តាកែវៈ លោក ហៀម ស្រ៊ីម អធិការរង​ស្រុកគិរីវង់​ទទួល​បន្ទុក​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ឈ្មោះ ផន ម៉ុច អាយុ ៣៥ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ​ ត្រូវ​បាន​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​ ៣ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០ ខណៈ​កំពុង​រៀបចំ​កាត់​ស្លឹក និង​កញ្ចុំ​ផ្កា​កញ្ឆា នៅក្នុង​ចម្ការ​កញ្ឆា​លួចលាក់​មួយ​កន្លែង​ដែល​មាន​ទីតាំង​នៅ​ចំណុច​ដាជំពុំសេក​។

លោក ស្រ៊ីម ថ្លែងថា​៖ «​ជនសង្ស័យ​ជា​មុខសញ្ញា​សកម្ម​ក្នុង​ការលួច​ដាំ​ដំណាំ​កញ្ឆា​ក្នុង​តំបន់​ជើងភ្នំ​ព្រះបាទ​ជាន់ជុំ​ដែល​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ស្រាវជ្រាវ និង​តាមដាន​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ទើបតែ​ពេលនេះ​ដែល​សមត្ថកិច្ច​យើង​មាន​ភ័ស្ដុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​គឺ​ចាប់បាន​នៅ​នឹង​កន្លែង ខណៈ​កំពុង​ប្រព្រឹត្ត​បទល្មើស​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​»​។

លោក​បាន​ប្រាប់ថា ក្នុង​អំឡុងពេល​នៃ​ការចាប់ខ្លួន​នោះ​សមត្ថកិច្ច​បានធ្វើ​ការដក និង​ដុត​បំផ្លាញ​ចោល​នូវ​ដំណាំ​កញ្ឆា​សរុប​ចំនួន​ ៧៧៦ ​ដើម និង​ស្លឹក​កញ្ឆា​ស្រស់​ជាង​ ១ ​គីឡូក្រាម ចំណែក​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៅ​រសៀល​ថ្ងៃទី​ ៤ ខែ កុម្ភៈ ឆ្នាំ ២០២០ ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី​។

លោក ស្រ៊ីម ថ្លែងថា បើទោះ​ជា​មាន​ការចុះ​ស្រាវជ្រាវ និង បង្ក្រាប​បានជា​បន្តបន្ទាប់​ក្ដី​ក៏​ដំណាំ​កញ្ឆា​ត្រូវបាន​គេ​លួច​ដាំ​ដោយ​ខុសច្បាប់​នៅក្នុង​ព្រៃ​តាម​មាត់បឹង​ និង​ជើងភ្នំ​។ ជាក់ស្ដែង​ក្នុង​រយៈពេល​ ១ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​គិរីវង់​បាន​ចុះបង្ក្រាប​ទីតាំង​ដាំដំណាំ​កញ្ឆា​ចំនួន​ ២៤ ​កន្លែង​បាន​កាប់​ និង​ដុតបំផ្លាញ​ចោល​ដំណាំ​កញ្ឆា​សរុប​ជាង​ ១ ​ម៉ឺន​ដើម​។

លោក ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បាន​ថ្លែងថា សំណុំ​រឿងនេះ​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​បន្ថែម ដើម្បី​ស្វែងរក​ជន​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​នៅ​ពីក្រោយ​ករណី​លួច​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​នេះ​។

លោក សេរីវឌ្ឍនា បាន​បន្តថា​៖ «​យើង​ជឿថា ក្រៅពី​ជនសង្ស័យ​ម្នាក់នេះ​មាន​មនុស្ស​ជាច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​លើ​មុខរបរ​នេះ​»៕