ភ្នំពេញៈ ប្រជាពលរដ្ឋ​ជាង​ ៦០ ​នាក់​មកពី​ភូមិ​ចំនួន​ ៤ ស្ថិត​ក្នុង​សង្កាត់​សំរោងក្រោម និង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​កាលពី​ថ្ងៃទី​ ២៩ កក្កដា នៅមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទាំង​មេឃ​កំពុង​ធ្លាក់ភ្លៀង ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​ស្ថាប័ន​នេះ​ជួយ​រក​ដំណោះស្រាយ​បញ្ហាដីធ្លី​។

ពលរដ្ឋ​ដែល​មាន​គ្នា​ប្រមាណ​ជាង​ ៦០ ​នាក់​នេះ​គឺ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ២៣៧ ​គ្រួសារ​ដែល​រស់នៅក្នុង​តំបន់​ត្រីកោណ​រវាង​ភូមិ​តិក្ខបញ្ញោ ភូមិ​សំរោងក្រោម និង​ភូមិ​ចែងម៉ែង​ក្នុង​សង្កាត់​សំរោងក្រោម និង​ភូមិ​កាកាប ស្ថិត​ក្នុង​សង្កាត់​កាកាប​ដែល​មាន​ផលប៉ះពាល់​ពី​គម្រោង អភិវឌ្ឍន៍​ស្ថានីយ​រថភ្លើង​ថ្មី​លើ​ផ្ទៃដី​ទំហំ​ ១០០ ​ហិកតា​។

លោក​ ជា វ៉ាង ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដី​ប្រមាណ​ ១០ ​អា​ស្ថិត​ក្នុង​ភូមិ​តិក្ខបញ្ញោ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ២៩ កក្កដា​ថា ដី​រង​ផលប៉ះពាល់​ពី​គម្រោង​សាងសង់​ស្ថានីយ​រថភ្លើង​នេះ​គឺជា​ដី​ដែល​ពលរដ្ឋ​បាន​កាន់កាប់​តាំងពី​ឆ្នាំ​ ១៩៧៩ និង​មាន​ការទទួល​ស្គាល់​តាមរយៈ​ប្លង់​ស្លាបមាន់​ក្នុង​អំឡុង​ឆ្នាំ​ ១៩៨៩​។

លោក​បន្តថា ស្រាប់តែ​នៅ​ឆ្នាំ ២០០៩ រដ្ឋាភិបាល​បាន​ប្រកាស​ថា​ដី​ដែល​ពលរដ្ឋ​បាន​កាន់កាប់​ជា​ដី​របស់​រដ្ឋ និង​ប្រកាស​យក​ដី​ទាំងនោះ អភិវឌ្ឍ​ធ្វើជា​ស្ថានីយ​រថភ្លើង​ទៅវិញ​។

លោក​ ជា វ៉ាង បន្ថែម​ថា ពលរដ្ឋ​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​សុំ​តែ​ដំណោះស្រាយ​សមរម្យ និង​ធ្វើការ​អភិវឌ្ឍ​ដោយ​តម្លាភាព​តែប៉ុណ្ណោះ​។ ព្រោះ​បើ​តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​គឺ​គម្រោង​សាងសង់​ស្ថានីយ​រថភ្លើង​នេះ​ត្រូវការ​ដី​ប្រមាណ​ ១៥ ​ហិកតា​ប៉ុណ្ណោះ​។ ដូច្នេះ​គួរ​ណាស់​ប្រគល់​ដី​ដែល​នៅ​សេសសល់​ពី​ការអភិវឌ្ឍ​នេះ ជូន​ប្រជាពលរដ្ឋ​កាន់កាប់​វិញ​។

