ភ្នំពេញៈ ពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​លេខ​ ៤៣៤ ក្នុង​ភូមិ​ ៤ សង្កាត់​​ទំនប់ទឹក ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​ជិត​ ១០០ ​គ្រួសារ​ ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ពី​រាជរដ្ឋាភិបាល​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​ក្នុង​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​ដែល​ជា​ដំណោះស្រាយ​មួយ​ធ្វើឲ្យ​ពួកគាត់​កក់ក្ដៅ​ជាង​មុន ខណៈ​បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទាល់​។

លោក អេង ភារិទ្ធ អាយុ​ ២៤ ​ឆ្នាំ​ ដែល​ទើបបាន​រុះរើ​ផ្ទះ​ចាស់​ចេញ​ពី​តំបន់​មិន​រៀបរយ​ក្នុង​សង្កាត់​ទំនប់​ទឹកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ១២ កក្កដា​ ថា ជាមួយ​ដំណោះស្រាយ​ឈ្នះ ឈ្នះ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដល់​ដី​ក្នុង​តំបន់​អភិវឌ្ឍន៍​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល​ខេត្ត​កណ្ដាល​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​របស់​លោក​សម្រាប់​ ១ ​ខ្នង​ផ្ទះ​ក្នុង​ទំហំ​ ៤ ​ម៉ែត្រ​x១៥ ​ម៉ែត្រ​ជា​ថ្នូរ​នឹង​ការរុះរើ​ផ្ទះ​ចេញពី​ទីតាំង​ចាស់​នៅ​ភ្នំពេញ ដែល​ពួកគាត់​ធ្លាប់​រស់នៅ​កន្លង​មក​។

លោក ភារិទ្ធ បាន​ថ្លែងថា​៖ «​កន្លងមក​គ្រួសារ​ខ្ញុំ​រស់នៅ​គ្មាន​ភាពកក់ក្ដៅ​នោះ​ទេ ដោយសារ​តែ​យើង​សង់ផ្ទះ​រស់នៅ​លើដី​ចំណីផ្លូវ​សាធារណៈ​។ ​ប៉ុន្តែ​ពេលនេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន តាមរយៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ផ្ដល់​ដំណោះស្រាយ​ជា​ដី​ទំហំ​ ៤ ​ម៉ែត្រ x ១៥ ម៉ែត្រ និង​កម្មសិទ្ធិ​ស្របច្បាប់​ដល់​ពួកយើង ដើម្បី​សង់ផ្ទះ​រស់នៅ​សមរម្យ​»​។ បើតាម​លោក ភារិទ្ធ​នៅ​ទីតាំង​ថ្មី​នោះ​គឺជា​តំបន់​រោងចក្រ​ដែល​អាច​ឲ្យ​ពួកគាត់​ងាយស្រួល​ក្នុង​ការប្រកប​ការងារ និង​មុខរបរ​ចិញ្ចឹមជីវិត​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពីថ្ងៃ​ទី​ ១២ កក្កដា​ ថា ការទទួល​យក​ដំណោះស្រាយ​គោលនយោបាយ​ជា​ដីឡូត៍​ជូន​ពលរដ្ឋ​ក្រីក្រ​នេះ​គឺជា​ថ្នូរ​នឹង​ការរុះរើ​ផ្ទះ​ចេញ​ដោយ​ស្ម័គ្រចិត្ត​ពី​ដី​ចំណីផ្លូវ ដើម្បី​​ចូលរួម​ចំណែក​លើកកម្ពស់​សណ្ដាប់ធ្នាប់​សាធារណៈ សោភណភាព និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស្រស់បំព្រង​ឡើង​។

លោក​បាន​ថ្លែងថា​៖ «​ជា​ការលើក​ទឹកចិត្ត​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ទាំងនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​យើង​បាន​សម្រេច​ផ្ដល់​ទាំង​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ក្នុង​ទីតាំង​ថ្មី​នោះ​ដល់​ពួកគាត់​ឲ្យ​រួច​​ជាស្រេច​តែម្ដង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពួកគាត់​ក្នុង​ការរៀបចំ​អភិវឌ្ឍ​លំនៅឋាន​​រស់នៅ​ឲ្យ​បាន​សមរម្យ​»​។

លោក មាសភក្តី បាន​បន្តថា អាជ្ញាធរ​ក៏បាន​ជួយ​រុះរើ និង​ដឹកជញ្ជូន​គ្រឿង​សំណង់ផ្ទះ​ចាស់​ និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​របស់​ពលរដ្ឋ​ទាំងនោះ​ពី​ទីតាំង​ចាស់​ទៅ​ទីតាំង​ថ្មី​ព្រមទាំង​បាន​ជួយ​រក​កន្លែង​សម្រាប់​ពួកគេ​ស្នាក់នៅ​បណ្ដោះអាសន្ន​រយៈពេល​ ១ ​ខែ​ដោយ​ឥតគិតថ្លៃ​ទម្រាំ​​ពួកគេ​សង់ផ្ទះ​ថ្មី​រួច​ផងដែរ​។

ជុំវិញ​ដំណោះស្រាយ​បែប​​នេះ លោកស្រី ស៊ុំ សាម៉ន នាយិកា​អង្គការ​អភិវឌ្ឍន៍​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​ (UPWD) បាន​សាទរ​ជាមួយ​នឹង​ការរំពឹង​ថា​​គ្រួសារ​ក្រីក្រ​ទាំងនោះ​នឹង​ខិតខំ​ប្រឹងប្រែង​រក​ការងារ​ធ្វើ​ដោយ​សុចរិត​ទៅតាម​សមត្ថភាព​រៀងៗ​​ខ្លួន​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​ប្រសើរឡើង​។

លោកស្រី សាម៉ន បាន​បញ្ជាក់ថា​៖ «​នៅ​ទីតាំង​ថ្មី​នោះ អាជ្ញាធរ​បាន​រៀបចំ​ប្រព័ន្ធ​ទឹក ភ្លើង​រួចរាល់​ហើយ​។ ចំណែក​ផ្លូវ​បេតុង​កំពុង​ដំណើរការ​សាងសង់​ជិត​រួចរាល់​ហើយ​ដែរ​។ ​នៅក្បែរ​ទីតាំង​ថ្មី​នោះ​គឺជា​មជ្ឈមណ្ឌល​រោងចក្រ​កាត់ដេរ ហើយ​នៅ​ប្រមាណ​ ២ ​គីឡូម៉ែត្រ​ពី​ទីនោះ​មាន​មណ្ឌល​សុខភាព ផ្សារ និង​សាលារៀន​ផងដែរ​»​។

លោក ស្រី សាម៉ន បាន​បន្តថា ពេលនេះ​អង្គការ​របស់​លោកស្រី និង​អង្គការ​ជា​ដៃគូ​​មួយ​ចំនួន​ទៀត​កំពុង​ស្វែងរក​មូលនិធិ និង​សម្ភារ​មួយចំនួន​ដើម្បី​ជួយ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ​ក្នុង​ការសាងសង់​ផ្ទះ​​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ​នៅលើ​ទីតាំង​ថ្មី ដែល​អាជ្ញាធរ​បាន​ផ្ដល់​ជូន​នោះ​៕