ព្រះសី​ហនុៈ ​ស្រ្តី​ដែល​មាន​វ័យ​ ៣៩​ ឆ្នាំ​ឈ្មោះ​អ៊ុក ​ចេតនា​ មាន​កូន​ប្រុស​ ២ ​នាក់​ក្នុង​បន្ទុក​ អង្គុយ​នៅ​លើ​គ្រែ​ឫស្សី​ប្រ​ហែល​ជា​ ៤ ​ម៉ែត្រ​ ៤ ជ្រុង​ដែល​ជា​ទី​តាំង​ផ្ទះ​​​នៅ​ក្នុង​ក្បាល​ដី​ដែល​មាន​ទទឹង​ ៥០ ​ម៉ែត្រ​និង​បណ្ដោយ​ ១០០ ម៉ែត្រ​​ត្រូវ​បាន​​អាជ្ញា​ធរ​កម្ទេច​​ចោល​ ព្រោះ​តែ​រង​ការ​ចោទ​ប្រ​កាន់​ចូល​ទៅ​ទន្ទ្រាន​ដី​រដ្ឋ​កាល​ពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៨​​ បាន​បង្ហាញ​នូវ​កង្វល់​ និង​សុំ​ដល់​រាជ​រដ្ឋា​ភិបាល​ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ជួយ​រក​ដំណោះ​ស្រាយឲ្យ​បាន​រស់​នៅ​លើ​ទី​តាំង​ដី​ចាស់​ដែល​បាន​រស់​នៅ​តាំង​ពី​ឆ្នាំ​ ២០០៩​ ដែល​ទី​តាំង​នោះ​ត្រូវ​បាន​ទិញ​ត​ពី​គេ។​

​អ្នក​ស្រី​ អ៊ុក​ ចេត​នា ​ដៃ​កំពុង​កាន់​លិខិត​ផ្ទេរ​កម្ម​សិទ្ធិ​ដីធ្លី​ ១​ សន្លឹក​ ដែល​មាន​ការ​បញ្ជាក់​ត្រឹម​តែ​សាក្សី​ជា​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ​និង​ប្រធាន​ក្រុម​ក្នុង​ភូមិប៉ុណ្ណោះ​។​ ​អ្នក​ស្រី​បាន​បង្ហាញ​នូវ​ក្ដី​អស់​​​សង្ឃឹម​ កាល​ពី​ថ្ងៃ​ទី​ ១២​ ខែ មីនា​ ខណៈ​ដែល​ទើប​តែ​ចេញ​​មក​ពី​តុលាការ​ខេត្ដ​ព្រះ​សី​ហនុ​បន្ទាប់​ពី​តុលា​ការ​ខេត្ដ​បាន​​កាត់​ក្ដី​ឲ្យ​បង​​ប្រុស​របស់​អ្នក​ស្រី​ជាប់​ពន្ធនាគារ​រយៈពេល ​៥ ឆ្នាំ។​

​កំពុង​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​ឲ្យ​ក្រុម​ហ៊ុន​ចិន​មួយ ​អ្នក​ស្រី​ ចេតនា​ ថ្លែង​ថា៖​ «ខ្ញុំ​សុំ​អង្វរ​ទៅ​រដ្ឋាភិ​បាល​ និង​អាជ្ញា​ធរ​ឲ្យ​ជួយ​ ដោះ​ស្រាយ​ចំពោះ​បញ្ហា​ដីធ្លី​របស់​ពួក​ខ្ញុំ​ផង​ និង​ដោះលែង​បង​ប្រុស​ខ្ញុំ​ដែល​ត្រូវ​គេ​ចាប់​ដាក់​គុក​ទាំង​អយុត្ដិធម៌»។

​អ្នក​ស្រី​ អ៊ុក ​ចេត​នា ​ជា​ប្រជា​​ពល​រដ្ឋ​មួយ​រូប​ក្នុង​ចំណោម​ប្រ​​ជា​ពល​រដ្ឋ​​ជាង​ ២០០ ​គ្រួសារ​ ដែល​កំពុង​ឈរ​នៅ​ទី​តាំង​ដី​នៃ​តំបន់​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​ស្ថិត​នៅ​ភូ​មិ​ ១​ សង្កាត់​លេខ ១​ ក្រុង​ព្រះ​សីហនុ​ បាន​អះ​អាង​​​ថា​ បង​ប្រុស​របស់​​អ្នក​ស្រី ​ឈ្មោះ ​អ៊ុក​ ចេតនី​ ត្រូវ​បាន​អាជ្ញា​ធរ​ចាប់​ខ្លួន​ និង​ត្រូវ​តុលា​កា​រកាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​ចំនួន​ ៥ ​ឆ្នាំ​ ក្នុង​បទ​ចោទ​ចូល​ទៅ​ទន្រ្ទាន​យក​ដី​របស់​រដ្ឋ​ស្ថិត​នៅ​តំបន់​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​នេះ។​

