ភ្នំពេញ/កណ្ដាលៈ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ឆ្ងាយៗ​ពី​ដងទន្លេ​បាន​នាំគ្នា​ធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ដើម្បី​ទិញ​ត្រី​ធ្វើ​ប្រហុក និង​ធ្វើ​ត្រីឆ្អើរ​ដើម្បី​ទុក​ស្បៀង​បម្រុង​ប្រចាំ​គ្រួសារ បន្ទាប់ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រកាស​ថា រដូវ​ត្រី​ធ្វើ​ប្រហុក​បានមក​ដល់​ដំបូង​នៅ​ថ្ងៃ​ ៥-៩ ​ធ្នូ​។

ទោះជា​បែប​ណា​ក្ដី​មាន​ប្រជាពលរដ្ឋ​​មួយ​ចំនួន​មាន​ការ​ខកចិត្ត​នឹង​តម្លៃ​ត្រី​ដែល​បាន​ឡើង​ដ៏ខ្ពស់​កប់ពពក​មិន​ធ្លាប់មាន ហើយ​មាន​អ្នកខ្លះ​បាន​សម្រេច​វិលត្រឡប់​ទៅផ្ទះ​វិញ​ដើម្បី​រង់ចាំ​វគ្គបន្ទាប់​ដែល​នឹង​មកដល់​នៅ​ចុង​ខែ​ធ្នូ​​ឆ្នាំនេះ​ ឬ​ដើមខែ​មករា​ឆ្នាំ​ក្រោយ​។ ​ប៉ុន្តែ​សម្រាប់​អ្នកជំនួញ​ធ្វើ​ប្រហុក​ទុក​លក់​យកចំណេញ​មួយ​ចំនួន​បាន​បន្ត​ស្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ប្រមូល​ទិញ​ត្រី​ធ្វើ​ប្រហុក​តាម​តម្រូវការ​របស់​ពួកគេ​ដោយ​មិន​ខ្វល់​អំពី​តម្លៃ​ឡើយ​។

អ្នកស្រី អ៊ុក ចន្ធី អាយុ​ ៤៥ ​ឆ្នាំ​ មកពី​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គាត់​បាន​ចំណាយពេល​​ ២ ​ថ្ងៃ​ មក​សង្កាត់​គីឡូម៉ែត្រ​លេខ ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដើម្បី​ទិញ​ត្រី​ធ្វើ​ប្រហុក ប៉ុន្តែ​ដោយសារ​តម្លៃ​ត្រី​នៅ​ដើមរដូវ​ក្នុង​ឆ្នាំ​នេះ​ថ្លៃ​ខ្ពស់​ខ្លាំងពេក​គាត់​ក៏​សម្រេចចិត្ត​​វិលត្រឡប់​ទៅផ្ទះ​វិញ​ដើម្បី​រង់ចាំ​វគ្គបន្ទាប់​នៃ​រដូវ​ត្រី​ត្រូវ​ដែល​នឹង​មក​ដល់​នា​ចុងឆ្នាំ​នេះ​ ឬ​ដើមខែ​មករា ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​។

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​លុយ​ ២០​ ​ម៉ឺន​រៀល​ថា​ នឹង​ទិញ​ត្រី​ធ្វើ​ប្រហុក​ឲ្យ​បាន​ ២០-៣០ ​គីឡូ និង​ធ្វើ​​ត្រីឆ្អើរ​ឲ្យ​បាន​ ១០០-២០០ ​ចង្កាក់​ទុក​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​នៅពេល​ជីវភាព​ខ្វះខាត​។ ប៉ុន្តែ​ឥឡូវនេះ​ត្រី​វា​ថ្លៃ​ពេក ត្រី​ប្រហុក​តូចៗ​ស្ទើរ​មិន​បាន​ ២ ​ធ្នាប់​ដៃ​ផង ១ ​គីឡូ​ថ្លៃ​ពី​ ៣ ០០០ ​រៀល ​ទៅ​ ៣ ៥០០ ​រៀល​ ទៅហើយ អ៊ីចឹង​ទេ​ខ្ញុំ​មានតែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន ចាំ​វគ្គ​ក្រោយ​ចាំ​មក​ទៀត​»​។

