ខេត្តព្រះសីហនុៈ ជាង ១ សប្តាហ៍មកហើយ មានប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាផ្អើលទៅបោះបង្គោលព្រំដី វាស់ចែកគ្នា បែបអនាធិបតេយ្យ នៅលើដីកម្មសិទ្ធិឯកជន ដែលពុំមានម្ចាស់រស់នៅ និងដីរដ្ឋ រាប់ពាន់ហិកតា នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុធ្វើឲ្យអាជ្ញាធរខេត្ត បានកោះប្រជុំបន្ទាន់មួយកាលពីរសៀលថ្ងៃម្សិលមិញ ដើម្បីទប់ស្កាត់បញ្ហា «ដែលមានការញុះញង់ពីមេខ្យល់» នេះ។
បើតាមអាជ្ញាធរដែនដីពលរដ្ឋរាប់រយនាក់ដែលផ្អើលមកចាប់យកដីកម្មសិទ្ធិឯកជន និងដីរដ្ឋនេះ មួយចំនួនរស់នៅក្នុងខេត្តព្រះសីហនុ និងមួយចំនួនមកពីបណ្តាខេត្តផ្សេងទៀត។
តាមការសង្កេតផ្ទាល់របស់ភ្នំពេញ ប៉ុស្តិ៍ ដែលបានចុះទៅដល់កន្លែងកើតហេតុ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ក្រុងព្រះសីហនុ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារម្សិលមិញ បានឃើញក្រុមមនុស្សប្រមាណជា ២០០ នាក់ ខ្លះជិះឡាន ខ្លះជិះម៉ូតូ មានគ្នាពី ៤ ទៅ ៥ នាក់ ក្នុង ១ ក្រុម ខ្លះមានដឹកបង្គោលថ្ម និងបង្គោលឈើ សម្រាប់បោះព្រំដី ខ្លះមានសម្ភារសម្រាប់ជីករណ្ដៅ និងមានម៉ែត្រព្រមទាំងខ្សែវាស់ដីផង ក្នុងសភាពប្រញាប់ប្រញាល់ បានវាស់វែងផ្ទៃដី តាមកន្លែងផ្សេងៗគ្នា ដោយអះអាងថា ជាដីដែលពួកគាត់បានកាប់ឆ្ការរុករានត្រួសត្រាយ ដីព្រៃរបស់រដ្ឋជាច្រើនឆ្នាំមកហើយ និងខ្លះអះអាងថា ជាដីដែលបានទិញតពីគេ ប៉ុន្តែមិនមានឯកសារផ្លូវ ច្បាប់ណាមួយនោះទេ បើទោះបីជាអាជ្ញាធរដែនដី បានប្រកាសតាមមីក្រូឲ្យបញ្ឈប់សកម្មភាពក៏ដោយ។
ភ្នំពេញប៉ុស្តិ៍បានសុំសម្ភាសពលរដ្ឋទាំងនោះ ប៉ុន្តែ ពលរដ្ឋខ្លះព្យាយាមដើរគេចចេញ និងខ្លះទៀតយល់ព្រមឲ្យសម្ភាស។
លោក ជុំ ថេង វ័យ ២៤ ឆ្នាំ ដែលបាននាំគ្នាប្រមាណ ៥ នាក់ សម្រុកចុះបោះបង្គោលព្រំដី នៅក្នុងតំបន់ខាងលើនេះ បានអះអាងថា ដីរបស់លោកបានចុះមកត្រួសត្រាយព្រៃជាយូរឆ្នាំមកហើយ ដោយបញ្ជាក់ថា រូបលោកជាពលរដ្ឋរស់នៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់នេះតែម្ដង។
