ភ្នំពេញៈ អាជ្ញាធរ​នៅ​តាម​​បណ្តា​ខេត្ត​មួយ​ចំនួន​និយាយ​ថា ពល​រដ្ឋ​នៅ​តែ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​បាន ដោយ​មិន​ទាន់​មាន​ការ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​​​នៅ​ឡើយ​ទេ ប៉ុន្តែ​អាជ្ញាធរខេត្តនីមួយៗ ត្រូវធ្វើ​ការ​ត្រួត​ពិនិត្យ និង​ណែ​នាំ​​​នូវ​វិធាន​​សុខា​​ភិបាល ​​ចំពោះ​អ្នក​ដំណើរ​ទាំង​នោះ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ ចាន់ ថា អភិបាលរង​ខេត្ត​ព្រៃវែង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិល​មិញ​ថា ការ​តម្រូវឱ្យ​អ្នកដំណើរ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពេល​ពួកគាត់​ធ្វើដំណើរ​ចូលទៅក្នុង​ខេត្ត​ណា​មួយ​ គឺ​មិន​ទាន់​មាន​គោលការណ៍​ណែនាំ​ពី​រាជរដ្ឋាភិបាល​ឡើយ។

លោក​ថ្លែង​ថា៖ «មិនទាន់មាន​ការសម្រេច​ឱ្យមាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​ទេ​ ពេល​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត គឺ​យើង​មិន​ទាន់​មាន​គោលការណ៍​នេះ​ឡើយ ប៉ុន្តែ​យើង​ត្រូវ​គ្រប់គ្រង​នូវ​អត្តសញ្ញាណ​របស់​បុគ្គល​នោះ និង​ត្រូវ​ដឹងថា​ តើ​គាត់​ទៅ​តំបន់​ណា ​ឬ​កន្លែង​ណា​ក្នុង​ខេត្ត​នោះ ព្រម​ទាំង​ធ្វើការ​ណែនាំ​ពី​វិធាន​សុខាភិបាល​ដល់​ពួកគាត់​ដែរ»។

ប៉ុន្តែសម្រាប់​ពលករ​ខ្មែរ​ ដែល​មកពី​ប្រទេស​ថៃ​ គឺ​ត្រូវតម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ជាដាច់ខាត ដែល​នេះ​ជាគោលការណ៍​រួម ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខា​ភិបាល។ ក្រៅ​ពី​នេះ ករណី​បើសិន​ជា​មាន​មនុស្ស​ដែល​មកពី​តំបន់​កំពុង​មានការ​ប្រឈម​ខ្ពស់​ដូចជា​ខេត្ត​ព្រះ​សីហនុ ក៏​ខាង​អាជ្ញាធរ​ខេត្ត​របស់លោក ​នឹងធ្វើ​ការពិនិត្យ​ពិចារណា​ លើ​វិធានការ​ចាំបាច់​ណា​មួយ​ដែរ។

ចំណែក​អ្នកនាំពាក្យ​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​ប្រាប់​ផងដែរ​ថា​ ការធ្វើ​ច​ត្តា​ឡី​ស័ក​លុះត្រា​តែមាន​ករណី​សង្ស័យ​ឬ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ ១៩។

លោក​​បញ្ជាក់​ថា៖ «រដ្ឋបាលខេត្ត​មិន​អនុញ្ញាតឱ្យ​មានការ​ចល័ត​ចេញ-ចូល​ខេត្ត​ ក្នុងករណី​មិន​ចាំបាច់។ ក្រៅពី​រថ​យន្ត​ដឹក​ទំនិញ អ្នក​ជំងឺ កម្មករ​-កម្ម​ការ​នី និង​ករណី​ចាំបាច់​បន្ទាន់ គឺ​ត្រូវ​ដាក់​លិខិត​ស្នើសុំ​ការអនុញ្ញាត​មក​រដ្ឋបាល​ខេត្ត​ ដើម្បី​ពិនិត្យ​លើ​លក្ខខណ្ឌ​ចាំបាច់ ដែល​ត្រូវ​សម្រេច​ថា​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​»។

