
ពលរដ្ឋធ្វើការតវ៉ាមិនឱ្យអាជ្ញាធរឈូសឆាយដីធ្វើអាងទឹកនៅលើដីកំពុងអាស្រ័យផល កាលពីម្សិលមិញ។ រូបថត សហការី
តាកែវ៖ ពលរដ្ឋមកពីភូមិចំនួន ៧ គឺភូមិជីច្រាប ភូមិស្រះត្រកួន ភូមិលោក ភូមិត្រពាំងស្នោ ភូមិភ្នួស ភូមិត្រពាំងវែង និងភូមិអង្គកែវ ក្នុងឃុំសន្លង់ ស្រុកទ្រាំង ខេត្តតាកែវ បានតវ៉ាមិនឱ្យអាជ្ញាធរយកគ្រឿងចក្រទៅឈូសឆាយអភិវឌ្ឍន៍អាងស្តុកទឹកថ្មីលើដីអាស្រ័យយូរឆ្នាំរបស់ពួកគាត់ជាង ២០០ ហិកតានោះទេ។
លោក អ៊ិត ទូច តំណាងអ្នកតវ៉ាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា ក្នុងចំណោម ៧ ភូមិនេះ មានភូមិចំនួន ៣ ដែលរងនូវការរំលោភដីធ្លីច្រើនជាគេ គឺភូមិជីច្រាប ភូមិលោក និងភូមិស្រះត្រកួន។
លោកបានពន្យល់ថា ពលរដ្ឋនៅទីនេះប្រើប្រាស់អាស្រ័យផលលើដីនេះចាប់តាំងពីឆ្នាំ ១៩៨៣ មក ហើយអាជ្ញាធរបានធ្វើបណ្ណកម្មសិទ្ធិ (បណ្ណស្លាមមាន់) ជូនតាំងពីឆ្នាំ ១៩៩០ មក។ ពួកគាត់ថា នឹងប្តូរជីវិត ដើម្បីបញ្ឈប់កុំឱ្យអាជ្ញាធរយកគ្រឿងចក្រមកឈូសឆាយ និងជីកអាងជាថ្មីទៀត ពីព្រោះកន្លងមកពលរដ្ឋទាំង ៧ ភូមិនេះ បានបាត់បង់ស្រះ និងបឹងជាច្រើនកន្លែង ក្រោមរូបភាពអភិវឌ្ឍន៍ ប៉ុន្តែពលរដ្ឋគ្មានទទួលបានផលសូម្បីបន្តិចដែលភាគច្រើន គឺបានទៅលើឯកជន។
យ៉ាងណាក្ដី លោក អ៊ិត ទូច មិនបានបញ្ជាក់ពីចំនួនពលរដ្ឋមានប៉ុន្មានគ្រួសារ ដែលកំពុងរស់នៅក្នុងភូមិទាំង ៧ នេះទេ។
ប៉ុន្តែលោកថា មានពលរដ្ឋប្រមាណ ៦០ គ្រួសារ កំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍មួយនេះ។
បើតាមលោក អ៊ិត ទូច ការតវ៉ានេះកើតឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ មកម៉្លេះ ក្នុងគោលបំណងរក្សាដីទាំងអស់នេះ មិនឱ្យមានការអភិវឌ្ឍដោយទុកជូនពលរដ្ឋក្នុងការបង្កបង្កើនផលកសិកម្មចិញ្ចឹមជីវិតតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្លឹមសារនៃការធ្វើអាងនេះ គឺធ្វើអាងចាស់ដែលអាស្រ័យផល ប៉ុន្តែពួកគាត់ (អាជ្ញាធរ) បានលក់អស់ហើយ ដូច្នេះពួកគាត់បង្កើតអាងថ្មីមួយទៀត ដើម្បីឆ្លើយតបទៅនឹងក្រសួងធនធានទឹក និងឧតុនិយម ដោយយកដី ២០០ ហិកតា របស់ពលរដ្ឋទៅធ្វើអាងថ្មី»។
លោក ឡុក សារិ មេឃុំសន្លង់ បានថ្លែងថា ដីដែលពលរដ្ឋតវ៉ាមិនឱ្យអាជ្ញាធរអភិវឌ្ឍនេះ គឺត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ទុកជាដីសម្រាប់ធ្វើអាងស្តុកទឹក ព្រោះនៅជាប់បឹង ហើយអ្វីដែលក្រសួងធ្វើគឺដើម្បីតែប្រយោជន៍ពលរដ្ឋប៉ុណ្ណោះក្នុងការយកទឹកស្រោចស្រពស្រូវប្រាំង។ ជាពិសេសពលរដ្ឋដែលអាស្រ័យផលដីនៅទីនេះក៏មិនឱ្យមានការប៉ះពាល់ផងដែរ។
លោកមេឃុំបានបន្តថា ការអភិវឌ្ឍនេះ ទាំងអភិបាលខេត្ត និងអាជ្ញាធរឃុំ បានចុះកិច្ចសន្យាជាមួយនឹងពលរដ្ឋក្នុងការសាងសង់ទ្វារទឹកចំនួន ៣ សម្រាប់ឱ្យទឹកហូរទាន់ពេលវេលាកុំឱ្យមានការខូចខាតស្រូវនៅលើដីនោះ ហើយពេលពលរដ្ឋច្រូតស្រូវរួចពួកគាត់អាចបិទទ្វារទឹករួចធ្វើស្រែប្រាំងបន្តទៀតបាន។
បើតាម លោក ឡុក សារិ ការអភិវឌ្ឍនេះ គឺមិនមានប៉ះពាល់ដល់ដីរបស់ពលរដ្ឋនោះទេ ដោយអាជ្ញាធរគ្រាន់តែស្តារប្រឡាយដែលនៅអមបឹងនោះប៉ុណ្ណោះ។ ឯការលិចលង់កាលពីឆ្នាំ ២០២០ គឺជាគ្រោះធម្មជាតិ មិនមែនមកពីការស្តារប្រឡាយនេះឡើយ។
លោក ឡុក សារិ បានបញ្ជាក់ថា៖ «នៅពេលដែលស្តាររួចរាល់យើងនឹងឱ្យសោទៅពួកគាត់ ដោយបង្កើតគណៈកម្មការបើកបិទ ឬបង្ហូរទឹកក្នុងការបង្កបង្កើនផលស្រូវប្រាំង គឺជារឿងរបស់គាត់ព្រោះយើងធ្វើ គឺធ្វើដើម្បីពួកគាត់ ប៉ុន្តែបើគាត់មិនធ្វើ គឺជារឿងរបស់គាត់កុំឱ្យបន្ទោសយើង»។
លោកបានបន្ថែមថា ពលរដ្ឋដែលតវ៉ានេះ គឺមានមេខ្យល់អ្នកញុះញង់ ហើយអ្នកតវ៉ានោះ គឺចង់ឱ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិឱ្យពួកគេប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរមិនអាចចេញឱ្យបានទេ ព្រោះវាជាដីជាប់បឹង៕