ព្រះវិហារៈ ពលរដ្ឋនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារបានឲ្យដឹងថា ដីសហគមន៍បឹងទន្លេម្រេចមានទំហំជាង ២ ៣០០ ហិកតា ត្រូវបានក្រុមហ៊ុនទ្រីភាពរំលោភយកស្ទើរទាំងស្រុង និងសេសសល់តិចតួចចុងក្រោយសម្រាប់ទុកធ្វើសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ក៏ក្រុមហ៊ុននេះ នៅតែបន្តហ៊ុមព័ទ្ធរំលោភយកបន្ថែមទៀត ខណៈអាជ្ញាធរមូលដ្ឋានគ្មានអំណាចហាមឃាត់ឡើយ។
ពលរដ្ឋនៅភូមិពោធិ៍សុំមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២៤ កក្កដាថា ដីសហគមន៍បឹងទន្លេម្រេចដែលសម្បូរសម្បត្តិធនធានធម្មជាតិជាច្រើន ពិសេសព្រៃឈើ ផ្ដល់ផលប្រយោជន៍ដល់សហគមន៍ជនជាតិដើមភាគតិចកួយ ដូចជាការបោចវល្លិ៍ និងចៀរជ័រដើមច្បោះសម្រាប់ចិញ្ចឹមជីវិត ប៉ុន្តែបច្ចុប្បន្នដីសហគមន៍ដែលត្រូវទទួលស្គាល់ដោយក្រសួងបរិស្ថានតាំងពីឆ្នាំ ២០១០ ត្រូវបានគេកាប់ព្រៃទន្ទ្រានយកស្ទើរតែទាំងអស់ចាប់តាំងពីឆ្នាំ ២០១១ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងនិងក្រៅស្រុកខ្លះ និងជាពិសេសគឺការទន្ទ្រានហ៊ុមព័ទ្ធយកដោយក្រុមហ៊ុនទ្រីភាពដើម្បីដាំដើមចន្ទី និងដើមកៅស៊ូ។
ពលរដ្ឋដដែលនេះអះអាងថា កាលពីមុនសុទ្ធតែព្រៃ តែឥឡូវអស់ហើយព្រៃនោះគេដាំចន្ទី ដាំកៅស៊ូ ខ្លះវាលទៅអត់ទាន់ដាំអីទេ។ នៅក្នុងចំណោមផ្ទៃដីសហគមន៍បឹងទន្លេម្រេចចំនួន ២ ៣៥១ ហិកតានេះ គឺភាគច្រើនជាដីព្រៃប៉ុន្តែក្នុងនោះមានប្រហែលជាង ១០ ហិកតា ជាដីសម្រាប់បម្រុងទុក ដែលកន្លងមកខាងភាគីក្រុមហ៊ុនទ្រីភាព និងអាជ្ញាធរធ្លាប់បានសន្យាថា នឹងជួយសាងសង់មន្ទីរពេទ្យ វត្តអារាម និងមណ្ឌលសុខភាពនៅលើដីបម្រុងទុកនោះ សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាជន ប៉ុន្តែឥឡូវនេះ ដីបម្រុងទុកដែលសេសសល់ចុងក្រោយ ក៏ត្រូវបានក្រុមហ៊ុនទ្រីភាពបន្តហ៊ុមព័ទ្ធយកដើម្បីបង្កើតជារោងចក្រ និងមិនបានសាងសង់អ្វីសម្រាប់ប្រជាពលរដ្ឋដូចការសន្យាឡើយ។
ក្រោយពីមានការរំលោភយកដីសហគមន៍ពីសំណាក់ក្រុមហ៊ុនទ្រីភាពមក ពលរដ្ឋជនជាតិដើមតែងតែនាំគ្នាតវ៉ា និងបានប្ដឹងទៅអាជ្ញាធរឲ្យចាត់វិធានការទប់ស្កាត់ដែរ ប៉ុន្តែការតវ៉ា និងប្ដឹងទៅអាជ្ញាធរទាំងនោះ បានត្រឹមធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនត្រូវបានក្រុមហ៊ុនប្ដឹងបកវិញពីបទរារាំងការងារក្រុមហ៊ុន រហូតធ្វើឲ្យពលរដ្ឋបាក់ស្បាតលែងហ៊ានចេញតវ៉ា។
លោកថា៖ «គេ (ក្រុមហ៊ុន) ប្ដឹងម្ដង ៦ នាក់ ១០ នាក់ ៤នាក់ ៣ នាក់ ហើយឥឡូវហ្នឹង ពួកខ្ញុំខ្លះកំពុងរងការចោទប្រកាន់ពីតុលាការនៅឡើយ នឹងត្រូវឡើងទៅឆ្លើយបំភ្លឺនៅថ្ងៃទី ២៥ នេះឯង។ ពិបាកណាស់ គេថាតុលាការមានស្ដង់ដា ២ ម៉េចនឹងហ៊ានជាមួយគេអ្នកមានលុយ ហើយឥឡូវហ្នឹង លែងមានពលរដ្ឋហ៊ានតវ៉ាហើយ ព្រោះក្រុមហ៊ុនគេព្រមាន (ប្ដឹង) ឲ្យតែហ៊ាន»។
ប្រជាពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាប្រជាពលរដ្ឋហាក់ត្រូវបានក្រុមហ៊ុនទ្រីភាពបោកប្រាស់ ដោយសារបច្ចុប្បន្ន មិនត្រឹមតែមិនទទួលបានសាលារៀន វត្តអារាម និងមណ្ឌលសុខភាពទេ ប៉ុន្តែត្រូវបាត់បង់ដីសហគមន៍ទាំងអស់ថែមទៀត។
