ភ្នំពេញៈ ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​បាន​ទទូច​ឲ្យ​មាន​ការ​ដោះដូរ​ទីលាន​ចាក់​សំរាម​ឲ្យ​ឆ្ងាយ​ពី​ទីប្រជុំជន និង​បង្កើន​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ខណៈ​បច្ចុប្បន្ន​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ដល់​ពលរដ្ឋ ជា​អ្វីដែល​អាជ្ញាធរ​អះអាង​ថា គម្រោង​ថ្មី​ត្រូវ​បាន​គិតគូរ​រួចហើយ។

គំនរ​សំរាម​ហ៊ុមព័ទ្ធ​ដោយ​ប្រឡាយ​ទឹក​ដែល​គេ​ជីក​សម្រាប់​ចម្រោះ​ជាតិ​ស្អុយ​ចេញ​ពី​គំនរ​សំរាម​ដែល​គរ​ជាច្រើន​ប្លុក ហើយ​សារធាតុ​ខ្លះ​នៃ​ទឹក​ស្អុយ​នេះ ក៏បាន​បង្ហូរ​តាម​ប្រឡាយ​ហូរ​កាត់​ផ្ទះ​អ្នក​ភូមិ​បង្ក​ឲ្យ​កើត​សត្វ​មូស រុយ ហោះ​ឡើង​ឆ្វែល​ឆ្វាត់​បន្ថែម​ពីលើ​ក្លិន​ស្អុយ​ស្ទើរ​អត់​ទ្រាំ​មិន​បាន​ដល់​ពលរដ្ឋ​ដែល​មាន​លំនៅជិត​ឆ្ងាយ​ក្នុង​តំបន់​នោះ។ «សំរាម ធុំក្លិន ជូរ​ផង ស្អុយ​ផង ផ្អូម​ផង មាន​គ្រប់​បែប គ្រប់​យ៉ាង​ហ្នឹង​ណា។ ប្រសិន​បើ​យប់​យើង​ដេក​ទៅ​ក្លិន​មក​ខ្លាំង ជាពិសេស​ហ្នឹង​គឺ​នៅ​ពេល​មាន​មេឃ​ភ្លៀង និង​នៅ​ពេល​ឡាន​ទើប​ដឹក​សំរាម​មក​ចាក់​ថ្មី។ថា​ខ្ញុំ​ស៊ាំ​ក៏បាន​ប៉ុន្តែ​ពេល​ខ្លះ​អូន​អើយ បង​ទ្រាំ​មិន​បាន​ទេ វា​ស្អុយ​ណាស់»។

ពាក្យ​តម្អូញ​ខាងលើនេះ​គឺជា​ការលើកឡើង​របស់​ស្ត្រី​ម្នាក់ដែល​ផ្ទះ​របស់​គាត់​មាន​ចម្ងាយ​ប្រមាណ ៣ គីឡូម៉ែត្រ​ពី​ទីលាន​ចាក់​សំរាម​ក្នុង​ខណ្ឌដ​ង្កោ​ដែល​ជា​ទី​ផ្ទុក​សំរាម​ដ៏​ធំ​នៅ​ភ្នំពេញ។ អ្នកស្រី សុខ ឡាយ គឺជា​ស្ត្រី​មេផ្ទះ និង​មាន​មុខរបរ​លក់​ដូរ​បន្តិច​បន្តួច​នៅ​ផ្ទះ រីឯ​ប្តី​អ្នកស្រី​ជា​អ្នក​ស៊ី​ឈ្នួល​បើក​ឡាន​ធំ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ពួកគាត់​បាន​មក​រស់​នៅ​ក្បែរ​ទីលាន​ចាក់​សំរាម​នេះ​កាល​ពី​ឆ្នាំ ២០១៤ ស្រប​ពេល​ដែល​គ្រួសារ​អ្នកស្រី​ក៏បាន​ដឹង​ថា​ក្នុង​តំបន់​នេះ មាន​បរិយាកាស និង​ខ្យល់​មិន​ល្អ​នោះ។

