The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​និង​អាជ្ញាធរ​រួមគ្នា​ការពារ​ទីទួល ១ កន្លែង​ដែល​ជឿ​ថា​មាន​ប្រាសាទ​បុរាណ

ពលរដ្ឋ​និង​អាជ្ញាធរ​រួមគ្នា​ការពារ​ទីទួល ១ កន្លែង​ដែល​ជឿ​ថា​មាន​ប្រាសាទ​បុរាណ

ពលរដ្ឋ​និង​អាជ្ញាធរ​រួមគ្នា​ការពារ​ទីទួល ១ កន្លែង​ដែល​ជឿ​ថា​មាន​ប្រាសាទ​បុរាណ

បន្ទាយ​មាន​ជ័យៈ ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បាន​នាំគ្នា​ការពារ និង​អភិរក្ស​ទីទួល​ព្រៃ​ប្រសិទ្ធិ៍​មួយ​កន្លែង ដែល​ពួកគេ​ជឿថា​មាន​ប្រាសាទ​បុរាណ​លិច​កប់​ទៅ​ក្នុង​ដី។ ទីទួល​ព្រៃ​ប្រសិទិ៍្ធ​នោះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ១ គីឡូម៉ែត្រ ពី​ភូមិ​អូរ​អំពិល។

បើតាម​ការអះអាង​រប​ស់លោក ស៊ឹម ម៉ន មេឃុំ​ទួល​ពង្រ កន្លងមក​តំបន់​ទួល​ប្រាសាទ​នេះ​មាន​ប្រាសាទ​ចំនួន ២ គឺ​ប្រាសាទ​ក្នុង និង​ប្រាសាទ​ក្រៅ។ ប៉ុន្តែ​ប្រាសាទ​ក្នុង ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ ឃុំ​ទួល​ប្រាសាទ ត្រូវ​បាន​គេ​ជីក​កកាយ​ខូច​ទ្រង់​ទ្រាយ​ដើម​នៃ​ប្រាសាទ​អស់​ហើយ នៅ​សល់​តែ​ប្រាសាទ​ក្រៅ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​អំពិល ឃុំ​ទួល​ប្រាសាទ ប៉ុណ្ណោះ​ដែល​នៅ​សេស​សល់​ទ្រង់ទ្រាយ​ជា​ប្រាសាទ​កប់​នៅ​ក្នុង​ដី។

លោក​ម៉ន និយាយថា៖ «ខ្ញុំ​មិនដឹងថា តើ​គេ​ជីក​កកាយ​នៅពេលណា​នោះ​ទេ ពីព្រោះ​កន្លង​មក​តំបន់​នេះ​ជា​សមរភូមិ​ប្រយុទ្ធ ហើយ​នៅ​ពេល​ដែល​មាន​ការ​ធ្វើ​សមា​ហរណ​កម្ម​ខ្មែរ​ក្រហម ឲ្យ​មក​ចុះចូល​ជាមួយ​រដ្ឋាភិបាល ប្រជាពលរដ្ឋ​ក៏​បាន​មក​រស់​នៅ និង​ឃើញ​មាន​ស្នាម​ជីក​កកាយ​នេះ»។

លោក​ម៉ន បាន​បន្តថា ចំពោះ​ប្រាសាទ​ក្រៅ ក៏មាន​គេ​លួច​ជីក​កាយ ដើម្បី​លួច​យក​វត្ថុ​បុរាណ​ដែរ ប៉ុន្តែ តាមរយៈ​ស្លាក​ស្នាម​នៃ​ការ​ជីក​កកាយ​ចំនួន ២ កន្លែង ដែល​បាន​បន្សល់​ទុក​នៅ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ បង្ហាញ​ថា ជន​ខិល​ខូច​ទាំង​នោះ ពុំ​យក​បាន​អ្វី​នោះ​ទេ ព្រោះ​វា​នៅ​មិន​ទាន់​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ឡើយ។