​អ្នក​ស្រី​បន្ដ​ថា ​ក្រៅ​ពី​អាជ្ញាធរ​បាន​ចាប់​បង​ប្រុស​អ្នក​ស្រី​តាំង​ពី​ជាង​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨ ​ពល​រដ្ឋ​ ៥​នាក់​ទៀត​ក៏​ត្រូវ​បាន​អាជ្ញាធរ​​ខេត្ដ​ព្រះ​សីហ​នុ ​ដែល​ដឹក​នាំ​ដោយ​អតីត​អភិ​បាល​រង​ខេត្ដ​ព្រះ​សីហនុ​ លោក​ ស្រ៊ន់​ ស្រ៊ន​​ បាន​ចាប់​​ឃាត់​ខ្លួន​ និង​មិន​ទាន់​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ​ទេ​។ ​​ភ្នំ​ពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​លោក​ ​ស៊្រន ​​ដើម្បី​សុំ​អធិប្បាយ​បាន​ទេ។​

​​អ្នក​ស្រី​ ចេត​នា​ ​ថ្លែង​ថា​៖​ «បើ​រដ្ឋ​ឲ្យ​ពួក​ខ្ញុំ​ចេញ​ពី​ដីនេះ ​ដោយ​យក​ទៅ​​ជា​ដី​របស់​រដ្ឋ​ ពួក​ខ្ញុំ​មិន​សោក​ស្ដាយ​ទេ​ និង​មិន​ឈឺ​ចាប់​ទេ​ ប៉ុន្ដែ​មក​ដេញ​ពួក​ខ្ញុំ​ចេញ ​តែ​បែរ​ជាឲ្យ​ប្រជា​ពល​រដ្ឋ​ផ្សេង​មក​រស់​នៅ​លើដី​ពួក​ខ្ញុំ ​ឥឡូវ​គេ​ធ្វើ​ផ្ទះ​លើ​ដី​ពួក​ខ្ញុំ​រួច​អស់​ហើយ»។​

​អ្នក​ស្រី​បន្ដ​៖ «​យើង​មិន​ដឹង​ទៅ​និយាយ​ជាមួយ​អ្នក​ដែល​គេ​មក​រស់​នៅ​ធ្វើ​ផ្ទះ​នៅ​លើ​ដី​យើង​យ៉ាង​ម៉េច​ បើ​ពួក​គាត់​​ក៏​ត្រូវ​អាជ្ញា​ធរ​​រឹប​អូស​យក​ដី​អស់​ដែរ ហើយ​ឲ្យ​មក​រស់​នៅ​ទីនេះ។ ​អ៊ីចឹង​ពួក​ខ្ញុំ​មាន​តែ​សូមសំ​ណូមព​​រ​ដល់​អាជ្ញាធរ ពិសេស​រាជ​រដ្ឋាភិ​បាល​សូម​ជួយ​ដោះ​ស្រា​យ​​ឲ្យ​ពួក​ខ្ញុំ​ផង​ ព្រោះ​ដី​ពួក​ខ្ញុំ​នេះ សុទ្ធ​តែ​បាន​ទិញ​គេ​អស់​លុយ​ច្រើន​ណាស់ ​មាន​អ្នក​ខ្លះខំ​ទៅ​ចង​ការ​ប្រាក់​ធនាគារ​​យក​មក​ទិញ​ដី​នេះ​ ឥឡូវ​​គេ​យក​អស់»។​

