ភ្នំពេញៈ ពលរដ្ឋ​ប្រមាណ​ ៦០ ភាគរយ​គ្រួសារ​ ក្នុងចំណោម ​៣០២ គ្រួសារ​ ដែល​អាស្រ័យ​ផល​ដោយការចិញ្ចឹម​ត្រី​ក្នុង​បឹង​សំរោង​ ហើយ​ត្រូវបាន​អាជ្ញាធរ​ដាក់​ឱសាន​វាទ​ឲ្យរើចេញ​ពី​បឹង​នោះ ​ព្រម​ទទួល​យក​សំណង​ទូ​ទាត់​តាម​គោល​នយោបាយ ​ខណៈ​អាជ្ញាធរ​ចាប់ផ្តើម​ប្រតិបត្តិ​ការ​បង្ហូរ​ទឹក​ចេញ​ដើម្បី​ស្តា​របឹង​នេះ ​ដោយឡែក​ពលរដ្ឋ​ខ្លះ​ដែល​មិន​ព្រម​ទទួល​យក​សំណង​អះអាងថា​ ពួកគេ​បន្ត​អាស្រ័យ​ផល​ដដែលដើម្បី​រង់ចាំ​សំណង​ដែល​ខ្លួន​អាច​ទទួល​យក​បាន។

លោក​ ស៊ឹម សុ​ផង់ ​នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ម្សិលមិញ​ខណៈ​លោក​អះអាងថា ​កំពុង​ជួប​ដោះ​ស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​បឹង​សំរោងនោះ ​​បញ្ជាក់ថា​ រហូតមក​ដល់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ​គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​៦០ ​ភាគរយ​គ្រួសារហើយ ​បាន​យល់ព្រម​ទទួលយក​សំណង​តាម​គោល​នយោ​បាយ​ ដោយ​អាស្រ័យទៅ​លើ​ផល​ប៉ះ​ពាល់​នៃ​ពួក​គាត់​ម្នាក់ៗ។ លោក​បន្តថា ​សំណង​នោះ ​គឺ​ដោះស្រាយ​ទៅលើ​ចំនួន​កូន​ត្រី​ដែល​ពួក​គាត់​មាន (មួយ​កូន​ត្រី ​តម្លៃ​ចន្លោះ​ពី ៥០ ​ដល់ ៧០ រៀល) ​ដោយ​មិន​រាប់បញ្ចូល​ការខូចខាត​សម្ភារ ​ដូចជា ​ស៊ង​ និង​ស្រះ​ចិញ្ចឹម​ត្រី​នោះ​ទេ​។

លោក​អះអាង​ថា​៖ «ដោយ​សារ​តែ​យើង​ឃើញ​ជំហរ​របស់​ពួកគាត់​ក្នុងការ​អនុវត្ត ​យើង​ធ្វើ​បណ្តើរ​ទៅ។ យើង​អត់​ពន្យារ​ពេល​ទេ​គឺ​គាត់​ធ្វើការ (រុះរើ)​ របស់ពួកគាត់​ យើង​ដំណើរការ​របស់​យើង​ដែរ ​ចាប់​ផ្តើម​បង្ហូរទឹក ​ដាក់​គ្រឿងចក្រ​ចូល​កាយ និង​ស្តារ»។

លោក​ ស ចរិយ៉ា ​ម្ចាស់​ស៊ង ​និង​ស្រះ​ចិញ្ចឹម​ត្រី ដែលព្រម​ទទួល​សំណង ​​ប្រាប់ថា ​ការដែល​ខ្លួន​ព្រម​ទទួល​សំណង​នេះ​ ព្រោះ​តែ​​មានការ​សម្រប​សម្រួល ​និង​ផ្តល់​សំណង​ខ្លះ​ពី​ផល​ប៉ះពាល់​ដែល​ខ្លួន​ជួបប្រទះ ​បើទោះជា​ចំនួន​នេះ​តិចតួច​ក្តី។

លោក​បញ្ជាក់ថា​៖ «ត្រី​ខ្ញុំ​តិច​តួច​នៅ​ហ្នឹង​ ខ្ញុំ​ទទួល​យកទៅ​ ណាមួយ​តែរីង​ទឹក​ទៅ ​ត្រី​ខ្ញុំ​ហ្នឹង​ងាប់​ហើយ​ អ៊ីចឹ​ង​ខ្ញុំ​ព្រម​ទទួល​យកទៅ ​គឺ​បាន​ទាំងអស់​ជាង ៣ លាន​រៀល។ ប៉ុន្តែ​ខ្ញុំ​មិនដឹង​គេ​គិត​ម៉េច​អី​ម៉េច​ទេ​ រឿង​ទូទាត់​សំណង​ហ្នឹង»។