ខណៈដៃកំពុងទាញខ្សែម៉ែត្រវាស់ដី ដែលបញ្ជាក់ថា ជាដីកម្មសិទ្ធិរបស់លោកដែលមានទំហំក្បាល ៣០ ម៉ែត្រ និងបណ្ដោយ ៦០ ម៉ែត្រនោះ លោក ថេង បានស្រែកប្រាប់ទៅពលរដ្ឋដទៃទៀតដែលកំពុងចុះមកវាស់ដី និងបោះបង្គោលព្រំដីក្បែរនោះថា៖ «ណែ ហើយនាំគ្នាមកពីណា ម៉េចមកបោះបង្គោលលើដីខ្ញុំ ដីនេះខ្ញុំនៅយាម និងត្រួសត្រាយយូរណាស់ហើយ ដីនេះដីខ្ញុំ»។
បន្ទាប់ពីនិយាយទៅកាន់ប្រជាពលរដ្ឋផ្សេងទៀត ដែលកំពុងបោះបង្គោលព្រំដីក្បែរៗគ្នានោះរួច លោក ថេង ក៏ចាប់ផ្ដើមដកបង្គោលដែលពលរដ្ឋបានមកបោះមុននោះចេញរួចនិយាយថា៖ «ខ្ញុំពលរដ្ឋនៅទីនេះ អ្នកណាក៏គេដឹងដែរថា ដីនេះ ខ្ញុំត្រួស ត្រាយមកយូរហើយ ម៉េចក៏នាំគ្នាមកបោះបង្គោលលើដីខ្ញុំ មិនដឹងមកពីណា សូម្បីមុខខ្ញុំមិនដែលឃើញផង ហើយមកចង់យកដីខ្ញុំ មិនបានទេ»។

លោក ថេង បានបែរមកឆ្លើយជាមួយភ្នំពេញប៉ុស្ដិ៍ថា៖ «ពួកនោះ (ប្រជាពលរដ្ឋផ្សេងទៀតមកបោះបង្គោលព្រំដី) ខ្ញុំមិនដែលឃើញមុខទេ មិនដឹងមកពីណាទេ ហើយមកសុំដីខ្ញុំ ចេះតែឲ្យម៉េចកើត ដីខ្ញុំខំកាប់ឆ្ការព្រៃមកច្រើនឆ្នាំ ហើយកន្លែងខ្លះ ខ្ញុំទិញគេអស់លុយទៀត»។
លោក ថេង ក៏បានទាញ «លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី» មួយច្បាប់ លើដីទំហំ ៤ ៥០៨ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលចុះហត្ថលេខាដោយលោក លឹម ពៅ ជំទប់ទី ២ ឃុំបិតត្រាំង កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៨។
ក្រៅពីលោក ថេង ពលរដ្ឋផ្សេងទៀត ដែលនាំគ្នាមកបោះបង្គោលព្រំដី មិនបានបញ្ជាក់ពីទីកន្លែង និងដីរបស់ខ្លួនច្បាស់លាស់ទេ ដោយនាំគ្នាចុះមកដោយសំអាងថា ឮគេថា លោកនាយករដ្ឋមន្រ្ដី នឹងចែកដីនោះឲ្យដល់ពលរដ្ឋ នៅពេលដែលពលរដ្ឋមករស់នៅលើដីនេះ ទើបពលរដ្ឋផ្អើលនាំគ្នាសម្រុកចុះមកបោះបង្គោលបែបនេះ។
លោក មាច ចាន់ មេឃុំបិតត្រាំង បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ ខណៈលោកកំពុងយកមីក្រូប្រកាសប្រាប់ពលរដ្ឋឲ្យបញ្ឈប់សកម្មភាពបោះបង្គោលព្រំដីអនាធិបតេយ្យបែបនេះ ដោយលោកប្រាប់ទៅពលរដ្ឋថា ពលរដ្ឋពិតប្រាកដនៅក្នុងតំបន់ និងមានបណ្ណកម្មសិទ្ធិច្បាស់លាស់ ឲ្យទៅជួបអាជ្ញាធរ ដើម្បីជួយដោះស្រាយឲ្យ។
លោកបានថ្លែងថា៖ «ពួកគាត់បើនិយាយឲ្យចំទៅ ដោយមានការញុះញង់ពីសំណាក់មេខ្យល់ គេហៅថា អនាធិបតេយ្យ ដើម្បីរំលោភយកដីនៅទីនេះ»។
