញ និងតាមទីប្រជុំជនដែលទាមទារឲ្យមានការចូលរួមសហកាគ្នាពោលគឺការញែកសំរាមឲ្យដាច់ពីគ្នារវាងសំណល់សរីរាង្គដូចជា សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ។
លោកបន្ដថា៖«ប្រសិនបើពលរដ្ឋចូលរួមអនុវត្តវិធីសាស្ត្រញែកសំរាមទាំងនេះបានគ្រប់ៗគ្នានោះអត្រាសំរាមដែលត្រូវយកទៅចាក់ចោលមានចំនួនតិចបំផុតហើយសំណល់ផ្សេងទៀតអាចត្រូវបានប្រើប្រាស់និងកែច្នៃឡើងវិញផ្តល់ផលប្រយោជន៍ និងចំណូល ដល់បងប្អូនពលរដ្ឋវិញ»៕