កណ្តាល: យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ចំណោម​ ២០០ ​គ្រួសារ​រស់នៅ​ក្នុងភូមិ​អន្លង់ និង​ភូមិ​បឹងក្រចាប់ជើង ឃុំ​ព្រែកតាមាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​បាន​អះអាង​ពី​ការព្រួយបារម្ភ​​ចំពោះ​សកម្មភាព​ឈូសឆាយ​ក្នុង​តំបន់​បឹង​ធម្មជាតិ​ដែល​អាចមាន​ការឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​ឈ្មួញ​ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​ជា​លក្ខណៈ​ឯកជន ប៉ុន្ដែ​អាជ្ញាធរ​បដិសេធ​ដោយ​អះអាង​ថា នេះ​ជា​ការអភិវឌ្ឍ​ភូមិ​ឃុំ​។

ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​អ្នកភូមិ​រស់នៅ​ភូមិ​អន្លង់​បាន​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា លោក​មាន​ការសោកស្តាយ និង​ព្រួយបារម្ភ​នូវ​ការបាត់បង់​បឹង​ធម្មជាតិ​មួយ​ទំហំ​ជាង ៤ ហិកតា​ដែលជា​សម្បត្តិ​រួម​ក្នុង​​ភូមិ​នេះ​។ អាជ្ញាធរ​ភូមិ​ឃុំ​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ផ្សេងទៀត​យក​ត្រាក់ទ័រ​មក​ឈូសឆាយដី​បឹង​នោះ​ព្រមទាំង​ចាក់ដី​លុប​ប្រមាណ​ជាង ១០ ​ភាគរយ​នៃ​ផ្ទៃ​បឹង​ហើយ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​អាយុ​ជិត​ ៤០ ​ឆ្នាំ​ហើយ​កើតមក​ឃើញ​បឹង​នេះ​តែម្តង​។ បឹង​នេះ​ធំ​ណាស់​កាលពី​មុន​តែ​ឥឡូវ​កាន់តែ​រួម​តូច​ទៅៗ ដោយសារ​ប្រជាពលរដ្ឋ​នៅ​ជាប់​បឹង​នេះ​ចេះ​តែ​ទន្ទ្រាន​ចូល​ដី​បឹង ហើយ​បច្ចុប្បន្ន​កំពុងមាន​ឈ្មួញ​ចាក់ដី​លុប​យក​ថែមទៀត​ដើម្បី​ធ្វើ​​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៀត​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​ទិញ​ដី​បឹង​នេះ​ឈ្មោះ ពោច សួរ បាន​ឃុបឃិត​គ្នា​ជាមួយ​មេភូមិ និង​មេឃុំ​បាន​លុប​បឹង​នេះ​ដោយ​មិន​មាន​ការប្រជុំ ឬ​ធ្វើ​វេទិកាសាធារណៈ​ឲ្យ​ប្រជាជន​ក្នុងភូមិ​បានដឹង​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សុំ​ជំរុញ​ឲ្យ​អាជ្ញាធរ​រក្សា​បឹង​ធម្មជាតិ​នេះ​វិញ​ដើម្បី​ទុក​ទីតាំង​ស្ដុក​ទឹក​នៅ​រដូវភ្លៀង​កុំ​ឲ្យ​មានទឹក​ជន់​លិច​ភូមិ និង​ផ្ទះ​ពលរដ្ឋ​»​។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​បឹង​ក្រចាប់ជើង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ បាន​ឲ្យ​ដឹងថា​បឹង​នេះ​ជា​កន្លែង​រំដោះ​ទឹក​យ៉ាងសំខាន់​ក្នុង​ភូមិ​នៅ​រដូវវស្សា​ស្តុក​ទឹក​សម្រាប់​ស្រោចស្រព​​ដំណាំ និង​ការប្រើប្រាស់​ទឹក​ក្នុង​មធ្យោបាយ​ផ្សេងៗ​ទៀត​របស់​អ្នកភូមិ និង​ជា​ជម្រក​ត្រី និង​សត្វពាហនៈ​ជាដើម​។