លោកបានឲ្យដឹងថា អាជ្ញាធរកាលពីល្ងាចថ្ងៃទី ១១ ខែ មីនា បានចុះមកណែនាំប្រជាពលរដ្ឋម្ដងរួចហើយ ឲ្យបញ្ឈប់សកម្មភាពបោះបង្គោលព្រំដី ដើម្បីចាប់យកដីដោយអនាធិបតេយ្យបែបនេះ រហូតដល់ល្ងាចថ្ងៃអង្គារម្សិលមិញលោក និងអាជ្ញាធរពាក់ព័ន្ធ មានរដ្ឋបាលខេត្ដព្រះសីហនុបានចុះមកប្រកាសផ្សព្វផ្សាយបន្ថែមទៀតដល់ពលរដ្ឋ។
លោក ចាន់ បញ្ជាក់ថា៖ «ខ្ញុំណែនាំទៅពួកគាត់ហើយថា ដីនេះគេ (ម្ចាស់ដី) មានបណ្ណកម្មសិទ្ធិ មានឯកសារគ្រប់គ្រងហើយ កុំធ្វើអ៊ីចឹង សូមបងប្អូនគោរពគោលការណ៍ច្បាប់ជាមូលដ្ឋាន»។
លោកបានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង ២០០ នាក់ដែលកំពុងសម្រុកនាំគ្នាបោះបង្គោលព្រំដីនៅឃុំបិតត្រាំងនេះ មួយចំនួនរស់នៅក្នុងខេត្ដព្រះសីហនុ និងមួយចំនួនទៀត មកពីខេត្ដផ្សេង។
លោក ចាន់ លើកឡើងថា៖ «ជាទូទៅដីនៅតំបន់នេះ វាមានបណ្ណកម្មសិទ្ធិទាំងអស់ ប៉ុន្ដែក្នុងឆ្នាំ ២០០២ រដ្ឋាភិបាលយើង បានចេញនូវអនុក្រឹត្យដែលហៅថា តំបន់គម្របព្រៃឈើ។ យើងក៏អត់ទាន់ឃើញមានថា រដ្ឋាភិបាល បានលក់ដីនេះដែរ តែដីនេះ យើងនិយាយពីដែនគម្របព្រៃឈើឆ្នាំ ២០០២ ប៉ុន្ដែបច្ចុប្បន្ននេះ ដីនេះក៏មានម្ចាស់គ្រប់គ្រងរួចរាល់អស់ហើយដែរ»។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានកោះប្រជុំគណៈបញ្ជាការឯកភាពបន្ទាន់មួយ កាលពីម្សិលមិញ ដើម្បីចាត់វិធានការចំពោះក្រុមពលរដ្ឋដែលដើរចាប់យកដីបែបអនាធិបតេយ្យនេះ។

តាមរបាយការណ៍នៃកិច្ចប្រជុំរបស់សាលាខេត្ដព្រះសីហនុ គោលបំណងសំខាន់នៅក្នុងកិច្ចប្រជុំបន្ទាន់កាលពីល្ងាចថ្ងៃទី ១១ ខែ មីនា គឺបានផ្ដោតសំខាន់ទៅលើការអប់រំផ្សព្វផ្សាយ និងបង្ក្រាបរាល់សកម្មភាពអនាធិបតេយ្យ របស់ក្រុមពលរដ្ឋមួយចំនួន ដែលបានផ្តុំគ្នាធ្វើសកម្មភាពរំលោភលើដីកម្មសិទ្ធិរបស់អ្នកដទៃ ដែលនៅទំនេរ និងដីសាធារណៈរបស់រដ្ឋ។
រដ្ឋបាលខេត្ដព្រះសីហនុបានបញ្ជាក់ថា៖ «រយៈពេលប្រមាណជាងមួយសប្តាហ៍ចុងក្រោយនេះ ក្រុមពលរដ្ឋមកពីខេត្តផ្សេងៗ ទាំងក្រុមៗ បានធ្វើការប្រមូលផ្ដុំមនុស្សចូលទៅទន្ទ្រានកាន់កាប់វាស់វែងដីចែកគ្នា នៅស្ទើរគ្រប់ស្រុក-ក្រុង ទៅតាមចំណែករៀងៗខ្លួន»។
