មណ្ឌលគិរីៈ ពលរដ្ឋ​រស់នៅក្នុង​សង្កាត់រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ជាច្រើន​គ្រួសារ​​បាន​ប្តឹង​ជំទាស់​នឹង​ការចេញផ្សាយ​ប្លង់​កម្មសិទ្ធិ ដោយ​លើក​ហេតុផល​ថា បាន​រំលោភ​លើដី​កម្មសិទ្ធិ​របស់​ពួកគាត់ ដែល​​រស់នៅ​ជា​យូរ​ឆ្នាំ ខណៈ​ពលរដ្ឋ​មួយចំនួន​បាន​អះអាងថា នៅពេល​មានការ​តវ៉ា អាជ្ញាធរ​មិន​ទទួល​ពាក្យបណ្តឹង​។

កាលពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី ១៥ ខែ​កុម្ភៈ អាជ្ញាធរ​សង្កាត់​រមនា ក្រុង​សែនមនោរម្យ​បាន​បិទ​ប្រកាស​ប្លង់​កម្មសិទ្ធិ​ដែល​ទើប​ធ្វើ​​រួចរាល់ ដើម្បី​ប្រកាស​ឱ្យ​ពលរដ្ឋ​ពិនិត្យ​ និង​ប្តឹង​ជំទាស់ មុននឹង​ប្លង់​កម្មសិទ្ធិ​នេះ​ចូល​ជា​ធរមាន​។ ប៉ុន្តែ​ពេល​ប្រកាស​មាន​ពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង​ទាមទារ​យុត្តិធម៌​ករណី​ចេញ​ប្លង់​មិន​ត្រឹមត្រូវ​។

អ្នកស្រី នូ ចាំង ដែល​ថា​ដី​គាត់​ត្រូវ​បានចេញ​ប្លង់​ឱ្យឈ្មោះ​អ្នកផ្សេង​បាន​សរសេរ​ក្នុង​លិខិតតវ៉ា ពីថ្ងៃ​ទី​ ១៣ កុម្ភៈ​ថា ពាក្យបណ្តឹង​​របស់​អ្នកស្រី​មិន​ត្រូវបាន​អាជ្ញាធរ​ដែនដី​ទទួល​យក​ទេ ហើយ​វា​គឺជា​រឿង​អយុត្តិធម៌ ដែល​ដី​របស់​អ្នកស្រី​បែរជា​ចេញ​ប្លង់​ឱ្យ​ឈ្មោះ​អ្នកដទៃ​កាន់កាប់​។

អ្នកស្រី​ថា​៖ «​នេះ​ជា​ដី​ដែល​តពី​ឪពុកម្តាយ​តាំងពី​យូរណាស់​មក​​ហើយ​។ ​នាង​ខ្ញុំ​មិនមាន​ប្លង់ដី​ទេ​។

ប៉ុន្តែ​នាង​ខ្ញុំ​បាន​រស់នៅ​លើដី​នេះ​ ២២ ​ឆ្នាំ​ហើយ​។ នាង​ខ្ញុំ​មានផ្ទះ​មាន​ដំណាំ អ្នក​ជិតខាង​ដឹងឮ​ធ្វើ​ជា​សាក្សី​របស់​នាង​ខ្ញុំ​។ ​នាង​ខ្ញុំ និង​ស្វាមី​សូម​ជំទាស់​នឹង​ការចេញ​ប្លង់​ដាច់ខាត​»​។

ចំណែក​អ្នកស្រី រឿន ហែន អាយុ​ ៣៧ ​ឆ្នាំ​ជា​អ្នកភូមិ​ពូលូង សង្កាត់រមនា បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ដីឯកជន​គ្រួសារ​អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចេញ​ប្លង់​ជូន​អ្នក​ដែល​មិនមែន​ជា​ម្ចាស់​ដី ដោយ​គ្រួសារ​អ្នកស្រី​មិន​បាន​ដឹងថា គេ​ចុះ​មក​ធ្វើ​ប្លង់​នេះ​ពី​ពេលណា​ទេ​។

អ្នកស្រី​បន្ត​ថា ពេល​បិទ​ប្រកាស​ប្លង់​កម្មសិទ្ធិ​នេះ​ទើប​ពលរដ្ឋ​ទៅ​ពិនិត្យ​ហើយក៏​ឃើញ​មាន​ភាពមិន​ប្រក្រតី​ជាច្រើន​ចេញ​ពី​ការធ្វើ​ប្លង់​កម្មសិទ្ធិ​ក្នុង​តំបន់​នេះ ដោយ​មាន​អ្នកខ្លះ​ដី​របស់​ខ្លួន​ត្រូវ​បានចេញ​ឱ្យ​អ្នកដទៃ ហើយ​អ្នក​ផ្សេង​ទៀត​ខុស​ក្បាលដី​គ្នា ខណៈ​អ្នក​មាន​ឈ្មោះ​ក្នុង​ប្លង់​មិនមែន​ជា​អ្នកភូមិ​តែ​ជា​មនុស្ស​មិន​ស្គាល់មុខ​។

