ព្រះសីហនុៈ មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​ចំនួន​ ១៤ ​នាក់ ​រស់នៅ​ក្នុង​ភូមិ​ដើមថ្កូវ សង្កាត់​កោះរ៉ុង​ដែល​មាន​អាការ​​ក្តៅខ្លួន និង​មាន​ចេញ​កន្តួល​ក្រហម​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​លទ្ធផល​ឈាម​ដែល​ក្រុម​វេជ្ជបណ្ឌិត​នឹង​វិនិច្ឆ័យ​ថា​ជា​ជំងឺ​អ្វី​ស្រប​ពេល​ដែល​កម្ពុជា​ទើប​មាន​ផ្ទុះ​ជំងឺ​ឈីក​។

កាលពី​ថ្ងៃទី ២៧ ខែ​កក្កដា មាន​ការផ្ទុះឡើង​នូវ​អ្នកជំងឺ​ជាច្រើន​នៅក្នុង​សង្កាត់​ខាងលើ​ដោយ​មាន​អ្នកខ្លះ​មាន​អាការ​​ក្តៅខ្លួន មាន​ឡើង​កន្ទួល​ក្រហម និង​បាន​ស្វែងរក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​មាន​អ្នកខ្លះ​បាន​ស្វែងរក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​។ នេះ​បើ​តាម​លោក ហេង គឹមអាន នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កោះរ៉ុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​។

លោក​បន្តថា​៖ «​បាទ​បង មាន​​ការ​ផ្ទុះ​ច្រើន​មែន​ជិត​ ២០ ​នាក់ ដំបូង​ពួកគាត់​ក្តៅខ្លួន​ធម្មតា​។ តែ​ខ្ញុំ​មិនដឹង​ព័ត៌មាន​លម្អិត​ទេ ព្រោះ​ពេល​ពួកគាត់​អត់​ស្រួលខ្លួន​ហ្នឹង ពួកគាត់​បាន​ឡើង​មក​ខេត្ត​រក​សេវា​ព្យាបាល​នៅ​ពេទ្យ​ខេត្ត​ដើម្បី​ពិនិត្យ​សុខភាព​»​។

លោកស្រី លឹម សាមាន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃទី​ ២៨ កក្កដា គឺ​មាន​អ្នកជំងឺ​ដែល​មាន​អាការ​បែបនេះ​ចំនួន​ ១៤ ​នាក់​ កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​រង់ចាំ​លទ្ធផល​ឈាម​។

លោកស្រី​បាន​ថ្លែងថា ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​មិនទាន់​អាច​​វិនិច្ឆ័យ​ថា​ជា​ជំងឺ​អ្វី​នៅឡើយ​ទេ​ដោយ​រង់ចាំ​លទ្ធផល​ឈាម​ពី​មន្ទីរពេទ្យ​ពិសោធន៍​ប៉ាស្ទ័រ​ជាមុន​សិន​។

លោកស្រី​បញ្ជាក់ថា​៖ «​អ្នកជំងឺ​ហ្នឹង​មកពី​សង្កាត់​កោះរ៉ុង ចំណែក​តំបន់​ផ្សេង គាត់​ឈឺ គាត់​ក្តៅខ្លួន គាត់​មក​មន្ទីរពេទ្យ​​គឺ​ព្យាបា​ជំងឺ​ធម្មតា​។ យើង​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា ដូច​ករណី​នៅ​ខេត្ត​បន្ទាយមានជ័យ​ទេ​យើង​រង់ចាំ​លទ្ធផល​ពិនិត្យ​ឈាម​សិន​»​។

លោកស្រី លឹម សាមាន បាន​ស្នើឲ្យ​ពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានការ​អនាម័យ​ និង​កម្ចាត់​ជម្រក​មូស​ខ្លា​ដែល​នាំឲ្យ​កកើត​មូស​បង្ក​ជា​ជំងឺ ហើយ​ត្រូវ​ស្លៀកពាក់​ខោអាវ​វែង និង​សម្រាន្ត​ក្នុង​មុង​ជានិច្ច​។ លោកស្រី​ថា ត្រូវ​ស្វែងរក​សេវា​ពិគ្រោះ​ជំងឺ​ឲ្យ​បាន​ទាន់ពេល​នៅ​តាម​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​បំផុត​ក្នុង​ករណី​ដែលមាន​រោគសញ្ញា​ដូចខាងលើ​។

ក៏ប៉ុន្តែ​លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា​ករណី​ខាងលើ​នេះ បើ​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​ពី​ក្រុម​​គ្រូពេទ្យ​គឺជា​ជំងឺ​ឈីក ឬ​ស្អូច​។

