បន្ទាយមានជ័យៈ ជនរងគ្រោះពីការប្រើអំពើហិង្សាក្នុងទំនាស់ដីធ្លី ៣ នាក់ ក្នុងចំណោម ៥ នាក់ ដែលជាតំណាងប្រជាពលរដ្ឋរងគ្រោះវិវាទដីធ្លីចំនួន ១៥០ គ្រួសារ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យកាលពីថ្ងៃទី ១៤ មករា បានប្ដឹងលោក អ៊ុំ រាត្រី អភិបាលខេត្ដនេះ និងបក្ខពួកទៅតុលាការពីបទសមគំនិតធ្វើមនុស្សឃាត និងប្រើអំពើហិង្សាលើពួកគេពេលតវ៉ាស្នើរកដំណោះស្រាយវិវាទដីធ្លីកាលពីខែធ្នូ ឆ្នាំមុន។
ការដាក់បណ្ដឹងរបស់ជនរងគ្រោះនេះក្រោយពេលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានបញ្ជាកាលពីថ្ងៃទី ១៤ មករាដែលឲ្យលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាត់តាំងគណៈកម្មការស្រាវជ្រាវបន្ទាន់លើបាតុភាពមិនសមស្របមួយបណ្ដាលឱ្យមនុស្សម្នាក់ក្នុងចំណោម ៥ នាក់ បានស្លាប់ដោយសារការវ៉ៃធ្វើទារុណកម្មពេលដែលពួកគេត្រូវបានចាប់ឃុំខ្លួនក្នុងរឿងវិវាទដីធ្លីកាលពីថ្ងៃទី ២៨ ដល់ ៣១ ខែ ធ្នូ ឆ្នាំ ២០១៩។ ជនរងគ្រោះឈ្មោះ ទុយ ស្រស់ បានស្លាប់នៅថ្ងៃទី ១ ខែមករាក្នុងពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ដបន្ទាយមានជ័យ។
តាមពាក្យបណ្ដឹងបានឱ្យដឹងថា ជនរងគ្រោះទាំង ៣ នាក់ ជាតំណាងពលរដ្ឋ ១៥០ គ្រួសារនេះមានឈ្មោះ នូវ នឿន ភេទប្រុស អាន សារូន ភេទប្រុស និងឈ្មោះ ហឹម គិរី ភេទប្រុសបានប្ដឹងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងបក្ខពួកចំនួន ៥ នាក់ទៀតរួមមាន លោកស្រី ចក់ ពួក អនុប្រធានសភាពាណិជ្ជកម្មខេត្ដបន្ទាយមានជ័យលោក យឿង គង់ អនុប្រធានសភាពាណិជ្ជកម្មខេត្ដបន្ទាយមានជ័យលោក ជា ផល្លី ប្រធានរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យលោក ព្រិម សាលី ប្រធានពន្ធដារខេត្តបន្ទាយមានជ័យ និងលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបទសមគំនិតធ្វើមនុស្សឃាត និងប្រើអំពើហិង្សា។
តាមពាក្យបណ្ដឹងឱ្យដឹងថាកាលពីថ្ងៃទី ២៦-២៧ ខែ ធ្នូ ឆ្នាំ ២០១៩ លោក អ៊ុំ រាត្រី បានដឹកនាំកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៅឈូសឆាយ ដករោង ផ្ទះ លំនៅឋានរបស់ពួកគេអស់គ្មានសល់។ រហូតដល់ថ្ងៃទី ២៨-២៩ ខែធ្នូ ឆ្នាំ ២០១៩ ពលរដ្ឋ ១៥០ គ្រួសាររួមនឹងតំណាងពលរដ្ឋទាំង ៥ នាក់បានមកតវ៉ានៅមុខសាលាខេត្ដបន្ទាយមានជ័យ។
