
ស្ថានភាពទឹកកំពុងរីងស្ងួតក្នុងស្ទឹងមង្គលបុរី ខេត្តបន្ទាយមានជ័យ។ រូបថត សហការី
បន្ទាយមានជ័យៈ ប្រជាពលរដ្ឋប្រមាណជាង ៤ ពាន់គ្រួសារនៅទីប្រជុំជនស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ព្រោះទឹកស្ទឹងមង្គលបុរីបានរីងអស់ ដោយសារកសិករបូមដាក់ដំណាំស្រូវប្រាំងលើសកំណត់។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ទឹកស្ទឹងមង្គលបុរីដែលជាប្រភពទឹកសម្រាប់ផលិតទឹកស្អាតប្រើប្រាស់បានរីងអស់ ប៉ុន្តែក្រុមហ៊ុនផលិតទឹកស្អាតកំពុងបន្តប្រើប្រាស់ ទឹកក្នុងស្រះបម្រុងមានទំហំប្រមាណ ២ ហិកតា ដែលតាមរយៈស្រះបម្រុងទឹកនេះអាចទប់ទល់បានប្រមាណជាង ១ សប្តាហ៍ទៀតប៉ុណ្ណោះ។
លោកថ្លែងថា៖ «ពេលនេះក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត បានប្រើប្រាស់ទឹកស្រះបម្រុងមានទំហំ ដូចជាជិត ២ ហិកតាដែរ តែការផ្គត់ផ្គង់នេះ គាត់ថា ធានាមិនបានយូរទេ។ អ៊ីចឹងដើម្បីដោះស្រាយបញ្ហានេះឱ្យបានទាន់ពេល គឺយើងត្រូវបូមទឹកពីស្ទឹងសិរីសោភ័ណបង្ហូរចូលស្ទឹងមង្គលបុរី ដើម្បីសង្គ្រោះសម្រាប់តែពលរដ្ឋប្រើប្រាស់នៅទីរួមស្រុក»។
យ៉ាងណាលោក ដាស៊ីណង់ បញ្ជាក់ថា ក្នុងទីប្រជុំជនស្រុកមង្គលបុរីមានប្រជាពលរដ្ឋប្រមាណជាង ៤ ពាន់គ្រួសារ ពេលនេះមិនទាន់មានជួបបញ្ហាអ្វីនៅឡើយទេ។ ការបូមនាំទឹកពីស្ទឹងសិរីសោភ័ណចូលមកស្ទឹងមង្គលបុរីអាចនឹងដោះស្រាយបញ្ហាបានទាន់ពេលវេលា។
លោកថ្លែងថា៖ «អីឡូវអត់ទាន់មានបញ្ហាអីកើតឡើងទេ ពិតមែនតែទឹកស្ទឹងវាអស់មែន ប៉ុន្តែទឹកស្អាតនៅផ្គត់ផ្គង់បងប្អូនបាន ហើយពេលនេះ ម៉ាស៊ីនបូមទឹកគឺដំឡើងរួចហើយ យើងអាចនឹងធ្វើការបូមទឹកក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការសម្រេចពីថ្នាក់ខេត្ត»។
បើតាមអភិបាលស្រុកមង្គលបុរី ការខ្វះទឹកប្រើប្រាស់នេះមានតែនៅទីប្រជុំជនស្រុកតែប៉ុណ្ណោះ ចំណែកប្រជាពលរដ្ឋនៅតាមឃុំផ្សេងៗនៅមានទឹកស្រះប្រើប្រាស់បានគ្រប់គ្រាន់តាមធម្មតា។ លោកបញ្ជាក់ថា ទឹកស្ទឹងមង្គលបុរីអស់លឿនបែបនេះ ដោយសារប្រជាពលរដ្ឋធ្វើស្រូវប្រាំងលើសផែនការ ប្រើប្រាស់ទឹកច្រើនហួសប្រមាណ ហេតុនេះនៅពេលអស់ទឹកនាំឱ្យខូចស្រូវអស់មួយចំនួនផងដែរ។
លោក ដាស៊ីណង់ ថ្លែងថា៖ «ផែនការឱ្យធ្វើតែ ១ ម៉ឺនហិកតាទេ តែបងប្អូនគាត់ធ្វើរហូតដល់ជាង ២៥ ០០០ ហិកតា មិនត្រឹមតែធ្វើឱ្យខ្វះទឹក ដាក់ស្រូវទេ គឺនាំឱ្យខ្វះទឹកប្រើទៀត ហើយឥឡូវស្រូវប្រាំងរបស់គាត់ ខូចទាំងអស់ជាង ១ ម៉ឺនហិកតាទៅហើយ ដោយសារអត់ទឹក»។
លោក លី សារី អភិបាលរង និងជាអ្នកនាំពាក្យ រដ្ឋបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ក្រោយពីទឹកជំនន់បញ្ចប់ទៅទឹកស្ទឹងដែលដក់នៅក្នុងស្ទឹងត្រូវបានប្រជាពលរដ្ឋបូមធ្វើស្រែប្រាំង ដោយសារតែស្រែប្រាំងបានផលច្រើនជាងខែវស្សា។ ចំណុចនេះអាជ្ញាធរបានជូនដំណឹងឱ្យប្រជាពលរដ្ឋអត់ធ្មត់កុំធ្វើស្រែប្រាំងច្រើនដង ដែលជាហេតុនាំឱ្យមានការខ្វះទឹកប្រើប្រាស់ ប៉ុន្តែពលរដ្ឋមិនអនុវត្តតាម។
លោកថ្លែងថា៖ «យើងបានចេញលិខិតផ្លូវការអំពាវនាវសូមឱ្យបងប្អូនអត់ធ្មត់ ហើយធ្វើស្រែប្រាំងតែម្តង ឬ ២ ដងគឺអស់ហើយ ដោយសារយើងពិនិត្យទឹកទៅឃើញថាវាមិនអាចថាធ្វើ ៣-៤ ដងបានទេ អ៊ីចឹងពលរដ្ឋគាត់អត់បានចូលរួម ម្លោះហើយទឹកស្ទឹងយើងនៅតាមដងស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបុរីរីងអស់នាំឱ្យមានបញ្ហាប្រឈម»។
បើតាមលោក សារី អាជ្ញាធរខេត្តបានគិតគូរជួយសម្រួលដោយចាត់មន្ត្រីជំនាញទៅទំនាក់ទំនងដើម្បីបើកទឹកពីស្រុកបវេល ខេត្តបាត់ដំបង មកប្រើប្រាស់តែទឹកនៅទីនោះមិនមានគ្រប់គ្រាន់សម្រាប់ចែករំលែក។
ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានសិក្សាពិនិត្យទៅលើស្ទឹងសិរីសោភ័ណ ដើម្បីយកទឹកនៅទីនោះទៅជួយនៅស្រុកមង្គលបុរី ប៉ុន្តែលទ្ធភាពទឹកនៅទីនោះមិនអាចទៅរួច ហេតុនេះធ្វើឱ្យមានបញ្ហាប្រឈមក្នុងការខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ និងទឹកស្រោចស្រពដំណាំដាំដុះ៕
វីដេអូ៖