​អ្នក​ស្រី ​ឆេង​ ​មុំ​ អាយុ ​៤៩ ឆ្នាំ ​បាន​ឲ្យ​ដឹង​ដែរ​ថា ​អាជ្ញា​ធរ​បាន​មក​ដេញ​ពួក​អ្នក​ស្រី​​ចេញ​ពី​ដី​ដែល​ពួក​​អ្នក​ស្រី​​រស់​នៅ ​ដាំ​ដំណាំ ​ដោយ​ប្រាប់​ថា ​ជា​ដី​តំបន់​ទឹក​ស្អាត​ក្បាល​ឆាយ ​ប៉ុន្ដែ​អាជ្ញា​​ធរ​បែរ​ជា​ឲ្យ​ប្រជា​ពល​រដ្ឋ​ដទៃ​មក​សាង​សង់​ផ្ទះ​រស់​នៅ​​ទៅ​វិញ។​

​អ្នក​ស្រី​បន្ដ​ថា​៖ «​គេ​ដេញ​ប្រជា​ជន​រស់​នៅ​ទី​នេះ​មិន​ឲ្យ​រស់​នៅ​តែ​បែ​រជា​យក​ប្រជា​ជន​ពីទី​ណា​ទេ​មក​ដាក់​ឲ្យ​រស់​នៅ​វិញ​។ ​បើ​ឲ្យ​នៅ​ នៅ​ទាំង​អស់​គ្នា​ទៅ​ តែ​នេះ​មិន​ដឹង​យក​ប្រជា​ពល​រដ្ឋ​មក​ពីទី​ណាខ្លះ​ទេ​ម​ក​ដាក់់​ឲ្យ​រស់​នៅ»។

​ប្រជា​ពល​រដ្ឋ​រង​វិវាទ​ដីធ្លីក្នុង​​តំបន់​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​ប្រមាណ​ ២០០ ​គ្រួសារ​ ស្ថិត​នៅ​ភូមិ ១​ ​សង្កាត់​​លេខ ​១​ ​ក្រុង​ព្រះសីហ​នុ​ ​បាន​សំ​ណូម​ព​រ​ដល់រាជ​​រដ្ឋា​ភិ​បាល ​និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ ​ជួយ​ដោះ​ស្រាយ​បញ្ហា​​ដីធ្លី​របស់​​ពួក​គាត់​ដែល​​អាជ្ញា​ធរ​ខេត្ដ​ព្រះសីហនុ ​​បាន​រឹប​អូស​ដី​របស់​ពួក​គាត់​ទៅ​បែង​ចែក​ឲ្យ​ប្រជាពល​រដ្ឋ​ផ្សេង​ ខណៈពួក​គាត់​អះអាង​ថា​មាន​លិខិត​ទិញ​លក់​ដី​ត្រឹម​ត្រូវ និង​រស់​នៅ​យូរ​ណាស់​មក​ហើយ។​

​កំពុ​ង​ជួប​ជុំ​គ្នា​នៅ​ទីតាំង​ដី​ដែល​អះអាង​ថា​ ជា​ដី​របស់​ខ្លួន​ ​(ពល​រដ្ឋ)​ ស្ថិត​នៅ​តំបន់​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​ ​ក្នុង​ភូមិ​ ១ ​សង្កាត់​លេខ​ ១ ក្រុង​ព្រះសី​ហនុ​ ​ភ្ជាប់​ដោយ​​​កិច្ច​សន្យា​ផ្ទេរ​សិទ្ធិ​ដីធ្លី​ម្នាក់​ពី​ ១ ​ទៅ​ ៣ ប្លង់​ដី​ ដោយ​បាន​អះ​អាង​ថា​ ​ដី​របស់​ពួក​គាត់​ ​ត្រូវ​បាន​​លោក​ ​ស្រ៊ន់​ ស៊្រន​ អតីត​អភិ​បាល​រង​ខេត្ដ​ព្រះ​សី​​ហនុ​ ​បាន​ដេញ​ពួក​គាត់​ចេញ ​រួច​ដក​ហូត​ដី​ទៅ​បែង​ចែក​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ដទៃ​ដែល​ស្ថិត​នៅ​ភូមិ​ផ្សេង​ទៀត​ និង​ត្រូ​​បាន​អាជ្ញាធរ​យក​ដី​ដែរ​នោះ។​

