The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ទន្ទ្រាន​យក​ដី​សហគមន៍​ដោយ​ខុស​ច្បាប់

ពលរដ្ឋ​ទន្ទ្រាន​យក​ដី​សហគមន៍​ដោយ​ខុស​ច្បាប់

Content image - Phnom Penh Post
គំនរ​ដី​ឈូស​ធ្វើ​ព្រំដី​នៅ​ក្នុង​តំបន់​ដី​សហគមន៍ ក្នុង​ឃុំ​ត្រពាំង​ឫស្សី​។ រូបថត សហគមន៍

ពលរដ្ឋ​ទន្ទ្រាន​យក​ដី​សហគមន៍​ដោយ​ខុស​ច្បាប់

កំពង់ធំៈ ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ៦០ ​គ្រួសារ​កំពុង​ទន្ទ្រាន​កាន់កាប់​ហើយ​មាន​អ្នក​ខ្លះ​ទន្ទ្រាន​កាន់កាប់​ដី​លក់ ដែល​សរុប​ប្រមាណ​ជា​ ៣០០ ​ហិកតា​នៃ​ព្រៃ​សហគមន៍​ឃ្មុំ​ស្រករ​ថ្លុក​ឫស្សី​នៅ​ក្នុង​ឃុំ​ត្រពាំងឫស្សី ស្រុក​កំពង់ស្វាយ​ដោយ​ពុំ​មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​។

សហគមន៍​ព្រៃឈើ​ឃ្មុំ​​ស្រករ​ថ្លុក​ឫស្សី​ទំហំ​ ៦៧៥,០៩ ​ហិកតា​ស្ថិត​ក្នុង​ភូមិ​ត្រពាំងថ្ម និង​ភូមិ​ល្វៃ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​ ១៩៩៩ និង​ចុះបញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​កសិកម្ម​កាលពី​ឆ្នាំ​​ ២០០៨ ​បាន​និង​កំពុង​តែ​ត្រូវ​ទន្ទ្រាន​រំលោភ​យក​ជា​បន្តបន្ទាប់​ពី​សំណាក់​ពលរដ្ឋ ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ចាប់​តាំងពី​អំឡុង​ឆ្នាំ​ ២០០៩ ​មក​។ នេះ​បើ​យោង​តាម​ការអះអាង​របស់​សមាជិក និង​គណៈកម្មការ​សហគមន៍​ជាច្រើន​រូប​។

លោក​ ផន ភាន គណកម្មការ​សហគមន៍​បាន​អះអាង​ថា​កាលពី​ដំបូង​ឡើយ​មាន​ពលរដ្ឋ​តែ​ ៦ ​គ្រួសារ​ប៉ុណ្ណោះ​ចុះ​ទៅ​ចាប់​យក​ដី​នោះ និង​រហូត​ដល់​សព្វថ្ងៃ​នេះ​ចំនួន​អ្នកភូមិ​ចូល​ទន្ទ្រាន​យក​បាន​កើនឡើង​ដល់​ប្រមាណ​ជា​ ៦០ ​គ្រួសារ ដែល​ភាគ​ច្រើន​មកពី​ភូមិ​ស្គន់​ (​ឬ​ហៅថា​អូរ​រំដេង​)​។

លោក ​ភាន និយាយ​ថា​ក្រោយពី​ការចូលចាប់​ទន្ទ្រាន​យក​ដីព្រៃ​សហគមន៍​ហើយ អ្នក​ខ្លះ​បាន​លក់​ឲ្យ​ឈ្មួញ​ដី​ក្នុង​តម្លៃ​ ៨០០ ​ដុល្លារ​ក្នុង​ ១ ​ហិកតា បើ​ទោះបី​ជា​សហគមន៍​បាន​ចុះ​ទៅ​ទប់ស្កាត់​ជាច្រើន​ដង និង​សហគមន៍​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ រដ្ឋបាល​ព្រៃឈើ និង​អង្គការ​អាដហុក​ជាដើម​។

លោក​ យ៉ាន់ យឿន ​សមាជិក​សហគមន៍​ម្នាក់​ផ្សេង​ទៀត​ក៏​បាន​អះអាង​ផង​ដែរ​ថា ក្រៅពី​ការ​ស៊ីញ៉េ​លក់​អាជ្ញាធរ​ភូមិ-ឃុំ​ក៏​ហ៊ាន​សម្រេច​ចែក​ដីព្រៃ​សហគមន៍​ឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ផង​ដែរ​ដោយ​គ្មាន​ការ​ឯកភាព​ពី​សហគមន៍​។

លោក​ ធីវ វណ្ណធី ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​បាន​អះអាង​ថា​ដី​ត្រូវ​បាន​ចុះបញ្ជី​មាន​សេចក្តី​សម្រេច​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ថា​ជា​ដី​សហគមន៍​ហើយ​មិន​អាច​ធ្វើការ​បែងចែក​គ្នា​បាន​ទេ​។

លោក​ អ៊ុច វណ្ណារី ​មេឃុំ​ត្រពាំង​ឫស្សី​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។ តែ​នៅ​តំបន់​ក្បែរ​ព្រៃ​សហគមន៍​នោះ​មាន​ការលក់​ទិញ​ដី​មែន ព្រោះ​ម្ចាស់​ដី​ត្រូវការ​ប្រាក់ ហើយ​ពួកគេ​ក៏​បាន​កាន់កាប់​តាំងពី​ឆ្នាំ​ ១៩៩២ ​មក​។

លោក​អះអាង​ថា​៖ «​ដីព្រៃ​សហគមន៍​ហ្នឹង​អត់​មាន​ប៉ះពាល់​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