លោក​បញ្ជាក់ថា​៖ «​សុំ​ចេញប្លង់​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​មក ហើយ​ប្រសិនបើ​ប៉ះពាល់​ធ្វើ​រ៉ា​រថភ្លើង​ប៉ុន្មាន យក​តែ​ប៉ុណ្ណឹង​ទៅ ហើយ​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​វិញ ព្រោះ​ព័ត៌មាន​ការប៉ះពាល់​គម្រោង​នេះ​ប្រមាណ ១៥ ​ហិកតា​ទេ​។ ដល់​ទៅ​យក​ជាង​ ១០០ ​ហិកតា វា​នឹង​ចេញ​ជា​អ្វី​ទៀត​? កន្លងមក​ពលរដ្ឋ​គោរព​បាន​យ៉ាង​ល្អ ដោយ​មិនមាន​ការចូល​ទៅ​បង្កបង្កើនផល​រយៈពេល​ ១៤ ​ឆ្នាំ​មក​ហើយ ដូច្នេះ​ល្មម​ដល់​ពេល​គិតគូរ​ឲ្យ​ពលរដ្ឋ​វិញ​ហើយ​»​។

លោក​ សេង ឡូត និង​លោក​ ឡោ ដាវុធ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​។

បើ​តាម​លោក​ ហេង រដ្ឋា តំណាង ពលរដ្ឋ​ដែល​បាន​ចូលជួប​ជាមួយ​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឲ្យ​ដឹងថា អំឡុងពេល​តវ៉ា​របស់​ប្រជាពលរដ្ឋ​គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​តំណាង​ពលរដ្ឋ​ចំនួន​ ៤ ​នាក់​ចូលទៅ​ដាក់​ញត្តិ ដោយ​មន្ត្រី​ទទួល​ញត្តិ​បាន​សន្យា​ជាមួយ​ពលរដ្ឋ​ថា​នឹង​ដោះស្រាយ​ពន្លឿន​ករណី​នេះ​ឲ្យ​បាន​ឆាប់រហ័ស​។

លោក​ ហេង រដ្ឋា ក៏បាន​ថ្លែង​ដែរ​ថា ប្រជាពលរដ្ឋ​ទាំងអស់​នៅតែ​ប្រកាន់​ជំហរ​ក្នុង​ការប្រមូលផ្តុំ​គ្នាត​វ៉ា​ជាថ្មី​ទៀត និង​បន្ត​ការតវ៉ា​នៅ​សាលា​រាជធានី​ភ្នំពេញ និង​ផ្ទះ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បន្ត​ទៀត​ក្នុង​ករណី​ដែល​មិនមាន​ដំណោះស្រាយ​។

លោក​ ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍សែនជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ២៩ កក្កដា ថា​លោក​ពិបាក​ក្នុង​ការបកស្រាយ​ចំពោះ​បញ្ហា​នេះ​។ លោក​ឲ្យ​ដឹងថា ពលរដ្ឋ​ប្រមូល​គ្នា​តវ៉ា ព្រោះ​ដី​ទាំងនោះ​គឺជា​ដី​របស់​ពួកគាត់​កាន់កាប់​ជា​យូរ​ឆ្នាំ​មកហើយ​។ ទោះយ៉ាងណា​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ដាក់​ឯកសារ​ដែល​ពាក់ព័ន្ធ​មក​សាលាខណ្ឌ ដើម្បី​បន្ត​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​ក្នុងពេល​ខាងមុខ​។

លោក​បញ្ជាក់ថា​៖ «​គាត់​ទៅ​តវ៉ា​ហ្នឹង​ដើម្បី​ទៅ​ទាមទារ​ដី​របស់​ពួកគាត់​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​? យើង​មិន​ហ៊ាន និយាយ​អ្វី​ទេ រង់ចាំ​ដាក់​ពាក្យបណ្តឹង​មក​ដល់​សាលាខណ្ឌ​សិន​ដើម្បី​ឲ្យ​ដឹង​ពី​ប្រវត្តិ​នៃ​ដី​នេះ​ឲ្យ​បាន​ច្បាស់ ហើយ​ខ្ញុំ​មិនទាន់​ហ៊ាន​លម្អិត​អ្វី​ទេ​។ យើង​ចាំ​ឲ្យ​ពលរដ្ឋ បំភ្លឺ​ការតវ៉ា​ទៅ ហើយ​ចាំ​ឲ្យ​អភិបាល​ខណ្ឌ គាត់​មាន​វិធានការ​យ៉ាងណា​នោះ អភិបាលខណ្ឌ​គាត់​ជា​អ្នកសម្រេច​»៕