The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពល​រដ្ឋ​មាន​វិវាទ​ដីធ្លី​មក​ពី ៥ ខេត្ត​ ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​

ពល​រដ្ឋ​មាន​វិវាទ​ដីធ្លី​មក​ពី ៥ ខេត្ត​ ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​

Content image - Phnom Penh Post
ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​វត្ត​បទុម​វតី្ត ដើម្បី​ដាក់ញត្តិ សូមឲ្យ​លោក​នាយករដ្ឋ​មន្ត្រី​ជួយ​អន្តរាគមន៍ កាលពីថ្ងៃម្សិលមិញ​​​។ ហេង ជីវ័ន

ពល​រដ្ឋ​មាន​វិវាទ​ដីធ្លី​មក​ពី ៥ ខេត្ត​ ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​

ភ្នំពេញៈ ប្រជាពលរដ្ឋ​ប្រមា​ណ​ជាង ៣០០ នាក់ មកពី​ខេត្ត​ចំនួន ៥ បាន​ប្រមូល​គ្នា​នៅមុខ​វត្ត​បទុមវត្តី កាល​ពី​ម្សិលមិញ ដើម្បី​ដាក់​ញត្តិ​ សូម​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​អន្តរាគមន៍ ឲ្យ​មាន​ការ​ដោះស្រាយ​​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់ ជាមួយ​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច ដែល​​បាន​បន្ត​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​មក​ហើយ។

ការ​ប្រមូលផ្តុំ​គ្នា​នេះ បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​ នៅ​ម៉ោង​ប្រមាណ ៧ ព្រឹក​ដោយ​ខ្លះ​បា​ន​ប្រមូលផ្តុំនៅក្រោម​ដើម​ពោធិ៍ ខ្លះ​ទៀត​ប្រមូល​ផ្តុំ​ក្បែរ​របង​សួនច្បារដោយ​ចែកជា​ក្រុមធំ​ៗ ទៅតាម​សហគមន៍​របស់​ពួកគេ ខណៈ​មាន​ពលរដ្ឋ​មួយចំនួន បា​ន​ស្រែក​ទាម​ទារ និង​លើក​បដា ក្នុងន័យ​ស្នើ​ឲ្យ​មាន​ការ​ ដោះ​ស្រាយ​​ជម្លោះ​ដីធ្លី​ដ៏រ៉ាំ​រ៉ៃ​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់។

បើតាមអង្គការ​​សង្គម​ស៊ីវិល ដែល​បាន​ស្រង់​តួលេខ​ពី​ប្រជា​​ពលរដ្ឋ​ទាំង ៥ ខេត្ត​នោះ បាន​ឲ្យ​ដឹងថា ពួកគេ​មកពី ៣០ សហគមន៍ ក្នុង​ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ​ និ​ង​​ខេត្តកណ្ដាល ដោយ​តំណាង​ឲ្យ​​ប្រជាពលរដ្ឋ ៧ ៦១៥ គ្រួសារ មាន​ជម្លោះដីធ្លី​សរុបចំនួន ១៦ ២៧៩,៦៤ ហិក​តាជាមួ​យ​​​ក្រុមហ៊ុន​ឯកជន អ្នកមាន​អំណាច ឈ្មួញ ក្រោម​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ដូច​ជា ដី​សម្បទាន​សេដ្ឋ​កិច្ច​ប្រព័ន្ធ​ធារាសាស្ត្រ សម្បទាន​សង្គមកិច្ច។

ប្រជាពលរដ្ឋ​ម្នាក់ ដែល​កំពុង​ឈរ​តវ៉ា​ក្នុងចំណោម​ពលរដ្ឋ​ដទៃ​ទៀត អ្នកស្រី ខៀ​ច សារុន មក​ពី​ខេត្តស្វាយរៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា ការលើក​គ្នា​មក​ដាក់​ញត្តិ​លើក​នេះ​របស់​ពួកលោក​មិនមែនជា​រឿង​ថ្មី​នោះ​​ទេ​ ព្រោះ​ពួកគេ​បាន​ស្វែង​រក​​អន្តរា​គម​ន៍និង​ដាក់​ញត្តិ​ម​ក​កាន់ស្ថាប័នពាក់ព័ន្ធ​ជា​ច្រើ​ន​ដ​ង​រួចមកហើយ។ អ្នកស្រី​បន្តថា ចំពោះ​ការ​ឡើង​មក​ព្រមៗ​គ្នា​នៅថ្ងៃ​នេះវាជា​រឿង​ចៃដ​ន្យ​រប​ស់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដូច​គ្នាដែ​ល​​បាន​ជួបគ្នា​ទាំង ៥ ខេត្ត ​ក្នុង​ចេត​នា​តែមួយ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី។

