កំពង់ឆ្នាំង: ពលរដ្ឋ​នៅ​ភូមិ​ឡពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំព​ង់​ឆ្នាំង ​ចំនួន​ ៤៥​ គ្រួសារ​កា​ល​ពីម្សិ​ល​មិ​ញបានឡើង​មក​កាន់​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ជា​ថ្មី​ម្ដង​ទៀត​ ដើម្បី​ដាក់​ភ័ស្ដុតា​ង​បន្ថែម​ជុំវិញ​បណ្ដឹង​សុំ​មោឃ​ភាព​លើ​កិច្ច​ព្រម​ព្រៀង​​ជា​មួយ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី (KDC) តាម​ការ​បង្គាប់​របស់​តុលាការ។

អ្នក​ស្រី ​អ៊ុម សុ​​ភី​ តំណាង​ម្នាក់​របស់​សហ​គមន៍​ឡ​ពាង​បាន​ថ្លែង​ថា ភ័ស្ដុ​តាង​បន្ថែ​មនេះ​គឺយ​កម​ក​​បញ្ជា​ក់ប្រាប់​​តុលាកា​រ​ថា ពលរដ្ឋ​ទាំង​ ៤៥​ គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​​ជាមួយ​ក្រុម​ហ៊ុន ខេ.ឌី.ស៊ី របស់លោក​ស្រី​ ជា​ ខេង គឺ​មិន​ដែល​ទទួលបា​ន​សំណង​ត្រឹម​ត្រូវ​ពី​ក្រុមហ៊ុន​ឡើយ។

អ្នក​ស្រី​រំឭក​ថា កាល​ពី​ថ្ងៃទី​ ​៤ ​ខែមេសា ​ឆ្នាំ ២​០១៤ ​ខាង​ក្រុមហ៊ុន​បាន​កោះ​ហៅ​ពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​ចេះ​អក្សរ​ ទៅ​ផ្ដិត​មេដៃ​ម្ដង​ម្នាក់​ៗ​ដើម្បី​ទទួល​យក​ប្រាក់​មួយ​ចំនួន​ដោយ​មិនបា​ន​អាន​កិច្ច​ព្រមព្រៀង​នោះ​ឲ្យ​ពលរដ្ឋ​ស្ដាប់​ឡើយ ​ហើយ​ក្រុម​ហ៊ុន​ថា ​ប្រាក់​នោះគឺ​សម្រាប់​ចាយ​ពេល​ចូលឆ្នាំ​ រីឯ​ការ​ប្ដឹ​ង​រប​ស់ក្រុម​អ្នក​ស្រី​មក​តុលា​ការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០១៤ ​គឺដើម្បី​សុំ​មោឃ​ភាព​កិច្ច​ព្រម​ព្រៀ​ង​ផ្ដល់​ប្រាក់​នោះ​ព្រោះ​មិនមែ​ន​ជា​ប្រាក់​សំណង​សម្រាប់​ជម្លោះ​ដីធ្លី​ឡើយ។

អ្នកស្រី​ថា៖ «កន្លង​មក ​គេ​ធ្លាប់​ហៅ​ខ្ញុំ​ដោះស្រាយ​តាម​បែប​គោល​នយោ​បាយ ហើយ​ពលរដ្ឋ​មកនេះ​ក៏មាន​មួយ​ចំនួន​ដែរ គឺ​ក្រុមហ៊ុន​ដោះ​ស្រាយ​តាម​បែប​គោលន​យោ​បាយ​ ដោយ​មួយ​គ្រួសារ​ក្រុមហ៊ុន​ឲ្យ ៦ លាន​រៀល​សម្រាប់​ដី៨ហិកតា​កន្លះ ហើយ​យើង​គិត​គ្នា​ថា​ តើ ៦ លាន​ហ្នឹង​យក​ទៅ​ទិញ​ដី​វិញ​បាន​ទេ ៨ ​ហិ​កតា​កន្លះ។ ​កិច្ច​សន្យា​ព្រម​ព្រៀង​នោះ​គឺ​គាត់ (ក្រុមហ៊ុន) មិន​ឲ្យមក​ខាង​ពលរដ្ឋ​ទេ ​គឺមាន​តែ​ខាង​ក្រុម​ហ៊ុន ហើយ​យើង​ទៅ​សួរ​ដល់​ស្រុក​ទៀត​គាត់​ក៏​ឆ្លើយ​ថា​អត់​មាន​ឯកសា​ហ្នឹង»។