ស្ត្រី​ដែលមាន​កម្ពស់​ទាប សម្បុរ ស មុខកាត់​កូនចៅ​ចិន​រូបនេះ បាន​ថ្លែង​បន្ត​ថា បើ​ទោះ​ជា​ផ្ទះ​អ្នកស្រី​មាន​ចម្ងាយ​ឆ្ងាយ​ពី​ទីលាន​ចាក់​សំរាម​នេះ​បន្ដិច​ក្ដី ក៏​ក្លិន​មិន​ល្អ​បាន​ជះ​មក​ដល់​ដែរ ហើយ​បញ្ហា​នេះ អ្នកស្រី និង​អ្នក​រស់​នៅ​ជុំវិញ​តំបន់​គំនរ​សំរាម​នោះ​បាន​ជួប​ប្រទះ​យូរ​ឆ្នាំ​មក​ហើយ។

និយាយ​ដល់​ចំណុច​នេះ អ្នកស្រី​បាន​ងើប​ហុច​ភេសជ្ជៈ​ដល់​អ្នកដំណើរ និង​ឈោង​យក​នូវ​ក្រដាស​ប្រាក់ ២ ពាន់​រៀល​ត្រឡប់​មកវិញ ហើយ​ថ្លែង​បន្ថែម​ថា ក្រៅ​ពី​មាន​ក្លិន​ស្អុយ សត្វ​ល្អិត​ផ្សេងៗ​មាន​ដូចជា សត្វ​រុយ និង​មូស​ក៏​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​បារម្ភ​ដល់​សុខភាព​ផងដែរ។

អ្នកស្រីបាន​បញ្ជាក់ថា៖ «កូន​ខ្ញុំ​ឈឺម្តងៗទាំង ៤ នាក់​បន្តកន្ទុយ​គ្នា ងាក​ផ្តាសាយៗ ហើយ​បើ​ជំងឺ​សួត​វិញ​គឺ​ឈឺ​រហូត រាល់ៗ​ឆ្នាំ ស្ទើរ​តែ​គ្រប់​រដូវកាល។ ខ្ញុំ​ចង់​ឲ្យ​គេ​ដូរ​វា​ចេញ​ទៅ តែ​មិនដឹង​ពេល​ណា បាន​គេ​ដូរ បើ​យើង​និយាយ​យូរ​ហើយ។ ធ្លាប់​ឮ​មាន​ការ​លើក​ឡើង​ពី​គម្រោង​ដូរ​ទីលាន​ចាក់​សំរាម​នេះដែរ តែ​មិន​ដឹង​ជា​អង្កាល់​បើ​តាម​ឮថា​វា​នៅ​ផ្ទុក​សំរាម​បាន​យូរ​ទៀត»។

ទីលាន​ចាក់សំរាម​ដែលមាន​ទំហំ​ដល់​ទៅ ៣១,៤ ហិកតា​មួយ​នេះ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ ២០០៩ បន្ទាប់​ពី​អាជ្ញាធរ​សម្រេច​បិទ​ទីលាន​ចាក់​សំរាម​នៅ​ស្ទឹង​មានជ័យ។ ទីលាន​ចាក់​សំរាម​នេះ អាច​ផ្ទុក​សំរាម​ក្នុង

ថ្ងៃៗ រាប់​ពាន់​តោន ដែល​ត្រូវ​បាន​ប្រមូល​ពី​គ្រប់​ទិសទី​ក្នុង​រាជធានី​ភ្នំពេញ​យក​មក​ចាក់​ផ្ដុំគ្នា​នៅ​ទីនេះ។

ម្ចាស់​អាហា​រដ្ឋា​ន​មួយកន្លែង នៅមុខ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក អ្នកស្រី នាថ វ័យ​ជាង ៣០ ឆ្នាំ​ បាន​ថ្លែង​ដែរ​ថា វា​គួរតែ​ដល់​ពេល​ហើយ ដែល​ទីលាន​ចាក់​សំរាម​នៅ​ក្នុង​ខណ្ឌ​នេះ​ត្រូវ​រើចេញ ព្រោះ​ថា បច្ចុប្បន្ន​តំបន់​ជុំវិញ​នេះ មាន​ការ​អភិវឌ្ឍ និង​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន។ ម្យ៉ាង​ទៀត តំបន់​នេះ

