កំពង់ស្ពឺ: ប្រជា​សហ​គមន៍​អម​លាំង​ ៦៨ នាក់ តំណាង ​៣៤៣៦ ​គ្រួសារ​មកពី​ភូមិ​គោក,ពិសី និង​អូរ​អ​ង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ក​រអំពៅ​ភ្នំពេញ sugar និង​កំពង់ស្ពឺ​ sugar នៅ​ថ្ងៃទី​ ២៦ ​ខែ​វិច្ឆិកានេះ ត្រូវបាន​អាជ្ញា​ធរ​កោះហៅ​ចូលប្រ​ជុំ​ដើម្បី​រក​ដំណោះ​ស្រាយ ​ប៉ុន្ដែ​ភ្លាមៗ​នៅ​មិន​ទាន់​ចេញ​ជា​លទ្ធ​ផល​នៅ​ឡើយ។

ការប្រជុំ​គ្នា​នេះ ប្រព្រឹត្តទៅ​នៅ​សាលាស្រុក​ថ្ពង ដែលមាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មេភូមិ មេឃុំ មន្ត្រី​ថ្នាក់ស្រុក​ថ្ពង មន្ត្រីជាន់ខ្ពស់​ថ្នាក់​ខេត្តកំពង់ស្ពឺ និង​ប្រជា​សហគមន៍​សរុប​ជាង ១០០​នាក់ ប៉ុន្ដែ​មិនមាន​វត្តមាន​ភាគី​ក្រុម​ហ៊ុន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះទេ។

លោក ស៊ូ សំអឿន តំណាង​ប្រជា​សហគមន៍​អម​លាំង​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​កោះ​ហៅ​ពលរដ្ឋ​ ៦៨ នាក់ ឲ្យ​ចូលរួម​ប្រជុំ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ក​រអំពៅ​ភ្នំពេញ​​ sugar និង​ កំពង់​ស្ពឺ​ sugar ប៉ុន្ដែ​មិនទាន់​ចេញ​ជា​លទ្ធផល​ទេ ព្រោះ​អាជ្ញាធរ​ព្រម​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​តែ​ ៣០០ ទៅ​ ៥០០ ​ដុល្លារ​អា​មេ​រិក​ប៉ុណ្ណោះ។

លោក​បន្តថា ការដាក់​តម្លៃ​របស់​អា​ជ្ញា​ធរ​នេះ ត្រូវបាន​ពលរដ្ឋ​ប្រកែក​មិន​ព្រម​ទទួលយក ព្រោះ​ពួកគាត់​សុទ្ធតែ​យល់​ថា​វា​ជា​សំណង​មិន​សមរម្យ។ ពលរដ្ឋ​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​សុំ​ថវិកា​ ៤ ពាន់​ដុល្លារ គិត​ជាត​ម្លៃ​ដី ក្នុង​មួយ​​ហិកតា ឬ​សុំ​ដោះដូរ​យក​ដី​របស់​ពួក​គាត់​មកវិញ។

លោក​បន្តថា ការទា​មទារ​របស់​ប្រជា​ពលរដ្ឋ​នេះ អា​ជ្ញាធរ​ក៏​នៅ​មិនទាន់​ឆ្លើយតប​វិញ​ដែរ ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ដាក់​ឯក​សារ​បន្ថែម​ទៀត ដើម្បី​រង់ចាំ​ពិនិត្យ និង​លើក​យកមក​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត។

លោក ស៊ូ សំអឿន បញ្ជាក់ថា៖ «សំណើដែល​ដាក់​មក គឺ​ឲ្យ​ពួក​ខ្ញុំ​តែ ៣០០ ទៅ៥០០ដុល្លារ​ទេ ហើយ​ពួក​ខ្ញុំ​ក៏​គ្មាន​អ្នក​ណា​ទទួលយក​ដែរ ព្រោះ​ពួក​ខ្ញុំ​គិតថា វា​មិនទាន់​សមរម្យ​ទេ។ ពួក​ខ្ញុំ​ព្រម​ទទួលយក​ក្នុង​មួយ​ហិកតា​តម្លៃ៤ពាន់​ដុល្លារ​តែ​បើ​មិនបាន​លុយ​ទេ ខ្ញុំ​សុំ​ដោះ​ដូរ​ដី​ខ្ញុំ​មក​វិញ»។

