
អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងសម្របសម្រួលពលរដ្ឋជាង ១៣០ គ្រួសារ ដែលរស់នៅលើដីចំណីច្រាំងទន្លេសេកុងក្នុងក្រុងស្ទឹងត្រែងឲ្យផ្លាស់ប្ដូរលំនៅទៅកន្លែងថ្មីដែលអាជ្ញាធររៀបចំជូន។ រូបថត ក្រសួងព័ត៌មាន
ស្ទឹងត្រែងៈ អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងសម្របសម្រួលពលរដ្ឋជាង ១៣០ គ្រួសារ ដែលរស់នៅលើដីចំណីច្រាំងទន្លេសេកុងក្នុងក្រុងស្ទឹងត្រែងឲ្យផ្លាស់ប្ដូរលំនៅទៅកន្លែងថ្មីដែលអាជ្ញាធររៀបចំជូន ខណៈក្នុងចំណោមនោះមានភាគច្រើនបានឯកភាព នៅពេលទីតាំងច្រាំងនេះត្រូវយកទៅអភិវឌ្ឍដើម្បីកុំឱ្យបាក់ និងរួមចំណែកលើកកម្ពស់សោភណភាពទីក្រុង។
លោក ម៉េង គុង មន្ត្រីនាំពាក្យខេត្តស្ទឹងត្រែងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ពលរដ្ឋភាគច្រើនបំផុតនៅក្នុងចំណោមជាង ១៣០ គ្រួសារនេះបានឯកភាពរួចហើយ ដើម្បីរុះរើផ្ទះសំបែងចេញពីច្រាំងទន្លេ ដើម្បីទៅរស់នៅលើដីឡូត៍ដែលអាជ្ញាធរបានរៀបចំផ្ដល់ជូនមានចម្ងាយជាង ២ គីឡូម៉ែត្រពីទីតាំងច្រាំងទន្លេ និងផ្សារក្នុងក្រុងស្ទឹងត្រែង។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើពួកគាត់មានផ្ទះ និងមានគ្រួសាររស់នៅហ្នឹងពិតប្រាកដ យើងនឹងរៀបចំផ្លាស់ប្ដូរគាត់ទៅរស់នៅលើដីឡូត៍ដែលរៀបចំសម្រាប់គ្រួសារទាំងអស់ហ្នឹងទៅនៅទីនោះវិញ។ ដីឡូត៍ហ្នឹងស្ថិតនៅក្នុងក្រុងស្ទឹងត្រែងដដែល។ យើងផ្ដល់ជូនពួកគាត់តែដីលំនៅឋាន ពីព្រោះគាត់រស់នៅលើច្រាំងទន្លេក៏អត់មានដីធ្វើស្រែចម្ការអីដែរ។ ពលរដ្ឋភាគច្រើនព្រមទទួលសំណងនេះហើយ នៅសល់តែ ២-៣ នាក់ទៀត ដែលកំពុងពិចារណា»។
លោកបន្តថា ក្នុង ១ គ្រួសារនឹងទទួលបានដីឡូត៍ដែលមានទទឹង ១០ ម៉ែត្រ និងបណ្ដោយ ២០ ម៉ែត្រហើយទីតាំងថ្មីនេះ គឺទើបមានការតភ្ជាប់បណ្ដាញអគ្គិសនីចូល ហើយនាពេលខ្លីខាងមុខនេះអាជ្ញាធរនឹងចាប់ផ្ដើមតបណ្ដាញទឹកស្អាតចូលថែមទៀត។
លោកបានបន្ថែមថា ច្រាំងទន្លេប្រហែល ៥០០ ទៅ ៦០០ ម៉ែត្រ នឹងត្រូវចាក់បេតុងកុំឱ្យបាក់ដែលការសាងសង់ចាប់ផ្ដើមពីឆ្នាំ ២០២០ នេះទៅ។