សម្រាប់​ខេត្តកំពត​វិញ លោក វិត វ​ឌ្ឍ​នា នាយក​រដ្ឋបាលខេត្ត​នេះថ្លែង​​ថា ខេត្ត​លោក​មិនមាន​ការតម្រូវ​ឱ្យ​អ្ន​ក​ដំណើរ​ចូលក្នុង​ខេត្ត​នេះ ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទេ ប៉ុន្តែ​ត្រូវ​តម្រូវឱ្យមាន​ការពិនិត្យ​កម្តៅ សាកសួរ​ព័ត៌មាន​​ពី​ការធ្វើ​ដំណើរ និង​ស្កេ​ន​ QR Code។

លោក​ថា៖ «យើង​មាន​ដាក់​ប៉ុស្តិ៍​សម្រាប់​ត្រួតពិនិត្យ​នៅតាម​ច្រកព្រំដែន​ខេត្ត​របស់​យើង ដើម្បី​ការពារ​ការរីក​រាល​ដាល ​នៃ​ជំងឺ​កូ​វីដ ១៩ ហើយ​បើ​មាន​អ្នកណា​សង្ស័យ​យើង​ត្រូវ​នាំ​ពួកគាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ពិនិត្យ​សុខភាព​គាត់»។

ខាង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ​ក៏​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​​ទី ៣១​ មីនា​ផង​ដែរ​​ថា មកទល់នឹង​ពេលនេះ​ ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋនៅ​តែ​​ប្រព្រឹត្តទៅ​ជាធម្មតា ប៉ុន្តែ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​សុខា​ភិបាល និង​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ឲ្យ​បាន​ម៉ឺងម៉ាត់។

សេចក្តីប្រកាស​នេះ​បន្ត​​ថា៖ «ចំពោះ​ការកំណត់ ឲ្យ​អ្នកដំណើរ​ណា​ម្នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ឬ​នៅ​មូលដ្ឋាន គឺ​ត្រូវ​ស្ថិតក្នុង​លក្ខណៈវិនិច្ឆ័យ​សុខាភិបាល មានការ​ផ្តល់​ប្រឹក្សា​ការ​យោបល់​បច្ចេក​ទេស ពី​មន្ត្រី​ជំនាញ សុខា​ភិបាល និង​មាន​គោល​ការណ៍​សម្រេច​ពី​ថ្នាក់ដឹកនាំ​ខេត្ត»។

នៅ​ថ្ងៃ​​ទី​ ៣១ ​មីនា​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញ​នូវ​សារាចរ​ណែនាំ​ពី​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ នៅ​ក្នុងឱកាស​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ដែល​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​រយៈពេល​ ៣ ថ្ងៃ​ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្ត្រី បាន​ស្នើឱ្យ​ក្រសួង-ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ ត្រូវ​ចាត់វិធានការ​ចាំបាច់នានា ​ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ល្អប្រសើរ។

លោក​បញ្ជាក់​​ថា៖ «ត្រូវ​ធានា​នូវ​ការគោរព និង​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺ​កូ​វីដ ១៩ ដោយហ្មត់ចត់ និង​ខ្ជាប់ខ្ជួន ទាំង​នៅក្នុង​ការគ្រប់គ្រង​ចរាច​រណ៍ ការដឹក​ជញ្ជូន​មនុស្ស និង​ការធ្វើដំណើរ​ឆ្លងកាត់​រា​ជ​ធានី-ខេត្ត និង​ទាំង​នៅតាម​ទីតាំង​សាធារណៈ​នានា»។

លោក​ក៏បាន​ស្នើឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើការ​ជួបជុំ​ក្រុមគ្រួសារ​ តាម​គេហដ្ឋាន​រៀងៗខ្លួន ចៀសវាង​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​ដោយ​មិន​ចាំបាច់ និង​ចៀសវាង​រៀបចំ​ពិធីផ្សេងៗ រួមទាំង​ពិធី​សាសនា​ឬ​ការជួប​ជុំគ្នា​ទាំង​ឡាយណា​ ដែលមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ចូលរួម​ច្រើន និង​មិនត្រូវ​ដំឡើង​ថ្លៃ​សេវា​ដឹកជញ្ជូន​គ្រប់​ប្រភេទ៕

វីដេអូ៖