​​កិច្ច​សន្យា​ផ្ទេរ​សិទ្ធិ​ដី​ធ្លី​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ ២០០ ​គ្រួសារ​នេះ​ ភាគ​ច្រើន​​បាន​ចុះ​កិច្ច​សន្យា​ផ្ទេរ​សិទ្ធិ​ក្នុង​អំឡុង​ឆ្នាំ ​​២០​១៣-​២​០១​៤-​២០១៦ ​និង​ឆ្នាំ ២០១៧​ ​ដោយ​បាន​ឃើញ ​និង​បញ្ជាក់​ដោយ​លោក​ ​សួន​ ​សុភាព​ ប្រធាន​ក្រុម​ទី​ ១៨ ​នៃ​ភូមិ​ ១ ​សង្កាត់​លេខ ១ ​ក្រុង​ព្រះ​សី​ហនុ​នេះ ​ថា​ ពិត​ជា​បាន​ទទួល​ឃើញ​ការ​ផ្ទេរ​សិទ្ធិ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ពី​ម្នាក់​ទៅ​ម្នាក់​ពិត​ប្រាកដ​មែន។​

អ្នក​ស្រី​ អ៊ុក​ ចេត​នា អង្គុយ​លើ​គ្រែដែល​ត្រូវ​រើចេញ​​។ ហេង ជីវ័ន

​ក្រៅ​ពី​មាន​ការ​ទទួល​ដឹង​ឮ​ចំពោះ​ការ​​ផ្ទេរ​កម្ម​សិទ្ធិ​ដីធ្លី​របស់​ពល​រដ្ឋ​ត្រឹម​តំណាង​ក្រុម​​នៅ​តំបន់​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​​ដដែល​នេះ​ ​ប្រជា​​ព​ល​រដ្ឋ​ក៏​បាន​ធ្វើ​លិខិត​កិច្ច​សន្យា​ផ្ទេរ​សិទ្ធិ​ដោយ​​ខ្លួន​ឯង​ ​ត្រឹម​មាន​សាក្សី​ទទួល​ស្គាល់​ជា​ពល​​រដ្ឋ​សា​មញ្ញ​ ពី​ ៣ ​ទៅ ​៤ នាក់ ​ចំពោះ​​ការ​ទិញ​លក់​ដី​នៅ​តំបន់​​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​នេះ​ ​ដោយ​មិន​មាន​អាជ្ញា​ធរ​​មូល​ដ្ឋាន​ដឹង​ឮ​ចំពោះ​ការ​ផ្ទេរ​សិទ្ធិ​ដីធ្លី​នេះ​ទេ។​

​លោក ​ង៉ែត​ ​វុទ្ធី​ ​ដែល​អះអាង​ថា​អាជ្ញា​ធរ​បាន​ដេញ​ពួក​គាត់​ចេញ ​និង​យក​ប្រជា​ពល​រដ្ឋ​ផ្សេង​មក​ដាក់​ឲ្យ​រស់​នៅ​លើ​ដី​របស់​ពួក​គាត់​ដែរ​នោះ​ បាន​បញ្ជាក់​ថា​៖ ​«​អ្នក​ដេញ​ពួក​​ខ្ញុំ​​ ​ជា​គេញ​ដូច​ធ្មេញ​អា​ណា​អ៊ី​ចឹង​ នៅ​ពេល​ដែល​យើង​ឲ្យ​លុយ ​ឬ​យើង​និយាយ​រឿង​លុយ​ជា​មួយ ​ពួកគាត់​នឹង​កាត់​ឆ្វៀល​កន្លែង​ហ្នឹង​មួយ​ឲ្យ​ហើយ។​ ​មក​ដេញ​ពួក​ខ្ញុំ​ចេញ​ ហើយ​យក​កូន​ចៅ​គាត់​មក​ដាក់​ឡើង​ពេញ​ទាំង​អស់»។

​អ្នក​ស្រី ​ប៉ែន​ ​វិសាល ​ប្រ​ជា​ពល​រដ្ឋ​មួយ​រូប​ដែល​ទទួល​បាន​ដីពី​អាជ្ញា​ធរ​ខេត្ដ​ដែល​បាន​ចែក​ឲ្យ​ និង​បាន​សាង​សង់​ផ្ទះ​ឈើ​ប្រក់​ដំបូល​ស័ង្កសី​ផង​នោះ​បាន​ប្រាប់​ថា​ ​រដ្ឋ​បាល​ខេត្ដ​ព្រះ​សី​​ហនុ​​បាន​ចេញ​ចុង​សន្លឹក​ (​ប័ណ្ណ​សម្គាល់​ដី​)​ ឲ្យ​អ្នក​ស្រី ​ក្នុង​ផ្ទៃ​ដី​ទំ​ហំ​ ​៥​ គុណ​ ២០ ម៉ែត្រ​ ដើម្បី​ឲ្យ​រស់​នៅ។

