ភ្នំពេញៈ ​ប្រ​ជា​ពល​រដ្ឋ​ប្រមាណ​ ៥០ ​គ្រួសារ​ នៅ​ភូមិ​សំរោង​ទាវ ​សង្កាត់​ក្រាំង​ធ្នង់ ​ខណ្ឌ​សែនសុខ​ រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​ចន្ទ​ បានផ្ទុះ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​ម្ចាស់​ក្រុម​ហ៊ុន​ OCEANA INTERNATIONAL CO.,LTD ​ចេញ​មុខ​ដោះ​ស្រាយ​ជា​បន្ទាន់​អំពី​បញ្ហាដីធ្លី​និង​ផ្ទះ​សំបែង​របស់​ពួក​គេ​ ខណៈ​តុលា​ការ​សាលា​ឧទ្ធរណ៍​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ ដោយ​រឹប​អូស​ជា​បណ្ដោះ​អា​សន្ន​នូវ​ដីធ្លី​ទំហំ​ជាង​ ៨ ៦០០​ ម៉ែត្រ​ការ៉េ​ ស្ថិត​នៅ​លើ​ទីតាំង​ដី​ដែល​ពួក​គេ​កំពុង​រស់​នៅ​ ទៅ​ឲ្យ​ម្ចាស់​បំណុល​មួយ​ផ្សេង​ទៀត​ ដែល​ក្រុមហ៊ុន​នេះ​បាន​ចាញ់​ក្ដី។​

​លោក​ ទួង​ សីហា ​ប្រជា​ពលរដ្ឋ​ម្នាក់​ ក្នុង​ចំណោម​ ៥០​ នាក់​ ដែល​បាន​ចូល​រួម​ធ្វើ​ការ​តវ៉ា​កាល​ពីម្សិល​មិញ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ កាល​ពី​អំឡុង​ឆ្នាំ​ ២០០៨​ និង​ ២០០៩​ ប្រជា​ពល​រដ្ឋ​ប្រមាណ​ជិត ​១០០ ​គ្រួសារ​ បាន​នាំ​គ្នា​ទិញ​គម្រោង​សាង​សង់​លំ​នៅ​ឋាន​របស់​ក្រុមហ៊ុន​ OCEANA INTERNATIONAL CO.,LTD​ ដែល​គិត​មក​ទល់​ពេល​នេះ ​ពួក​គាត់​ភាគ​ច្រើន​បាន​បង់​ប្រាក់​ ៩០ ​ភាគ​រយ​ ​ខណៈ​មួយ​ចំនួ​ន​ទៀត​បាន​បង់​ប្រាក់ ​១០០​ ភាគរយ ​ទៅ​ឲ្យ​ក្រុ​ម​ហ៊ុន​រួច​រាល់​ហើយ​ និងទទួល​បាន​ការ​កាត់​ប្លង់​ ផ្ទេរ​សិទ្ធិ​កាន់​កាប់​ពី​ក្រុមហ៊ុន​វិញ​ផងដែរ។​

លោក​ សីហា​ បាន​បញ្ជាក់​ថា​៖ ​​«​យើង​ខ្ញុំ​មិន​ដឹង​ថា​ក្រុម​ហ៊ុន​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ ​ដល់​ថ្ងៃ​បង់​ប្រាក់​ ១០ ​ភាគរយ​បន្ថែម​បង្គ្រប់​ ១០០​ ភាគ​រយ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ពួក​យើង​បាន​នាំ​គ្នា​យក​លុយ​ទៅ​បង់​តាម​លក្ខន្តិ​កៈ​នៃ​កា​រ​ទិញ​លក់​ដែល​បាន​កំណត់​ ដើម្បី​ទទួល​បាន​សិទ្ធិ​ក្នុង​ការកាន់​កាប់​ដីធ្លី​ និង​ផ្ទះ​សំបែង​ពី​គម្រោង​សាង​សង់​លំនៅ​ឋា​នរ​បស់​ក្រុម​ហ៊ុន​នេះ​ ប៉ុន្តែ​បែរ​ជា​ភាគី​ខាង​ក្រុម​ហ៊ុន​បដិ​សេធ​ប្រាក់​ ១០ ​ភាគ​រយ​នោះ​ទៅវិញ»។​

​លោក​ ​សីហា ​បាន​បន្ត​ថា​ ក្រោយ​មក​ប្រ​ជា​ពល​រដ្ឋ​ដែល​បាន​បង់​ ១០០ ​ភាគ​រយ ​និងទទួ​ល​បា​ន​ការ​កាត់​ប្លង់​ និង​ផ្ទេរ​សិទ្ធិ​កាន់​កាប់​​ចំណែក​ដី​ និង​លំ​នៅ​ឋាន​ពី​ក្រុម​ហ៊ុន​ហើយ​នោះ​ បែរ​ជា​ពួក​គាត់​មិនអាច​ធ្វើ​កា​រ​ទិញ​លក់​ឬផ្ទេរ​សិទ្ធិ​កាន់​កាប់​ទៅ​ឲ្យ​អ្នក​ដទៃ​ឬ​សា​ច់​ញាតិ​របស់​ខ្លួន​បាន។​