បណ្ដឹងពលរដ្ឋរងគ្រោះបញ្ជាក់ថា៖ «យើងបាននាំគ្នាមកតវ៉ានៅមុខសាលាខេត្ដដើម្បីឱ្យចៅហ្វាយខេត្ដដោះស្រាយស្រាប់តែចៅហ្វាយខេត្ដឃុបឃិតគ្នាជាប្រព័ន្ធយកប៉េអឹម [កងរាជអាវុធហត្ថខេត្ដ] ចាប់ពួកយើង ៥ នាក់ថាជាមេខ្លោងនាំគ្នាទៅចាប់ដីនៅស្ថានីយព្រៃឈើតាបែន ២ ស្រុកអូរជ្រៅ និងស្រុកស្វាយចេក ហើយប្រើអំពើហិង្សាវាយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់ម្នាក់គឺឈ្មោះ ទុយ ស្រស់»។
តាមបណ្ដឹងនេះបញ្ជាក់ថា ពលរដ្ឋរងគ្រោះពីការវ៉ៃធ្វើទារុណកម្ម បច្ចុប្បន្នកំពុងមានជំងឺយ៉ាងធ្ងន់ធ្ងរក្នុងនោះមានជនរងគ្រោះខ្លះបាក់ធ្មេញ ខ្លះគ្រាំថ្លើម សួត។ ដូច្នេះតាមរយៈពាក្យបណ្ដឹងនេះ ជនរងគ្រោះទាំង ៣ នាក់ដែលជាតំណាងឲ្យពួកគេទាំងនោះបានទាមទារសងការខូចខាត និងជំងឺចិត្ដចំនួន ២០ ម៉ឺនដុល្លារ។
លោក នូវ នឿន វ័យ ៦២ ឆ្នាំមានលំនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យជាជនរងគ្រោះពីការវ៉ៃធ្វើទារុណកម្មម្នាក់ក្នុងចំណោម ៥ នាក់ និងជាតំណាងពលរដ្ឋទាំង ១៥០ គ្រួសារក្នុងការប្ដឹងនេះប្រាប់ពីម្សិលមិញថាការដាក់ពាក្យបណ្ដឹងនេះគឺដើម្បីស្នើឱ្យតុលាការស្វែងរកការពិត។
លោកថា៖ «ការដាក់បណ្ដឹងនេះ គឺដើម្បីស្វែងរកយុត្ដិធម៌លើរឿងទំនាស់ដីធ្លី ដែលគេចោទប្រកាន់មកលើពួកខ្ញុំ និងវ៉ៃធ្វើទារុណកម្មមកលើពួកខ្ញុំ។ ពួកខ្ញុំត្រូវដាក់ពាក្យបណ្ដឹងដើម្បីបកតបទៅវិញ ដើម្បីដោះស្រាយឱ្យបានចប់រឿងនេះ»។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យពីម្សិលមិញបានបដិសេធចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋ និងជនរងគ្រោះទាំងនោះ។ លោកបានអះអាងថា គ្រាន់តែចុះទៅធ្វើអន្តរាគមន៍សម្របសម្រួលករណីរំលោភលើដីម្ចាស់កម្មសិទ្ធិតាមពាក្យបណ្ដឹងរបស់ម្ចាស់កម្មសិទ្ធិដីធ្លីប៉ុណ្ណោះ។
លោកអះអាងថា៖ «ករណីនេះជាករណីរំលោភបំពានទន្ទ្រានដីរដ្ឋ និងដីកម្មសិទ្ធិឯកជន។ អ៊ីចឹងក្នុងនាមអាជ្ញាធរ យើងត្រូវតែជួយសម្របសម្រួលរវាងពលរដ្ឋ និងម្ចាស់កម្មសិទ្ធិដីធ្លីដែលបានដាក់ពាក្យបណ្ដឹងមក។ ពួកគាត់ [ក្រុមពលរដ្ឋ] មិនសុខចិត្ដពួកគាត់ មកតវ៉ា ប៉ុន្ដែពួកគាត់បានផ្តិតមេដៃទទួលស្គាល់រួចហើយថាពួកគាត់ពិតជាបានទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិរបស់គេមែន»។
លោក អ៊ុំ រាត្រីបញ្ជាក់ថា៖ «ក្នុងនាមយើងរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីសម្រួលសណ្ដាប់ធ្នាប់យើងត្រូវតែសម្របសម្រួលជាមួយពួកគាត់ ប៉ុន្ដែពួកគាត់មិនព្រម។ និយាយឱ្យចំគឺមិនបានបញ្ជាកម្លាំងបញ្ជាអីឱ្យធ្វើទារុណកម្មអីទេ មិនមានទេ។ សេចក្ដីប្រកាសព័ត៌មានអំពីករណីនេះក៏បានផ្សព្វផ្សាយរួចរាល់ហើយ»។
លោក សុខ កែវបណ្ឌិត អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេពីម្សិលមិញ៕
វីដេអូ៖