ជុំវិញ​ករណី​នេះដែរ លោក នាង ធឿន អាយុ ៦៥ ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ​អំពិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា កាល​ពី​សម័យ​សង្គ្រាម តំបន់​ទីទួល​ព្រៃ​ប្រសិទិ៍្ធ​នោះ មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ការពារ និង​អភិរក្ស​នោះ​ទេ។

ក្រុម​ចោរលួច​វត្ថុ​បុរាណ បាន​ឆក់​ឱកាស ពេល​ស្រុក​មាន​សង្គ្រាម បាននាំគ្នា​លួច​ជីក​កកាយ​ទីទួល​បុរាណ​នោះ ដើម្បី​លួច​យក​ទ្រព្យ​សម្បត្តិ និង​វត្ថុ​បុរាណ​ក្នុង​ប្រាសាទ។

លោក​និយាយថា៖ «អ្នកភូមិ​យើង​បាន​រកឃើញ មាន​ស្នាម​ជីក​កកាយ​ចំនួន ២ កន្លែង នៅ​លើ​ទួល​ព្រៃ​ប្រសិទិ៍្ធ​នោះ ហើយ​តាម​ស្នាម​ជីក​នោះ យើង​ខ្ញុំ​ជឿ​ថា​នៅ​ក្រោម​ទីទួល​នេះ មាន​ប្រាសាទ​បុរាណ​កប់​នៅ​ក្នុង​ដី។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ភូមិ​យើង​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​នាំគ្នា​មក​ថែរក្សា​ការពារ និង អភិរក្ស​ទីទួល​នេះ កុំ​ឲ្យ​ជន​ខិល​ខូច​មក​លួច ជីក​កកាយ​ទៀត»។

អ្នកភូមិ​ម្នាក់ទៀត លោក​ពេជ្រ ចន្ថា អាយុ ៥៣ ឆ្នាំ និយាយថា តំបន់​ខាង​លើ​នេះ ជា​តំបន់​ស័ក្ដិ​សិទ្ធិ ដែល​អ្នក​ភូមិ​និយម​នាំគ្នា​មក​បន់​ស្រន់ និង​រៀបចំ​ប្រារព្ធ​ពិធី​ផ្សេងៗ ដើម្បី​សុំ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន។

លោក​និយាយថា៖ «អ្នកភូមិ​យើងខ្ញុំ​និយម​ហៅ​តំបន់​ទួល​ព្រៃ​ប្រសិទ្ធិ៍​នេះ​ថា​ទួល​ប្រាសាទ​ក្រៅ ដោយសារ​ពួក​យើង​ពិនិត្យ​ឃើញ​មាន​រាង​ជា​ប្រាសាទ​កប់​នៅ​ក្នុង​ដី»។

ចំណែក លោក​បេន សំអាត អធិការ​ស្រុក​ម៉ាឡៃ បាន​និយាយថា នៅក្នុង​តំបន់​នោះ​ពិត​ជា​មាន​ប្រាសាទ​បុរាណ ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​រាប់​សិប​ទសវត្សរិ៍ ហើយ​ប្រាសាទ​នោះ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ដី និង​កំពុង​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ភូមិ​នាំគ្នា​ការពារ​ថែរក្សា ដោយ​រក្សា​ទុក​ជា​ទីកន្លែង​ស័ក្ដិ​សិទិ្ធ សម្រាប់​គោរព​បូជា។

លោក​បាន​ថ្លែងថា៖ «យើង​ឃើញ​មាន​ខាង​មន្ត្រី​ជំនាញ គេ​ចុះមក​ពិនិត្យ​ទីតាំង​នៃ​ទួល​ប្រាសាទ​នេះ​ដែរ ប៉ុន្តែ​មិន​ធ្លាប់​ឃើញ​មក​សិក្សា​ស្រាវជ្រាវ​ធ្វើ​កំណាយ​ដើម្បី​ស្វែង​យល់​ពី​ប្រវត្តិ​ជាក់​លាក់​ពី​ប្រាសាទ​នេះ​នៅ​ឡើយ​ទេ»។