របាយការណ៍ដដែលបញ្ជាក់ថា បន្ទាប់ពីក្រុមអាជ្ញាធរតាមមូលដ្ឋាន បានធ្វើការតាមដានស៊ើបអង្កេតរួចរាល់ ពិនិត្យឃើញថា ក្រុមប្រជាពលរដ្ឋទាំងនេះគឺបានចល័តមកពីតំបន់ផ្សេងៗ ឬខេត្តផ្សេងៗ ដោយមានចលនាអូសទាញរបស់មេខ្លោងលាក់មុខនៅពីក្រោយខ្នង ដើម្បីទន្ទ្រានយកដីកម្មសិទ្ធិរបស់អ្នកដទៃ រួមជាមួយនឹងដីរបស់រដ្ឋ ក្រោមហេតុផលថា មានភាពក្រីក្រគ្មានដី គ្មានផ្ទះនៅ។
របាយការណ៍នេះបញ្ជាក់ថា៖ «តែករណីនេះ អាជ្ញាធរបានធ្វើការសន្និដ្ឋានថា គឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យ ក្រោមល្បិច ឈ្នះបានដី ចាញ់បានលុយប៉ុណ្ណោះ»។
ជាវិធានការចំពោះមុខនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រគល់ភារកិច្ច ឲ្យគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់ទីតាំងដែលក្រុមពលរដ្ឋចូលទន្ទ្រានកាន់កាប់ដីនោះ ដើម្បីឲ្យពួកគាត់បានយល់ដឹងព្រមទាំងកំណត់អត្តសញ្ញាណពួកគាត់ឲ្យបានច្បាស់លាស់ ជំរុញឲ្យពួកគាត់យល់អំពីច្បាប់ និងចាកចេញពីទីតាំងទន្ទ្រានដីដើម្បីចៀសវាងមានបញ្ហានៅពេលអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់។
លោក អភិបាលខេត្តព្រះសីហនុ ក៏បានដាក់បញ្ជាទៅស្នងការខេត្តព្រះសីហនុរួមជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ ត្រូវធ្វើការស្រាវជ្រាវតាមដានរកមុខសញ្ញាមេខ្យល់ទាំងអស់នេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង។
លោក យន្ត មីន បានបញ្ជាក់បន្ថែមថា៖ «ប្រទេសមានច្បាប់ដូច្នេះយើងត្រូវតែអនុវត្តទៅតាមច្បាប់ដោយមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមអនាធិបតេយ្យ មកក្រឡុកធ្វើព្យុះធ្វើភ្លៀង បង្កបញ្ហាឥតឈប់ឈរដូច្នេះឡើយ»។
លោក ស៊ន សុផាត តំណាងសហគមន៍ដីធ្លី ខេត្ដព្រះសីហនុ បានថ្លែងកាលពីម្សិលមិញដែរថា ពលរដ្ឋដែលនាំគ្នាសម្រុកមកបោះបង្គោលព្រំដីនេះ គឺដោយសារតែបានឃើញគំរូពលរដ្ឋដែលបានទៅចាប់យកដីនៅតំបន់ពយម៉ាចូវ កាលពីពេលថ្មីៗនេះ ហើយមិនត្រូវបានអាជ្ញាធរបណ្តេញចេញ។
លោកបន្ដថា៖ «ដីនេះ កាលពីមុនមានឈ្មួញទិញ-លក់ជាបន្ដបន្ទាប់ ដែលកាត់លក់ឲ្យគ្នា ហើយប្រជាពលរដ្ឋខ្លះ គាត់ចេះតែនាំគ្នាទិញតាមគ្នាទៅ។ ណាមួយពលរដ្ឋបានចំហាយពីរឿងផ្ទុះនៅតំបន់ពយម៉ាចូវក៏នាំគ្នាបែរមកធ្វើសកម្មភាពបែបនេះ»៕