ព្រះសីហនុៈ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៥ ខែមករា បាន​រុះរើ​តូប​នៅតាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ ១ និង​អូរត្រេះ​ ២ អស់ទាំង​ស្រុង​ចំនួន​ ១៥៦ ​តូប​ដើម្បី​រក្សា​ឆ្នេរ​នេះ​ជា​សម្បត្ដិ​សាធារណៈ​ និង​រៀបចំ​សោភណភាព​ឆ្នេរ​ឡើងវិញ ដោយ​ធ្វើឲ្យ​អាជីវករ​ម្ចាស់​តូប​ទាំងអស់​ដែល​បើក​ដំណើរការ​រយៈពេល ២០ ​ឆ្នាំ​មក​ហើយ​នោះ​សម្ដែង​ការសោកស្ដាយ និង​គ្រោង​ឡើង​មក​តវ៉ា​រក​ដំណោះស្រាយ​ពី​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ការរុះរើ​តូប​ទាំងអស់​សរុប​មាន​ ២៨២ ​តូប​​ ទាំង​នៅ​ឆ្នេរ​អូរត្រេះ​ ១ និង​អូរត្រេះ​ ២ និង​ឆ្នេរ​អូរឈើទាល​។ អាជ្ញាធរ​ខេត្ដ​ក្រុងព្រះសីហនុ​បាន​ចុះ​រុះរើ​អស់​ទាំង​ស្រុង​កាលពី​ថ្ងៃទី​ ១៥ ខែ​មករា​ហើយ​បច្ចុប្បន្ន​ក្រុមការងារ រដ្ឋបាល​ខេត្ដ​កំពុង​បន្ដ​សម្អាត​ឆ្នេរ យក​កាកសំណល់​ផ្សេងៗ​ចេញ​ពី​ទីតាំង​។

លោក​ថ្លែងថា​៖ «​ផែនការ​បន្ទាប់​នៅតាម​តំបន់ឆ្នេរ​ដែល​បាន​រុះរើ​តូប​ចេញ​នេះ រដ្ឋបាល​ខេត្ដ​នឹង​រៀបចំ​សោភណភាព​ឆ្នេរ​ទាំង​ឆ្នេរ​អូរត្រេះ​នេះ និង​ឆ្នេរ​អូរ​ឈើទាល​ ២ [​អតីត​អារីស្ដុន​] ​ឡើងវិញ​ឱ្យ​ស័ក្តិសម​ជា​ឆ្នេរ​ស្អាត​ជាប់​ចំណាត់ថ្នាក់​នៅលើ​ពិភពលោក​»​។

ទាក់ទង​នឹង​ការរុះរើ​តូប​នេះ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​ប្រជាពលរដ្ឋ​តាំងពី​ដើម​ខែ​ធ្នូ ឆ្នាំ​ ២០១៩ រហូតដល់​ថ្ងៃទី​ ១៣ ខែ​មករា ដោយបាន​ស្នើ​ពលរដ្ឋ​អាជីវករ​ដែល​មាន​តូប​លក់ដូរ​នៅតាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​មួយ​ចំនួន​ដែល​មិនទាន់​រុះរើ​តូប​ត្រូវ​សហការ​រុះរើ​តូប​ចេញ​ដោយ​ខ្លួនឯង ខណៈ​ដែល​ពលរដ្ឋ​មួយ​ចំនួន​ធំ​មាន​តូប​នៅ​ឆ្នេរ​អូរ​ឈើទាល​បាន​យល់ព្រម​រុះរើ​តាម​សន្ដិវិធី​។

ប៉ុន្ដែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ឆ្នេរ​អូត្រេះ​មិន​បាន​សហការ និង​បាន​នាំគ្នា​តវ៉ា​ស្នើឱ្យ​លោក​ គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​រក​ដំណោះស្រាយ​ណាមួយ​ឱ្យ​ពួកគាត់​ដោយ​ពួកគាត់​អះអាង​ថា តូប​នេះ​ជា​ឆ្នាំងបាយ​របស់​ពួកគាត់ និង​បាន​មក​ប្រកបរបរ​ជិត​ ២០ ​ឆ្នាំ​កន្លង​មក​ហើយ​។