​លោក​ បាន​បន្ថែម​ថា​៖​ «​ដោយ​មាន​ការ​សង្ស័យ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យើង​បាន​នាំ​គ្នា​ស៊ើប​សួរ​រក​ឫស​គល់​នៃ​បញ្ហា​ ទើប​ដឹង​ថា​ ម្ចាស់​ក្រុម​ហ៊ុន​ខាង​លើ​នេះ ​គឺ​លោក​ ចាន់​ វិទូ​ បាន​ជំពាក់​ប្រាក់​បុគ្គល​ម្នាក់​ឈ្មោះ ​គឹម​ ឈាន​ មានចំនួន​ជាង​ ៣៧ ០០០ ​ដុល្លារ​ ហើយ​ត្រូវ​បាន​ប្ដឹង​ផ្ដល់​គ្នា​ឡើង​​តុលា​ការ។​ តុលា​ការ​រាជ​ធានី​ភ្នំពេ​ញ​ និង​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​សេច​ក្ដី​ឲ្យភា​គី​លោក ​គឹម ​ឈាន ​ជា​ម្ចាស់​បំណុល​ឈ្នះ​ក្ដី ​និង​បាន​ចេញ​ដី​កា​សម្រេច​រឹប​អូស​ជា​បណ្ដោះ​អាសន្ន​ នូវ​ទីតាំង​ដី​របស់​ក្រុម​ហ៊ុន​លោក ចាន់​ វិ​ទូ ​១ កន្លែង​ ដែល​យើង​ខ្ញុំ​កំពុង​រស់​នៅ​ជាង​ ១០​ ឆ្នាំ​មក​នេះ»។

អ្នក​ស្រី​ ម៉ម បូ​ព្រឹក្ស​ ដែល​រង​គ្រោះ​ដោយ​សារ​ការ​ទិញ​យក​ផ្ទះល្វែង​ចំនួន​ ២ ល្វែង​ពី​គ​ម្រោង​របស់​ក្រុម​ហ៊ុន​នេះ ​បាន​និយាយ​ថា រឿង​​ក្រុម​ហ៊ុន​ OCEANA INTERNATIONAL CO.,LTD ​ជំពាក់​ប្រាក់​អ្នក​​ដទៃ​ មិន​គួរ​ក្រុម​ហ៊ុន​ឬ​ភាគី​នៃ​ជម្លោះ​អូស​ទាញ​យក​ពួក​គាត់ ​ដែល​ជា​អតិ​ថិ​ជន​មក​ភ្ជាប់​បង្កើត​ឲ្យ​មាន​បញ្ហា​កា​ន់​តែ​ធ្ងន់ធ្ងរ​បែប​នេះ​ទេ។​

​អ្នក​ស្រី​បាន​បន្ត​ថា​៖ ​«​យើង​ខ្ញុំ​ជា​ប្រជា​ពល​រដ្ឋ​មិន​ចង់​មាន​បញ្ហា​ឬ​ជម្លោះ​ជា​មួយ​ភាគី​ណា​មួ​យ​នោះ​ទេ​ ​តែ​យើង​ខ្ញុំ​ក៏​មិ​ន​ចង់​បាត់​បង់​ដីធ្លី​ និង​ផ្ទះ​សំបែង​ ​ដោយ​សារ​តែ​ជម្លោះ​រវាង​ភាគី​លោក​ ចាន់​ វិទូ​ ម្ចាស់​ក្រុម​ហ៊ុន​ OCEANA INTERNATIONAL CO.,LTD ​និង​លោក ​គឹម​ ឈាន ​ជា​ម្ចាស់​បំណុល ​អី​នោះ​ដែរ។​ យើង​ខ្ញុំ​សុំ​ឲ្យ​ភាគី​ក្រុម​ហ៊ុន​ចេញ​មុខ​ដោះ​ស្រាយ​លើ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​លាស់​និង​ឲ្យ​បាន​ឆាប់​បំផុត​ មុន​ពេល​បញ្ហា​ផ្ទុះ​កាន់​តែ​ធំ​ឡើង »។​

