ភ្នំពេញ៖ ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​មួយ​ចំនួន បាន​ត្អូញត្អែរ​ជុំវិញ​ការ​មិន​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ និង​ស្បៀង​បរិភោគ ក្នុង​អំឡុង​ពេល​តំបន់​របស់​ពួក​គេ ត្រូវ​បាន​បិទ​ខ្ទប់​ទាំង​ស្រុង។ ប៉ុន្តែ​មន្ត្រី​បាន​អះអាង​ថា អាជ្ញាធរ​កំពុង​តែ​ធ្វើ​ការ​ដោះស្រាយ និង​បាន​ផ្តល់​អំណោយ​ជូន​ពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត​ជា​បន្តបន្ទាប់។

រូបថត ២ ទៅ ៣ សន្លឹក បង្ហាញ​ពី​ស្ត្រី​ម្នាក់ ដែល​ទទួល​បាន​អំណោយ​សម្បុរសធម៌​ពី​លោក​នាយក​រដ្ឋមន្ត្រី ដោយ​មាន​ជា​អង្ករ ទឹកត្រី និង​ថវិកា ឈរ​ថត​នៅ​ពី​មុខ​ផ្ទះ​ដោយ​មាន​របង​ដ៏​ធំ​ស្កឹមស្កៃ ជាមួយ​នឹង​រថយន្ត​ទំនើប​នៅ​ពី​ក្រោយ ត្រូវ​បាន​អ្នក​លេង​បណ្តាញ​សង្គម​ចែក​ចាយ​តៗ​គ្នា ជាមួយ​នឹង​សារ​រិះគន់​ផ្សេង។ ក្នុង​នោះ ក៏​មាន​អ្នក​ខ្លះ បាន​លើក​ឡើង​ថា តំបន់​របស់​ពួក​គាត់ ដែល​សុទ្ធ​តែ​ជា​កម្មករ ក្រខ្សត់​មិន​ដែល​ទទួល​បាន​អំណោយ​ទាំង​នេះ​នោះ​ទេ ចាប់​តាំង​ពី​តំបន់​របស់​ពួក​គេ​ត្រូវ​បាន​បិទ​ខ្ទប់ ប៉ុន្តែ​អ្នក​មាន​ជីវភាព​ធូរធា​ខ្លះ​បែរ​ជា​ទទួល​បាន​អំណោយ​ទៅ​វិញ។

ក្រៅ​ពី​សារ​បង្ហោះ​ទាំង​នេះ ក៏​មាន​ពលរដ្ឋ​ជា​ច្រើន​ទៀត បាន​បង្ហោះ​ជា​វីដេអូ ជុំវិញ​បញ្ហា​ដែល​ពួក​គេ​មិន​មាន​ស្បៀង​ហូប​គ្រប់គ្រាន់ ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​តំបន់​ដែល​ពួក​គេ​កំពុង​រស់នៅ ដោយ​ពួក​គេ​អំពាវនាវ​ដល់​រដ្ឋាភិបាល ជា​ពិសេស​អាជ្ញាធរ​ដែនដី គួរ​ផ្តល់​ជា​ស្បៀង​អាហារ​ដល់​ពួក​គេ​ដែល​កំពុង​មាន​ការ​ខ្វះខាត ដើម្បី​អាច​មាន​លទ្ធភាព ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ជាមួយ​រដ្ឋាភិបាល។

កម្មករ​សំណង់ រស់នៅ​ក្នុង​បន្ទប់​ជួល​ក្នុង​ភូមិ​ទ្រុង​មាន់ សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​បិទ​ខ្ទប់​តាំង​ពី​ថ្ងៃទី ៩ មេសា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៨ ខែ​មេសា​នេះ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ភូមិ​ទ្រុងមាន់ នឹង​បន្ត​បិទ​ខ្ទប់​បន្ត​ទៀត ជាង ១ សប្តាហ៍ បន្ទាប់​ពី​ត្រូវ​បាន​បិទ​ខ្ទប់​ជិត ២ សប្តាហ៍​រួច​មក​ហើយ។