លោកថា៖ «នៅភូមិអូរពោធិ៍មានសាលាដែរ ប៉ុន្តែមានតែអគារមួយខ្នងចំនួន ៦ បន្ទប់ ដែលមានទទឹង ១៣ ម៉ែត្រ និងបណ្ដោយ ៣០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែអនុវិទ្យាល័យ រួមទាំងវត្តអារាម និងមណ្ឌលសុខភាពជាដើម គឺនៅឆ្ងាយពីភូមិណាស់ប្រហែល ១០ គីឡូដី ដល់អ៊ីចឹងធ្វើឲ្យប្រជាពលរដ្ឋលំបាកនៅពេលត្រូវការ»។
លោក ឃុត រី មេឃុំរមណីបានឲ្យដឹងថា ខាងក្រុមហ៊ុនទ្រីភាពពិតជាកំពុងដាំដើមឈើព័ទ្ធយកដីសហគមន៍បម្រុងទុកសម្រាប់ធ្វើសាលារៀន វត្តអារាម និងមណ្ឌលសុខភាពរបស់ពលរដ្ឋមែន។
លោក រី ថ្លែងថា៖ «ប៉ុន្តែខ្ញុំគ្មានសិទ្ធិអំណាចទៅហាមឃាត់ទេ និងជំរុញឲ្យប្រជាពលរដ្ឋទៅនិយាយជាមួយក្រុមហ៊ុនដោយខ្លួនឯង»។
លោកបានអះអាងថា ដំបូងឡើយសហគមន៍បានព្រមព្រៀងជាមួយក្រុមហ៊ុន ដោយអនុញ្ញាតឲ្យក្រុមហ៊ុនយកដីសហគមន៍បម្រុងទុកពាក់កណ្ដាលក្នុងចំណោមផ្ទៃដីសរុបប្រហែល ១០ ហិកតា សម្រាប់សាងសង់ជារោងចក្រ និងពាក់កណ្ដាលទៀតសម្រាប់ទុកសាងសង់វត្ត និងសាលារៀនជូនសហគមន៍។
លោកថា៖ «អ៊ីចឹងបងប្អូនប្រជាពលរដ្ឋចេះតែមានក្ដីកង្វល់ខ្លាចក្រុមហ៊ុនបោកប្រាស់ ហើយខ្ញុំក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋថា បើខ្លាចក្រុមហ៊ុនបោកប្រាស់ទៀត ឲ្យគាត់ទៅសួរក្រុមហ៊ុនឲ្យច្បាស់លាស់ទៅ»។
ប្រធានរដ្ឋបាលក្រុមហ៊ុនទ្រីភាពឈ្មោះ សារុំ បានបញ្ជាក់ខ្លីថា ពុំមានករណីកើតឡើងដូចការចោទប្រកាន់របស់ពលរដ្ឋឡើយ ហើយបានចុចបិទទូរស័ព្ទវិញ ដោយអះអាងថាជាប់ប្រជុំ។
លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានលើកឡើងថា ក្រុមហ៊ុនទ្រីភាពបានឈូសឆាយលើដីសម្បទានសេដ្ឋកិច្ចដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលចំនួនជាង ៩ ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែលជាតំបន់ព្រៃរេចរឹល ហើយការចោទប្រកាន់ពីពលរដ្ឋថា ក្រុមហ៊ុនរំលោភយកដីសហគមន៍ គឺលោកមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា ចាប់តាំងពីឆ្នាំ ២០១៣ មក កើតមានចលនារបស់ប្រជាពលរដ្ឋទន្ទ្រានយកដីព្រៃសហគមន៍ ហើយកាលនោះ អាជ្ញាធរក៏បានចាត់វិធានការផ្លូវច្បាប់ទប់ស្កាត់ដែរ រហូតរដ្ឋាភិបាលបានចេញ ស.ជ.ណ មួយ ដើម្បីដកហូតដីសហគមន៍នោះធ្វើជាតំបន់ការពារវិញ។
លោកថា៖ «ខ្ញុំអត់ដឹងថានរណារំលោភដីណា ប៉ុន្តែជាទូទៅ ពួកគាត់ជាគណៈកម្មការសហគមន៍ និងប្រជាពលរដ្ឋកាប់រានទន្ទ្រានបណ្ដើរៗតាំងពីមុនអាណត្តិបោះឆ្នោតឆ្នាំ ២០១៣»។
លោក ឡោ ច័ន្ទ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារបានឲ្យដឹងថាក្រុមហ៊ុនមិនបានធ្វើតាមសន្យាដែលថាសាងសង់សាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាពឲ្យពលរដ្ឋទេ។
លោកថា៖ «បើសាងសង់វត្តអារាមនិងសាលារៀនក៏គ្រាន់បើដែរ ពួកគាត់ក៏ខ្ជិលតវ៉ាដែរ ប៉ុន្តែក្រុមហ៊ុនមិនបានបម្រើផលប្រយោជន៍សាធារណៈទេ»៕