ព្រះវិហារៈ ពលរដ្ឋ​ដែល​អះអាង​ថា​ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​មេត្រី​ភាព​ក្នុង​ខេត្ត​ព្រះវិហារ​បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ដើម្បី​សុំអន្ត​រាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ និង​ក្រសួង​រៀបចំ​ដែនដី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ និង​សុំ​ឲ្យ​ដោះ​លែង​ពួកគាត់​ ១៣ នាក់​ បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​នេះ​ឃាត់​ខ្លួន​ដោយ​ចោទ​ថា​បាន​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ។

តំណាង​ពលរដ្ឋ លោក ឡាយ​ លី​ហ៊ួ​រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា ពួក​គាត់​ជាង ១០០ នាក់​បាន​ឡើង​មក​ដល់​ភ្នំពេញ​ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ក្រោយ​មាន​ការ​ចាប់​ខ្លួន​ក្រុម​គ្រួសារ​គាត់ ខណៈ​អ្នក​ផ្សេង​ទៀត​ក៏​ប្រឈម​នឹង​ការ​ចាប់​ខ្លួ​ន​ដែ។

លោក​បញ្ជាក់​ថា៖ «ជួយ​អន្តរា​គម​ន៍​ឲ្យ​គាត់​ជួយ​ដោះ​លែង​គ្នា​ខ្ញុំ​ទាំង ១៣ នាក់​ និង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​ព្រះវិហារ និង​ដីកា​កោះហៅ ២៥ នាក់ ហើយ​ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​មាន​ដីធ្លី​រស់​នៅ​តំបន់​មាន​ជម្លោះ​ហ្នឹង»។

តំណាង​ពលរដ្ឋ​រូបនេះ បន្តថាពួកគេ​នឹង​ប្រមូល​ស្នាម​មេដៃនិង​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី និង​ក្រសួង​រៀបចំ​ដែនដី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​ឡើង​មក​សុំ​អន្តរាគមន៍​របស់​ពលរដ្ឋ​ដល់​រា​​ជធានី​ភ្នំពេញ​នេះ​ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ពួក​គាត់​ចំនួន ១៣ នាក់ ជា​បន្ត​បន្ទាប់​តាំង​ពី​ថ្ងៃទី ១៩ មករា​ មក ដែល​ពលរដ្ឋ​បាន​អះអាង​ថា ពួកគេ​ជាង ៣០០ គ្រួសារ​ មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រី​នៅ​ទីតាំង​ជាប់​ព្រំប្រ​ទល់​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ​ហើយ​ក៏​ត្រូវ​បាន​ទាហាន​ម្នាក់​មាន​ឈ្មោះ រីម ខេន ហៅ​លុយ សម្បត្តិ ជា​អ្នក​ការពារ​ដី​ក្រុមហ៊ុន​នេះ​ចាប់​ពួកគេ តែ​ក្រោយ​មក​បែរ​ជា​មាន​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ទៅ​វិញ។

នេះ​បើតាម​ការ​អះ​អាង​ពី​លោក ឡាយ លី​ហ៊ួ​រ។ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក រីម ខេន ហៅ លុយ សម្បត្តិ ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​។

យ៉ាង​ណាក្ដី លោក សុង ច័ន្ទ​សុ​ជាតិ ប្រធា​ន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ចាប់​ខ្លួន​ពួកគេ​ទាំង ១៣ នាក់​នោះ​គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ និង​ដី​ក្រុម​ហ៊ុន​មេត្រី​ភាព។ លោក​​បន្ត​ថា​ ពួកគេ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ណោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត។

លោក​បញ្ជាក់​ថា៖ «ការចា​ប់ខ្លួ​ន​ពួក​គាត់​ គឺ​បទ​ល្មើស​ជាក់​ស្តែង​ដែល​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធិ​ និង​ពាក់​ព័ន្ធ​ដី​ក្រុមហ៊ុន​សម្ប​ទាន​សេដ្ឋកិច្ច»។

