ភ្នំពេញៈ ជនរងគ្រោះ​មួយចំនួន​បាន​ទទូច​ទាមទារ​ឲ្យ​ប្រធាន​ក្រុមហ៊ុន «​ឋាន​ព្រះឥន្ទ​» ចេញមុខ​ដោះស្រាយ និង​សង​ប្រាក់​ដែល​ពួកគេ​បានដាក់​​វិនិយោគ និង​ទិញ​ដីចម្ការ របស់​ក្រុមហ៊ុន​បន្ទាប់ពី​ប្រធាន​ក្រុមហ៊ុន​នេះ​បាន​បន្ត​គេចវេះ​មិន​ដោះស្រាយ ក្រោយពី​ក្រុមហ៊ុន​បិទទ្វារ ដោយសារ​អស់ប្រាក់​វិនិយោគ​។

អ្នករងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ឋាន​ព្រះឥន្ទ​បាន​បង្ហោះ​សារ​នៅក្នុង​ហ្វេសប៊ុក ដោយបាន​អះអាង​ថា​លោក​ ឈី ចរិយា ហៅ ហង្ស ព្រីនយ៉ា ជា​ប្រធាន​ក្រុមហ៊ុន​បាន​ឆបោក ប្រមូល​លុយ និង​បាន​បិទ​ការិយាល័យ​គ្រប់​ខេត្ត បន្ទាប់មក​បាន​រត់​គេចខ្លួនបាត់​។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដែលមាន​ឈ្មោះ «​អ្នករងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ឋាន​ព្រះឥន្ទ​» បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា លោក​បាន​ចាញ់បោក​ក្រុមហ៊ុន​នេះ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៤ ​ម៉ឺន​ដុល្លារ បន្ទាប់ពី​បាន​ទិញ​ដី​ពី​ក្រុមហ៊ុន​នេះ​ចំនួន ៣ ហិកតា​នៅក្នុង​ខេត្តសៀមរាប​កាលពី​ជាង​ ១ ​ឆ្នាំមុន ហើយ​មាន​ជនរងគ្រោះ​ជាច្រើន​ទៀត​។

លោកថា អំឡុងពេល​ទិញ​ដំបូង ក្រុមហ៊ុន​បាន​អះអាងថា​យ៉ាងយូរ​រយៈពេល​កន្លះ​ឆ្នាំ​នឹង​ចេញ​ប្លង់​ជូន ប៉ុន្តែ​ជាង​ ១ ​ឆ្នាំ​មកហើយ ក្រុមហ៊ុន​នៅតែ​មិន​ចេញ​ប្លង់​ជូន ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ក៏​បាន​បិទទ្វារ​នៅ​គ្រប់​សាខា​ទាំងអស់​។

លោក​បញ្ជាក់​៖ «​យើង​បង្ហោះ​នេះ​គឺ​ចង់​ប្រមូល​ជនរងគ្រោះ​ឲ្យ​បាន​ជុំគ្នា ព្រោះ​ក្រុមហ៊ុន​នេះ​មាន​សាខា​ច្រើន​ខេត្ត និង​មាន​អ្នករងគ្រោះ​ច្រើន​រយ​នាក់ និង​មាន​អ្នកខ្លះ​នៅ​តែ​បន្ត​ចាញ់បោក​ក្រុមហ៊ុន​នេះ និង​បន្ត​បង់លុយ​ទិញ​ដី​ពី​ក្រុមហ៊ុន​នេះ​។ បន្ទាប់ពី​បង្ហោះ​នៅលើ​ហ្វេសប៊ុក​នេះ​យើង​បាន​ប្រមូល​ជនរងគ្រោះ​ជិត ១០០ នាក់​ហើយ​»​។

ជនរងគ្រោះ​រូបនេះ​បាន​បន្តថា បន្ទាប់ពី​ប្រមូល​ជនរងគ្រោះ​ហើយ​នឹង​បន្តធ្វើ​ទៅតាម​នីតិវិធី​តាម​ច្បាប់ ដោយ​នឹងដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​នៅ​សប្តាហ៍​ក្រោយ ខណៈ​ដែល​កន្លងទៅ​មាន​ជនរងគ្រោះ​មួយចំនួន​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ដើម្បី​ស្វែងរក​យុត្តិធម៌​ផងដែរ​។

ជនរងគ្រោះ​ម្នាក់ទៀត​លោក ង៉ោ លីស៊ាង ដែល​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​ ២០ ខែមីនា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ពួកលោក​មួយចំនួន​បាន​យក​កម្លាំង​ញើស​ឈាម​ដែលមាន ហើយ​ខំ​ប្រមូល​លុយ​អស់ពី​ខ្លួន​ថែមទាំង​ខ្ចីលុយ​ពី​ធនាគារ​យកមក​ទិញ​ដីចម្ការ ពី​ក្រុមហ៊ុន​នេះ​ហើយ​ថែមទាំង​បានដាក់​ហ៊ុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​ការប្រាក់​បន្ថែម​។ នៅពេល​ក្រុមហ៊ុន​មាន​បញ្ហា​យ៉ាង​ដូច្នេះ បានធ្វើ​ឲ្យ​ពួកគាត់​ជួបប្រទះ​នូវ​ការខ្វះខាត​ជីវភាព និង​ត្រូវ​បង់​សង​ធនាគារ ដោយ​គ្មាន​ការលើកលែង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ដាក់ពាក្យ​បណ្តឹង​តែម្នាក់ឯង​នេះ​គឺ​ខ្ញុំ​ចង់បាន​លុយ​ខ្ញុំ​មកវិញ​ប្រមាណ ១ ៨៥០០ ​ដុល្លារ​ដែល​ខ្ញុំ​បាន​ទិញ​ដីឡូត៍ និង​ដីចម្ការ​។ ខ្ញុំ​គ្រាន់តែ​ដឹងថា ការដាក់​ពាក្យបណ្តឹង​របស់​ខ្ញុំ​នេះ​ក្នុង​នាម​ជា​ជនរងគ្រោះ​ម្នាក់ ហើយ​ដើម្បី​ឲ្យ​គេ​ដឹងថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​បោកប្រាស់​។ ខ្ញុំ​ក៏​កំពុង​ចូលរួម​ដាក់ពាក្យ​ប្តឹង​ជា​ក្រុម​ជាមួយ​ជនរងគ្រោះ​ដទៃទៀត​ដែរ​»​។

