កំពង់ស្ពឺៈ ពលរដ្ឋ​ជាង​ ៥០០ ​គ្រួសារ​ រស់នៅក្នុង​ឃុំ​ទួល​អម្ពិល​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​បាន​បង្ហាញ​ក្ដីបារម្ភ​ពី​ការខ្វះ​ទឹក​សម្រាប់​ស្រោចស្រព​ស្រែចម្ការ និង​ដំណាំ​ផ្សេងៗ ខណៈ​បច្ចុប្បន្ន​មាន​ឈ្មួញ​យក​ម៉ាស៊ីន​ទៅ​បូមទឹក​ទាំងយប់​ទាំង​ថ្ងៃ​នៅក្នុង​ទំនប់​បុរាណ​ព្រៃពាយ​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់​ជាប្រចាំ​។

លោក​ គុយ ហឿន អាយុ​ ៦៨ ​ឆ្នាំ រស់នៅ​ភូមិ​សង្គ្រាមបូរណ៍ ឃុំ​ទួលអម្ពិល ដែលថា ជា​តំណាង​ពលរដ្ឋ​ទាំង​នោះ​បាន​ថ្លែងថា ទំនប់​បុរាណ​ព្រៃពាយ​នៅ​ចន្លោះ​កណ្តាល​សហគមន៍​ចំនួន​ ៣ ​ភូមិ គឺ​សហគមន៍​ភូមិ​ព្រៃពាយ សហគមន៍​ភូមិ​សង្គ្រាមបូរណ៍ សហគមន៍​ភូមិ​អង្គរងាង​ដែល​មាន​ពលរដ្ឋ​រស់នៅ​ជាង​ ៥០០ ​គ្រួសារ​។

លោក​បន្តថា រយៈពេល​ជាង​ ២ ​ខែ​មកហើយ ដែល​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​បានដាក់​ម៉ាស៊ីន​ខ្នាត​ធំ បូម​ទាំងយប់​ទាំង​ថ្ងៃ​ស្ទើរ​​រីងស្ងួត​អស់​។ ​ហេតុនេះ​ពួកគាត់​បារម្ភ​ខ្លាច​ខ្វះ​ទឹក​ស្រោចស្រព​ស្រែចម្ការ ដំណាំ​បន្លែបង្ការ​ផ្សេងៗ សម្រាប់​មនុស្ស​ហូប និង​សត្វពាហនៈ​ផងដែរ​។

លោក​ថ្លែងថា​៖ «​បញ្ហា​ដែល​ប្រឈមមុខ​បច្ចុប្បន្ននេះ​គឺ​មាន​ក្រុមហ៊ុន​ទឹកស្អាត​មួយ បាន​បូមទឹក​ក្នុង​ទំនប់​ហ្នឹង​យក​ទៅ​លក់ តែ​ដល់​ពិនិត្យមើល​ច្បាប់​របស់គាត់​ទៅ គឺ​អាជ្ញាធរ​ប្រគល់​ឱ្យតែ​​ត្រឹម​អាជីវកម្ម​តែ​ប៉ុណ្ណឹង​ទេ អត់​មាន​ឃើញ​ផ្ទេរ​ទឹក​ក្នុង​អាង​ហ្នឹង​ឱ្យ​ខ្លួនឯង​ធ្វើ​អាជីវកម្ម​ទឹកស្អាត​តែ​គ្មាន​ទឹក​លក់​ឱ្យគេ​ហើយ​មក​យក​ទឹក​របស់​ប្រជាពលរដ្ឋ​»​។

លោក​ ឈឿន សុធន អភិបាល​ស្រុក​បសេដ្ឋ​បាន​ថ្លែងថា បញ្ហា​នេះ​ជា​ការទទួល​ខុសត្រូវ​របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ជាមួយ​ម្ចាស់​អាជីវកម្ម ព្រោះ​ខាង​ជំនាញ​ជា​អ្នកចេញ​អាជ្ញាប័ណ្ណ​។