ស្ត្រីវ័យ​ជិត ៤០ ឆ្នាំរូបនេះ បាន​អះ​អាង​ថា បើទោះ​ជា​ពួក​គាត់មាន​ជម្លោះ និង​មាន​បញ្ហា​ជាមួយ​បុគ្គល នៅ​តំបន់ផ្សេងៗ ​គ្នា ប៉ុន្តែ​ជារួមបញ្ហា​ដែល​កើត​មាន ​គឺ​សុទ្ធតែជាប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បាត់​បង់​ដីធ្លី​។ ដូច្នេះអ្នកស្រី​រំពឹងថា រដ្ឋា​ភិបា​លនឹង​ជួយ​អន្តរាគម​ន៍​ដោះស្រាយ​ឲ្យ​​ពួក​អ្នក​ស្រី​ឲ្យ​បាន​ដី​សម្រា​ប់​​ប្រើប្រាស់ និង​អាស្រ័យ​ផល ដើម្បី​ស្តារជីវភាព​ឲ្យបាន​ល្អ​ប្រសើរ​ឡើង​វិញ។

អ្នកស្រី​បញ្ជាក់ថា៖ «ជម្លោះ​របស់​ពួក​ខ្ញុំបានកើត​ឡើង​​តាំង​ពីឆ្នាំ ២០១០ ជាមួយ​ក្រុម​ហ៊ុន NK ventures ប៉ះពាល់​ជាង ៤៤០ គ្រួសារចំនួន​ដី ៦៧​០ ហិកតា ដែល​នេះ​តែ​បញ្ហា​របស់​សហគមន៍រ​បស់​ខ្ញុំប៉ុន្តែ​ក្នុង​ខេត្ត​​ស្វាយរៀងមាន​សហគមន៍​ផ្សេង​ៗ​ទៀត ដែល​មាន​ផលប៉ះ​ពាល់​ជាមួយ​ក្រុម​ហ៊ុន​ផ្សេងៗ​គ្នា។ និយាយ​ទៅ​ថ្ងៃ​នេះ ពួក​ខ្ញុំមក​ក្តៅ​ហើយព្រោះ​វា ១០ ឆ្នាំ​ហើ​យ ​សម្រាប់​ពួក​ខ្ញុំ ដែល​ពួកគាត់ ​(មន្ត្រី​រដ្ឋាភិបាល) នៅ​ដេក​ម៉ា​ស៊ី​នត្រជាក់មិន​ដឹងថា​ ពួក​ខ្ញុំ​វេទនា​ប៉ុនណា​ទេ»។

ចំណែក​លោក សែម សាង ជា​ពលរដ្ឋ​ម្នាក់ទៀត​ ដែល​មាន​ជម្លោះដីធ្លី​មកពី​ខេត្ត​ត្បូង​ឃ្មុំ បា​ន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ដែរ​​ថា​ ជម្លោះ​ដីធ្លី​របស់​ពួក​លោ​ក​ បាន​បន្ត​អូ​សប​ន្លាយ​ដោយ​គ្មា​ន​​ដំណោះស្រាយ​ប្រមាណ​ជា ១​០ ឆ្នាំ​មកហើយ​ ខណៈ​មាន​ពល​រដ្ឋ​​ដទៃទៀតដែល​មក​តវ៉ា​ក្នុង​ពេ​ល​នេះ ពួកគេក៏មាន​ជម្លោះ​​​​​​ដីធ្លី​ជា​មួយ​អ្នក​មានអំណាច និង​អ្នក​មាន​លុយ​ជា​យូរ​ឆ្នាំ​មក​ផងដែរ។