លោក​បន្ត​ថា អំឡុង​ពេល​ប្រកាស​បិទ​ខ្ទប់​ដំបូង លោក និង​អ្នក​ភូមិ​ដែល​ខ្វះខាត​ដទៃ​ទៀត មាន​ក្តី​សប្បាយ​រីករាយ បន្ទាប់​ពី​បាន​ទទួល​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា នឹង​ទទួល​បាន​ស្បៀង និង​ថវិកា សម្រាប់​ទ្រទ្រង់​ជីវភាព ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គឺ​មិន​ដែល​ទទួល​បាន​នោះ​ទេ។

លោក​បាន​រៀបរាប់​ថា៖ «ពួក​យើង​នៅ​ទីនេះ កំពុង​ខ្វះខាត​ច្រើន ព្រោះ​អ្នក​នៅ​ទីនេះ ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ កម្មករ​សំណង់ ជួល​ផ្ទះ​គេ​នៅ។ យើង​ខ្វះខាត​ច្រើន​ណាស់ ហើយ​មិន​អាច​ចេញ​ទៅ​ណា​បាន​ទេ។ ពេល​សម្តេច​មាន​ប្រសាសន៍​ថា មាន​អំណោយ​មាន​អី យើង​សប្បាយ​ណាស់ តែ​មិន​ឃើញ​សោះ។ យើង​កំពុង​ទន្ទឹង​រង់ចាំ​អំណោយ​ពី​សម្តេច»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត ដែល​រស់នៅ​ក្នុង​ខណ្ឌមានជ័យ ក៏​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរ​ថា មាន​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន ក្នុង​ភូមិ​របស់​លោក​បាន​ទទួល​អំណោយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ស្រប​ពេល​ដែល​មាន​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​មិន​ទាន់​ទទួល​បាន​នោះ​ទេ។

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយចែកដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកមិញ។ រដ្ឋបាលរាជធានីភ្នំពេញ

លោក​បន្ត​ថា លោក​ក៏​កំពុង​ទន្ទឹង​រង់ចាំ​អំណោយ​ទាំង​នេះ ស្រប​ពេល​ដែល​ស្ថានភាព​បច្ចុប្បន្ន កំពុង​មាន​ការ​ខ្វះខាត។ លោក​បារម្ភ​ថា បើ​ស្ថានភាព​អូស​បន្លាយ​បន្ត​ទៀត គឺ​កាន់​តែ​ធ្វើ​ឲ្យ​គ្រួសារ​លោក​យ៉ាប់យឺន។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ទេ ខ្ញុំ​កំពុង​រង់ចាំ​អំណោយ​ដែរ។ ក្នុង​ពេល​គេ​បិទ​នេះ ខ្ញុំ​ប្រភិតប្រភើយ (ស្បៀង) បើ​គេ​អូស​បន្លាយ​ទៀត ខ្ញុំ​ដាច់​ប៉ិត​តែ​ម្តង ម្យ៉ាង​លុយ​ទឹក លុយ​ភ្លើង និង​លុយ​ជំពាក់​ធនាគារ ក៏​មក​ដល់​ដែរ»។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលារាជ​ធានីភ្នំពេញ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​ទេ ដោយ​លោក​មិន​បាន​លើក​ទូរស័ព្ទ។

លោក ឌីរ័ត្ន ខេមរុន អភិបាល​រង​ខណ្ឌ​មានជ័យ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៨ ខែ​មេសា​នេះ​ថា អំណោយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខណ្ឌ​របស់​លោក។ លោក​អះអាង​ថា ពលរដ្ឋ​ខ្វះខាត​មួយ​ចំនួន​ក្នុង​ខណ្ឌ​មានជ័យ​នឹង​ទទួល​បាន​បន្តបន្ទាប់​ទៀត។

ជាមួយ​គ្នា​នេះ​ លោក​ក៏​សុំ​ការ​យោគយល់​ពី​ពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ដែល​មិន​ទទួល​បាន​អំណោយ​នេះ ព្រោះ​តែ​តម្រូវការ​ចំពោះ​មុខ គឺ​អាជ្ញាធរ​ត្រូវ​ផ្តល់​ជូន​គ្រួសារ​ខ្វះខាត​ដែល​ត្រូវ​ការ​ជា​ចាំបាច់ ហើយ​ចំពោះ​គ្រួសារ​ដែល​មាន​លទ្ធភាព គួរ​ណាស់​តែ​ចូលរួម​ជួយ និង​កុំ​ដណ្តើម​ជំនួយ​នេះ ពី​ពលរដ្ឋ​ក្រីក្រ។