ព្រះរាជ​អាជ្ញា​សា​លា​ដំបូង​ខេត្ត​ព្រះ​វិហារ ​លោក​ ទី​ សុវិន​ថាល់​ មិន​បាន​អត្ថា​ធិប្បាយ​​លម្អិត​អំពី​ករណី​នេះ​ទេ​ ដោយ​គ្រាន់​តែ​អះ​អាង​យ៉ាង​ខ្លី​ថា ការ​ចាប់​ខ្លួន​នេះគឺ​ស្ថិត​ក្នុង​បទ​ល្មើស​ដដែល ​[ទន្ទ្រាន​ដីរដ្ឋ​] ហើយ​ក៏​បាន​បិទ​ទូរស័ព្ទ។ ប៉ុន្តែ​កាលពី​ថ្ងៃទី ២២​ មករា ​លោក​ធ្លាប់​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ​ការ​ចាប់​ខ្លួន​​នេះ​គឺ​ដោយ​សារ​ពួកគេ​មក​កាប់​ទន្ទ្រាន​ដី​អភិរក្ស។

លោក​ថា៖ «​តុលា​ការ​ត្រូវតែចាប់ខ្លួន​ពួកគេ​ ព្រោះ​ជា​បទ​ល្មើស​ជាក់​ស្តែង​ ហើយ​បទ​ល្មើស​ដែល​ចោទ​ប្រកាន់​ពួក​គេ​នោះ​ពី​ជា​បទ​ល្មើស​ព្រៃ​ឈើ»។

លោក ជា គឹម​សេង អភិបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ប្រាប់​ដែរថា ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ និង​ក្រុមហ៊ុន​មេត្រី​ភាព​នេះ​គឺ​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ​ក្នុង​នោះ​អាជ្ញា​ធរ​ស្រុក ​ធ្លាប់​បាន​ចុះ​ធ្វើ​របាយ​ការណ៍​ និង​ស្រង់​ស្ថិតិ​ពលរដ្ឋ​ទាំង​នោះ តែ​មិន​ទាន់​បាន​បញ្ចប់​របាយ​ការណ៍​ផង​ ក៏​មាន​ការ​ចាប់​ខ្លួន។​ដូច្នេះ​ករណី​នេះ​ហួស​ដែន​សមត្ថកិច្ច​របស់​លោក​ហើយ។

លោក​បាន​បញ្ជាក់​ថា៖ «ក្នុងឆ្នាំ​ ២០១៧ ពលរដ្ឋ​ជាង​ ២៨០ គ្រួសារដែល​គាត់​មាន​ផល​ប៉ះពាល់​ជា​មួយ​ក្រុម​ហ៊ុន​មេត្រី​ភាព​បាន​ដាក់​ពាក្យ​បណ្តឹង​មក​ស្រុក។ ក្នុង​នាម​អាជ្ញាធរ​ យើង​ចុះទៅ​សិក្សា​ផល​ប៉ះពាល់​ជាក់​ស្តែង​ដោយ​បាន​ស្រង់​ស្ថិតិ​បាន​ ៦០ ទៅ​ ៧០​ គ្រួសារ។ យើង​ធ្វើការ​បូក​សរុប​អត់​ទាន់​បាន​ព្រោះ​ពេល​ខ្លះ​ទៅ​គាត់​ចង្អុល​ព្រៃ​ថា​ជា​ដី​របស់​គាត់ ​ពេល​ខ្លះ​យើង​ឃើញ​ភោគ​ផល​មាន​ពិត​ប្រាក​ដ ​ដូចជា​ដាំ​ពោតដាំ​អី។ប៉ុន្តែ​ការ​សិក្សា​របស់​អាជ្ញាធរ​ស្រុក​មិន​ទាន់​រួចរាល់​ជា​ស្ថាពរ​ទេ ដល់​ពេល​ខាង​ក្រុម​ហ៊ុនគេ​​មាន​អំណាច​តុលាការ​ទៅ​​អនុវត្ត​ដីកា​ចាប់​ខ្លួន​ចាប់​អី​ អ៊ឹចឹង​មាន​តែ​ធ្វើ​របាយ​ការណ៍​​ជូន​អភិបាល​ខេត្ត»។