លោក​បន្តថា ចំណែក​ការ​ស្វែង​​​រក​​កិច្ច​អន្តរា​គម​ន៍ក៏​ហាក់​គ្មាន​សង្ឃឹ​​ម​ទៅទៀត ព្រោះ​ស្ទើរ​​តែ​គ្រប់​ស្ថាប័នហាក់​មិន​មាន​ដំណោះស្រាយ​ដល់​​ប្រជា​ពល​រដ្ឋ​​សោះខណៈ ​«ពួក​អ្នក​មាន​អំណាច មាន​លុយបន្ត​សោយ​សុខ គ្មាន​​អើ​ពើ​នឹង​ទុក្ខលំបាក​របស់​ពល​រដ្ឋ​ក្រីក្រ​ដូចជា​ពួកខ្ញុំ»។

Content image - Phnom Penh Post
ពល​រដ្ឋ​មាន​វិវាទ​ដី​ធ្លី​មក​ពី ​៥ ខេត្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដាក់​ញត្តិ​នៅ​មុខ​វត្ត​បទុម​កាលពីម្សិល​មិញ​​​។ ហេង ជីវ័ន

លោក​​និយាយ​ក្នុង​សំឡេង​ឡើង​​អួល​ដើម​ក​ថា៖ «សម្រាប់​ពលរដ្ឋ​ពួក​ខ្ញុំចង់​ឲ្យ​សម្តេច​ជួ​យ​ដោះស្រាយជាមួយ​អ្នកមាន​លុ​យ ​អ្នកមានអំណាចជា​ឧក​ញ៉ា​ហ្នឹ​ង នៅ​ស្រុក​តំបែរ​ហ្នឹង ​រំលោភ​យក​ជាង ៥០០ ហិកតា​ ដែល​មិនបាន​ដោះ​រហូត​ចាប់ពី​ឆ្នាំ ២០០៤ រហូតមកដល់​ឆ្នាំ ២០១៩។ ខ្ញុំ​គិត​ទៅ ខ្ញុំ​មិនមាន​ជំនឿ​អី​ទេ​ ដោយសារតែ​យើង​មក​ច្រើនដង​ហើយ សូម្បីតែ​ពួក​ខ្ញុំ​មក​តវ៉ា​ហ្នឹង ក៏​បិទ​សិទ្ធិ​​សេរីភាព​ពួក​ខ្ញុំ​ទៀត»។

បើទោះជា​យ៉ាងណាក្នុង​អំឡុ​​ង​ពេល​​ពល​រដ្ឋ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ កា​លពី​ម្សិលមិញ ក៏មាន​ការ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​ផងដែរ ព្រោះ​ប្រជា​ពលរដ្ឋ​បាន​នាំគ្នា​ស្រែក​តវ៉ា​តាម​មេក្រូ ដោយ​ព្យាយាម​ដើរដោយ​ថ្មើរ​ជើង​ពីមុខ​វត្ត​បទុមវតី ទៅកាន់​ស្ថា​​ប័ន​នានា ដែល​ពួកគេ​ចង់​ដាក់​ញត្តិ ដូចជា​ក្រសួង​រៀបចំ​ដែន​ដី រដ្ឋសភា​ជាដើម ប៉ុន្តែ​ត្រូវបាន​រារាំង​ពី​សំណាក់​អាជ្ញាធរ​ដោ​យ​សំអាង​ថា ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក គង់ ចំរើន មន្ត្រី​ទទួល​ញត្តិ ​នៅ​ខុ​ទ្ទ​កាល័យ​លោក ហ៊ុ​ន សែន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃម្សិលមិញ​ថា ដោយសារតែ​ខ្លាច​ប៉ះពាល់​ដល់​សណ្តា​​​​ប់​ធ្នា​ប់​​សាធារណៈអា​ជ្ញា​​ធរ​បាន​សម្រប​សម្រួលដោយ​អ​ញ្ជើ​ញ​តំណា​ង​​ស្ថាប័ន​នានាដែល​ប្រជា​ពលរ​ដ្ឋ​​ទាំងនោះ ចង់​ប្រគល់​ញត្តិ​ជូន​ឲ្យ​មក​ទទួល​ញត្តិ​។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ នៅតែ​ជ​ម្នះ ចង់​ដើរ​ដង្ហែញត្តិ​ដោយ​ថ្មើរ​ជើង ដូ​ច្នេះ អាជ្ញាធរ​ត្រូវតែ​រារាំង។