គឺជា​តំបន់​ទេសចរណ៍​ផង ដែល​គួរ​កែលម្អ។

ស្ត្រី​សម្បុរ​សរូប​នេះ​ពោល​ឡើង​ថា៖ «ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​មជ្ឈមណ្ឌល​ជើងឯក​នេះ តែង​តែ​សួរនាំ​ពី​ក្លិន​ស្អុយ​ដែល​ភាយ​មកជា​ញឹកញាប់ ថា​វា​ជា​ក្លិន​អ្វី?​ហើយ​ហេតុអ្វី​បាន​ជា​មាន​ក្លិន​បែប​នេះ?​ពេលខ្លះ​មិន​គ្រាន់​តែ​សួរ​ពី​រឿង​ក្លិន​នេះ​ទេ ភ្ញៀវ​ឆ្ងល់​ថា ម៉េច​បាន​ជា​តំបន់​នេះ មាន​រុយ​ច្រើន​ម្ល៉េះ? រហូត​មាន​ភ្ញៀវ​ខ្លះ​គាត់​ខ្ពើមរអើម ស្ទើរ​តែ​មិន​ហ៊ាន​ញ៉ាំ​អី​នៅ​កន្លែង​ខ្ញុំ​ទៀត​ផង»។

ស្រដៀង​គ្នា​នេះដែរ អ្នកស្រី ហាង រដ្ឋា វ័យ​ជាង ២០ ឆ្នាំ ជា​អាជីវករ​នៅមុខ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក បាន​បន្ទរ​ពីក្រោយ​ដែរ​ថា៖ «កន្លែង​នេះ សុទ្ធ​តែ​បរទេស​ចេញ​ចូល បើ​ស្អុយ​ម្លឹងៗ​អ្នកណា​ទ្រាំ​បាន? ហើយ​បើ​បាញ់​ថ្នាំ​រុយ​ឯណោះ (ទីលាន​ចាក់​សំរាម) គឺ​តាម​ដើម​ឈើ​ទន់​អស់​ហើយ ដោយសារ​រុយ​ទំ​ឡើង​ខ្មៅ ចាន​ឆ្នាំង​អីហ្នឹង សុទ្ធតែ​ដាន​ជើង​រុយ»។

លោក ស៊ុន ស៊ីវ ចៅសង្កាត់​ជើងឯក ខណ្ឌដង្កោ​បាន​ថ្លែងថា ពលរដ្ឋ​ក្នុង​សង្កាត់ និង​នៅ​ជុំវិញ​តំបន់​នេះ គឺ​បាន​ទទួល​រង​គ្រោះ​ជា​យូរ​មក​ហើយ​ជាមួយ​នឹង​បញ្ហា​គំនរ​សំរាម​នេះ ហើយ​លោក​ក៏​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទីលាន​ចាក់​សំរាម​នេះ​ឲ្យ​បាន​ឆាប់​ផងដែរ ព្រោះ​ទទួល​បាន​សំណើ​ជា​បន្ត​បន្ទាប់​ពី​ពលរដ្ឋ។

ចៅសង្កាត់​សម្បុរ​សណ្តែកបាយ​រូបនេះ​បាន​ថ្លែង​ក្នុង​ចំណោម​មនុស្ស ២-៣ នាក់ នៅ​កន្លែង​តុ​ធ្វើការ​ក្នុង​សាលា​សង្កាត់​ជើងឯក​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីលាន​ចាក់​សំរាម​ប៉ុន្មាន​នោះ​ថា៖ «ប្រាកដ​ណាស់ ត្រូវតែ​ដោះដូរ​ទីតាំង ព្រោះ​កន្លង​មក​រាប់​ឆ្នាំ​ហើយ ដែល​ប្រជា​ពលរដ្ឋ​ខ្ញុំ​ទទួលផល​ប៉ះពាល់​នេះ ហើយ​ណាមួយ​ការ​ដឹក​សំរាម​របស់​គាត់​តាម​ផ្លូវ​ក៏​ពិបាក ឡាន​ក្រុមហ៊ុន​ស៊ីនទ្រី​ហ្នឹង​ហូរ​ទឹក​ស្អុយ​មក​ពេញ​តែ​ផ្លូវ»។

