បន្ទាយមានជ័យៈ ពលរដ្ឋប្រមាណជាង ២០ គ្រួសារ មកពីឃុំភូមិថ្មី ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យកាលពីថ្ងៃ ២៥ ឧសភា បានហាមក្រុមហ៊ុនទឹកស្អាត ម៉ី គឹមសុខ មិនឲ្យបូមទឹកពីស្រះជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចោទក្រុមហ៊ុនថា មិនគោរពពាក្យសន្យា ស្របពេលដែលអាជ្ញាធរក៏បានឱ្យក្រុមហ៊ុននេះផ្អាកបូមទឹកនេះសិន។
លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមហ៊ុនទឹកស្អាតនេះបានសន្យាជាមួយពលរដ្ឋបូមទឹកពីអាង ១ កន្លែង ហើយថានឹងកែប្រែអាងទឹកនេះដោយបិទទំនប់ទឹក និងជីកអាងឱ្យជ្រៅដើម្បីយកទឹកមកផ្គត់ផ្គង់។ ប៉ុន្តែ ៣ ឆ្នាំមកនេះ ក្រុមហ៊ុនមិនបានធ្វើតាមសន្យា។ ដល់ពេលអាង ក្រុមហ៊ុនទឹកស្អាតរីង ក្រុមហ៊ុនបានមកសុំមេឃុំភូមិថ្មី ដើម្បីបូមទឹកក្នុងស្រះ ប៉ុន្តែពលរដ្ឋមិនព្រម។
លោក ឌៀប ឈួន បញ្ជាក់ថា៖ «អ៊ីចឹងបានខ្ញុំពីម្សិលមិញហ្នឹងទៅជួបជុំប្រជុំគ្នាហ្នឹង គឺថា បើក្រុមហ៊ុនគាត់បូមអាហ្នឹងហើយ ផ្អាកទៅមិនអាចមកបូមស្រះដែលសម្តេចជីកសម្រាប់ពលរដ្ឋទេ។ រឿងហ្នឹងពលរដ្ឋគាត់អត់ឱ្យ»។ «[ក្រុមហ៊ុន] អត់ទាន់បានបូមទេ រាយទុយោមកអស់ហើយបានពលរដ្ឋគាត់តវ៉ា។ ពលរដ្ឋគេមិនឱ្យបូម»។
លោក ឌៀប ឈួន ថា ក្រុមហ៊ុន បានសុំទៅមេឃុំភូមិថ្មីដើម្បីបូមទឹកស្រះ។ ក្រោយមកមេឃុំបានមកជួបលោកហើយលោកក៏ប្រាប់មេឃុំថារឿងធ្វើអាជីវកម្មមានការផ្លាស់ប្តូរយ៉ាងម៉េចត្រូវមើលកិច្ចសន្យា។ប៉ុន្តែលោកមិនជំទាស់ចំពោះការផ្លាស់ប្តូរកិច្ចសន្យាទេឱ្យតែពលរដ្ឋឯកភាព។
លោកបានបន្ថែមថា៖ «បើពលរដ្ឋគាត់ឯកភាពអាហ្នឹងវាចប់រឿងហើយ។ ប៉ុន្តែ ដល់ពលរដ្ឋគាត់អត់ឯកភាព។ គាត់អត់ឯកភាពម៉េច ឧទាហរណ៍ថា ឥឡូវស្រះ [អាង] ដែលគាត់ធ្វើអាជីវកម្មហ្នឹងវារីងអស់ហើយ អ៊ីចឹងគាត់មកបន្តធ្វើអាស្រះ ១ ទៀត។ ដល់អាស្រះ ១ ទៀតរីងទៀត ពួកគាត់បានអី»។
បើតាមលោក ឌៀប ឈួន ស្រះនេះមានទំហំ ១០០ ម៉ែត្រគុណនឹង ១០០ ម៉ែត្រ និងជម្រៅ ៦ ម៉ែត្រ។ ប៉ុន្តែ ឥឡូវនេះ ជម្រៅស្រះនេះមានកន្លែងខ្លះនៅសល់ ១ ម៉ែត្រ និងកន្លែងខ្លះសល់កន្លះម៉ែត្រ។ រីឯពលរដ្ឋប្រើទឹកស្រះនេះមានប្រមាណពី ៧០០ ទៅ ៨០០ គ្រួសារ។
លោក ប៊ុន វាសនា មេឃុំភូមិថ្មី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឃុំមិនបានឲ្យបូមទឹកស្រះនេះទេ ឯការរៀបចំទុយោគឺនៅឆ្ងាយពីស្រះតែពេលឃើញរាយទុយោដូច្នេះ ពលរដ្ឋក៏តវ៉ា។
លោកបានបញ្ជាក់ថា៖ «អត់មានការអនុញ្ញាតពីខ្ញុំ ចេញលិខិត អនុញ្ញាតអ៊ីចឹងៗអត់មានទេ។ ហ្វេសប៊ុកហ្នឹងគ្រាន់ថា គាត់និយាយហ្នឹង គាត់បំផ្លើសខ្ញុំពេក។អាជ្ញាធរខ្ញុំអត់មានអ៊ីចឹងទេ»។
បើតាមលោក ប៊ុន វាសនា ក្រុមហ៊ុនដាក់ទុយោទុកមុន ក្នុងករណីមានការអនុញ្ញាតគឺក្រុមហ៊ុននឹងបូមទឹកភ្លាម។ តែបើមិនទាន់មានដំណោះស្រាយក្រុមហ៊ុននឹងដកទុយោនេះវិញ។
លោក ម៉ី គឹមសុខ ប្រធានក្រុមហ៊ុនទឹកស្អាត ម៉ី គឹមសុខ បានថ្លែងថា លោកបានស្នើមេឃុំភូមិថ្មីដើម្បី សម្របសម្រួលសុំបូមទឹកស្រះនេះ ប៉ុន្តែមិនទាន់មានការអនុញ្ញាត ទេហើយលោកបានរាយទុយោបាន ១ ដុំ ប៉ុន្តែពលរដ្ឋនាំគ្នាតវ៉ា។
លោក ម៉ី គឹមសុខ ថា៖ «ខ្ញុំគ្រាន់តែយកទុយោទៅរាយទៅពលរដ្ឋថាមិនបាច់ទាន់រាយទេ។ ខ្ញុំក៏ផ្អកទៅ»។
ចំពោះកិច្ចសន្យាកែប្រែអាង លោក ម៉ី គឹមសុខ បានប្រាប់ថា ដំបូងលោកគ្រាន់តែនិយាយជាមួយពលរដ្ឋទេ តែមិនបានចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេពីព្រោះឆ្នាំមុនៗទឹកអាងមិនដែលខះ តែឆ្នាំនេះខះ។ ទោះជាយ៉ាងណា លោកថា នឹងកាយអាងនេះបន្ថែមទៀត។
លោកថា៖ «ដល់វាខះទៅហើយទឹកវាមិនគ្រប់គ្រាន់ បានខ្ញុំចង់ស្នើមេឃុំ និងស្រុកអីហ្នឹង ស្នើសុំជួយ សម្របសម្រួលពលរដ្ឋសាកលមើលត្រូវអត់។បើសិនត្រូវ ខ្ញុំទៅយក បើសិនមិនត្រូវទេមានតែរកវិធីបុកអណ្តូង»៕