
កម្លាំងក្រុមហ៊ុន UDG ចុះទៅឈូសឆាយដំណាំលើដីអ្នកស្រី ពឿង លួន កាលពីថ្ងៃទី ៣ មេសា ។ រូប ហ្វេសប៊ុក
កោះកុងៈ ប្រជាពលរដ្ឋជាង ៣០ គ្រួសារ នៅថ្ងៃទី ៧ ខែមេសានេះ ដាក់ញត្តិទៅ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីសុំអន្តរាគមន៍លើករណីក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន (UDG) យកកម្លាំងនិងអេស្កាវ៉ាទ័រ ២ គ្រឿង មកឈូសឆាយដំណាំរបស់ពួកគេ កាលពីសប្តាហ៍មុន ដោយមិនទាន់ទទួលសំណងអ្វីនោះឡើយ ។
បើតាមពលរដ្ឋអ្នកស្រី ពឿង លួន អាយុ៤៥ឆ្នាំ ដែលដំណាំស្វាយ ដូង ចន្ទីរ និងកំពីងរាជ រងការបំផ្លាញលើផ្ទៃដីជាង ២ហិកតា កាលពីថ្ងៃទី ៣ មេសា បានឲ្យដឹងនៅថ្ងៃសុក្រ ទី ៦ ខែមេសានេះថា កាលពីព្រឹកមិញ ក្រុមពលរដ្ឋចំនួន ៣០នាក់ មកពី បានមកចង់ស្វែងរកអន្តរាគមន៍ពីលោកស្រីអភិបាលខេត្ត ប៉ុន្តែមិនបានជួប ហើយក៏ជួបអភិបាលរងម្នាក់ និងបានឲ្យពលរដ្ឋត្រឡប់ទៅវិញ ហើយឲ្យសរសេរលិខិតដាក់ចូលមកសាលាខេត្តជំនួស។
ត្រឹមរសៀលេនះ ពលរដ្ឋ បានសរសេរញត្តិដើម្បីដាក់ជូនលោកស្រី អភិបាលខេត្តឲ្យជួយរកដំណោះស្រាយចំពោះការបំផ្លិចបំផ្លាញដំណាំរបស់ពួកគាត់ និងទប់ស្កាត់ការព្យាយាមរបស់ក្រុមហ៊ុនដើម្បីឈូសឆាយបន្ត ខណៈសំណងមិនទាន់បានយល់ព្រមពីពួកគាត់។
អ្នកស្រី ពឿង លួន មានប្រសាសន៍ថា គាត់ធ្លាប់គេហៅនៅខែវិច្ឆិកា ដើម្បីឲ្យទទួលសំណង ៣០ ០០០ដុល្លារ និងដី ២ ហិកតា ប៉ុន្តែគាត់មិនព្រមដោយសារមិនចង់ចាកចេញពីភូមិ។
អ្នកស្រីថា ៖ «យើងមានផ្ទះ និងដីដំណាំស្រាប់ បើទៅកន្លែងថ្មី មានតែដី អត់មានដំណាំ តើប៉ុន្មានឆ្នាំ ទើបដើមឈើអស់ហ្នុងធំៗ។ ខ្ញុំពេលនោះ បដិសេធមិនយក ហើយខ្ញុំសុំឡើង ព្រោះអត់ចង់ ទទួលសំណងនេះ»។
អ្នកស្រីថា គាត់ធ្លាប់ទាមទារ ដល់ទៅ ១០ ម៉ឺនដុល្លារ ប៉ុន្តែពេលនេះ ចង់ឲ្យអាជ្ញាធរកាត់ឃ្វៀលដីមកឲ្យគាត់វិញ។
អាជ្ញាធរស្រុកគិរីសាគរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការដែលធ្វើការបំផ្លាញដំណាំទាំងនោះ ដោយសារតែក្រុមគ្រួសាររបស់ពលរដ្ឋនេះ បានទទយកសំណងពីក្រុមហ៊ុនរួចហើយ ហើយនៅតែមិនទាន់រើចេញ។
បើតាមព័ត៌មានពីអង្គការសិទ្ធិមនុស្សប្រចាំនៅខេត្តកោះកុង កាលពីថ្ងៃទី ៣ ខែមេសា មេការក្រុមហ៊ុន UDG លោក ជៀង ឡាង ហៅ វីរៈ បានដឹកនាំកម្លាំង ២០នាក់ រួចទាំងកម្លាំងប្រដាប់អាវុធមានដំបង និងកាំភ្លើង ហើយមានអស្កាវ៉ាទ័រ ២ គ្រឿង ធ្វើការឈូសឆាយ កម្ទេចដំណាំហូបផ្លែរបស់ពលរដ្ឋរួមមានដើមដូង ស្វាយ ស្វាយចន្ទីរ និងកំពីងរាជ នៅលើផ្ទៃដីជាង ២ ហិកតារបស់ពលរដ្ឋ។ ហេតុការណ៍នេះ បានកើតឡើងខណៈដែលពលរដ្ឋ ៦ គ្រួសារនៅចំណុចកៀនប្រង់ ឃុំកោះស្តេច ស្រុកគិរីសាគរ ។
លោក ហួរ អ៊ីន អ្នកអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ក្រុមហ៊ុន UDG ដែលទទួលបានសិទ្ធិប្រមាណ ៤៥ ០០០ ហិកតា អភិវឌ្ឍជាតំបន់ទេសចរណ៍ចម្រុះ លើស្រុកគិរីសាគរ និងបទុមសាគរ មានជម្លោះរ៉ាំរ៉ៃជាមួយពលរដ្ឋ និងបានដោះស្រាយសំណងជាបន្តបន្ទាប់ឲ្យពលរដ្ឋ ដោយមានគណៈកម្មការអន្តរក្រសួង ដឹកនាំដោយក្រសួងបរិស្ថាន ជាអ្នកដោះស្រាយ ប៉ុន្តែសំណងមួយចំនួន មិនមានតម្លាភាព។
លោកថា ៖ «ការដោះស្រាយកន្លងមក ទៅតាមការចរចាររបស់ពលរដ្ឋ និងក្រុមហ៊ុនជាមួយរដ្ឋ មានការសម្លុត គំរាមកំហែង អត់មានតម្លាភាព។ អ្នកជាប់សាច់ញាតិអាជ្ញាធរ ច្រើនតែបានសំណងខ្ពស់ ខ្លះដល់ ១០ ម៉ឺនដុល្លារជាដើម»។
មិនអាចទាក់ទងតំណាងក្រុមហ៊ុនចិន UDG បានទេនៅថ្ងៃនេះ។
ចំណែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មកទល់ម៉ោងនេះ នៅមិនទាន់បានទទួលញត្តិដល់ដៃនៅឡើយ ហើយថានឹងពិនិត្យមើលករណីនេះ។
ទោះយ៉ាងណា លោកស្រី ថ្លែងថា ៖ «តាមដឹងពលរដ្ឋនៅតំបន់នោះ ភាគច្រើន បានទទួលរួចហើយ តែយើងចាំពិនិត្យមើល»។
បើតាមមន្ត្រីលីកាដូ ប្រជាពលរដ្ឋ ដែលត្រូវក្រុមហ៊ុន ឈូសឆាយដំណាំកាលពីថ្ងៃទី ៣ ខែមេសា ក៏នឹងទៅដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន នៅសាលាដំបូងខេត្តកោះកុងផងដែរ នារសៀលនេះ៕