​ជុំវិញ​ករណី​នេះ​ លោក​ ចាន់​ វិទូ​ ម្ចាស់​ក្រុម​ហ៊ុន​ OCEANA INTERNATIONAL CO.,LTD​ មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិល​មិញ​ ប៉ុន្តែ​លោក​ ដួង​ ញ៉ក់​ អតីត​ប្រធាន​ផ្នែក​លក់​គម្រោង​ផ្ទះ​ល្វែង​នៃ​ក្រុម​ហ៊ុន​នេះ​ បា​ន​ប្រាប់​ភ្នំពេញ​ ប៉ុ​ស្តិ៍​ថា ករណី​វិវាទ​រវាង​លោក​ ចាន់​ វិទូ ​និង​ លោក​ គឹម​ ឈាន ​ផ្ដើម​ចេញ​ពី​រឿង​ជំពាក់​ប្រាក់​ថ្លៃ​បុក​គ្រឹះ ​សាង​សង់​អគារ​ផ្ទះ​ល្វែង​​ក្នុង​គម្រោង​ទី ២​ និង​ទី​ ៣​ របស់​ក្រុម​ហ៊ុន​ ដែល​មាន​ទី​តាំង​នៅ​ចំណុច​ភូមិ​ព្រៃមូ​ល ​សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែ​ន​សុខ ដែល​តភ្ជាប់​ពី​គម្រោង​ទី​ ១​ ដែល​មាន​ ៨២ ​ល្វែង​ និង​ដែល​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ទិញ​ និង​បង់​ប្រាក់​បាន​ ៩០ ​ភាគរយ​ភាគ​ច្រើន និង​​ខ្លះ​ទៀត​បាន ​១០០ ​ភាគរយ​ទៅ​ហើយ។

លោក​ ញ៉ក់​ បាន​និយាយ​ថា​៖​​ «​ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​មាន​ការ​សម្រេច​ពី​តុលា​ការ​ ឲ្យ​មាន​កា​ររឹប​អូស​ជា​បណ្ដោះ​អាសន្ន​នូវ​ទី​តាំង​ដី​ ក្នុង​គម្រោង​ទី​ ១ ​របស់​ក្រុម​ហ៊ុន​បែប​នេះ​​ទេ​ ខណៈ​ករណី​វិវាទ​នៅ​លើ​គម្រោង​ទី ២ ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិព្រៃ​មូល​ ​ដែល​មាន​ព្រំប្រទល់​ជាប់​គម្រោង​ទី​ ១ ​ក្នុង​ភូមិ​សំរោង​ទាវ​ ដែល​អ្នក​ភូមិ​បាន​ទិញ​ និង​កំពុង​រស់​នៅ​អស់​រយៈ​ពេល ​​១០​ ឆ្នាំ​មក​ហើយ។​ យ៉ាង​ណា​ក៏​ដោយ​ សេច​ក្ដីសម្រេច​នោះ​ គឺ​ជា​ឆន្ទា​នុសិទ្ធិ​របស់​តុលាការ»។​

​លោ​ក ​ញ៉ក់ ​បាន​សម្ដែង​ក្ដីងឿង​ឆ្ងល់​ផង​ដែរ ​ចំពោះ​ប្រជា​ពល​រដ្ឋ​ ដែល​ទទួល​បាន​ការកាត់​ប្លង់​ផ្ទេរ​សិទ្ធិ​ពី​ក្រុម​ហ៊ុន​រួច​ហើយ​នោះ ​ហេតុ​អ្វី​ពួក​គេ​មិន​អាច​លក់​ដូ​រ​ឬ​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​សាច់​ញាតិ​របស់​ពួក​គេ​ ដើម្បី​កាន់​កាប់​បន្ត​បាន​ ព្រោះ​ពួក​គេ​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​គម្រោង​របស់​ក្រុម​ហ៊ុន​ទៀត​នោះ​ទេ។​

​ជុំវិញ​ការ​លើក​ឡើង​នេះ​ លោក​ ទឹម​ សុធា ​ដែល​ជា​ពលរដ្ឋ​រង​គ្រោះ​ក្នុ​ង​ការទិញ​គម្រោង​ផ្ទះ​ល្វែង​ពី​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ថា​គូវិ​វាទ​ទាំង​ ២ ​នោះ​ គេ​ឈ្លោះ​គ្នា​ពិត​ប្រាក​ដ​ ឬ​ធ្វើ​ឈ្លោះដើម្បី​​ប្រែក្រឡាស់​លើ​កិច្ច​សន្យា​ទិញ​លក់​ជា​មួយ​យើង​ខ្ញុំ​ ដើម្បី​ផល​ចំណេញ​របស់​ពួក​គេ​ ព្រោះ​លុយ​ត្រឹមជិត ៤០ ០០០​ ដុល្លារ​ ​ខ្ញុំ​យល់​ថា​វាមិន​ច្រើន​ទេ​សម្រាប់​ក្រុម​ហ៊ុ​​ន​ដែល​ត្រូវ​បង់​សង​ទៅ​ម្ចាស់​បំណុល​របស់​ខ្លួន​នោះ »។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដែល​បាន​កើត​ឡើង​រហូត​ដល់​មាន​ការ​សម្រេច​របស់​តុលាការ​នេះ​ដែរ​ លោក​ គឹម​ ឈាន​ ដែល​ជា​ម្ចាស់​បំណុល​ លើ​ក្រុម​​ហ៊ុន​ OCEANA INTERNATIONAL CO.,LTD ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ កាល​​ពី​ម្សិលមិញ៕​