កំពង់ស្ពឺៈ ក្រុម​ពលរដ្ឋ​ប្រមាណ ៨០ នាក់​មកពី​ភូមិ​ត្រពាំង​ស្រទប ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម និង​សំណង់ ជាថ្មី​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ ទី១៤ ខែមករា ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​កើត​ឡើង​ជាង ១០ ឆ្នាំ​ហើយ​នោះ។

លោក ម៉ៃ ម៉េ​ន តំណាង​ឲ្យ​ក្រុមអ្នកតវ៉ា​បាន​ថ្លែងថា ក្រោយពី​បាន​ជួប​សាកសួរ​ព័ត៌មាន​អំពី​ការ​តវ៉ា​ហើយ មន្ត្រី​តំណាង​ឲ្យ​ក្រសួង​ដែនដី​បាន​សន្យា​ថា នឹង​ចុះ​ទៅ​តំបន់​ដីធ្លី​ដែល​មាន​ជម្លោះ​នៅ​ក្នុង​ខេត្ត​នោះ​នៅ​ថ្ងៃ​ទី ១៧ ខែ​មករា​ដើម្បី​រក​ដំណោះ​ស្រាយ​នៅ​ថ្ងៃ​ដដែល​នោះ។

លោក ម៉េ​ន ថ្លែងថា៖ «ក្រសួង​បាន​ប្រាប់​យើង​ថា បើ​ដល់​ថ្ងៃទី ១៧-១៨ ខែ​មករា នៅ​តែ​មិន​មាន​ចំណាត់ការ​អី​ទេ គេ​ឲ្យ​ឡើង​ទៅ​ទៀត។ ក្រសួង​ប្រាប់​យើង​ថា នឹង​ដោះស្រាយ​ឲ្យ​មិន​ទុក​ទេ ដឹង​តែ​ដោះស្រាយ​ឲ្យ​ហើយ ប៉ុន្ដែ​គេ​ថា​អ៊ីចឹង​មិន​មែន​តែ​ម្ដង​ទេ គេ​ថា​រាប់​សិប​ដង​មក​ហើយ»។

ទោះយ៉ាងណា​ក៏​លោក ម៉េ​ន បាន​អះអាងថា​នឹង​ប្រមូល​ផ្ដុំគ្នា​ឡើងមក​តវ៉ា​សុំ​អន្ដរា​គមន៍​ពី​ក្រសួង​បន្ដ​ទៀត បើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។

លោក សាំង ប៊ុន ជា​ជន​រងគ្រោះ​ម្នាក់​ក្នុងចំណោម​អ្នក​តវ៉ា​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឡើង​មក​តវ៉ា​នៅ​ថ្នាក់​ជាតិ​ជន​រង​គ្រោះ​ទាំង​អស់​បាន​ព្យាយាម​រក​ដំណោះ​ស្រាយ​នៅ​ថ្នាក់​មូល​ដ្ឋាន​រួច​រាល់​ហើយ​តែ​គ្មាន

ដំណោះ​ស្រាយ​នោះ​ឡើយ។

លោក ប៊ុន ថ្លែងថា៖ «ពួកយើង​ក៏​ឡើងមក​ក្រសួង​ច្រើនដង​ហើយ​រាប់​មិន​អស់​ហើយ​ដែរ តែ​បាន​ត្រឹម​សន្យា មិន​ឃើញ​មាន​ដំណោះ​ស្រាយ​សោះ។ ខ្ញុំ​អំពាវ​នាវ​ទៅ​លោក ជា សុផារ៉ា ជួយ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់​នេះ​ឲ្យ​ពួក​ខ្ញុំ​ឲ្យ​ឆាប់​បាន​ចប់​ផង»។

លោក ប៊ុន បាន​ឲ្យ​ដឹងថា ដី​ដែល​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ជា​ប្រភេទ​ដីស្រែ និង​ដីចម្ការ​ដោយ​មាន​វិវាទ​រយៈពេល​ជិត ១០ ឆ្នាំ​ហើយ ជាមួយ​ក្រុម​ហ៊ុន អេចអិល​អេច (HLH) និង ក្រុមហ៊ុន​ស្ករ​អំពៅ របស់​លោក លី យ៉ុងផាត់។

លោក ប៊ុន ថ្លែងថា៖ «ចាប់តាំងពី​វិវាទ​មក​ពួក​ខ្ញុំ​គ្មាន​ដី​ធ្វើស្រែ​ទេ ពួក​ខ្ញុំ​ធ្លាក់ខ្លួន​ក្រីក្រ និង​ជំពាក់​បំណុល​គេ​ថែម​ទៀត»។

លោក ជូ ម័​យ មេភូមិ​ត្រពាំង​ស្រទប​បាន​ឲ្យ​ដឹងថា ដី​វិវាទ​ជាមួយ​ក្រុមហ៊ុន​នេះ គឺជា​ដី​ប្រជាពលរដ្ឋ​តាំង​ពី​ដូនតា ជា​ប្រភេទ​ដីស្រែ​ចម្ការ​របស់​ពួក​គាត់ កាន់​កាប់​តាំង​ពី​ដើម​ឡើយ​នៅ​ឆ្នាំ ១៩៨០។

លោក ម័​យ ថ្លែងថា៖ «បើតាម​ខ្ញុំ​ដឹង​ប្រ​វ​ត្ដិ​ដី​របស់​ពួកគាត់ ដែល​រស់នៅ​ទីនេះ​គឺជា​ដី​កេរ​អាករ​របស់​ពួកគាត់»។