បើ​តាម​អ្នកស្រី​ ចន្ធី ត្រី​ប្រហុក​កាលពី​ឆ្នាំ​មុន​នៅ​តំបន់​ដាយ​ត្រី​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ មាន​តម្លៃ​ត្រឹម​តែ​ ១ ៥០០ ​រៀល​ទៅ​ ១ ៧០០ ​រៀល​ប៉ុណ្ណោះ​ ក្នុង​ ១ ​គីឡូ​គឺ​ទាប​ជាង​ឆ្នាំនេះ​ទ្វេដង​។

ស្រដៀង​គ្នា​នេះដែរ​កម្មករ​នេសាទ​ជនជាតិ​ខ្មែរ​អ៊ិស្លាម​ម្នាក់ ដែល​ធ្វើការ​នៅ​បែដាយ​ត្រី​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ លោក ម៉ាត់ សារី ក៏បាន​ទទួល​ស្គាល់​ដែរ​ថា តម្លៃ​ត្រី​ប្រហុក​នៅ​ឆ្នាំនេះ​ពិតជា​ថ្លៃ​ជាង​ឆ្នាំមុនៗ​មែន​។

លោក សារី ថ្លែង​ថា​៖ «​ប្រសិន​បើ​​ទៅ​ទិញ​ផ្ទាល់​ដល់​បែ​ដាយ​ត្រី តម្លៃ​ត្រី​ក្នុង​ ១ ​គីឡូ​ថ្លៃ​ពី​ ២ ០០០-២ ៥០០ ​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ទិញ​តពី​ឈ្មួញកណ្ដាល​ដែល​គេ​ដឹក​តាម​ទូក​យក​មក​លក់​ដល់​ទីតាំង​រោង​ធ្វើ​ត្រី​ប្រហុក​គឺ​មាន​តម្លៃ​ពី​ ៣ ០០០-៣ ៥០០ ​រៀល​ក្នុង​ ១ ​គីឡូ​» ។

បើ​តាម​លោក សារី រដូវ​ត្រី​ប្រហុក​នៅ​ឆ្នាំនេះ​អាច​នឹង​អូសបន្លាយ​រហូត​ដល់​ខែ​ដើម​ខែ​កុម្ភៈ ឆ្នាំ​ ២០២០​។

ក្នុង​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ការចាប់​ត្រី​នៅ​តាម​ដាយ​ត្រី​នីមួយៗ​តាម​ដង​ទន្លេសាប​កាលពី​ថ្ងៃ​សៅរ៍ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​​ និង​នេសាទ​បាន​ថ្លែង​ដោយ​ទទួលស្គាល់​ថា ត្រី​នៅ​ឆ្នាំនេះ​រាង​ខ្សត់​ជាង​ឆ្នាំ​កន្លងទៅ​ដោយសារ​នៅ​រដូវវស្សា​​ឆ្នាំនេះ​ទឹក​ឡើង​យឺត ហើយ​នៅពេល​ស្រក​វិញ​លឿន ដែល​ជា​ហេតុ​ធ្វើឱ្យ​​ត្រី​ពង​កូន​មិន​បាន​ច្រើន​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​ការ​ខ្សត់​ត្រី​នេះ​ហើយ​ដែលជា​ហេតុ​នាំ​ឲ្យ​តម្លៃ​ត្រី​ប្រហុក​ឆ្នាំនេះ​ត្រូវ​ឡើង​ថ្លៃ​ជាង​ឆ្នាំ​កន្លងទៅ​»​។

យោង​តាម​របាយការណ៍​ស្តីពី​សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ប្រចាំ​ខែតុលា និង​ទិសដៅ​អនុវត្តន៍​របស់​ក្រសួងកសិកម្ម​គឺ​សម្រាប់​ការនេសាទ​ទឹកសាប ដាយ​ត្រី​ ឬ​ក៏​ទីតាំង​ប្រមូល​ផល​ត្រី អនុវត្ត​បាន ២ ៥៤០ តោន​ស្មើនឹង​ ២១ ​ភាគរយ​ នៃ​ផែនការ​ ១២ ០០០ ​តោន​ ហើយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ គឺ​មាន​ការថយចុះ ៣៣០ ​តោន​៕