រថយន្តពេលកំពុងដឹកសំរាមទៅដាក់នៅទីលានចោលសំរាមក្នុងខណ្ឌដង្កោ។ ហេង ជីវ័ន

យោងតាម​ឯកសារ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សភា​កម្ពុជា ឆ្នាំ ២០១៥ ទីលាន​ចាក់​សំរាម​នៅ​កម្ពុជា បើ​ប្រៀប​ធៀប​នឹង​ប្រទេស​វៀតណាម និង​ថៃ នៅ​មាន​កម្រិត​នៅ​ឡើយ​ដោយ​ផ្តោត​ទៅ​លើ​បច្ចេកទេស​អនាម័យ ការ​រចនា និង​វិធីសាស្ត្រ​គ្រប់គ្រង​សំរាម ហើយ​ទីលាន​ចាក់សំរាម​នៅ​កម្ពុជា​ភាគ​ច្រើន មាន​ទីតាំង​នៅ​តំបន់​ដែល​ងាយ​លិច​ទឹក ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បំពុល​បរិស្ថាន​តាមរយៈ​សារ​ជាតិ​ពុល​កើត​ឡើង​នៅ​ក្នុង​បរិវេណ​ទឹក​ក្រោម​ដី និង​ដីស្រែ​ដែល​នៅ​ជុំវិញ​នោះ។ លើស​ពី​នេះ ពលរដ្ឋ​ដែល​នៅ​ជុំវិញ​នោះ អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​សុខភាព ដែល​បណ្តាល​មក​ពី​សត្វ​រុយ និង​សត្វ​ល្អិត បង្កើត​ជា​ជំងឺ​ផ្សេងៗ។

លោក​ ហ៊ុល សៀង​ហេង ​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​នវានុវត្តន៍ Hul Seingheng Director of Research and innovation center បាន​លើក​ឡើង​ថា តាម​ការ​សិក្សា​ចុង​ក្រោយ ដែល​ប្រទេស​មួយ​ចំនួន​បាន​អនុវត្ត​គឺ​ទីលាន​ចាក់​សំរាម​ប្រភេទ Landfill ព្រោះ​ទីលាន​ប្រភេទ​នេះ មាន​លក្ខណៈ​អាច​ជួយ​ទប់ស្កាត់​ផល​ប៉ះពាល់​បាន​ច្រើន និង​អាច​កែប្រែ​សំរាម​ទាំង​នោះ ទៅ​ជា​ថាមពល​បាន ខណៈ​កម្ពុជា​នៅ​ប្រើប្រាស់​ទីលាន​ចាក់​សំរាម​ប្រភេទ Dumpsite ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​នៅ​ឡើយ បើ​ទោះ​មាន​ការ​ប្រើប្រាស់​បច្ចេកទេស​ខ្លះ​ក៏ដោយ។

ដោយសារតែ​បែបនេះហើយ លោក សៀង​ហេង បាន​រំពឹងថា រដ្ឋាភិបាល គួរតែ​ពិចារណា វិនិយោគ​ទីលាន​ចាក់​សំរាម​ថ្មី ប្រកប​តាម​ស្តង់ដា បើ​ទោះ​ជា​ត្រូវ​ចំណាយ​ទុន​ច្រើន​ក៏ដោយព្រោះថា ទៅ​ថ្ងៃ​អនាគត បញ្ហា​សំរាម​នៅ​កម្ពុជា អាច​ជា​ការ​ប្រឈម​ធំ​បំផុត បើ​អាជ្ញាធរ​មិន​មាន​វិធាន​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ​នោះ។

លោក​បន្តថា៖ «យើង​គួរតែ​ធ្វើ Landfill តាម​លក្ខណៈ​បច្ចេកទេស​ហើយ បើទោះជា​អស់​លុយ​ច្រើន តែ​ត្រូវ​តែ​ធ្វើ មិន​គួរ​ធ្វើ Dumpsite ទេ ព្រោះ​ប៉ះពាល់​ច្រើន ហើយ​មិន​អាច​យក​សំរាម​ហ្នឹង​មក​ផលិត​ជា​ប្រយោជន៍​អី​បាន​ទៀត។ យើង​ត្រូវ​តែ​វិនិយោគ​លើ​សំរាម​ហ្នឹង​តែម្តង មិន​អាច​មើល​ស្រាល​ផ្នែក​បរិស្ថាន​ហ្នឹង​បាន​ទេ»។

តាម​ការស្រាវជ្រាវ​រប​ស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា​ឧបត្ថម្ភ​ដោយ​មូលនិធិ​អាស៊ី​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ ២០១៥ បាន​បង្ហាញ​ថា សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កើន​ឡើង​ទ្វេដង ពោល​គឺ សំរាម​ប្រមាណ​ជា ៣ ពាន់​តោន នឹង​ត្រូវ​បាន​បង្កើត​ក្នុង ១ ថ្ងៃ​នៅ​ក្នុង​ឆ្នាំ ២០៣០ ខាងមុខ។ ការ​ស្រាវជ្រាវ​ដដែល​នេះ​ក៏បាន​ដាក់​ការ​បារម្ភ​ផងដែរ​ថា វា​នឹង​អស់​លទ្ធភាព​នៅ​ក្នុង​ការ​ផ្ទុក​សំរាម​នៅ​ឆ្នាំ ២០២០ ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អះអាង​ពី​គម្រោង​បង្កើត​ទីតាំង​ចាក់​សំរាម​ថ្មី​បន្ថែម​បន្ទាប់​ពី​ពិនិត្យ​ឃើញថា​ទីលាន​ចាក់​សំរាម​នៅ​ខណ្ឌ​ដង្កោ​នឹង​មិន​អាច​ទទួល​សំរាម​បន្ដ​បាន។