លោក​បានបញ្ជាក់ថា៖ «ការ​អះអាងថា​ ជម្លោះ​របស់​ពួកគាត់​យូរ​ឆ្នាំ​ហើ​យ ប៉ុន្តែ​យើង​មិន​ដឹង​ថា ភាព​ពិត​ប្រាកដ​របស់​ពួក​គាត់​យ៉ាង​ម៉េច​ដែរ បើ​ពួកគាត់​មក​ដាក់​ញត្តិ​ប្រៀប​ដូចជា​មក​ច្រៀង​អ៊ីចឹង»។

លោក ថេ​ង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC) បានលើកឡើង​ពី​ម្សិល​មិ​ញ​​ថា ករណី​ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ​ទាំង៥ ខេត្ត​នេះ បើសិនជារាជ​រដ្ឋាភិបាល មាន​ឆន្ទៈ​ពិតប្រាកដ​​ចង់​ដោះ​ស្រា​យ​មែន នោះ​បញ្ហា​នឹង​ត្រូវបាន​ដោះ​ស្រា​យ​​​បញ្ចប់ ដោយ​នឹងមិន​បន្ត​អូសបន្លាយ​រហូតដល់​បច្ចុប្បន្ន​នោះ​ទេ។

លោក​​បាន​អំពាវនាវ​ឲ្យ​រដ្ឋា​​ភិបាល ជាពិសេស​មន្ត្រី​ពាក់​ព័ន្ធ​គ្រប់​ជាន់ថ្នាក់ គួរតែ​ចូលរួម​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ទាំងនេះ ឲ្យ​បាន​ឆាប់រហ័ស ចៀស​វាង​កើត​មាន​នូវ​បាតុភាព​ផ្សេងៗ។

លោក​បញ្ជាក់ថា​៖ «បញ្ហា​ទាំង​អស់​នេះ ដោយ​សារ​តែ​អាជ្ញាធរ បណ្តែត​បណ្តាយ​ក្នុង​ការ​ដោះ​ស្រាយ ហើយ​ឆន្ទៈ​របស់​ថ្នាក់​ជាតិនិង​ថ្នាក់​ខេត្ត​ហ្នឹង ហា​ក់​មិន​ចង់​ដោះស្រាយ​ឲ្យ​បាន​ដាច់​​​ស្រេចដែល​ធ្វើ​ឲ្យ​បញ្ហា​នៅ​​តែអូស​បន្លាយ ហើយ​យើង​ចង់​​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់ ព្រោះមិន​ចង់​ឲ្យ​ពលរដ្ឋ​គាត់​ឡើង​មក​តាម​ដាន ឬធ្វើ​ការ​តវ៉ា​នៅភ្នំ​ពេញ​ទេ នាំឲ្យ​ខាតបង់​ពេល​វេលា​នៃការ​រក​ស៊ី​​របស់​ពួកគាត់»។

លោក សាវឿ​ន មាន​ក្តី​បារម្ភ​ថា​៖ «បើសិន​ជា​នៅ​តែ​អូសប​ន្លាយការ​តវ៉ា​របស់​ពួក​គាត់ អាច​កើន​ឡើង​ជាង​មុន សម្រាប់​ពួក​គាត់​ដែល​រង​ផល​ប៉ះ​ពាល់។ មួយ​ទៀត វា​ក៏​អាច​ធ្វើ​ឲ្យជីវភាព​ពួក​គាត់​កាន់​តែថម​ថយ មាន​ភាព​លំបាក​បន្ថែ​ម​ទៀត ព្រោះតែ​គ្មាន​ដីបង្ក​បង្កើន​ផល ហើយ​គ្មាន​ជម្រើស​ធ្វើ​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន»៕

អត្ថបទគួរចាប់អារម្មណ៍