អ្នកស្រី​ថា៖ «ឯកសារ​រៀបចំ​ដោះ​ស្រាយ​ឱ្យ​ពល​រដ្ឋ ប៉ុន្តែ​ចុងប​ញ្ចប់​ឯកសារ​មានតែ​ក្រុមហ៊ុន​ហ្នឹង ហើយ​ពលរដ្ឋ​យើងខ្ញុំ​អត់​មាន​ឯកសារ​ហ្នឹង​ផង តើ​រៀបចំ​ដោះ​ស្រាយ​បាន​ប្រយោជ​ន៍​អី?ហើយ​យើង​ក៏​ធ្លាប់​ប្ដឹង​ទៅ​សាលាដំបូង​ដែរគឺ​ប្ដឹង​មោឃ​ភាព​កិច្ចព្រ​មព្រៀង​នោះ​ព្រោះ​មិន​ដឹងថា​គេ​សរសេរ​ពី​អី​ផង ពលរដ្ឋ​ដែល​ទទួលយក​គោល​នយោបាយ​​ទាំង​ប៉ុន្មាន​ហ្នឹង​គឺ​សុទ្ធ​តែជា​អ្នក​អត់​ចេះ​អក្សរ​ទេ ហើយ​ត្រូវគេ​ហៅ​ទៅ​ម្នាក់​ម្ដង​ៗគាប​សង្ក​ត់ឲ្យគាត់​យក (លុយ) ហើយ​អត់​មាន​អាន​កិច្ច​ព្រម​ព្រៀង​ឲ្យ​ស្ដាប់ ហើយ​ពួក​ខ្ញុំ​នៅ​សល់ ​១៦ ​គ្រួសារ​ហ្នឹង ​ក៏ត្រូវ​បាន​គេ​ហៅ​ម្នាក់​ម្ដងៗ​ដែរ​ ប៉ុន្តែ​ពួក​ខ្ញុំ​អត់​ព្រម ព្រោះ​បើ​ហៅ​ពួក​ខ្ញុំ​ម្ដង​មួយ​គ្រួ​សារ​ទៅ​គា​ប​យក ​(លុយ)​ ទៀត គឺ​ពួក​យើង​អត់​ទទួល​យក​ទេព្រោះ​ពួក​ខ្ញុំ​ត្រូវការ​ដំណោះស្រាយ​ជា​ក្រុម ​និងបើកចំហដែលមាន​អ្នកពាក់ព័ន្ធ​ និង​សាក្សី​ចូលរួម»។

ការដាក់​ភ័ស្ដុ​តាង​បន្ថែម​នេះ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក សំ ប៊ុន​ពៅ ចៅក្រម​តុលាការ​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សហ​ដើម​ចោទ​របស់​អ្នក​ភូមិ​ឡ​ពាង​ ២ ​នាក់ ត្រូវ​ផ្ដល់​ភ័ស្ដុតាង​ជូន​តុលាការ​លើបណ្ដឹងមោឃ​ភាព​កិច្ច​ព្រម​ព្រៀងជាមួយ​ភាគី​ក្រុម​ហ៊ុនក្នុង​អំឡុង​ ៣ ​សប្ដាហ៍ ព្រោះ​តុលាការ​រក​ឃើញ​ថា ពាក្យ​បណ្ដឹងសុំ​មោឃ​ភាព​លើ​កិច្ចព្រម​ព្រៀង​ចុះ​ថ្ងៃទី ២៣ ខែ​មិថុនា ឆ្នាំ ២០១៤ គឺ​ពុំមាន​ភ័ស្ដុតាងដើម្បី​ឲ្យ​តុលាការ​​ពិនិត្យ​កម្មវត្ថុ​នៃ​ការទាម​ទារ​របស់​ដើម​ចោទ​បាន​ទេ។

ចំណែក​អ្នកស្រី កែវ វណ្ណៈ ពលរដ្ឋ​ម្នាក់​ដែល​ថា​មាន​ដី ៣ ​ហិកតា​កន្លះ​កំពុង​មាន​ជម្លោះ​និងដែល​ធ្លាប់​ទទួល​ដំណោះ​ស្រាយ​​​គោល​នយោ​បាយ​ពី​ក្រុមហ៊ុនដែ​រនោះ​បា​នថ្លែង​ថា អាជ្ញាធរខេត្ត​បាន​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ដើម្បី​ដោះ​ស្រាយ​ទំនាស់ដី​ធ្លីនេះ និង​បាន​ហៅ​អ្នក ភូមិ​ឡ​ពាង​ទៅ​ពិភាក្សា​នៅ​សាលា​ឃុំ។

