ត្បូងឃ្មុំ/ស្វាយរៀងៈ ពលរដ្ឋ​មាន​ជម្លោះ​ដី្ល​ធី​ជាង​ ៥០ ​នាក់​ មក​​ពី​ខេត្ត​ចំនួន​ ២ ​គឺ​ខេត្ត​ត្បូងឃ្មុំ​ និង​​ខេត្តស្វាយរៀង​កាលពី​ម្សិលមិញ​បាននាំគ្នា​មក​ដាក់​ញត្តិ​នៅ​​ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម​​ និង​ក្រសួងមហាផ្ទៃ​ដើម្បី​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ដែល​បន្ត​អូសបន្លាយ​ជា​យូរ​ឆ្នាំ ខណៈ​អ្នកខ្លះ​កំពុង​ត្រូវបាន​ចាប់ខ្លួន និង​ជាប់​បណ្តឹង​នៅ​តុលាការ​។

អ្នកស្រី ខៀវ សារ៉ុន តំណាង​ពលរដ្ឋ​មកពី​ខេត្តស្វាយរៀង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​ទាំងនេះ​គឺ​ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​រឿង​ដីធ្លី ដោយសារ​លែងមាន​ជំនឿ​លើ​មន្ត្រី​ថ្នាក់ក្រោម និង​បាន​សង្ឃឹមថា ស្ថាប័ន​ទាំងនេះ អាចជួយ​បាន​។

លោកស្រី​ថា​៖ «​ការដែល​យើង​រួមគ្នា​ដាក់​ញត្តិ​នៅពេល​នេះ​ព្រោះ​តែ​ពួកយើង​មាន​បញ្ហា​ដីធ្លី​ដូចគ្នា ហើយ​នៅ​ខេត្ត​ត្បូងឃុំ​តំណាង​សហគមន៍​ពួកគាត់ ឈាន​ដល់​ការចាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​។ ​ពួកយើង​មកនេះ គឺ​ដើម្បី​ស្វែងរក​ឲ្យ​មាន​ភាពយុត្តិធម៌​សម្រាប់​ខ្លួនឯង​»​។

លោក សែម ចំណាន តំណាង​សហគមន៍​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ពលរដ្ឋ​កំពុងតែ​បារម្ភ ខណៈ​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​កោះ​ហៅ​ជា​បន្តបន្ទាប់ និង​ជាប់​ក្នុងការ​ចោទប្រកាន់​ពី​តុលាការ​ទាំង​បញ្ហា​​ដីធ្លី​ខ្លះ​នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​នោះ​។

លោក​ថា​៖ «​យើង​ស្នើសុំ​ឲ្យ​ជួយ​ស្វែងរក​យុត្តិធម៌ និង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​អាជ្ញាធរ​​ចាប់​តំណាង​របស់​ពួកយើង​ដាក់​គុក ព្រោះ​ការចាប់ខ្លួន​នេះ​មិន​មាន​កំហុស​នោះទេ​...»​។

លោក​ ចំណាន បាន​អះអាង​ដែរ​ថា ការដែល​ពួកគាត់​ទៅ​ក្រសួង​កសិកម្ម​នាពេលនេះ​គឺ​ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគាត់​ធ្លាប់​បាន​ដាក់​កាលពី​ខែធ្នូ​ឆ្នាំមុន និង​ដាក់​ញត្តិ​ថ្មី​បន្ថែម​ឲ្យ​​ក្រសួង​ជួយ​ដោះស្រាយ​ផង​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​​ពី​ម្សិលមិញ​ថា ជាទូទៅ​ចំណាត់ការ​របស់​តុលាការ ក្រសួង​មិន​អាច​លូកដៃ​អន្តរាគមន៍​បានទេ​។

ប៉ុន្តែ​ចំពោះ​សំណើ​ជុំវិញ​បញ្ហា​ដីធ្លី​នេះ​លោក​នឹង​បញ្ជូន​បន្តទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ ឬ​ថ្នាក់​ខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ ។

លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​ដែល​ជាប់​បណ្តឹង​ក្តីក្តាំ​នៅ​តុលាការ​គឺជា​សមត្ថកិច្ច​របស់​តុលាការ​ដែល​ក្រសួង​ក៏​មិនអាច​បង្គាប់បញ្ជា​បានដែរ​។ ប៉ុន្តែ​ចំពោះ​ញត្តិ​នេះ​ក្រសួង​នឹង​បញ្ជូន​ទៅខាង​តុលាការ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន​»​។

តាម​តំណាង​ពលរដ្ឋ​ទាំង​ ២ ​ខេត្ត​នេះ​បាន​ឲ្យ​ដឹងថា ជម្លោះដីធ្លី​នៅ​ខេត្តស្វាយរៀង​គឺ​បាន​កើតឡើង​តាំងពី​ឆ្នាំ​ ២០១០ ជាមួយ​នឹង​ក្រុមហ៊ុន​ចិន​ដែល​ប៉ះពាល់​ពលរដ្ឋ​ ៤៤០ គ្រួសារ ​លើ​ផ្ទៃដី​ជាង​ ៦០០ ​ហិកតា​។ ចំណែក​ជម្លោះដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ​គឺ​បាន​កើតឡើង​តាំងពី​ឆ្នាំ​ ២០១១ លើ​ផ្ទៃដី​ជាង​ ១ ០០០ ហិកតា​ ជាមួយ​ក្រុមហ៊ុន​ចិន និង​អ្នក​មានអំណាច​ដែល​ប៉ះពាល់​ពលរដ្ឋ​ក្នុង​សហគមន៍​ចំនួន​ ៣ ​គឺ​សហគមន៍​ស្រែប្រាំង សហគមន៍​បុស្សស្នោ និង​សហគមន៍​ត្រពាំងព្រីង​ស្ថិតនៅ​ក្នុងស្រុក​​តំបែរ ខេត្ត​ត្បូងឃ្មុំ ។

លោក ចាន់ ហេង នាយករង​ខុទ្ទកាល័យ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​​ពី​ម្សិលមិញ​ថា កន្លងទៅ​ក្រសួង​រៀបចំ​ដែនដី​ធ្លាប់បាន​ប្រកាស​ហើយ​ថា ករណី​របស់​ពលរដ្ឋ​ទាំងនេះ​គឺ​បាន​ដោះស្រាយ​បញ្ចប់​ហើយ​។ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​​ថា ក្រសួង​នៅតែ​ទទួល​ញត្តិ​ដោយ​តម្រូវ​ឲ្យ​ពួកគាត់​កែតម្រូវ​ញត្តិ​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ និង​​បញ្ចូន​សំណើ​ទាំងនេះ​ទៅ​អាជ្ញាធរ​ដែនដី​ធ្វើការ​ពិនិត្យ​បន្ត​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​ដែនដី​គេ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា រឿងនេះ គ្រាន់តែ​បង្ក​ចលនា​អី​អ៊ីចឹង​ទៅ ព្រោះ​គេ​បាន​ដោះស្រាយ​រួចរាល់​ហើយ​​តែ​ក្រសួង​នៅតែ​ទទួល​ហើយ​ពិនិត្យ​មើល​តើ​វា​យ៉ាងម៉េច​ដែរ​?

យើង​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​​ស្រាវជ្រាវ​ជាក់ស្តែង​បន្ថែមទៀត តើ​ដូច​ទៅនឹង​ការប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​ដែរ​ទេ​? ​បើ​មានរឿង​ថ្មី​អ្វី​ទៀត​យើង​នឹង​ដោះស្រាយ​តាម​ហ្នឹង​»៕