ភ្នំពេញៈ នៅសល់តែជាង ២ សប្ដាហ៍ទៀតប៉ុណ្ណោះ ប្រជាពលរដ្ឋដែលរស់នៅបណ្ដោះអាសន្នក្រោមស្ពានអាកាសស្ទឹងមានជ័យប្រមាណ ១៥០ គ្រួសារ នឹងប្ដូរលំនៅទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ ដែលស្ថិតនៅស្របតាមបណ្ដោយប្រឡាយស្ទឹងមានជ័យ។ នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
នៅក្នុងសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយរបាយការណ៍សិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យ និងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រលើវិស័យរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ លោក ឃួង ស្រេង បានថ្លែងថា ក្នុង ២ ទសវត្សរ៍កន្លងមកនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ច កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋគួរឲ្យកត់សម្គាល់។
លោកបានបន្តថា ទន្ទឹមនឹងនេះការធ្វើចំណាកស្រុករបស់ប្រជាជនពីបណ្ដាខេត្តមួយចំនួនមករស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រកបមុខរបររកស៊ី និងការងារផ្សេងៗក៏មានការកើនឡើងយ៉ាងគំហុកផងដែរក្នុងនោះមានពលរដ្ឋខ្លះ បានមកតាំងលំនៅលើដីសាធារណៈរបស់រដ្ឋ។ ជាក់ស្តែងប្រឡាយស្ទឹងមានជ័យត្រូវបានប្រជាពលរដ្ឋចំនួន ៥៦២ គ្រួសារ បានមករស់នៅលើប្រឡាយធ្វើឲ្យកកស្ទះចរន្តទឹកហូរ និងបង្កឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅភាគខាងលិចរាជធានីភ្នំពេញ។
លោក ស្រេង ក៏បានលើកឡើងផងដែរថា ជុំវិញបញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យថ្នាក់ក្រោមជាតិរៀបចំកម្មវិធីអភិវឌ្ឍន៍សហគមន៍ក្រីក្រឲ្យមានភាពរីកចម្រើនស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល ដើម្បីឈានឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាននៅទូទាំងប្រទេសឲ្យបានសម្រេចនៅក្នុងឆ្នាំ ២០៣០ ខាងមុខ។
ពាក់ព័ន្ធដំណើរការរៀបចំអភិវឌ្ឍសហគមន៍ក្រីក្រនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអភិវឌ្ឍសហគមន៍ស្ទឹងមានជ័យនៅនឹងកន្លែងដោយផ្ដល់ជូនប្រជាពលរដ្ឋនូវកម្មសិទ្ធិដីស្របច្បាប់ក្នុង ១ គ្រួសារទំហំ ២៤ ម៉ែត្រការ៉េ ឬ ៤ ម៉ែត្រគុណ ៦ ម៉ែត្រនៅអមតាមប្រឡាយស្ទឹងមានជ័យនេះតែម្តង ហើយប្រឡាយស្ទឹងមានជ័យត្រូវបានស្ថាបនាឡើង ដោយបុកស៊ីផាយ ជញ្ជាំងប្រឡាយជាមួយនឹងការកសាងផ្លូវអមសងខាងប្រឡាយនេះផងដែរ។ ការផ្តល់ដីកម្មសិទ្ធិនៅតាមមាត់ប្រឡាយស្ទឹងមានជ័យដល់ប្រជាពលរដ្ឋចំនួន ១៥០ គ្រួសារនេះគឺជាគម្រោងចុងក្រោយបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញបានធ្វើបែបនេះចំនួន ២ លើករួចមកហើយ។
លោកអភិបាលរាជធានីបានបញ្ជាក់ថា៖ «នៅពេលនេះគម្រោងស្ដារ និងកែលម្អប្រព័ន្ធប្រឡាយស្ទឹងមានជ័យ និងផ្លូវអមសងខាងប្រឡាយនេះនឹងត្រូវបញ្ចប់ជាស្ថាពរ នាដំណាច់ខែកក្កដាខាងមុខនេះដែលអនុញ្ញាតឲ្យគ្រួសារពលរដ្ឋក្រីក្រដែលកំពុងស្នាក់នៅក្រោមដំបូលផ្ទះស័ង្កសី នៅក្រោមស្ពានអាកាសស្ទឹងមានជ័យជាបណ្ដោះអាសន្ននាពេលកន្លងមកនេះ ឡើងទៅរស់នៅលើដីកម្មសិទ្ធិរបស់ពួកគេនៅអមសងខាងប្រឡាយនេះវិញ»។
កញ្ញា ស្រី ម៉ៅ អាយុ ២២ ឆ្នាំ ដែលបច្ចុប្បន្នកំពុងរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ ខែកក្កដា ថា ក្រុមគ្រួសាររបស់នាង និងពលរដ្ឋដទៃទៀតបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរើទៅរស់នៅលើទីតាំងដីកម្មសិទ្ធិរបស់ខ្លួនវិញទៅតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ រាជធានីភ្នំពេញ។
នាងបាននិយាយថា៖ «ជាការពិត គ្រួសារយើងពុំមានលទ្ធភាពសង់លំនៅឋានរឹងមាំស្របតាមស្ដង់ដាបច្ចេកទេសនោះទេ ប៉ុន្តែយើងបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីទៅរស់នៅលើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់យើង ទៅតាមការរៀបចំណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញនាពេលខាងមុខដ៏ខ្លីនេះ»។
ជាមួយគ្នានេះកញ្ញា ស្រី ម៉ៅ ក៏បានថ្លែងអំណរអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំផ្ទះស័ង្កសីដោយមានភ្ជាប់ប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធសុវត្ថិភាពនៅក្រោមស្ពានស្ទឹងមានជ័យសម្រាប់ឲ្យគ្រួសារប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍របស់នាង [សហគមន៍ស្ទឹងមានជ័យ] បានរស់នៅជាបណ្ដោះអាសន្ននាពេលកន្លងមក។
កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារ ស្មើនឹង ៨៧ ខ្នងផ្ទះនៅសហគមន៍បន្ទាយស្លឹកដែលពួកគាត់រស់នៅលើផ្លូវសាធារណៈលេខ ៤៣៤ ស្ថិតក្នុងភូមិ ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងជាង ២០ ឆ្នាំមកហើយផងដែរ។ អាជ្ញាធររាជធានីភ្នំពេញបានផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនដល់គ្រួសារពលរដ្ឋក្រីក្រទាំងនោះនូវដីឡូត៍ថ្មីទំហំ ៤ ម៉ែត្រគុណ ១៥ ម៉ែត្រក្នុងមួយខ្នងផ្ទះដែលមានទីតាំងស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕
វីដេអូ៖