លោក​ថ្លែងថា​៖ «​បើ​ការលុប​បឹង​នេះ​ក្នុង​រូបភាព​នៃ​ការដោះដូរ ឬ​រូបភាព​នៃ​ការអភិវឌ្ឍ​អ្វីមួយ វា​មិន​សមហេតុផល​ទេ ព្រោះ​អាជ្ញាធរ​គេ​មាន​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ភូមិ​ឃុំ​ស្រាប់​ហើយ​»​។

លោក​ថ្លែងថា​៖ «​បើ​លុប​គឺ​យើង​បាត់បង់​បឹង​ទៅ​ឈ្មួញ​ទាំងស្រុង តែបើ​ឈ្មួញ​ស្តារ​យក​ដី​ក៏​យើង​នៅ​បឹង​សម្បូរ​ទឹក សម្បូរ​ត្រី​ដែរ​។ ពួក​ខ្ញុំ​ជា​ពលរដ្ឋ​គាំទ្រ​លើ​ការស្តារ​ជាង​ការលុប​បឹង​នេះ​។ ពួក​ខ្ញុំ​ចង់​ឲ្យ​រក្សា​បឹង​នេះ​ដូចដើម ឬ​ក៏​ឈ្មួញ​ស្តារ​យក​តែ​អាចម៍ដី​បាន​ធ្វើ​ដូចនេះ​យើង​ជា​ប្រជាពលរដ្ឋ​បាន​បឹង​មាន​ទឹក​ច្រើន​ប្រើប្រាស់​ផង និង​មិន​បាត់បង់​ផ្ទៃ​បឹង​ផង ចំណែក​ឈ្មួញ​គេ​អាច​យក​អាចម៍​ដី​សម្រាប់​អាជីវកម្ម​ក៏​យកទៅ​»​។

លោក គ្រុយ ឈាងលីន មេភូមិ​បឹង​ក្រចាប់ជើង​បាន​ថ្លែង​ពី​ម្សិលមិញ​ដោយ​អះអាងថា អាជ្ញាធរ​មិនបាន​អនុញ្ញាត​ឲ្យ​មាន​ការលុប​បឹង​ធម្មជាតិ​មួយ​នេះ​ទេ​ដោយ​គ្រាន់តែ​កាយ​ប្រវែង ៦ ​ម៉ែត្រ​ដើម្បី​ធ្វើ​មុខទឹក​សម្រាប់​បង្ហូរទឹក​នៅពេល​ជន់​លិច​ខ្លាំង​ប៉ុណ្ណោះ​។ បឹង​ធម្មជាតិ​នេះ​ជា​សម្បត្តិ​រួម​សម្រាប់​ប្រើប្រាស់​ក្នុងភូមិ​ដោយ​មិន​មាន​ការទិញ​ ឬ​លក់​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទេ​។

លោក​ថ្លែងថា​៖ «​យើង​កាយ​ធ្វើ​ប្រឡាយទឹក​ទេ​គ្មាន​ការទិញ​ ឬ​លក់​អ្វី​ទេ​យើង​ធ្វើ​នេះ​ដើម្បី​អភិវឌ្ឍ​ភូមិ​ឃុំ​យើង ដើម្បី​កុំ​ឲ្យ​ទឹក​លិច​ភូមិ​នៅពេល​មាន​ភ្លៀង​មក​ច្រើន​នៅ​រដូវវស្សា​។ ខ្ញុំ​ក៏​គិត​ដូច​ពួកគាត់​ដែរ​បើ​លុប​បឹង​នេះ​ប្រហែល​ជា​ត្រូវ​ទឹក​លិច​ភូមិ​ហើយ​អ៊ីចឹង​យើង​អត់​លុប​ទេ គឺ​ធ្វើ​ប្រឡាយទឹក​វិញ​»​។