លោក ពៅ រ៉ា ប្រធាន​ភូមិបាល​ស្រុក​ថ្ពង ​បាន​ថ្លែងថា ការជជែក​គ្នា​ពេញ​មួយ​ព្រឹក​នេះ នៅ​មិន​ទាន់​ចេញ​ជា​លទ្ធផល​ទេ ព្រោះ​​ភាគី​ពលរដ្ឋ​គិតថា អ្វីដែល​អាជ្ញាធរ​ដាក់​ឲ្យ​ពួកគាត់​ជ្រើសរើស​នោះ គឺ​មិនទាន់​សមរម្យ ដោយ​ពួកគាត់​នៅ​បន្ត​រង់ចាំ​ទទួល​កា​រដោះ​ស្រាយ​នៅ​ពេល​ក្រោយ​ទៀត។

លោក​បន្តថា ពលរដ្ឋ​៦៨នាក់ ក្នុង​ចំណោម​ពួក​គាត់​ចំនួន ៣៤៣៦ គ្រួសារ​មកពី​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង ដែល​បានដាក់​ឯកសារ​នៅ​ការិយាល័យ​ទទួលបាន​ពាក្យបណ្ដឹង ក្រោយពី​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឯកសារ​ពួកគាត់​ទាំង​៦៨​នាក់​​មកពី​ស្រុក​ថ្ពង​ពិតជា​ត្រូវ​តាមច្បាប់​ ហើយក៏បាន​ហៅ​មក​ជជែក​សម្របសម្រួល​គ្នា​ជា​ក្រុម​ដំបូង។

លោក​បញ្ជាក់​ថា៖«យើង​ពិនិត្យ​ឯកសារ​គាត់​ហើយ​អ៊ីចឹង​ យើង​ក៏បាន​ហៅ​គាត់​មក​ពិភាក្សា ហើយ​រឿង​គាត់​ព្រម ឬ​មិន​ព្រម​យើង​នឹង​ជជែក​គ្នា​នា​ពេល​ក្រោយ​ទៀត»​។

លោក គាវ លាង​គា អភិ​បាល​ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថា លោក​បានទទួល​ព័ត៌មាន​ហើយ ប៉ុន្ដែ​លោក​មិនបាន​ចូល​រូ​ល​ប្រជុំ​ទេ។

លោកថា៖ «ខ្ញុំ​ដឹងថា​ អាជ្ញាធរ​យើង​បាន​កោះហៅ​ពួកគាត់​មក​ជជែក​គ្នា​ដែរ ប៉ុន្ដែ​ខ្ញុំ​រវល់​ការងារ​ផ្សេង ខ្ញុំ​អត់​ទាន់​ដឹង​លទ្ធ​ផល​បែប​ណា​​នៅ​ឡើយ​ទេ»។

លោក អៀង វុទ្ធី ប្រធាន​អង្គ​ការ​សមធម៌​កម្ពុជា (Equitable Cambodia) បាន​យល់​ឃើញ​ថា លោក​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះទេ ប៉ុន្ដែ​លោក​ចង់​ឲ្យ​ភាគី​ក្រុមហ៊ុន អាជ្ញាធរ និង​ពលរដ្ឋ​ជជែក​គ្នា​ដោយ​សន្ដិ​វិធី និង​ធ្វើការ​បែងចែក​សំណង​ឲ្យ​មាន​តម្លាភាព ត្រឹមត្រូវ តាមច្បាប់ និង​សមរម្យ​ ដែល​ពលរដ្ឋ​ពេញ​ចិត្ត​ទទួល​យក។

លោក​បញ្ជាក់​ថា៖ «យើង​ឃើញ​ហើយ​ថា កន្លងមក​អាជ្ញាធរ​បាន​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះ​កុង​ទទួលបាន​ជោគ​ជ័យ​​ជា​គំរូ​ហើយ ហើយ​គួរតែ​យក​គំរូ​តាម​ហ្នឹង​ទៅ ព្រោះ​ពលរដ្ឋ​ទំនាស់​ដីធ្លី​ខាង​កំពង់ស្ពឺ​ក៏បាន​ដឹង​ថា អ្នក​កោះកុង​ទទួល​ជោគ​ជ័យ​បែប​ដែរ អ៊ីចឹង​អាជ្ញា​ធរ​ពិនិត្យ​តាម​ហ្នឹង​ទៅ»។

គួររំឭកថា បញ្ហា​ដីធ្លី​នេះ​កើត​ឡើង​តាំងពី​ឆ្នាំ២០១០ ប៉ះពាល់​លើ​ពលរដ្ឋ​ចំនួ​ន ៣៤៣៦ គ្រួសារ មកពី​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ភ្នំពេញ​ sugar និង​កំពង់ស្ពឺ​ sugar ប៉ុន្ដែ​រហូត​មកទល់​បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​ទាំង​ស្រុង​នៅ​ឡើយ៕