លោក លីស៊ាង រំពឹង​ថា​តុលាការ និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​តាម​ចាប់​អ្នកពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​សងលុយ​មក​ពួកលោក​វិញ និង​ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​ប្រធាន​​ក្រុមហ៊ុន​នេះ​ចេញ​មុខ​មក​ដោះស្រាយ ហើយ​បញ្ឈប់​សកម្មភាព​ដើរ​ឆបោក​។

តាម​ការបង្ហោះ​របស់​ទំព័រហ្វេសប៊ុក​អ្នករងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ឋានព្រះឥន្ទ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​មាន​សាខា​ច្រើន​កន្លែង ដែល​មាន​ដីចម្ការ​ទុរេន​ក្នុង​ទីតាំង​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត និង​ដីចម្ការ​ដូងក្រអូប ទីតាំង ភូមិ​ដង្កោ ឃុំ​ស្លែងស្ពាន ស្រុក​ស្រំស្នំ ខេត្តសៀមរាប រួមទាំង​ដីចម្ការ ទីតាំង ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើការ​ឃោសនា​លក់​។

លោក ឈី ចរិយា បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ប្រមាណ ៩ ​នាទី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ម្សិលមិញ​ថា លោក​មិនបាន​គេចវេះ​ពី​ការទទួល​ខុសត្រូវ​ក្នុង​ការ​ទូទាត់​សំណង​ដល់​អតិថិជន​របស់លោក​នោះទេ​។ តែ​ក្នុង​ពេលនេះ​ក្រុមហ៊ុន​របស់លោក​ពិតជា​បាន​បិទទ្វារ​ពិតប្រាកដ​មែន បន្ទាប់ពី​បាន​ជួប​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ប៉ុន្តែ​ក្រុមហ៊ុន​មិនទាន់​ប្រកាស​ក្ស័យធន​នោះទេ ដោយ​នៅ​បន្តដំណើរការ​ដដែល ហើយ​ក៏​នៅតែ​បន្ត​ប្រឈមមុខ​ដោះស្រាយ​ជាមួយ​អតិថិជន​របស់លោក​ជានិច្ច​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​ថ្វីដ្បិត​តែ​បញ្ហា​រអាក់រអួល ប៉ុន្តែ​ខ្ញុំ​មិន​ដែលមាន​ចេតនា​ណាមួយ​បោះបង់​ភ្ញៀវ​ដែល​ធ្លាប់​ជឿ​ខ្ញុំ ម្ចាស់បំណុល​ដែល​គាត់​ធ្លាប់ជួយ​ខ្ញុំ​ម្តងណា​ឡើយ​។ តាំងពី ១០ ខែ​មុន​មក​ម្ល៉េះ ខ្ញុំ​បានទទួល​យោបល់​ថា លក់​ក្រុមហ៊ុន​នេះ​ឲ្យ​អ្នកដទៃ​ទៅ ប្រកាស​ក្ស័យធន​ទៅ​ហើយ​ខ្ញុំ​បាន​រួចខ្លួន​។ នៅពេល​ផ្ទេរ​ទ្រព្យសម្បត្តិ​ដែលមាន​ទៅ​ឲ្យ​អ្នកមាន​ដទៃ​ទៅ ដើម្បី​គេ​ប្តឹង​មក មាន​អ្នក​ជួយ​ការពារ​។ ប៉ុន្តែ​ខ្ញុំ​អត់​ទេ ខ្ញុំ​សុខចិត្ត​ឲ្យ​គេ​ប្តឹង ព្រោះ​យើង​ជំពាក់​គេ យើង​សង​គេ​មិនទាន់ គេ​ប្តឹង​មានអី​ខុស​។ ភ្ញៀវ​គាត់​ទិញ​ដី​យើង គាត់​មិនទាន់​បាន​ប្លង់ គាត់​ប្តឹង​យើង​មាន​អី​ខុស ប៉ុន្តែ​បើ​យើង​រត់ចោល គឺ​យើង​ខុស​»​។

លោក​ ឈី ចរិយា កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ ព្រោះ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​។

លោក យិន ស្រាង អ្នកនាំពាក្យ​តុលាការ​ខេត្ត​សៀមរាប​មិនអាច​សុំ​ការបញ្ជាក់​ជុំវិញ​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ដែល​បានដាក់​កាលពី​អំឡុង​ខែមីនា​បាន​ទេ ព្រោះតែ​លោក​បាន​ចុច​បិទ​ទូរស័ព្ទ​៕