លោក ឆាយ សេន មេឃុំ​ព្រែកតាមាក់​ដែល​រង​ការចោទ​ប្រកាន់​ពី​ពលរដ្ឋ​នេះ​បាន​ថ្លែងថា អាជ្ញាធរ​គ្រាន់តែ​យក​ត្រាក់ទ័រ​ទៅធ្វើ​ផ្លូវទឹក (​ប្រឡាយទឹក​) ឈូសឆាយ​ដីព្រៃ​សម្អាត​បាតបឹង​នោះ​ប៉ុណ្ណោះ​ប៉ុន្ដែ​គ្មាន​គោលបំណង​លុប​បឹង​ធម្មជាតិ​នោះទេ​។ ការ​ឈូសឆាយ​សម្អាត​បាត​បឹង​នេះ​ដោយសារ​បាត​បឹង​មាន​ព្រៃឈើ​ដុះ​ច្រើនពេក​ដែល​ធ្វើឲ្យ​រាក់​បឹង និង​ស្ដុក​ទឹកបាន​តិច​ទើប​អាជ្ញាធរ​កាយ​ព្រៃតូចៗ​នោះ​ចេញ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ដី​បឹង​នោះ​យើង​មិនបាច់​កាយ​ឲ្យ​ជ្រៅ​ថែមទៀត​ទេ​ព្រោះ​ខ្ញុំ​បាន​សម្អាត​ព្រៃតូចៗ​បាត​បឹង​ហ្នឹង​រួចហើយ​អាច​ស្តុក​ទឹកបាន​ច្រើន​ហើយក៏​មិនបាច់​ធ្វើ​អ្វី​ទៀត​ដែរ​ទុក​វា​ចោល​អ៊ីចឹង​ទៅ​ធម្មជាតិ​អ៊ីចឹងទៅ​។ ពលរដ្ឋ​ចោទ​យើង​គឺ​គាត់​មិនទាន់​យល់​ពី​ការអភិវឌ្ឍ​របស់​យើង អ៊ីចឹង​គាត់​តែ​ចេះ​ចោទ​យើង​ផ្ដេសផ្ដាស់​»​។

លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្តាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កន្លងមក​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​តែងតែ​នាំគ្នា​អះអាង​ថា ជា​ដី​របស់​ពួកគាត់ ហើយ​ក៏មាន​អ្នករំលោភ​ដី​បឹង​យក​មួយ​ចំនួន ប៉ុន្ដែ​អាជ្ញាធរ​ឃាត់​ទាន់ពេលវេលា​។ សព្វថ្ងៃ​ដី​បឹង ៤ ​ហិកតា​ដែល​នៅ​សេសសល់​នេះ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នករំលោភ​យក​ទៀត​ទេ​គឺ​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​។

លោក​បន្តថា កាលពី​ខែ​មុន​ពិតជា​មាន​ការរំលោភបំពាន​យក​ដី​បឹង​ ប៉ុន្ដែ​លោក​បាន​ទៅ​ធ្វើការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការឈូសឆាយ​ទិញ​ ឬ​លក់ដូរ​ទេ ដោយ​លោក​បាន​ដាក់សំណើ​ទៅ​រដ្ឋបាលខេត្ត​កណ្ដាល​ឲ្យ​ចុះបញ្ជី​ដី​នេះ​ជា​របស់​រដ្ឋ​។ លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ភូមិ​ឃុំ​ទប់ស្កាត់ ដើម្បី​កុំ​ឲ្យ​មាន​ការចាក់ដី​ឈូសឆាយដី​បឹង​នោះ​បន្តទៀត​។

លោក​បញ្ជាក់​៖ «​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​ទទួលដំណឹង​ថា មាន​គេ​លួច​ចាក់ដី​ថែមទៀត​ហើយ​នៅ​ថ្ងៃទី​ ២៥ ខែមីនា​នេះ​ខ្ញុំ​បាន​ចាត់​មន្ត្រី​ជំនាញ​ខ្ញុំ​ចុះទៅ​ឃាត់​ម្ដង​ទៀតហើយ​យើង​បាន​ព្រមាន និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​គ្រឿងចក្រ ប៉ុន្ដែ​បើ​គាត់​នៅតែ​រំលោភបំពាន​ដី​បឹង​ទៀត​យើង​នឹង​ចាប់​ទាំង​គ្រឿងចក្រ​ និង​មនុស្ស​បញ្ជូន​ទៅ​តុលាការ​។ យើង​បាន​ស្គាល់​ម្ចាស់​គ្រឿងចក្រ​ហ្នឹង ហើយ​បាន​ហៅ​មក​ណែនាំ​រួចហើយ​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ពោច សួរ ដែល​រងការចោទប្រកាន់​ជា​ឈ្មួញ​ទិញ​ដី​បឹង​នោះ​ពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​ទេ​ដោយ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​ចោល​វិញ​៕