ភ្នំពេញៈ ប្រជាពលរដ្ឋជិត ៥០០ នាក់ ក្នុងស្រុកចំនួន ៣ នៃខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន លីយ៉ុងផាត់ អស់រយៈពេល ១២ ឆ្នាំមកនេះ បានឡើងមកតវ៉ា នៅមុខក្រសួងរៀបចំដែនដី កាលពីថ្ងៃពុធ ដើម្បីស្នើសុំឲ្យលោក ជា សុផារ៉ា ជួយអន្តរាគមន៍ឲ្យពួកគេបានដីមកធ្វើស្រែចម្ការវិញ ។
អ្នកស្រី ហេង សុគន្ធ ជាពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋទាំងនោះ ដែលកំពុងអង្គុយរង់ចាំដំណោះស្រាយនៅក្រោមម្លប់ ឈើ ជាប់របងក្រសួង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការឡើងមកពេលនេះ គឺដើម្បីតាមដានញត្តិដែលខ្លួនបានដាក់កាលពីពេលកន្លងទៅ ដើម្បីសុំឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីជួយដោះស្រាយបញ្ហាដីធ្លី។
អ្នកស្រីបន្តថា ជម្លោះនេះ បានកើតឡើងតាំងពីឆ្នាំ ២០០៦ ជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ ដោយអ្នកស្រីអះអាងថា ដីរបស់ពួកអ្នកស្រី ដែលត្រូវបានក្រុមហ៊ុនបណ្តេញ និងរុះរើផ្ទះរបស់ពួកអ្នកស្រី មិនឲ្យរស់នៅនិងមិនឲ្យបង្កបង្កើនផលតាំងពីឆ្នាំនោះមក។
អ្នកស្រីបញ្ជាក់ថា៖ «ពួកខ្ញុំ បានកាន់កាប់ដីនេះ តាំងពីឆ្នាំ ២០០២ ហើយមានអ្នកខ្លះ តាំងពីឆ្នាំ ១៩៩៥ រហូតឆ្នាំ ២០០៦ ទើបមានក្រុមហ៊ុន កោះកុងស៊ូហ្គើរអ៊ីនដាស្ទ្រីលខមភែនី បានចូលមកឈូសឆាយបំផ្លិចបំផ្លាញដល់ដំណាំជាច្រើនប្រភេទក្នុងចម្ការ ។ ខ្ញុំចង់ឲ្យក្រសួង ជួយប្រគល់ដីខ្ញុំត្រឡប់មកវិញ និងផ្តល់ជាសំណងខូចខាតដែលពួកខ្ញុំបានជួបកន្លងមក»។
ក្នុងអំឡុងពេលប្រមូលផ្តុំគ្នានៅមុខក្រសួង តំណាងពលរដ្ឋចំនួន១២នាក់បានចូលជួបចរចាជាមួយមន្ត្រីក្រសួងរៀបចំដែនដី ហើយក្រោយបញ្ចប់ការចរចា ពលរដ្ឋទាំងនោះ បានយល់ព្រមត្រឡប់ទៅវិញ និងអះអាងថា ប្រសិនបើករណីនេះ មិនអាចដោះស្រាយបានទេ ពួកគេនឹងឡើងមកតវ៉ាបន្តទៀត។ នេះបើតាម លោក ទិត្យ គុណ អាយុ ៤៦ ឆ្នាំ ជាពលរដ្ឋមានជម្លោះដីធ្លីម្នាក់ទៀត។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា ក្រោយជួបជាមួយតំណាងពលរដ្ឋ ១២ នាក់ រួចមក គឺប្រជាពលរដ្ឋយល់ព្រមត្រឡប់ទៅវិញ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការពិនិត្យអត្តសញ្ញាណរបស់ពួកគាត់។
លោកបញ្ជាក់ថា៖ «យន្តការការងារមានអស់ហើយ នៅតែធ្វើការងារសម្រួលតាមនីតិវិធី ពីក្រោមមក ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងថា ស្ថានភាពហ្នឹងវាយ៉ាងម៉េច?»។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយលោកស្រី មានប្រសាសន៍ថា កំពុងជាប់ប្រជុំ។
បើតាមប្រជាពលរដ្ឋមានជម្លោះដីធ្លី ជម្លោះនេះ កើតឡើងតាំងពីឆ្នាំ ២០០៦ ក្នុងស្រុកចំនួន ៣ គឺស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកបទុមសាគរ រវាងប្រជាពលរដ្ឋប្រមាណ ១២៤៧ គ្រួសារ ជាមួយក្រុមហ៊ុនស្ករអំពៅដែលគេដឹងថាជារបស់លោក លី យ៉ុងផាត់ លើផ្ទៃដីប្រមាណជាង ៣ ពាន់ហិកតា។ មិនមានប្រភពទាក់ទងតំណាងក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីសុំការបញ្ជាក់លើបញ្ហានេះបានទេ៕