ព្រះសីហនុៈ ពលរដ្ឋ​ជា​អ្នក​ប្រកប​អាជីវកម្ម​លក់ដូរ​តាម​ចិញ្ចើមផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ព្រះសីហនុ​ចំនួន​ ២១៥ ​គ្រួសារ ​បាន​ឯកភាព​អនុវត្ដ​តាម​វិធានការ​ ៦ ​ចំណុច ​របស់​រដ្ឋបាល​ក្រុង​ដោយ​ឈប់​បន្ត​សាងសង់​តូប​លក់ដូរ​អចិន្រៃ្តយ៍​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទៀត និង​យល់ព្រម​អនុវត្ដ​ការលក់ដូរ​តាម​ការណែនាំ​របស់​រដ្ឋបាល​ក្រុង​វិញ​។ មន្ត្រី​សិទ្ធិមនុស្ស​សាទរ​វិធានការ​របស់​អាជ្ញាធរ​ដែល​ពលរដ្ឋ​ព្រមព្រៀង​។

អភិបាលក្រុង​ព្រះសីហនុ​លោក​ អ៊ី សុខឡេង ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៤ មិថុនា​ ថា​ការព្រមព្រៀង​គ្នា​នេះ​ធ្វើឡើង​ក្រោយ​ពេល​ជួបប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​ ២១៥ ​គ្រួសារ​ចំនួន​ ២ ​លើក​ក្នុង​ ១ ​សប្ដាហ៍​នេះ​។ វិធានការ​បែបនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់ និង​បរិស្ថាន​ក្នុង​ទីក្រុង​ឲ្យ​បាន​ល្អ​។

លោក​ថ្លែងថា​៖ «​យើង​មិន​បិទ​សិទ្ធិ​ទេ ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​ក្នុង​ការប្រកបរបរ​លក់ដូរ​ផ្សេងៗ​។ ប៉ុន្ដែ​យើង​គ្រាន់តែ​សំណូមពរ​ថា​កុំ​យក​ចិញ្ចើមផ្លូវ ដើម្បី​ចត​លក់ដូរ​ និង​ស្នាក់នៅ​។ ពលរដ្ឋ​ខ្លះ​ទៅ​លក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​មាត់​ឆ្នេរសមុទ្រ​ដែល​យើង​បានរៀបចំ​ស្អាត​ហើយ​នាំឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​សោភណភាព​ឆ្នេរ​»​។

លោក​ សុខឡេង ប្រាប់ថា ចុងក្រោយ​ពួកគាត់​ក៏បាន​ឯកភាព​តាម​វិធានការ​របស់​រដ្ឋបាល​ក្រុង​ព្រះសីហនុ ដែល​បាន​ដាក់​ឱ្យ​ពួកគាត់​ចំនួន​ ៦ ​ចំណុច​។ វិធានការ​ទាំងនោះ​មាន​ ១. ​ពលរដ្ឋ​មកពី​ខេត្ដ ផ្សេងៗ​ត្រូវ​ជួល​ផ្ទះ ឬ​កន្លែង​លក់ដូរ​ដែល​ស្របច្បាប់ និង​មិន​យក​ផ្លូវ​សាធារណៈ​ជា​កន្លែង​ផ្ទាល់ខ្លួន​ឡើយ​។ ២. ​ត្រូវ​រុះរើ​រោង​ដែល​សង់​លើផ្លូវ​សាធារណៈ​ចេញ​វិញ និង​មិនត្រូវ​ស្នាក់​នៅលើ​រថយន្ត​របស់​ខ្លួន​ដែល​ចត​លើ​ផ្លូវ​សាធារណៈ​ជា​អចិន្រៃ្តយ៍​ទៀត​ទេ​។

៣. ​មិនត្រូវ​លក់ដូរ​លើផ្លូវ​ធំ​ដែល​មាន​ចរាចរណ៍​ឆ្លងកាត់​នោះទេ​។ ៤. ​ពលរដ្ឋ​ដែល​លក់ដូរ​នៅតាម​ឆ្នេរ​មិន​ត្រូវ​យក​រថយន្ត និង​រទេះ រ៉ឺម៉ក រួមជាមួយ​សម្ភារ​ដាក់​នៅ​លើ​ឆ្នេរ​នោះទេ​។ ៥. ​ពេល​លក់ដូរ​រួច​ត្រូវ​ប្រមូល​សំរាម​ចេញ​ពី​កន្លែង​ផ្លូវ​សាធារណៈ និង​តាម​តំបន់ឆ្នេរ​នានា​។ ៦. ​ពលរដ្ឋ​ស្ម័គ្រចិត្ត​ធ្វើការ​តាម​ការណែនាំ​របស់​រដ្ឋបាល​ក្រុង​។ ប្រសិន​បើ​ធ្វើ​មិន​បាន​ឱ្យ​ចាត់ការ​តាម​នីតិវិធី​។