អាង​ទំនប់ទឹក​នោះ​ជា​របស់​ខាង​ធនធានទឹក អាជ្ញាធរ​មិនអាច​សម្រេច​អ្វី​បានទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​អាជ្ញាធរ​ស្រុក​អត់​ពាក់ព័ន្ធ​ទេ អាហ្នឹង​ជា​បច្ចេកទេស​របស់​អ្នកជំនាញ​។ អាងទឹក​ហ្នឹង​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​​ឯ​ប្រជាពលរដ្ឋ​គាត់​ចង់យក​ធ្វើ​កម្មសិទ្ធិ​។ ​ខាង​ធនធានទឹក​គេ​មាន​ប្លង់​មេ​របស់គេ អ៊ីចឹង​នរណា​ចង់​ចូល​យកតែ​ ១ ​ម៉ែត្រ ១ ​តឹក​ក៏​មិនបាន​ផង អ៊ីចឹង​ពលរដ្ឋ​អាស្រ័យផល​​គាត់​អាស្រ័យ​ទៅ​តែ​ដល់ពេល​គេ​ត្រូវការ​គេ​យក​ហើយ​»​។

លោក​ ញ៉ាញ់ ជាបហ៊ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ថ្លែងថា អ្នកធ្វើ​អាជីវកម្ម​ទឹកស្អាត​នៅ​ទីនោះ​មាន​ច្បាប់​ត្រឹមត្រូវ​។ ​អាជ្ញាធរ​មាន​កាតព្វកិច្ច​រៀបចំ​ឱ្យ​មាន​ទឹកស្អាត​សម្រាប់​ពលរដ្ឋ​ប្រើ​ស្រប​តាម​ទិសដៅ​របស់​រដ្ឋាភិបាល នៅ​ឆ្នាំ​ ២០២៥ ដែល​ពលរដ្ឋ​​ត្រូវមាន​ទឹកស្អាត​ប្រើប្រាស់​។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ករណី​នេះ​លោក​បាន​រៀបចំ​ឱ្យមាន​ការស្តារ​ទំនប់​អាងទឹក​នោះ​ឱ្យបាន​ជ្រៅ​ជាង​មុន​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ទូទៅ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ដែល​អាច​ចិញ្ចឹម​ត្រី​ទទួលផល​បាន​ទាំង​ប្រាំង និង​វស្សា​។ ប៉ុន្តែ​បែរជា​មាន​ជនខិលខូច​មួយចំនួន​ញុះញង់​នាំឱ្យ​មាន​ការតវ៉ា​ធ្វើ​ឱ្យ​មាន​ការលំបាក​ក្នុង​ការអភិវឌ្ឍ​តំបន់​នោះ​។

លោក​ថ្លែងថា​៖ «​រោងចក្រ​សហគ្រាស វា​កើត​នៅ​កំពង់ស្ពឺ​ច្រើន អ៊ីចឹង​គេ​ត្រូវការ​វត្ថុ​ធាតុដើម​យក​ទៅ​ចាក់​បំពេញ​ដី​ជង្ហុក​ដើម្បី​កសាង​រោងចក្រ​ផ្សេងៗ​​យើង​ខំ​កៀរគរ​គេ​ឱ្យមក​យក​ដី​នៅក្នុង​អាងទឹក​ទៅ ដើម្បី​ឱ្យបាន​ជ្រៅ​ហើយ​បង់ពន្ធ​ចូល​រដ្ឋ​ទៀត​​ផង​អ្នក​ដែល​ទៅ​ធ្វើ​ហ្នឹង​គេ​ជួយ​ដល់​ការអភិវឌ្ឍ​ភូមិ​ទៀតផង​នៅតែ​គាត់​ពិបាក ពិបាក​ហ្នឹង​តែ​ប៉ុន្មាន​នាក់​ហ្នឹង​ទេ ដែល​ដើរ​បំផុសបំផុល​គ្រប់កន្លែង​»​។

បើតាម​លោក ជាបហ៊ង ការចូល​ទៅ​អភិវឌ្ឍ​តំបន់​នោះ​មិន​ទទួលបាន​ជោគជ័យ​ឡើយ ដោយសារ​តែ​មានការ​រារាំង​ពី​ពលរដ្ឋ​។ ការញុះញង់​កើតមាន​​ឡើង​ដោយសារ​តែ​ខ្សែបណ្តាញ​ជន​មិន​ប្រក្រតី​ដែលមាន​គ្នា​តិច​តែប៉ុណ្ណោះ​។

លោក​ថា​៖ «​យើង​ធ្វើ​អី​អត់​កើត​គាត់​មិនឱ្យ​ធ្វើ គេ​ដាក់​គ្រឿងចក្រ​ឃាត់​គ្រឿងចក្រ គេ​បូមទឹក ឃាត់​ទឹក ហើយ​គាត់​ចង់​ធ្វើ​ម៉េច គាត់​ថា ទាល់តែ​ខ្លួន​គាត់ បាន​ធ្វើ​ត្រូវ​អត់​ស្តាប់​ជំនាញ អត់​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​ទេ​»៕