អ្នកស្រី​ថា​៖ «​យើង​បានដាក់​ពាក្យបណ្តឹង​ប្តឹង​ទាស់​មិន​ឱ្យ​ចេញ​ប្លង់​នេះ​នៅ​នឹង​សង្កាត់ ប៉ុន្តែ​ខាង​មន្ត្រី​ដែល​ប្រចាំ​នេះ គាត់​មិន​ចង់​ទទួល​ពាក្យបណ្តឹង​យើង​ទេ​។ មាន​មួយចំនួន គាត់​ព្រម​ទទួល និង​មួយចំនួន គាត់​មិនបាន​ទទួល​ពាក្យបណ្តឹង​យើង​ទេ​។ យើង​នឹង​បន្ត​តវ៉ា​ទៀត បើ​មិនមាន​ដំណោះស្រាយ​ឱ្យ​ពួកយើង រឿង​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ពួកយើង​នេះ​»​។

លោក ភី ងូក ចៅសង្កាត់​រមនា​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា មុន​ប្រកាស​បិទ​ប្លង់​កម្មសិទ្ធិ​នេះ​គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើ​ប្លង់​ជា​លក្ខណៈ​ប្រព័ន្ធ​។

ក៏ប៉ុន្តែ​លោក​ថា ពេល​មាន​ពលរដ្ឋ​តវ៉ា​ដូច្នេះ​អាច​មកពី​ករណី​មាន​ភាពមិនប្រក្រតី​នៃ​ការចុះ​វាស់ និង​ការកំណត់​ទីតាំង ហើយ​លោក​ថា ពាក្យបណ្តឹង​ដែល​ពលរដ្ឋ​ប្តឹង​ជំទាស់​គឺ​បាន​បញ្ជូនទៅ​ថ្នាក់លើ​ហើយ ដើម្បី​រក​ដំណោះស្រាយ​។

ចំពោះ​ការចោទប្រកាន់​ថា អាជ្ញាធរ មិន​ទទួល​ពាក្យបណ្តឹង លោក​​ថា នេះ​ជា​រឿង​មិន​ពិត​ទេ​។

លោក​ថា​៖ «​ការទទួល​បណ្តឹង​នេះ​គឺមាន​ច្រើន​ករណី​មាន​ការច្រឡំ​គ្នា​ពេញ​ហ្នឹង ហើយ​យើង​ក៏​​បានស្នើ​កែតម្រូវ​ដែរ​។ ​សរុបមក​គឺមាន​ពលរដ្ឋ​ចង់​ជាង​ ៥០ ​ទៅ​ ៦០ ​នាក់​ហើយ​ដែល​តវ៉ា​នេះ យើង​បាន​ដាក់ជូន​មន្ទីរ​រៀបចំ​ដែនដី​ហើយ​។ ចុងក្រោយ​មាន​លទ្ធផល​កែតម្រូវ​យ៉ាងណា​ទៀត យើង​នឹងធ្វើ​បន្តទៀត​»​។

លោក ​ម៉ៅ ចំរើន ​ប្រធាន​មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តមណ្ឌលគិរី​​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពី​ម្សិលមិញ​ដោយ​ថា កំពុង​រវល់​។

លោក គ្រើង តុលា ​សកម្មជន​ការពារ​ព្រៃឈើ និង​ជា​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​នេះ​បាន​ថ្លែងថា រាល់​ឯកសារ​រដ្ឋបាល​សាធារណ:​ត្រូវតែ​ទទួល​ពី​ពលរដ្ឋ​ដែល​ស្វែងរក​កិច្ច​អន្តរាគមន៍​ ឬ​ប្តឹង​នឹង​បញ្ហា​អ្វីមួយ​។ ​ករណីនេះ​លោក​មើលឃើញថា ពលរដ្ឋ​ជួប​បញ្ហា​អយុត្តិធម៌ ហើយ​ពាក្យបណ្តឹង​ពួកគាត់​ក៏​ត្រូវ​បាន​ច្រានចោល និង​រុញ​ដាក់គ្នា​ពី​ស្ថាប័ន​ ១ ទៅ​ស្ថាប័ន​ ១​។

លោក​ថា​៖ «​យើង​មិនគួរ​បដិសេធ​ឯកសារ​ពលរដ្ឋ​ទេ​។ ​ដោយសារ​តែ​ពលរដ្ឋ​រងគ្រោះ​នេះ ដែល​ខ្ញុំ​ទទួល​បាន​នេះ​គឺ​គាត់​បាន​រស់នៅ​តាំងពី​ឆ្នាំ​ ១៩៩០ ​ជាង​ឯណោះ​​ដោយ​ធ្វើស្រែ ធ្វើ​ចម្ការ​»៕