លោកថា៖ «រៀបចំច្រាំងទន្លេកុំឱ្យបាក់ និងជាពិសេសគឺសុវត្ថិភាពរបស់ពួកគាត់ កាលណាគាត់នៅលើច្រាំងហើយបើបាក់គឺអាចឱ្យពួកគាត់មានគ្រោះថ្នាក់។ មួយទៀតដើម្បីសោភណភាពក្រុង កាលណាគាត់នៅតាមច្រាំងទន្លេ វាធ្វើឱ្យប៉ះពាល់បរិស្ថានផង។ ពួកគាត់រស់នៅលើដីចំណីទន្លេហ្នឹង គឺអត់មានប្លង់អីទេ»។
តាមក្រសួងព័ត៌មានបានចុះផ្សាយថាអាជ្ញាធរក្រុងស្ទឹងត្រែងបានឱ្យប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេចាប់ពីព្រះរាជដំណាក់ទៅដល់ស្ពានមេគង្គត្រូវរុះរើសំណង់ចេញឱ្យរួចរាល់ត្រឹមថ្ងៃទី ៣០ ខែមេសាខាងមុខនេះ ដើម្បីឱ្យអាជ្ញាធរមានលទ្ធភាពអភិវឌ្ឍទីក្រុងស្អាត។
ក្រសួងព័ត៌មានផ្សាយថា «ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងស្អាតនៅឆ្នាំ ២០២០ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងនៅថ្ងៃទី ១៥ កុម្ភៈ បានជូនដំណឹងឱ្យប្រជាពលរដ្ឋ ១៣៩ ខ្នងផ្ទះ ដែលកំពុងរស់នៅតាមជួរមាត់ទន្លេសេកុង ក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង និងនៅតាមជួរមាត់ទន្លេមេគង្គ ក្នុងភូមិបាចុង សង្កាត់ព្រះបាទ ត្រូវរុះរើលំនៅឋានឱ្យបានរួចរាល់នៅថ្ងៃទី ៣០ មេសាខាងមុខ»។
ដោយឡែកទំព័រហ្វេសប៊ុករដ្ឋបាលក្រុងស្ទឹងត្រែងបានផ្សព្វផ្សាយដែរថា ការរុះរើសំណង់អនាធិបតេយ្យដែលសង់បណ្ដោះអាសន្ននៅតាមដីចំណីមាត់ទន្លេគឺមានពលរដ្ឋចំនួន ១២៩ នាក់បានឯកភាព និងគាំទ្រដោយទះដៃទទួលយកដំណោះស្រាយគោលនយោបាយ។
លោក ប៊ី វ៉ាននី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែងដែលគាំទ្រចំពោះគម្រោងផ្លាស់ទីពលរដ្ឋពីច្រាំងទន្លេនេះបានលើកឡើងថាកន្លងមកអាជ្ញាធរបានព្យាយាមចរចាជាមួយពលរដ្ឋទាំងនេះហើយលោកមិនបានសង្កេតឃើញមានការបង្ខិតបង្ខំណាមួយកើតឡើងនៅឡើយទេ។
លោកថា៖ «អាជ្ញាធរបានព្យាយាមដោះដូរ ឬដោះស្រាយតាមសំណើរបស់ប្រជាពលរដ្ឋ។ ប្រសិនបើផ្លាស់ប្ដូរលំនៅពួកគាត់ទៅកាន់ដីសម្បទានសង្គមកិច្ច យើងគាំទ្រ និងចូលរួមអបអរសាទរចំពោះដំណោះស្រាយហ្នឹង។ ព្រោះវាគោរពទៅតាមគោលការណ៍សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ឬសិទ្ធិលំនៅឋានដើម្បីឱ្យពួកគាត់រស់នៅឱ្យបានសមរម្យ ថ្វីដ្បិតពួកគាត់រស់នៅលើដីរដ្ឋខុសច្បាប់កី្ដ»៕