ប៉ុន្តែអ្ន​កស្រី​ថា ស្រាប់​តែនៅ​ថ្ងៃទី ៤ ខែ ៤ ឆ្នាំ ២០១៤ បែរជា​ហៅ​ពលរដ្ឋ​ ៣៣ ​គ្រួសារ​ទៅ​សាលា​ស្រុក​វិញ និង​មិនបាន​និយាយ​ពី​រឿង​ដីធ្លី​ឡើយ។ ផ្ទុយទៅវិញ​បែរជា​ឲ្យ​ពលរដ្ឋ​ចូលជួប​ជាមួយ​លោកស្រី ជា ខេង ម្ដងម្នាក់ៗ ហើយ​លោកស្រី ជា ខេង ក៏បាន​លួង​អ្នកស្រីឲ្យទទួល​លុយ​មួយ​ចំនួន ដោយ​ថា អ្នកស្រី​មិនមែនជា​ម្ចាស់​ដី​ពិត​ប្រាកដ។

អ្នកស្រី​ថា៖ «គាត់ (ជា ខេង) ហៅ​ពលរដ្ឋ​ចូលម្ដងម្នាក់ៗ ហៅ​ចូលទៅ​គឺថា​អ្នក​ខ្លះទៅ​គាត់​លួង​លោម ​អ្នកខ្លះ​ក៏​គំរាម​អ៊ីចឹងទៅ។ លួងលោម​ដូច​ថា អ៊ំអើយ!ចាស់​ហើយ​លុយ​ហ្នឹង​យកទៅ​ រួច​គាត់​ថាពួក​អ៊ំ​ឯង​អត់​មាន​ដី​ទេ ហើយ​លុយ​នេះ​យកទៅ​បុណ្យចូលឆ្នាំ​ទៅ ហើយ​កាសែត​ក៏ចុះ​ថា​លុយ​សម្រាប់​ចូលឆ្នាំ​ដែរ ​មិនមែន​ជា​លុយ​ដោះ​ស្រាយ​ដីធ្លី​ទេ»។

យ៉ាងណាក្ដី លោកស្រី ជា ខេង ម្ចាស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍នៅ​ថ្ងៃ​ម្សិលមិញ​ថា លោក​ស្រីកំពុង​ជាប់រវល់​និង​បាន​បង្វែរ​សំណួរឱ្យទៅសួរ​មេធាវីរបស់លោកស្រី​វិញ។ លោក ផាត់ ពៅ​ស៊ា​ង មេធាវី​តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​បញ្ជាក់ថាដី​ដែល​ក្រុមហ៊ុន​កំពុងកាន់​កាប់​ជាង ៥០០ ​ហិកតា​នៅតំបន់​ឡ​ពាង​​នេះ​គឺ​ទិញ​ក្នុង​ឆ្នាំ ២០០៧ ពី​ពលរដ្ឋ​ជា​ម្ចាស់​ដី​ពិតប្រាកដ ដែល​កាន់កាប់​តាំងពី​ឆ្នាំ ១៩៩៧ ហើយ​ក៏មាន​ប្លង់​បញ្ជាក់​កម្មសិទ្ធិ​ត្រឹមត្រូវ។

លោក​បានរំ​ឭ​កថា ​ជម្លោះនេះ​ដោយសារ​មាន​ពលរដ្ឋ​​មិនមែន​ម្ចាស់​ដី​ពិត ចេញ​មុខ​ទាមទារ​សំណង​ដែល​ផ្ដើម​ឡើង​ប្រហែល​ពី​ឆ្នាំ ​២០០៩ ឬ ២០១០ ហើយ​ដី​នេះ​ក៏ត្រូវ​បាន​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដីនគរូប​នីយកម្ម និង​សំណង់ បាន​ចេញ​លិខិត​បញ្ជាក់​ទទួល​ស្គាល់​ថែម​ទៀតថា ជា​ដី​ក្រុមហ៊ុន​ដែលមាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ។

លោក​ថា៖ «នៅ​ពេល​គាត់​ទើប​ឡើង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​គាត់​បញ្ជាក់​ថា ប្លង់​ហ្នឹង​គឺមាន​សុពលភាព​ត្រឹមត្រូវ​បស់​គេ (ក្រុម​ហ៊ុន) មែន នៅ​ពេល​មាន​ជម្លោះ​ហើយ​គេ​សួរថា ​តើ​ប័ណ្ណ​ហ្នឹង​ត្រឹម​ត្រូវ​អត់?»។

