The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង​តវ៉ា​មុខ​ធនាគារ​ ADB

ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង​តវ៉ា​មុខ​ធនាគារ​ ADB

ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង​តវ៉ា​មុខ​ធនាគារ​ ADB

ភ្នំពេញៈ អតីត​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​រាជធានី​ភ្នំពេញ​​ជិត ៥០ ​នាក់​ដែល​បាន​បម្លាស់​​ទី​ទៅកាន់​ទីតាំង​ថ្មី​ ៤ ឆ្នាំ​មក​​ហើយ​នោះ​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ជាថ្មី​នៅ​មុខ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាលពី​ថ្ងៃ​ម្សិលមិញ ទាមទារ​ឲ្យ​ធនាគារ​​មួយ​នេះ​ផ្តល់​ថវិកា ៨០០០ ​ដុល្លារ​ក្នុង​មួយ​គ្រួសារ ដើម្បី​ស្តារ​លទ្ធភាព​មុខរបរ​របស់​ពួកគេ​ឡើង​វិញ ខណៈ​ដែល​ការ​រស់​នៅ​ទីតាំង​​ថ្មី​កំពុង​ប្រឈម​​នឹង​​បញ្ហា​​​​មុខរបរ​ដាច់​ស្បៀង​អាហារ​ និង​ជំពាក់​​បំណុល។

តំណាង​ប្រជាពលរដ្ឋ អ្នកស្រី រស់ បុផា អាយុ ៣៨ ​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ពួកគាត់​ទទួល​បាន​សំណង​តិចតួច​ពី​ធនាគារ​ ADB ក្នុង​មួយ​គ្រួសារ​ក្រោម ១០០០ ​ដុល្លារ​ និង​ដី​ទំហំ ៧ គុណ​ ១៥ ​ម៉ែត្រ​ ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​​ទីតាំង​អភិវឌ្ឍន៍​​ផ្លូវ​រថភ្លើង​ទៅកាន់​ជាយ​ក្រុង​​​រួច​មក​ពួកគាត់​បាន​និង​​​​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ដោយ​ខ្វះ​មុខរបរ និង​ជំពាក់​បំណុល​​ឈ្មួញ​​ដែល​​កំពុង​រឹបអូស​យក​ដី​ដែល​រដ្ឋ​ផ្តល់​ឲ្យ​ព្រោះ​តែ​គ្មាន​ប្រាក់​សម្រាប់​សង​​​បំណុល។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «ស្ថានភាព​សេដ្ឋកិច្ច​យើង​ជាក់ស្តែង​កំពុង​ជួប​ទុក្ខលំបាក​ខ្លាំង អ៊ីចឹង​ពួកខ្ញុំ​​ទាមទារ​ឲ្យ​ធនាគារ​ ADB គិតគូរ​ពី​បញ្ហា​ពួកខ្ញុំ​បច្ចុប្បន្ន​​ដូច​ដែល​បាន​សន្យា​ហើយ​ផ្តល់​ថវិកា ៨០០០ ​ដុល្លារ​​ក្នុង​មួយ​គ្រួសារ សម្រាប់​​​ឲ្យ​ពួក​ខ្ញុំ​ដោះស្រាយ​​ស្តារ​លទ្ធភាព​ការងារ​រយៈពេល​ ៤ ​ឆ្នាំ​កន្លង​មក​នេះ និង​ដោះស្រាយ​បំណុល​​ជូន​ប្រជាពលរដ្ឋ​​ដោយ​​គ្មាន​លក្ខន្តិកៈ និង​ដោយ​គ្មាន​ការ​សង​ប្រាក់​បន្ត​ទៅ​វិញ»។

ប្រធាន​គម្រោង​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក Januar Hakim បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រាប់​ថា​នឹង​យក​ករណី​នេះ​ទៅ​សិក្សា​រយៈពេល ២០ ​ថ្ងៃ មុន​នឹង​ផ្តល់​ចម្លើយ​ថា​យ៉ាង​ណា​នោះ​។ លោក​ថា៖ «​ខ្ញុំ​នឹង​យក​លិខិត​​ជា​ផ្លូវការ​​នេះ​ទៅ​ជូន​នាយក​ធនាគារ​ដើម្បី​ធ្វើការ​សិក្សា​បន្ត​ទៀត ហើយ​យើង​នឹង​ជូន​ដំណឹង​​រយៈពេល​ ២០ ​ថ្ងៃ​»​។

ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​នឹង​ត្រឡប់​មក​តវ៉ា​នៅ​មុខ​ធនាគារ​នេះ​​ម្តង​ទៀត​នៅ​រយៈពេល​ ២០ ​ថ្ងៃ​ខាង​មុខ បើ​សិន​ជា​មិន​ទទួល​បាន​ចម្លើយ​ណា​មួយ​នោះ។

បើ​តាម​តំណាង​ប្រជាពលរដ្ឋ​ពួកគាត់​ចំនួន ១៤៨ ​គ្រួសារ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​​អាជ្ញាធរ​បម្លាស់​ទី​ទៅ​កាន់​ភូមិ​ត្រពាំង​អញ្ចាញ​ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ឆ្នាំ​ ២០១១ ដោយ​ទីតាំង​ថ្មី​នោះ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ពុំ​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​គ្រប់គ្រាន់​ធ្វើឲ្យ​ពួកគាត់​កាន់តែ​ធ្លាក់​ខ្លួន​ក្រ​គ្មាន​មុខរបរ និង​ពេល​ឈឺថ្កាត់​ម្តងៗ​គ្មាន​ប្រាក់​ព្យាបាល​ជាដើម ៕

អត្ថបទគួរចាប់អារម្មណ៍