លោក កែវ ចាន់ណា​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ទីលាន​ចាក់សំរាម​ដង្កោ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ទីលាន​ចាក់​សំរាម​ខណ្ឌ​ដង្កោ ពិតជា​មិនអាច​ផ្ទុក​សំរាម​បាន​តទៅ​ទៀត​ទេ​នៅ​ចុង​ឆ្នាំ ២០២០ ឬ​យ៉ាងយូរ​នៅ​ដើម​ឆ្នាំ ២០២១។ លោក​បាន​បន្តថា បើទោះជា​ទីលាន​ចាក់សំរាម​ដង្កោ មិន​ទាន់​ស្រប​តាម​ស្តង់ដា​បច្ចេកទេស Landfill ប៉ុន្តែ​អាជ្ញាធរ រួមទាំង​ដៃគូ​អភិវឌ្ឍន៍​បាន​អនុវត្ត​ទៅ​តាម​ស្តង់ដា​បច្ចេកទេស​មួយ​ចំនួន​ដែល​ហៅថា (Open dumpsite) ដើម្បី​ឲ្យ​ទីលាន​នេះ​អាច​ឆ្លើយតប និង​ទប់ស្កាត់​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​ដល់​សុខភាព​ពលរដ្ឋ​នៅ​ជុំវិញ​នោះ។ លោក កែវ ចាន់​ណារិទ្ធ បាន​បន្ថែម​ថា ស្រប​ពេល​ទីលាន​នេះ​ជិត​ពេញ អាជ្ញាធរ​ក៏​កំពុង​សិក្សា​ពី​ទីតាំង​ថ្មី និង​កំពុង​សិក្សា​ពី​បច្ចេកទេស​ថ្មី​ដើម្បី​រចនា​ទីលាន​ចាក់​សំរាម​ថ្មី​ឲ្យ​អស់​ពី​លទ្ធភាព​ដែល​លោក​អាច​និយាយ​បាន​ថា ទីលាន​ថ្មី​នេះ​គឺ​ត្រូវ​តែ​បង្កើត​ឡើង​ឲ្យ​បាន​មុន ស្រប​ពេល​ទីលាន​ចាក់​សំរាម​ដង្កោ​នឹង​លែង​អាច​ទទួល​សំរាម​បាន​បន្ត​ទៀត។

លោក​បាន​បញ្ជាក់ថា៖ «ដោយសារ​ប្រជាពលរដ្ឋ​មិនទាន់មាន​ការ​យល់​ដឹង​ពី​ការ​ទុក​ដាក់​សំរាម​ដែល​អាច​ឲ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​កែច្នៃ​សំរាម​បាន ប៉ុន្តែ​បញ្ហា​ប៉ះពាល់​ធំ​ជាង​គេ​គឺ​ពាក់ព័ន្ធ​នឹង​ទឹក​ចេញ​ពី​សំរាម​តែម្តង។ យ៉ាងណា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុង​តែ​សម្លឹង​មើល​ទៅ​លើ​ការ​ផ្លាស់ប្តូរ​ទីតាំង​ទីលាន​ថ្មី។អ៊ីចឹង​អាច​នឹង​មាន​ចាប់​ពី ១ ព្រោះ​និយាយ​ឲ្យ​ចំ​ទៅ ទីលាន​យើង​តែ ១ សព្វថ្ងៃ​មិន​អាច​ទទួល​នូវ​ការ​ចាក់​សំរាម​ទាន់​ទេ» ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គម្រោង​ទីលាន​ចាក់​សំរាម​ថ្មី​ប្រមាណ​ជា ២ ទៅ ៣ កន្លែង ដែល​អាជ្ញាធរ​បាន​សិក្សា តែ​លោក​មិន​អាច​ប្រាប់​លម្អិត​បាន​ជុំវិញ​ព័ត៌មាន​ទាំង​នេះ​ទេ។

