ភ្នំពេញៈ ចាប់ពី​ថ្ងៃ​ពុធ ទី​ ៣ ខែកុម្ភៈ តទៅ ពលរដ្ឋ​ដែលមាន​ចម្ងល់​ផ្នែក​ច្បាប់​ ឬ​ត្រូវការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​អាច​ទូរស័ព្ទ​សុំ​យោបល់​ដោយ​ឥតគិតថ្លៃ​ពី​ក្រុម​មេធាវី​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។ នេះ​បើតាម​សេចក្ដី​ជូនដំណឹង​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (CHRC) ​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​។

CHRC បាន​ជូនដំណឹង​ដល់​សាធារណៈជន​ថា គណៈកម្មាធិការ​នេះ​បានដាក់​ដំណើរការ​ «​កម្មវិធី​ប្រឹក្សា​ច្បាប់​តាម​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ​» ដោយមាន​មេធាវី​ជាច្រើនរូប​រង់ចាំ​ទទួល​ទូរស័ព្ទ និង​ឆ្លើយ​សំណួរ បកស្រាយ​ចម្ងល់​របស់​សាធារណជន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់​នានា​។

បើតាម​តារាងបញ្ជី​ឈ្មោះ​មេធាវី​ប្រចាំការ សេវា​ប្រឹក្សា​ផ្លូវច្បាប់​នេះ​ផ្ដល់​ជូន​ដល់​សាធារណជន​សម្រាប់​រយៈពេល​ពេញ​មួយ​សប្ដាហ៍ ដោយមាន​មេធាវី​ប្រចាំការ​ចំនួន​ពី ៥ នាក់ ទៅ ៦ ​នាក់​ជា​រៀងរាល់ថ្ងៃ​។ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​អាច​ចូលទៅ​កាន់​ផេក CHRC https://www.facebook.com/chrc.gov.kh ដើម្បី​យក​លេខ​ទូរស័ព្ទ​របស់​ក្រុម​មេធាវី​ដែល​ប្រចាំការ​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់ថា​៖ «​ក្រុម​មេធាវី​សិទ្ធិមនុស្ស​នៃ CHRC រីករាយ​ និង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការផ្ដល់​នូវ​ការប្រឹក្សា និង​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជូន​បងប្អូន​សាធារណជន​ដោយ​ឥត​គិតថ្លៃ និង​គ្រប់ពេលវេលា​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​»​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ CHRC បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្មវិធី​នេះ​គឺ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​មាន​ការបែងចែក​ក្រុម​អាទិភាព​នោះទេ​។ អ្នក​ដែល​អាច​ទូរស័ព្ទ​ទៅសុំ​ជំនួយ​ប្រឹក្សា​ផ្នែក​ច្បាប់​នេះ​គឺ​អ្នក​ដែលមាន​បញ្ហា​ក្ដីក្ដាំ​នៅ​តុលាការ​ខ្លួនឯង​ផ្ទាល់ ឬ​អ្នក​ដែល​មាន​បងប្អូន មិត្តភក្តិ​ដែលមាន​បញ្ហា​ផ្លូវច្បាប់​។ ចំណែក​សិស្ស​និស្សិត​ក៏​អាច​ទូរស័ព្ទ​ចូល​ដើម្បី​សាកសួរ​អំពី​ផ្លូវច្បាប់​បានដែរ​។

បើតាម​លោក ម៉ាលីន ការផ្ដល់​សេវា​ប្រឹក្សា​ផ្លូវច្បាប់​នេះ គឺជា​ការចូលរួម​របស់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ក្នុង​ការងារ​សង្គម ដោយសារតែ​ក្រុម​មេធាវី​ទាំងនេះ​ក៏​កំពុងតែ​ផ្ដល់ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​ដែល​រង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ផងដែរ​។ ពួកគេ​ផ្ដល់​ការប្រឹក្សា​ច្បាប់ សម្របសម្រួល​វិវាទ និង​ការពារក្ដី​នៅ​តុលាការ​ជាដើម​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​នេះ​ជា​ការពង្រីក​នូវ​ការងារ​របស់គាត់ ដើម្បី​ចូលរួម​កាន់តែ​ទូលំទូលាយ នៅក្នុង​ការងារ​សង្គម​ទាំងមូល​តែម្ដង​»​។

លោក អំ សំអាត នាយករង​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែងថា ការផ្ដល់សេវា​ប្រឹក្សា​ផ្នែកច្បាប់​នេះ គឺជា​ការចូល​រួមមួយ​ដល់​ការពង្រឹង​វិស័យ​ច្បាប់​នៅ​កម្ពុជា ដោយសារ​តែ​ប្រជាពលរដ្ឋ​ភាគច្រើន មិនសូវ​មាន​ការយល់ដឹង​ផ្នែក​ច្បាប់​ច្រើន​ទេ​។ កន្លងមក​ពួកគាត់​មិនដឹង​ទៅ​សួរ​ខាង​ណា​ទេ នៅពេល​មាន​កង្វល់​ផ្នែក​ច្បាប់​កើតឡើង​។ ពួកគាត់​ធ្លាប់​ទៅសុំ​ជំនួយ​ពី​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នកចេះដឹង​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​នៅពេល​គណៈកម្មការ​បង្កើត​ក្រុម​មេធាវី​ដើម្បី​ប្រឹក្សា​ផ្នែក​ច្បាប់​នេះ គឺជា​ជំនួយ​មួយ​សម្រាប់​ពលរដ្ឋ​។ ប៉ុន្តែ​គ្រាន់តែ​ថា យើង​ដឹង​ហើយ​ថា ការបង្កើត​ក្រុម​មេធាវី​របស់ CHRC ដូចជា​មាន​ចំនួន​តិច ហើយ​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន​។ ដូច្នេះ​ការខល​ចូល​សួរ​ប្រហែល​ជា​មិនទាន់បាន​តាមចិត្ត​ភ្លាមៗ​ទេ បើសិន​មាន​អ្នក​ទូរស័ព្ទ​សាកសួរ​ច្រើន​»​។

លោក​បន្តថា អ្វីដែល​សំខាន់​ដើម្បីឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​នីតិរដ្ឋ​បាន ទាល់តែ​មាន​ការធ្វើ​កំណែទម្រង់​លើ​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ឱ្យ​ល្អ និង​ធ្វើឱ្យ​ប្រព័ន្ធតុលាការ​ឯករាជ្យ​។ លើសពីនេះ​ទៀត គឺ​ត្រូវ​រក​មធ្យោបាយ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​ច្បាប់​នោះ​គឺជា​រឿង​ល្អ​បំផុត​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ដូច​យើង​ដឹង​ហើយ ច្បាប់​ស្រុក​យើង​ច្រើន ប៉ុន្តែ​ការផ្សព្វផ្សាយ និង​ការយល់ដឹង​របស់​ពល​រដ្ឋ​លើ​បញ្ហា​ផ្លូវច្បាប់ មាន​តិចតួច​ណាស់​។ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​រក​មធ្យោបាយ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​។ បើ​ពលរដ្ឋ​យល់ដឹង​ពី​បញ្ហា​ផ្លូវច្បាប់ វា​ជួយ​កាត់បន្ថយ [​ទង្វើ​ខុសច្បាប់​] ដោយសារ​ពួកគាត់​ដឹងថា ទង្វើ​របស់​ពួកគាត់​ខុសច្បាប់​។ បើ​ពួកគាត់​មិន​យល់ នោះ​ទង្វើ​របស់គាត់​មួយចំនួន​ក៏​គាត់​មិនដឹងថា វា​ជា​បទល្មើស​ផង​»៕

វីដេអូ៖