លោក​បញ្ជាក់​ថា៖ «យើង​បន្ត​ស្រង់​ឈ្មោះ​បងប្អូន​មួយ​ចំនួន ហើយ​យើង​បាន​ផ្អាក​ការ​ផ្តល់​ជំនួយ​នេះ​សិន។ ដូច្នេះ​បងប្អូន​មួយ​ចំនួន ដែល​បាន​បង្ហោះ​ហ្វេសប៊ុក ឬ​ខំមិន​ក្តី មិនមែន​ថា អាជ្ញាធរ​ព្រងើយ​កន្តើយ​នោះ​ទេ សូម​មេត្តា​យោគយល់។ យើង​កំពុង​តែ​ផ្តល់​អំណោយ​ទៅ​តាម​ជីវភាព​គ្រួសារ ប៉ុន្តែ​យើង​គិត​ថា បងប្អូន​មួយ​ចំនួន​ដែល​មិន​ទាន់​ទទួល​បាន គឺ​យើង​កំពុង​ស្រង់​ឈ្មោះ​ហើយ»។

បើ​តាម​លោក ឌីរ័ត្ន ខេមរុន ក្នុង​ខណ្ឌ​មានជ័យ ដែល​មាន​សង្កាត់​ចំនួន ៧ គឺ​មាន​ពលរដ្ឋ​ក្រីក្រ​ជាង ៥ ០០០ គ្រួសារ​ហើយ ដែល​ទទួល​បាន​អំណោយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដោយ​មាន​ជា​គ្រឿង​បរិភោគ​មួយ​ចំនួន និង​ថវិកា ចំនួន ៣០ ម៉ឺន​រៀល។

លោក សន ជ័យ ប្រធាន អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែង​ថា បើ​និយាយ​ពី​គោលការណ៍​ថ្នាក់​ជាតិ គឺ​មាន​ហើយ ប៉ុន្តែ​ជាក់​ស្តែង អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​នេះ គឺ​មាន​ចំណុច​ខ្វះខាត។ លោក​បញ្ជាក់​ថា៖ «ការ​បែងចែក​ជំនួយ​ទៅ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​ការ​ក្នុង​វិបត្តិ​កូវីដ ១៩ នេះ ជាពិសេស​នៅ​តំបន់​រង​ការ​បិទ​ខ្ទប់ គឺ​ត្រូវ​មាន​វិធានការណ៍ ៣ យ៉ាង ដោយ​ក្នុង​នោះ​ ទី១ ថ្នាក់​ជាតិ​ត្រូវ​ធានា​ថា សេចក្តី​សម្រេច​របស់​ខ្លួន​ដែល​មាន​ជា​ធនធាន​ថវិកា គឺ​ត្រូវ​បញ្ចេញ​ឲ្យ​បាន​ឆាប់។

ទី២ ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ធានា​ថា ខ្លួន​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ ដើម្បី​ឲ្យ​អំណោយ​ទាំង​នេះ បាន​ទៅ​ដល់​ក្រុម​គោលដៅ​ពិត​ប្រាកដ ចៀសវាង​ច្រឡំ​ដៃ​ឲ្យ​ទៅ​ដល់​អ្នក​មិន​ស្ថិត​ក្នុង​ក្រុម​គោលដៅ។

ចំណែកទី ៣ លោក សន ជ័យ សំដៅ​ទៅ​លើ​កត្តា​រួមផ្សំ ដែល​ពលរដ្ឋ​អាច​ទ្រាំទ្រ​បាន គួរ​តែ​កុំ​ទទួល​យក​អំណោយ​នេះ ហើយ​បង្វែរ​អំណោយ​នេះ ទៅ​ក្រុម​គោលដៅ​ពិត​ប្រាដក ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្សេងៗ គួរ​ចូលរួម​បន្ថែម​ទៀត​ដល់​ពលរដ្ឋ ដើម្បី​ជា​ក្តី​សង្ឃឹម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​​នេះ៕