យ៉ាងណា លោក មាស​ភក្ដី សុំ​ឲ្យ​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ជុំវិញ​កន្លែង​ថ្មី​ឬ​លក្ខណៈ​បច្ចេកទេស ពីព្រោះ​អាជ្ញាធរ​ពិត​ជា​បានគិត​គូរ​ពី​ការ​ព្រួយបារម្ភ​ទាំងនេះ។

លោក​បាន​បញ្ជាក់ថា៖ «ការជូន​ជា​ព័ត៌មាន​ថា តំបន់​ណាខ្លះ ធ្វើ​យ៉ាងម៉េច​ខ្លះ មិន​ទាន់​អាច​ជូន​លម្អិត​បាន​ទេ តែ​គ្រាន់​តែ​អាច​ប្រាប់ថា​យើង​បាន​គិតគូរ​រួច​អស់​ហើយ បាន​ត្រៀម​លក្ខណៈ​រួច​អស់​ហើយ។ ខ្ញុំ​គ្រាន់​តែ​អាច​ជូន​ជា​ព័ត៌មាន​ថា កុំ​មាន​ការ​បារម្ភ​ពី​បញ្ហា​ក្នុងការ​ទុកដាក់​សំរាម​បន្ទាប់​ពី​ទីលាន​ចាក់​សំរាម​នេះ ពេញ​ទៅ ព្រោះ​អាជ្ញាធរ​បាន​គិតគូរ​រួច​ហើយ»។

តាម​ការសិក្សា​ស្រាវជ្រាវ​ទូទៅ​មួយ​របស់ Martine Vrijheid London School of Hygiene and tropical Medicine ឆ្នាំ ២០១៥ ស្តីពី​ផល​ប៉ះពាល់​សុខភាព​ទៅ​លើ​ប្រជាជន​ដែល​នៅ​ជិត​ទីលាន​ចាក់​សំរាម​បាន​រក​ឃើញ​ថា ការ​ពិនិត្យ​លើ​ការ​សិក្សា​ជំងឺ​រាត​ត្បាត មាន​ការ​កើន​ឡើង​ហានិភ័យ​នៃ​ផល​ប៉ះពាល់​ដល់​សុខភាព ដូចជា​អត្រាកំណើត​ទាប ពិការភាព​ពី​កំណើត​មាន​ការ​កើត​ឡើង​នូវ​ប្រភព​ជំងឺ​មហារីក ហើយ​ហានិភ័យ​នេះ ត្រូវ​បាន​រាយការណ៍​ថា​មាន​ការ​លំបាក​ក្នុងការ​កំណត់​វិសាលភាព​ផលប៉ះពាល់​ផងដែរ។

ងាក​មក​និយាយ​ពី​អ្នកស្រី សុខ ឡាយ វិញ ក្រោយពី​រៀបរាប់​ពី​បញ្ហា​ប្រឈម​របស់​ខ្លួន​ដែល​បាន​ជួប​ប្រទះ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ អ្នកស្រី​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទីលាន​ចាក់​សំរាម​ពីនេះ​ឲ្យ​បាន​ឆាប់ដោយ​ថែម​ទាំង​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឲ្យ​ល្អ​មុន​នឹង​សម្រេច​ដាក់​ទីតាំង​ចាក់​សំរាម​ទៅ​កន្លែង​ថ្មី​ដើម្បី​ចៀស​វាង​ផ្តល់​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ថ្មី​បន្ត​ទៀត។

អ្នកស្រី​បាន​ពោល​ឡើង​ព្រមទាំង​យកដៃ​ម្ខាង​មក​ខ្ទប់​ច្រមុះ​ផងដែរ​ថា ៖ «វា​ទៅ​កន្លែង​ណា​ប៉ះពាល់​កន្លែង​ហ្នឹងហើយ​វា​មិន​អត់​ទេ ព្រោះ​គេ​ដាក់​នៅ​ទីនេះ ប៉ះពាល់​នេះ បើ​គេ​លើក​ទៅ​ដាក់​កន្លែង​ផ្សេង​ទៀត វា​នឹង​ប៉ះពាល់​កន្លែង​ផ្សេង​ទៀត​ព្រោះ​យើង​មិន​ដឹង​ថា​គេ​ធ្វើ​ថ្មី មាន​បច្ចេកទេស​ល្អ​អត់? បើ​យើង​រង​ទុក្ខ​ដោយសារ (ទីលាន​ចាក់​សំរាម) រាប់​ឆ្នាំ​ហើយ​នោះ»៕