អ្នក​ស្រី​បន្ដ​ថា​៖ «​ចុង​សន្លឹក​នេះ​ សម្រាប់​កាន់​សម្គាល់​ទី​តាំង​ដី​ដែល​ជា​ដី​របស់​យើង​។​ ​ចុងសន្លឹក​នេះ​គេ​ចែក​ឲ្យ​ខ្ញុំ​ពី​ខេត្ដ​មក»។​

លោក​ ​ស៊ន ​សុផាត​ ​តំណាង​សហ​គមន៍​ដីធ្លី​ខេត្ដ​ព្រះ​សីហនុ​ និង​ធ្លាប់​បាន​ចុះ​អង្កេត​ផ្ទាល់​នៅ​តំបន់​ដី​វិវាទ​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា ​ប្រជា​ពល​រដ្ឋ​ប្រមាណ​ ២០០ ​គ្រួសារ​ដែល​​អាជ្ញា​ធរ​ដេញ​ចេញ​ពីដី​មិន​ឲ្យ​រស់​នៅ​​នោះ ​ជា​ពល​រដ្ឋ​រស់​នៅ​ទី​តាំង​ដី​នោះ​តាំង​ពី​យូរ​ណាស់​មក​ហើយ ​ចំណែក​​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​អាជ្ញា​ធរ​ឲ្យ​មក​រស់​នៅ​នោះ​លោ​ក​មិន​ដឹង​មក​ពី​ណា​ទេ។

​លោក​បន្ដ​ថា​៖ ​«​ពាក់​ព័ន្ធ​ជា​មួយ​ពល​រដ្ឋ ​១ ​ក្រុម​ទៀត​ដែល​មក​រស់​នៅ​នោះ​ខ្ញុំ​មិន​ស្គាល់​ទេ​ ​តែ​ប្រហែល​ជា​មាន​ការ​រៀប​ចំពី​ក្រុម​អ្នក​ខិល​ខូច ​តែ​យើង​មិន​បាន​ដឹង​ច្បាស់​ទេ ​គ្រាន់​តែ​ដឹង​ថា​ ​ប្រជា​ពល​រដ្ឋ​ដែល​ជា​អ្នក​មក​ចាប់​ដី​ មក​រស់​នៅ ​ដាំ​ដំ​ណាំ​នៅ​ទី​នេះ​ដំបូង​គឺ​មាន​តែ​ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​ត្រូវ​អាជ្ញា​ធរ​ដេញ​ចេញ​នោះ​មក​នៅ​ដំបូង​គេ​បង្អស់​​ហើយ»។​

បើ​តាម​លោក​ ​សុផាត​ ​ពល​រដ្ឋ​ដែល​អាជ្ញា​ធរ​ដេញ​ចេញ​នោះ ​សុទ្ធ​តែ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ ​មក​រស់​នៅ​ធ្វើ​ការ​រោង​ចក្រ ​និង​ធ្វើ​សំណង់​​នៅ​​ទីតាំង​នោះ​ជា​យូរ​មក​ហើយ។

​ជុំវិញ​ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ក្នុង​ខេត្ដ​ព្រះ​សី​ហនុ​ ​ស្ថិត​ក្នុង​តំបន់ព្រែក​ទឹក​សាប​ក្បាល​ឆាយ​នេះ ​កាល​ពី​​សប្ដាហ៍​មុន​ ​ក្រសួង​​រៀបចំដែន​ដី នគ​រូប​នីយកម្ម​ ​និង​សំណង់​​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​មួយ​ដើ​ម្បីចុះ​ទៅ​សិក្សា​ស្រាវ​ជ្រាវ​ ​និង​កំណត់​អត្ដ​សញ្ញាណ​ដី ​និង​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​នោះ​រួច​ហើយ។