បើតាម​ការអះអាង​រប​ស់​អ្នកភូមិ​និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​នោះ ប្រាសាទ​បុរាណ​ដែល​កប់​នៅ​ក្រោម​ដី​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​អំពី​ប្រវត្តិ និង អាយុ​កាល​ពិត​ប្រាកដ​របស់​វា​ទេ។

ទោះ​ជា​យ៉ាង​ណា តំបន់​នោះ​ត្រូវ​បាន​ក្រុម​អ្នក​ភូមិ ហៅថា «ទួល​ប្រាសាទ​ក្រៅ ឬ ប្រាសាទ​ក្រៅ» ដោយ​ពួកគេ​បាន​កត់​សម្គាល់​ឃើញ​មាន​ថ្ម​បាយ​ក្រៀម និង​ថ្ម​បុរាណ​នៅ​ខាង​ក្រោម​ដី ហើយ​ទីនោះ​ជាទី​ទួល​ខ្ពស់​ខុស​ពី​ចំណុច​ផ្សេងៗ និង​មាន​កស្សិណ​ជាច្រើន​នៅ​ជុំវិញ​ទីទួល​ប្រាសាទ​នោះ ប៉ុន្តែ កស្សិណ​ទាំង​នោះ​បាន​គោក​ដោយសារ​ការ​ចាក់​បំ​ពេញ​ដោយ​ដី​ល្បប់ ជាច្រើន​ទសវត្សរ៍ ហើយ​មាន​តែ​ត្រកួន និង​ស្មៅ​ដុះ​ជុំជិត។

លោក​យង់ តាំង​កួយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ជា​ការ​ពិត ខាង​មន្ទីរ​យើង​ខ្ញុំ​នៅ​មិន​ទាន់​បាន​ធ្វើ​កំណាយ​នៅ​តំបន់​ទួល​ប្រាសាទ​នោះ​នៅ​ឡើយ​ទេ ដូច្នេះ​យើង​ក៏​មិន​ទាន់​បាន​ដឹង​ច្បាស់​អំពី​ឈ្មោះ​ពិត​ប្រាកដ​នៃ​ប្រាសាទ​ក្រោម​ដី និង​អាយុ​កាល​របស់​វា​ដែរ ប៉ុន្តែ​យើង​បាន​ចុះ​តំបន់​នោះ​នៅ​ក្នុង​សៀវភៅ​បន្ទុក​នៃ​បញ្ជី​សារ​ពើ​ភណ្ឌ​របស់​មន្ទីរ​យើង​ហើយ»។

លោក​បាន​បញ្ជាក់ដែរថា កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំមុន​ខាង​មន្ទីរ ក៏បាន​នាំយក​បង្គោល ដែល​មាន​និមិត្ត​សញ្ញា​បេតិកភណ្ឌ​មួយ​ចំនួន​ទៅ​បោះ​កំណត់​ព្រំដែន​នៃ​តំបន់​ការពារ និង​អភិរក្ស រួច​ហើយ​ដែរ។

បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​របស់លោក​តាំង​កួយ ខេត្ត​បន្ទាយមានជ័យ មាន​ប្រាសាទ​បុរាណ​សរុប​ជាង ៥០០ ប្រាសាទ។ ចំណែក​ទីតាំង នៃ​តំបន់​ទួល​ប្រាសាទ ដែល​អ្នក​ភូមិ​អះអាង​ថា​មាន​ប្រាសាទ​ក្រោម​ដី ហើយ​កំពុង​រួមគ្នា​ការពារ នោះ គឺមាន​ផ្ទៃដី​សរុប​ទំហំ​ជាង ២ ហិកតា​ហើយ​ជា​តំបន់​ដែល​ត្រូវ​អភិរក្ស៕

អត្ថបទគួរចាប់អារម្មណ៍