ក្រចេះ: លោក សុខ យឿន មេភូមិ​អូរពោរ​ ឬ​អូរត្រូន​នៃ​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​ប្រមាណ​ ១០០ ​គ្រួសារ​ ប្រឈម​ក្នុង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ក្រោយពី​រកឃើញ​ថា ទឹក​ដែល​ប្រើប្រាស់​ជាប្រចាំ​នៅតាម​ដង​អូរត្រូន និង​អូរ​ក្លិកក្លក់ ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ មាន​ការប្រែប្រួល​បណ្ដាល​ឲ្យ​ប្រភេទ​ត្រី​មួយ​ចំនួន​ងាប់​អណ្ដែត​ទឹក​ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​។

លោក យឿន បាន​ឲ្យ​ដឹង​​ថា​៖ «​អាជ្ញាធរ​ភូមិ បាន​សហការ​គ្នា​ចុះ​ទៅ​កន្លែង​កើតហេតុ​នឹង​ស្វែងរក​ប្រភពទឹក​កខ្វក់​ដែល​ហូរ​ចូល​អូរ​នេះ ហើយ​បានដឹងថា ប្រភព​ទឹក​កខ្វក់​ដែល​ហូរ​ចូល​អូរ​នេះ គឺ​ចេញ​មកពី​អាង​ស្តុក​ទឹករ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ីង យ័ងគ័ងយិ​»​។

លោក​មេភូមិ​បាន​អះអាងថា ការប្រែប្រួល​ប្រភព​ទឹកបាន​កើតឡើង​ក្រោយ​មាន​ភ្លៀង​ខ្លាំង​បណ្ដាល​ឲ្យ​ទឹកជន់ ហើយ​បាន​ធ្លាយ​ទំនប់​ពី​ក្រុមហ៊ុន​ចិន​ធ្លាក់​មក​តាម​ដងអូរ​ផ្នែក​ខាងក្រោម​បណ្ដាល​ឲ្យ​ពលរដ្ឋ​មាន​ក្ដីបារម្ភ នៅពេល​ឃើញ​ត្រី​ងាប់​តាម​ដងអូរ​ខុស​ប្រក្រតី​។

លោក សុខ គីរីរ័ត្ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ក្រោយ​ក្រុម​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​តាមដាន​រួចមក​ក្រុម​ជំនាញ​បាន​ដងទឹក​ពី​តំបន់​នានា​នៅ​ចំណុច​កើតហេតុ ដើម្បី​យកមក​ពិសោធ​មើល​ពី​កម្រិត​សារធាតុពុល​ដែល​អាច​មាន​នៅក្នុង​ទឹក​។

លោក​បញ្ជាក់ថា​៖ «​ទឹក​នៅតាម​អូរ​នៅពេល​នេះ​គឺ​នៅ​ថ្លា​នៅឡើយ​ទេ ហើយ​ក៏​មិនមាន​ក្លិន​ដែរ ហើយ​នៅ​ឆ្ងាយ​ពីនេះ​រាប់​គីឡូ​ក៏​យើង​យក​ដែរ ដើម្បី​យកទៅ​ពិសោធ​មើល​។ ប៉ុន្តែ​លទ្ធផល​យ៉ាងណាៗ យើង​មិនទាន់​ដឹង​ទេ យើង​បារម្ភ​ពី​សុខភាព​របស់​ពលរដ្ឋ ហើយ​ក៏​យើង​បាន​ឲ្យ​មេភូមិ​ដើរ​ប្រាប់​កុំ​ឲ្យ​ពួកគាត់​ហូប​ទឹក​»​។

លោក គីរីរ័ត្ន បាន​ថ្លែងថា​៖ «(​យើង​) ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ផ្អាក​បរិភោគ​ទឹកអូរ​នេះ​បណ្តោះ​អាសន្ន​សិន ដើម្បី​ចៀសវាង​ផលប៉ះពាល់​ជាយថាហេតុ រហូត​លទ្ធផល​នៃ​ការធ្វើ​ពិសោធន៍​សំណាក​ទឹក​ចេញ​ជា​ផ្លូវការ​»​។

លោក ជិក បូរ៉ា នាយរង​ប៉ុស្តិ៍​ក្បាលដំរី​បាន​ប្រាប់​ដែរ​ថា រហូតមកដល់​ពេល​នេះ​មិនមាន​ប្រជាពលរដ្ឋ និង​គោក្របី ពុល​ទឹក​នៅក្នុង​អូរ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​នៅតែ​បន្ត​អូសបន្លាយ ប្រជាពលរដ្ឋ​ប្រមាណ ១០០ គ្រួសារ​ ដែល​កំពុង​ប្រើប្រាស់​ទឹក​ទាំងនេះ​នឹង​មិន​មាន​ទឹក​ប្រើប្រាស់ និង​មាន​ផល​លំបាក​ក្នុង​ការស្វែងរក​ប្រភព​ទឹក​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។

លោក​ថ្លែង​ថា​៖ «​បើ​គ្មាន​ការទប់ស្កាត់ ទឹក​វា​អាច​ហូរ​ទៅ​រាលដាល​ចេញ​កាន់តែ​ឆ្ងាយ​ទៀត ព្រោះ​បើ​មិន​បាន​ទប់ និង​បិទ​ទំនប់​បាន​ត្រឹមត្រូវ ប្រជាពលរដ្ឋ​នៅ​ក្លិកក្លក់​មិន​ហ៊ាន​ផឹកទឹក​ទេ គាត់​ខ្លាច គាត់​រក​ទិញ​ទឹក​សុទ្ធ​មក​ហូប​ជំនួស​»៕