អភិបាលក្រុង​រូបនេះ​បន្ថែម​ថា ការធ្វើ​នេះ​គឺ​ដើម្បី​របៀបរៀបរយ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​ការពារ​បរិស្ថាន​នៅក្នុង​ក្រុង​ព្រះសីហនុ​។ កន្លងមក ប្រជាពលរដ្ឋ​មួយចំនួន​បាន​យក​ដី​ចំណីផ្លូវ ឬ​ក៏​ដី​ដងផ្លូវ​ធ្វើការ​សាងសង់​តូប រោង ដាក់រទេះ រថយន្ត​កែច្នៃ​សម្រាប់​លក់ដូរ​ជា​អចិន្រៃ្តយ៍​។ ចំនួន​ពលរដ្ឋ​ទាំងនេះ​បាន​កើនឡើង​ពី​ ១ ​ថ្ងៃ ទៅ​ ១ ​ថ្ងៃ​។

លោក​ អ៊ី សុខឡេង ថ្លែង​ថា​៖ «​ពួកគាត់​សុទ្ធតែ​មកពី​បណ្ដា​ខេត្ដ​ផ្សេងៗ​ដើម្បី​ប្រកបរបរ​លក់ដូរ​បែបនេះ​ដោយ​គ្មាន​ផ្ទះ ឬ​លំនៅឋាន​ក្នុង​ខេត្ដ​ព្រះសីហនុ​សម្រាប់​ស្នាក់នៅ​ឱ្យបាន​ត្រឹមត្រូវ​ទេ​។ ពលរដ្ឋ​ខ្លះ​ធ្វើ​តូប រោង ដើម្បី​ស្នាក់នៅ និង​ខ្លះទៀត​ស្នាក់​នៅលើ​រថយន្ត​កែច្នៃ​សម្រាប់​លក់ដូរ​នោះ​តែម្ដង​។ ពលរដ្ឋ​ខ្លះទៀត ក្រៅពី​រស់​នៅលើ​រថយន្ត​កែច្នៃ​របស់ខ្លួន ពួកគាត់​ចាប់ផ្ដើម​មើលឃើញ​ដី​ចិញ្ចើមផ្លូវ ដី​សាធារណៈ ឬ​ដីឯកជន​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ តែ​ម្ចាស់​ដី​មិន​បាន​នៅ​មើលថែ ពួកគាត់​នាំគ្នា​ចូល​ទៅ​រស់នៅ​ទីតាំង​ទាំងនោះ​តែម្ដង​»​។

អ្នកស្រី​ ជៀប សុធារី មន្ដ្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ប្រចាំ​ខេត្ដ​ព្រះសីហនុ សាទរ​ចំពោះ​វិធានការ​ថ្មី​របស់​អាជ្ញាធរ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រកបរបរ​លក់ដូរ​បែបនេះ តាមរយៈ​ការកែប្រែ​ពី​វិធានការ​ក្ដៅ​បញ្ឈប់​លែង​ឱ្យ​លក់ដូរ បែរ​មក​បើក​ឱ្យ​លក់ដូរ​ដោយ​មាន​វិធានការ​ច្បាស់លាស់​ចំពោះ​ពួកគាត់​វិញ​។

អ្នកស្រី​ថ្លែងថា​៖ «​ពេល​ឃើញ​វិធានការ​ក្ដៅ​ដំបូង​របស់​រដ្ឋបាល​ក្រុង​ព្រះសីហនុ ដោយ​បញ្ឈប់​ពលរដ្ឋ​លែងឱ្យ​ប្រកបរបរ​លក់ដូរ​នៅតាម​ទីសាធារណៈ ខ្ញុំ​ពិតជា​អាណិត​ដល់​ពលរដ្ឋ​ណាស់ ព្រោះ​កាលៈទេសៈ​នេះ​ពលរដ្ឋ​គ្មាន​របរ​អ្វី​ក្រៅពី​ការលក់ដូរ​បែបនេះ​ទេ​ដើម្បី​ចិញ្ចឹមជីវិត​។ មូលហេតុ​ដែល​ពួកគាត់​នាំគ្នា​មក​ប្រកបរបរ លក់ដូរ​កាន់តែ​ច្រើន​គឺ​បណ្ដាល​មកពី​បញ្ហា​ជំងឺ​កូវីដ ​១៩​ នាំឱ្យ​ពួកគាត់​អត់​ការងារ​ធ្វើ​។ ឃើញ​រដ្ឋបាល​ក្រុង​បែរមក​អនុវត្ត​វិធានការ ថ្មី​បែបនេះ​យើង​ក៏​សប្បាយ​ចិត្ដ​ដែរ ប៉ុន្ដែ​បើ​ពលរដ្ឋ​មិន​អនុវត្ដ​តាម​ទេ យើង​ក៏​ពិន័យ​ពួកគាត់​ទៅ ព្រោះ​ពួកគាត់​មិន​ចូលរួម​ថែរក្សា​បរិស្ថាន រឿង​នេះ​គឺ​បែប​នេះ​»៕