តែ​ទោះ​ជា​យ៉ាងណា​អ្នកជំងឺ​ទាំងអស់​ត្រូវបាន​យក​សំណាក​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដើម្បី​ធ្វើ​កោសល្យ​វិច័យ​បន្ថែម​។

កាលពី​ថ្ងៃទី​ ២៣ កក្កដា ក្រសួង​សុខាភិបាល​បាន​ប្រកាស​​ពី​ករណី​ផ្ទុះឡើង​នៃ​ជំងឺ​ឈីក​ (Chikunngunya) ​នៅក្នុង​ភូមិ​មួយចំនួន​នៃ​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​កើតឡើង​លើ​ពលរដ្ឋ​ចំនួន​ ១៦៨ ​នាក់​ដោយ​មាន​ចេញ​រោគសញ្ញា​គ្រុនក្តៅ ឡើង​កន្តួល​ក្រហម​លើ​ស្បែក និង​ឈឺសន្លាក់​ដៃជើង​។

លោក ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃទី​ ២៨ កក្កដា អ្នកជំងឺ​ទាំងអស់​ដែល​ឆ្លង​ជំងឺ​ឈីក​ដែល​បន្ត​សម្រាក​នៅ​មន្ទីរពេទ្យ គឺ​​មាន​អាការ​ធម្មតា​ដោយ​មិន​មាន​នរណា​ម្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ​។

លោក​បាន​បន្តថា ចំពោះ​ស្ថានភាព​នៃ​ការផ្ទុះ​ជំងឺ​នេះ​ក៏​ត្រូវ​បាន​គ្រប់គ្រង​ផងដែរ បន្ទាប់ពី​ក្រុម​ជំនាញ​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស និង​បន្ត​ដាក់​ថ្នាំ​អាបែត​នៅក្នុង​ភូមិ​ដែល​សង្ស័យ​មាន​មូស​ចម្លង​ជំងឺ​ទាំងនេះ​។

លោក​បញ្ជាក់ថា​៖ «​មកទល់​ពេល​នេះ​អ្នកជំងឺ​មួយ​ចំនួន​មិន​ទាន់​ចេញពី​មន្ទីរពេទ្យ​ទេ​។ ប៉ុន្តែ​ពួកគាត់​មិន​មាន​បញ្ហា​អី​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទេ​»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹងថា ជំងឺ​គ្រុន​ឈីក គឺជា​បញ្ហា​សុខភាព​សាធារណៈ​មួយ​ដែល​ប្រឈម​នឹង​ការឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ពី​គ្រួសារ​ ១ ទៅ​គ្រួសារ​ ១ ពី​ភូមិ​ ១ ​ទៅ​ភូមិ​ ១ ​ទៀត​តាមរយៈ​មូស​ខ្លាញី​ខាំ​ដែល​ចល័ត​គ្រប់​ទីកន្លែង​។

យ៉ាងណាក្ដី ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ជំងឺ​គ្រុន​ឈីក​នេះ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ទេ តែ​នឹង​ជាសះស្បើយ​វិញ​ក្នុង​ពេល​ ១ ​សប្តាហ៍​ ឬ​យូរ​ជាង​នេះ ហើយ​​អាច​ធ្វើឲ្យ​អ្នកជំងឺ​ឈឺ​សន្លាក់​ដៃជើង​យូរ​ឆ្នាំ​។ ​ប៉ុន្តែ​ប្រសិន​បើ​អ្នក​កើត​ជំងឺ​ឈីក​ក្នុង​ពេល​កំពុង​​មាន​ជំងឺ​ផ្សេងទៀត​ដូចជា ជំងឺ​គ្រុនឈាម គ្រុនចាញ់ ជាដើម​គឺអាច​ប៉ះពាល់​អាយុជីវិត​បាន​។

ជាមួយ​គ្នា​នេះ​ក្រសួង​សុខាភិបាល​បាន​ណែនាំ​ថា ការទប់ស្កាត់​ជំងឺ​ឈីក​ក៏ដូចជា ការទប់ស្កាត់​ជំងឺ​គ្រុនឈាម​ដែរ​គឺ ផ្អែក​ទៅ​លើ​ការការពារ​កុំឲ្យ​មាន​មូស​ខ្លាញី​ខាំ​តាមរយៈ​ការកម្ចាត់​វត្ថុ​ដក់ទឹក​ដែល​ជា​ជម្រក​នាំឲ្យ​កកើត​សត្វ​មូស​៕