ពោធិ៍សាត់ៈ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ស្ដុកជុំ និង​ភូមិ​ទួលភូ នៃ​ឃុំ​កោះជុំ ស្រុក​កណ្ដៀង​បាន​ប្រគល់​ផ្តែរ​ប្រាសាទបុរាណ​ចំនួន​ ២ ​ផ្ទាំង និង​ថ្មកិន​ថ្នាំ​ពី​សម័យបុរាណ​ ១ ​ដុំ​ដល់​ក្រុមការងារ​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ ដើម្បី​នាំយក​ទៅ​រក្សាទុក និង​សិក្សា​ស្រាវជ្រាវ​ពី​រចនាប័ទ្ម​នៃ​ចម្លាក់​បុរាណ​ដែល​ត្រូវបាន​គេ​ឆ្លាក់​ជាប់​នៅលើ​ផ្ដែរ​ទាំងនោះ​។

លោក សាំង ប្រេស នាយនគរបាល​ប៉ុស្តិ៍​ឃុំ​កោះជុំ ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ផ្ដែរ​ប្រាសាទបុរាណ​នោះ​ត្រូវ​បាន​អ្នកភូមិ​ប្រទះ​ឃើញ​ក្រោយពី​ការជីក​ស្ដារ​ស្រះ​ទឹក​មួយ​កន្លែង​នៅ​ឃុំ​កោះជុំ​កាលពី​ថ្ងៃទី​ ២៨ ខែ​កុម្ភៈ ឆ្នាំ​ ២០២០​។

លោក​ ប្រេស បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ប្រទះឃើញ​អ្នកភូមិ​បាន​នាំយក​វត្ថុ​បុរាណ​ទាំងនោះ​ទៅ​រក្សាទុក​នៅក្នុង​ផ្ទះ​របស់​ពួកគាត់ ហើយ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ហៅ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល និង​ទទួល​យក​ទៅ​រក្សាទុក​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។

នៅ​ថ្ងៃទី​ ២៩ ខែ​ កុម្ភៈ ឆ្នាំ ២០២០ ក្រុមមន្ត្រី​ជំនាញ​ពី​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ពោធិ៍សាត់​បាន​ចុះ​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ពិនិត្យ​ និង​ទទួល​យក​ទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​នៅ​សារមន្ទីរ​វប្បធម៌ និង​ខេត្តពោធិ៍សាត់ ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ​ពី​ថ្នាក់ជាតិ​ចុះមក​ពិនិត្យ និង​ធ្វើការ​វាយតម្លៃ​វត្ថុ​បុរាណ​នោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមមន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត​ពោធិ៍សាត់​បាន​និយាយថា ក្បាច់ចម្លាក់​នៃ​ផ្ដែរ​ប្រាសាទបុរាណ​ទាំងនោះ​មិន​ធ្លាប់មាន​នៅក្នុង​ខេត្តពោធិ៍សាត់​ទេ​កាលពី​ពេលមុន​មក​»​។

លោក ឡាច ឆេងលី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យោងតាម​រចនាប័ទ្ម​នៃ​ក្បាច់ចម្លាក់​នៅលើ​ផ្ដែរ​នោះ បាន​បង្ហាញ​ថា វត្ថុបុរាណ​ទាំងនោះ​មិនមែន​ជា​រចនាប័ទ្ម​នៃ​ប្រាសាទបុរាណ ដែល​មាន​នៅក្នុង​ទឹកដី​នៃ​ខេត្តពោធិ៍សាត់​នោះទេ​។

លោក ឆេងលី បាន​ថ្លែងថា​៖ «​រចនាប័ទ្ម​នៃ​ក្បាច់ចម្លាក់​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​ពោធិ៍សាត់​មានតែ​សត្វ​គ្រុឌ នាគ និង​សត្វតោ​ប៉ុណ្ណោះ​ពុំ​មាន​ខ្សែ​ឆ្នូត​ខ្មៅ​ជា​លក្ខណៈ​គ្រាប់អង្កាំ​ ឬ​គ្រាប់​គជ់​នៅ​កណ្ដាល និង​រូប​សត្វ​ផ្សេងៗ​ដែលជា​យានជំនិះ​របស់​សាវ័ក​អាទិទេព​ស្ថិត​ពីក្រោម​អាទិទេព​បែបនេះ​ទេ​»​។

បើ​តាម​ការអះអាង​របស់​លោក រស់ សំណាង អតីត​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​សិល្បៈ​ខេត្ត​ពោធិ៍សាត់​ទទួល​បន្ទុក​ផ្នែក​បេតិកភណ្ឌ និង​សិល្បៈ​ទស្សនីយភាព រចនាប័ទ្ម​នៃ​ក្បាច់ចម្លាក់​លើ​ផ្ដែរ​ប្រាសាទបុរាណ​ដែល​អ្នកភូមិ​បាន​ប្រទះឃើញ​នោះ​ថា គឺជា​រចនាប័ទ្ម​នៃ​ប្រាសាទ​សំបូរ​ព្រៃគុក​ក្នុង​ខេត្តកំពង់ធំ​ដែល​មាន​អាយុកាល​មុន​សម័យអង្គរ​ទៅទៀត​។

លោក សំណាង បាន​បញ្ជាក់ថា​៖ «​យោងតាម​រចនាប័ទ្ម​នៃ​ក្បាច់ចម្លាក់​លើ​ផ្ដែរ​ប្រាសាទបុរាណ​នោះ យើង​អាច​សន្និដ្ឋាន​ថា វា​ជា​ផ្ដែរ​ប្រាសាទបុរាណ​ណាមួយ​ក្នុង​តំបន់​ប្រាសាទ​សំបូរព្រៃគុក​។ ហើយ​វា​ទំនង​ជា​ត្រូវបាន​គេ​លួច​យក​ចេញ​មក​លាក់ទុក​នៅ​ក្នុងភូមិ​នោះ​កាលពី​សម័យ​សង្គ្រាម​»​។

ទោះជា​បែបណា​ក្ដី​លោក សំណាង ​បាន​និយាយថា ឥឡូវ​នេះ​ផ្ដែរ​ប្រាសាទបុរាណ​ ២ ​ផ្ទាំង​នេះ​ត្រូវ​បាន​អ្នកភូមិ​ជីក​ស្រះ​ប្រទះ​ឃើញ ហើយ​បាន​ផ្ដល់​ឲ្យ​សមត្ថកិច្ច​ជំនាញ ដើម្បី​យក​មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ សម្រាប់​ជាការ​សិក្សា​ស្រាវជ្រាវ​អំពី​អត្តសញ្ញាណ​នៃ​ប្រាសាទបុរាណ​ដែល​បាន​បាក់បែក ដោយសារ​សង្គ្រាម​ស៊ីវិល​បាន​កើតមានឡើង​កាលពី​ពេល​អតីតកាល​៕