ទោះ​ជា​យ៉ាង​ណា​ អភិ​បាលខេ​ត្ត​ព្រះ​វិហារ​ លោក​ អ៊ុន ​ចាន់ដា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ពី​ម្សិលមិញ​ថា ​ពលរដ្ឋ​ទាំង​នោះ​មិន​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​មេត្រី​ភាព​ទេ​ព្រោះ​ក្រុមហ៊ុន​បាន​ដោះស្រាយ​​និង​ផ្តល់​សំណង​រួច​អស់​ហើយ។ ចំណែក​ពលរដ្ឋ​ជាង​ ៣០០​ គ្រួសារ និងអ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ១៣ នេះ​គឺជា​អ្នក​ទើប​មក​រុក​រាន​ដីព្រៃ​របស់​រដ្ឋ​ថ្មី។

លោក​បន្ត​ថា៖ ​«ទុក​ឲ្យ​ស្ថាប័ន​តុលា​ការ​អនុវត្ត​តាម​នី​តិ​វិធី​ផ្លូវ​ច្បាប់​ចុះក​រណី​ហ្នឹង​គាត់​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​អភិរក្ស​ជាង​ ១​ ពាន់​ហិកតា។គាត់​កាប់​បំផ្លាញ​អស់​ហើយ​ គាត់​ចូល​កាន់​កាប់​ដែល​ជា​ដី​តំបន់​អភិរក្ស​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដី​បរិស្ថាន»។

ជា​មួយ​នេះ ​លោក អ៊ុន​ ចាន់ដា បាន​បដិសេ​ធថា ​មិន​មាន​ករណី​ទាហាន​ រុន​រាន​កាន់​កាប់​ និង​ការពារ​ដី​ក្រុម​ហ៊ុន​ដូច​ការ​ចោទ​របស់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​លោក​ថា ការ​ដែល​ពលរដ្ឋ​ឡើង​ទៅ​សុំ​អន្តរគមន៍​ដល់​ស្ថាប័ន​កំពូល​គឺ​សិទ្ធិ​របស់​ពួក​គាត់ តែ​លោក​ចង់​ឲ្យ​ពួក​គេ​ដាក់​លិខិត​ឯក​សារ​ត្រឹម​ត្រូវ​ដើម្បី​តតាំង​ជាមួយ​តុលាការ​ប្រសើរ​ជាង។

លោក ​ឡោ ច័ន្ទ មន្ត្រី​សម្រប-​សម្រួល​សមា​គម​កា​រពារ​សិទ្ធិមនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះវិហារ ​យល់​ឃើញ​ថា​ ករណី​នេះ មិន​មែន​ជា​រឿង​ដាច់​ដោយ​ឡែក​ពី​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទេ តែ​ពួកគេ​ព្យា​យាម​ទាញ​ឲ្យ​ក្លាយ​ជា​បទ​ល្មើស​ព្រៃឈើ​​ និង​បាន​ហៅ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​នេះ​ថា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល​ដែល​គួរ​តែ​ដោះ​ស្រាយ។

លោក​ថា៖ «ការ​ចោទ​ប្រកាន់​របស់​ព្រះ​រាជ​អាជ្ញា​គឺជា​សិទ្ធិ​របស់​គាត់​ តែ​ការ​ចោទ​ប្រកាន់​នេះ​មិន​មែន​ជា​បទ​ល្មើស​បរិស្ថាន​ទេគឺ​ជា​បញ្ហា​ជម្លោះ​ដី។ បើ​ការ​ចោទ​ប្រកាន់​ពលរដ្ឋ​ អ៊ឹចឹង​ចុះ​ចំណែក​យោធា​មួយ​ចំនួន​ដែល​គាត់​មាន​អំណាច​ មាន​ដី​នៅ​ទី​ហ្នឹង ហេតុ​អ្វី​មិន​ប៉ះ​ពាល់ មក​ប៉ះ​ពាល់​តែ​ប្រជា​ពលរដ្ឋ»។

លោក ឡោ ច័ន្ទ បន្ថែមថា រាជរ​ដ្ឋាភិ​បាល​​គួរ​ជួយ​ពិនិត្យ​លើ​ករណី​ហ្នឹង​ឡើង​វិញ ហើយ​មេត្តា​ជួយ​ពលរដ្ឋ​នៅ​តំបន់​ហ្នឹង​ផង។ ប្រសិន​បើនៅ​បណ្តាយ​ឲ្យ​ក្រុម​យោធា​គាត់​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​លើ​ពលរដ្ឋ​ស្លូត​ត្រង់​គឺ​កាន់​តែ​បង្ក​ឲ្យ​មាន​ហិង្សា៕