កាលពី​ថ្ងៃ​ទី ១៤ ខែ​មករា ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ​បានដាក់​ឱសានវាទ ​១០ ថ្ងៃ ​ឲ្យ​ម្ចាស់​ស៊ង ​និង​ស្រះ​ចិញ្ចឹម​ត្រី​ទាំងអស់ នៅ​ក្នុង​បឹង​សំរោង​ ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ ​រុះរើ​ចេញ​ជា​កំហិត ​ដើម្បី​ធ្វើការ​ស្តា​របឹង​នេះ​ឡើងវិញ​ការពារ​ផ្ទៃ​បឹង និង​រក្សា​មុខងារ​បឹង​ជា​អាង​ស្តុក​ទឹក ក្នុងការ​រំដោះ​ទឹក​ជន់​លិច។

ចំណែក​អ្នកដែល​មិន​ព្រម​រុះរើ​ចេញ ​តាម​ការកំណត់​នោះទេ​ អាជ្ញាធរ​នឹង​មិនទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​ដែលអាជ្ញាធរចុះ​អនុវត្ត​វិធាន​ការរុះរើ​នោះ​ឡើយ។

បើ​ទោះ​បីជា​មាន​ពលរដ្ឋ​ជាង​ ៦០ ​ភាគរយ​គ្រួសារដែល​អាជ្ញា​ធរបាន​អះអាងថា ​ព្រម​ទទួលយក​សំណង​ក៏​ដោយ ​ក៏​ប៉ុន្តែមាន​ពលរដ្ឋ​មួយ​ចំនួន មិន​ទាន់​ព្រម​ទទួល​យក​សំណង​នេះ​នៅ​ឡើយ។

លោក ​ម៉ិច សារី ​ម្ចាស់​ស៊ង ​និង​ស្រះ​ចិញ្ចឹម​ត្រី​បានអះអាងថា ​លោក​មិន​ព្រម​ទទួល​សំណង​ដែល​អាជ្ញាធរ​ផ្តល់​ឲ្យ​នោះទេ ​ព្រោះ​តែ​សំណង​ដែល​ខ្លួន​ទទួលបាន​ គឺ​មិន​សមល្មម​នឹង​ការ​ខូចខាត​របស់​​លោក​។ ម្ចាស់​ស៊ង និងស្រះ​ចិញ្ចឹម​​ត្រី ​ដែល​បាន​អាស្រ័យ​ផល​លើ​បឹង​នេះ​ជាង ១ ឆ្នាំ​ បន្ថែមថា​ លោក​នឹង​នៅតែ​បន្ត​អាស្រ័យ​ផល​លើ​បឹង​នេះ​ដដែល ​ដរាប​ណា​អាជ្ញាធរ ​មិន​ផ្តល់​សំណង​​ដែល​ខ្លួន​អាច​ទទួល​យក​បាន។

លោក​បានបញ្ជាក់​ថា​៖ «ខ្ញុំ​អត់ទទួល​យក​ទេ​ ព្រោះ​មិនដឹងថា​ យក​លុយ ​និង​ត្រី​ហ្នឹង​ធ្វើ​អី ​ដល់ ១៥ ម៉ឺន​កូន ​ហើយ​យក​លុយ​ហ្នឹង​មក​ចិញ្ចឹម​ជីវិត​ហ្នឹង​រស់​បាន​ប៉ុន្មាន​ថ្ងៃ? ​ពិបាកៗ​ដល់​កំណត់​ហើយ​ ណា​ទឹក​ក៏​គេ​បង្ហូរ​កាន់តែ​រីង​ទៅ»។

បើតាម​លោក​ សារី ​សំណង​ដែល​លោក​ចង់បាន ​គឺទឹកប្រាក់ ​ចំនួន​ ២០ លាន​រៀល ​ដែលលោក​អះអាងថា ​គឺជា​ដើម​ទុន​របស់​លោក​ទាំងអស់​ក្នុងការ​វិនិយោគ​លើ​ស៊ង ​និង​ស្រះ​ចិ​ញ្ចឹមត្រី​នេះ​ តែ​សំណង​តាម​គោល​នយោបាយ​ដែល​អាជ្ញាធរ​ផ្តល់​ឲ្យ​លោក​ គឺ​មិនបាន​ ៥០ ភាគ​រយ​ផង៕