​លោក ​សេង​ ឡូត ​អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី ​នគ​រូប​នីយ​កម្ម ​និង​សំណង់​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា​ ​ក្រុម​ការងារ​ចំពោះ​កិច្ច​ដែល​ក្រសួង​បាន​បង្កើត​ នឹង​ត្រូវ​​ចុះ​អនុ​វត្ដ​ការងារ ​សិក្សា​ស្រាវ​ជ្រាវ​ ​និង​ពិនិត្យ​លើ​បញ្ហា​ដីធ្លី​ ​នៅ​ទីតាំង​ខាង​លើ​ចាប់​ពី​ថ្ងៃ​ដែល​ក្រសួង​បាន​ចេញ​សេច​ក្ដី​សម្រេច​​កាលពី​ថ្ងៃ​ទី​ ៧ ខែ​មីនា ឆ្នាំ ២០១៩។​

​លោក​បន្ដ​ថា​៖ «​ក្រុម​ការងារ​ចេញ​នៅ​ក្នុង​លិខិត​ហ្នឹង ​គាត់​ចាប់​ផ្ដើម​ចេញ​ទៅ​ធ្វើ​ការ​ងារ​ហ្នឹង​​ហើយ។​ ​ពួក​គាត់​កំពុង​សម្រប​សម្រួល​ពេល​វេលា​ជា​មួយ​រដ្ឋ​បាល​ដែន​ដី​នៅ​មូល​ដ្ឋាន​ ​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ស្ថាន​ភាព​លើ​កិច្ច​ការងារ​នេះ»។​

​ទាក់​ទង​នឹង​ក្ដី​បារម្ភ​របស់​ពល​រដ្ឋ​ថា ​ទីតាំង​មាន​វិវាទ​ដីធ្លី​នៅ​ក្នុង​ខេត្ដ​ព្រះ​សីហនុ​ ​ស្ថិត​នៅ​តំបន់​ព្រែក​ទឹក​សាប​ក្បា​ល​​ឆាយ​ ​គឺ​ស្ថិត​នៅ​ភូមិ​ ១​ ​សង្កាត់​លេខ ១ ​​ក្រុង​ព្រះ​សីហនុ​ ​ប៉ុន្ដែ​នៅ​ក្នុង​សេច​ក្ដី​សម្រេច​បង្កើត​ក្រុម​ការងារ​ចុះ​ដោះ​ស្រាយ​ ដែល​ក្រសួង​ដែន​ដី​បាន​ចេញ​កាល​ពី​សប្ដាហ៍​មុន​ ​បាន​កំណត់​ទីតាំង​នៅ​ក្នុង​សង្កាត់ ២ ​ក្រុង​ព្រះសីហនុ​វិញ​ ​ដែល​ជា​ទីតាំង​គ្មាន​វិវាទ​ដីធ្លី។

លោក​ ​សេង​ ឡូត​ បាន​បញ្ជាក់​ថា​៖ «​ក្រុម​ការងារ​គាត់​ចេះ​ធ្វើ​ការងារ​ និង​ដឹង​ថា​ធ្វើ​ការ​ងារ​បែប​ណា​ហើយ​ ​សុទ្ធ​តែ​ជាអ្នក​ជំនាញ ​និង​មាន​បទ​ពិ​សោធ​»​។​

​លោក ​ឱ​ ​សារឿន​ ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ដ​ព្រះ​សីហនុ​ ​បាន​ឲ្យ​ដឹង​ថា ជា​គោល​ជំហរអាជ្ញា​ធរ​ខេត្ដ​ព្រះ​សីហនុ​ ​បាន​យក​ច្បាប់​ជា​គោល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នានា​របស់​ប្រជា​ពល​រដ្ឋ​​នេះ ​ប៉ុន្ដែ​ត្រូវ​ដោះស្រាយ​ជា​ជំហានៗ។

​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះ​សី​ហនុ​រូបនេះ​បាន​ថ្លែ​​ងបន្ដ​ថា​៖ «​យើង​ធ្វើ​បណ្ដើរ ​យើង​សម្រប​​សម្រួល​សិក្សា​បណ្ដើរ ​បើ​ពិនិត្យ​ទៅ​ថា​ ពួក​គាត់​ជា​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ទីនេះ​យូរ​មក​ហើយ​ អាជ្ញា​ធរ​គេ​នឹង​កត់​ត្រា​ទុក ​និង​យក​មក​ពិគ្រោះ​ពិភា​ក្សា​ ប៉ុន្ដែ​លើ​កលែង​តែ​ពួក​គាត់​មក​ពី​ឆ្ងាយ​ (មក​ពី​ខេត្ត​នានា​ហើយ​) មិន​ច្បាស់​លាស់»៕