លោក​មេធាវី​រូបនេះ​បញ្ជាក់ថា ឯការ​ដោះស្រាយ​តាម​គោលន​យោបាយ​កាលពី​ឆ្នាំ ២០១៤ ដោយសារ​ម្ចាស់​ក្រុមហ៊ុន​​មិនចង់​មានរឿង​វែងឆ្ងាយ​ បើទោះជា​ដឹងថា ​ពលរដ្ឋ​ទាំង​ជាង ៤០ គ្រួសារ​ ​មិនមែនជា​ម្ចាស់​ដី​ពិតប្រាកដ​ក្ដី។

លោក ពៅ​ស៊ាន អះអាង​ថា ការផ្ដល់​ដំណោះស្រាយ​គោលនយោបាយ​នោះ ពលរដ្ឋក៏បាន​សន្យា​ដក​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន​ចេញ​វិញ​ដែរ តាមរយៈ​ការ​ផ្ដិត​ស្នាម​មេដៃនៅចំពោះមុខ​សាក្សី​ជា​ច្រើនរួមមាន មន្ត្រីខេត្ត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន​ ​មិនមែន​ជា​កា​របង្ខិត​បង្ខំ​ដូច​ពលរដ្ឋ​លើក​ឡើង​ឡើយ។

លោក​ថា៖ «គាត់ (ពលរដ្ឋ)​ អត់​មាន​ដី​ទេ យើង​ដោះស្រាយ​ពេល​ហ្នឹងមាន​ទាំងពី​វិទ្យុ​អាស៊ីសេរី ភ្នំពេញ​ប៉ុស្ដិ៍ ខេ​មបូ​ឌា ដេលី មាន​ទាំង​តំណា​ងរាស្ដ្រ​ទៀត ជា ប៉ូច, គ​ង់ សភា (មន្ត្រី​អតីត​បក្សប្រឆាំង) ក៏​ទៅ​ដែរ ដើម្បី​ដោះស្រាយ​ដី​ហ្នឹង...»។

ទោះជា​យ៉ាង​ណា នៅក្នុងញត្តិ​ដាក់​ក្រសួង​យុត្តិធ​ម៌​ម្សិលមិញ​ដើម្បីស្នើសុំ​ក្រសួង​នេះ​ជួយជំរុញ​តុលា​ការ​បើក​សវនាការ​សំណុំ​រឿង​​ដីធ្លី​នេះ ​ពលរដ្ឋ​បាន​បង្ហាញ​ថា ពួកគាត់​ទាំង​ ៤៥ ​គ្រួសារ​គឺមាន​ទំហំ​ដី​ជាង ១១០ ហិកតា និង​​មាន​ជម្លោះ​តាំងពី​ឆ្នាំ​ ២០​០​៦ ហើយ​រយៈ​ពេល​ ១៣ ​ឆ្នាំ​ហើយ ដែល​ពួក​គាត់​រង់ចាំ​យុ​ត្តិធម៌​ពី​តុលា​ការ។

លោក លី សុផាន់​ណា មន្ត្រី​នាំពាក្យ​តុលាការរាជធានី​ភ្នុំពេញ​បាន​ឆ្លើយតប​យ៉ាងខ្លី​ ចំពោះ​សំណួរពីមូលហេតុ​មិន​បើកសវនាការ​លើ​សំណុំ​រឿងនេះ​ថា «ពលរដ្ឋ​គួរតែ​តាមដាន​នូវចំណាត់ការ​រឿងក្ដី​ដោយ​ខ្លួនឯង»។

ចំណែកលោក សំ ច័ន្ទ​គា មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់ថាតាម​ការ​រក​ឃើញ​​របស់​អង្គការ​អាង​ហុក ពលរដ្ឋ​ដែល​កំពុង​តវ៉ា​សព្វថ្ងៃស្ទើរតែ​ទាំងអស់​គឺជា​ម្ចាស់​ដី​ពិតប្រាកដដែល​គ្រប់គ្រង​តាំងពី​ឆ្នាំ ១៩៨១ មក ហើយ​មូល​ហេតុដែល​ធ្វើឱ្យ​មានទំនាស់ដីធ្លីនេះ​អូសបន្លាយ​គឺជា​កំហុស​អ្នក​ឃុ​បឃិត​ធ្វើ​ប្លង់​ដើម្បី​ឱ្យទៅ​ពលរដ្ឋ​ផ្សេង​ ហើយ​លក់​មកឱ្យ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី នេះ៕