លោក​មេភូមិ អះអាងថា ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ស្រុក​ឱ​រ៉ា​ល់​ទាំង​អស់​គឺ​ពួកគាត់ មិន​ទាន់​មាន​ឯកសារ​ទេ​កាល​នោះ ពួក​គាត់​មាន​ដី​ទំហំ​ខុស​គ្នា អ្នក​ខ្លះ​មាន ២-៣ ហិកតា អ្នក​ខ្លះ មាន​ដី​រហូត​ដល់ ៥ ហិកតា​ក៏មាន។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ​បាន​ធ្វើ​ជា​ជំហានៗ​ហើយ ប៉ុន្ដែ​ការ​ដោះស្រាយ​នេះ ត្រូវការ​ពេលវេលា​សិក្សា​ស្រាវ​ជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​ទើប​អាច​ដោះ​ស្រាយ​បាន​ត្រឹមត្រូវ។

លោក​អភិបាល​ថ្លែងថា៖ «យើង​អត់​មានអី​ទៅ​ចង់ទុក​រឿង​គាត់​ចោល​ដើម្បី​យក​ក្រេឌីត​អី​ទេ។ ខ្ញុំ​ចង់​តែ​ដោះស្រាយ​ជូន​ពួក​គាត់​ភ្លាមៗ បាន​កាន់​តែ​លឿន​កាល​ណា យើង​ក៏​ធូរទ្រូង​កាល​ហ្នុង​ដែរ យើង​បាន​ប្រឹង​ប្រែង​ហើយ ប៉ុន្ដែ​ការងារ​វា​មាន​ជំហាន​របស់​វា»។

លោក​បាន​បន្ថែមថា៖ «ពួកគាត់ៗ​ចេះតែ​ចង់បាន​ដោះស្រាយ​បញ្ហា​ថ្ងៃ​ហ្នឹង ឲ្យ​ចេញ​ថ្ងៃ​ហ្នឹង អ៊ីចឹង​យើង​ដោះ​វា​ម៉េច​ចេញ ព្រោះ​យើង​ត្រូវ​មាន​ស្រាវ​ជ្រាវ​រក​សាវតារ ឲ្យ​ច្បាស់​លាស់ ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ គាត់​ដាក់​ឯកសារ​មក​មិន​ច្បាស់​លាស់ ដូច្នេះ​យើង​ត្រូវ​ផ្ទៀង​ផ្ទាត់​ជាមួយ​ឯកសារ​កាន់​កាប់ ជាមួយ​នឹង​ឯកសារ​នៃ​ការ​ចូល​កាន់​កាប់​ដី​របស់​ពួកគាត់​រឿង​នេះ​ហើយ​ដែល​នាំ​ឲ្យ​អូស​បន្លាយ​ពេល​យូរ​នោះ ប៉ុន្ដែ​យូរ​ក៏​ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​លាស់​ដែរ»។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការឆ្លើយតប​ពី​តំណាង​ក្រុមហ៊ុន​ណាមួយ​បានទេ​ជុំវិញ​រឿង​វិវាទ​ដីធ្លី​នេះ ខណៈ​លោក សេង ឡូត អគ្គនាយក​រដ្ឋបាល និង​ជា​អ្នក​នាំ​ពាក្យ ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​កាល​ពី​ម្សិលមិញ។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី២៥ ខែធ្នូ របស់​ក្រសួង​រៀបចំ​ដែនដី​បាន​បង្ហាញ​ថា ក្រសួង​បាន​ដាក់​ផែនការ​ជា​ច្រើន​ចំណុច​ក្នុង​នោះ​មាន​ចំណុច​សំខាន់ៗ​ដូចជា ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​នៅ​សេស​សល់​តាម​គ្រប់​យន្តការ ដោយ​មាន​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី គណៈ​កម្មការ​សុរិយោដី ក្រុម​ដោះ​ស្រាយ​វិវាទ​ចល័ត និង​យន្តការ​ដែល​បង្កើត​បន្ថែម​របស់​ក្រសួង ដើម្បី​ភាព​សុខ​ដុម​រមនា​ក្នុង​សង្គម។

តាម​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការ​អនុវត្ដ​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ របស់​ក្រសួង​រៀបចំ​ដែនដី​បាន​បង្ហាញ​ថា ការ​ដោះ​ស្រាយ​វិវាទ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករ​នាំចេញ​សម្រាប់​ខេត្ដ​កំពង់ស្ពឺ បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ចំនួន ៩ ករណី សម្រប​សម្រួល​រួច​បាន ១៩៥ ករណី និង​កំពុង​សិក្សា​សលា​កបត្រ​ដែល​នៅ​សេស​សល់។

លោក George Edgar អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ឆ្លើយតប​ចំពោះ​ករណីនេះ​ថា សហភាព​អឺរ៉ុប​បាន​ធ្វើការ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បញ្ហា​ជាច្រើន​ដែល​កើត​ចេញ​មក​ពី​ការ​ទាម​ទារ​យក​ដីធ្លី ដែល​ទាក់ទង​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច សម្រាប់​ការអ​ភិវឌ្ឍ​រោងចក្រ​ស្ករ​អំពៅ​នេះ។ លោក​បាន​ថ្លែង​តាមរយៈ​អ៊ីមែល​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖ «យើង​សង្ឃឹម​ថា ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ រាល់​ការ​ទាមទារ​ដែល​នៅ​សេស​សល់​នឹង​អាច​ត្រូវ​បាន​ដោះស្រាយ​ប្រកប​ទៅ​ដោយ​សមធម៌ តម្លាភាព និង​បរិយាប័ន្ន»៕