លោក​ ទី អៀន អាជីវករ​ម្នាក់​មាន​តូប​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ​សម្ដែង​ការសោកស្ដាយ​ក្រោយ​រដ្ឋបាល​ខេត្ដ​ប្រកាន់​គោលជំហរ​តម្រូវ​ឱ្យ​អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ​ទាំង​ ៦២ ​តូប​រុះ​រើចេញ​ទាំង​មិនមាន​សំណង​ ឬ​ដំណោះស្រាយ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់​រួម​នឹង​បងប្អូន​អាជីវករ​ដែល​រងគ្រោះ​ពី​ការឈូសឆាយ​នេះ ពួកខ្ញុំ​ពិតជា​មាន​ការរន្ធត់​ដែល​ថ្នាក់ដឹកនាំ​ខេត្ដ​គាត់​ប្រកាន់​ជំហរ​ដាច់ខាត​ត្រូវតែ​អនុវត្ដ​ការរុះរើ​តូប​លក់ដូ​របស់​ពលរដ្ឋ​»​។

លោក អៀន ​បញ្ជាក់​ថា​៖ «​ប៉ុន្ដែ​អ្វីដែល​អនុវត្ដ​នោះ​គឺ​បាន​អនុវត្ដ​តែ​ប្រជាពលរដ្ឋ​ទេ​សម្រាប់​អ្នកមាន អំណាច​គឺ​រដ្ឋបាល​ខេត្ដ​អត់​ហ៊ាន​ប៉ះ​តែម្ដង​។ ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​មួយរូប​មិន​ដែល​ប្រឆាំង​ទេ​ចំពោះ​ការអនុវត្ដ​របស់​ប្រទេសជាតិ ហើយ​ក៏​ជា​ពលរដ្ឋ​ដែល​គោរព​តាម​មាគ៌ា​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី​»​។

លោក​បន្ថែមថា ក្នុង​ការអនុវត្ដ​រុះរើ​តូប​តាម​បណ្ដោយ​ឆ្នេរអូត្រេះ​មាន​សំណង់​ ២ ​ទីតាំង​ដែល​បាន​សាងសង់​ឡើង​តាម​បណ្ដោយ​ឆ្នេរ​នោះ​មិន​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ឡើយ​ដោយ​បញ្ជាក់​ថា​ជា​សំណង់​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។

លោក​ថា​៖ «​យើងខ្ញុំ​ទាំងអស់​គ្នា​អត់​បោះបង់​ការតស៊ូ​ទេ ពួកយើង​ទាំងអស់​គ្នា​នឹង​ប្រមូលផ្ដុំ​គ្នា​ទៅ​តវ៉ា​នៅ​ភ្នំពេញ​ទៀត​ទៅ​ក្រសួង​មហាផ្ទៃ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ក្នុងពេល​ឆាប់ៗ​នេះ ព្រោះ​យើង​មិន​អាច​ទុក​យូរ​បាន​ទេ​រឿងនេះ​។ អាជីវករ​ដែល​រង​ការប៉ះពាល់​នៅ​តំបន់ឆ្នេរ​អូរត្រេះ​នេះ​នឹង​ឡើង​ទៅ​តវ៉ា​ទាំងអស់គ្នា​»​។

លោកស្រី​ ជៀប សុធារី មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​ (​អាដហុក​) ​ប្រចាំ​ខេត្ដ​ព្រះសីហនុ​ស្នើឱ្យ​អាជ្ញាធរ​គួរតែ​ផ្ដល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ ក្នុង​នោះ​មាន​អាជីវករ​មួយ​ចំនួន​ខ្ចីលុយ​ពី​ធនាគារ​រាប់ម៉ឺន​ដុល្លារ​មក​កសាង​តូប​នេះ​។

លោកស្រី​ថ្លែងថា​៖ «​ពលរដ្ឋ​ជា​អាជីវករ​បាន​ចំណាយ​ថវិកា​អស់​ច្រើនណាស់​ក្នុង​ការកសាង​តូប​លក់ដូរ​នេះ​ឡើង​។ ពួកគាត់​សុទ្ធតែ​ដឹងថា​ឆ្នេរ​នេះ ជា​សម្បត្ដិ​របស់​រដ្ឋ ប៉ុន្ដែ​ពួកគាត់​លក់ដូរ​នេះ​ពួកគាត់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ថ្លៃ​អនាម័យ​ជាដើម​ទៅ​ដល់​រដ្ឋបាល​ក្រុង​»៕

វីដេអូ៖