ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​បាននាំ​គ្នា​សម្រុក​ទៅ​ប្រឡង​យក​បណ្ណ​បើកបរ និង​យក​យានយន្ត​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​ (​ឆៀក​) ចាប់ពី​ថ្ងៃ​ ២៩ ​ដល់​ថ្ងៃទី​ ៣០ ខែមេសា មាន​ការកើនឡើង​ច្រើន​ជាង​ថ្ងៃ​ធម្មតា ខណៈ​រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​ផាកពិន័យ​បទល្មើស​ចរាចរណ៍​តាម​អនុក្រឹត្យ​ថ្មី​ចាប់ពី​ថ្ងៃទី​ ១ ឧសភា នេះ​ទៅ​។

ក្រសួង​សាធារណការ​បាន​បញ្ជាក់​តាម​ទំព័រ​ហ្វេសប៊ុក​ថា គ្រប់​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​យានយន្ត​ទាំងអស់​នឹង​ធ្វើការ​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ​ចាប់ពី​ថ្ងៃទី​ ៣ ខែ​ឧសភា ​តទៅ ខណៈ​មន្ត្រី​បាន​លើកឡើង​ថា ពលរដ្ឋ​ដែល​បាន​ទៅ​ប្រឡង​យក​បណ្ណ​បើកបរ និង​យក​យានយន្ត​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​មាន​ការកើនឡើង​។

កាលពី​ថ្ងៃ​ម្សិលមិញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ជាក់​តាម​ទំព័រ​ហ្វេសប៊ុក​ដែរ​ថា កាលពី​ថ្ងៃទី​ ២៩ មេសា ពលរដ្ឋ​បាន​ទៅ​ប្រឡង​យក​បណ្ណ​បើកបរ​មាន​ការកើនឡើង​ជាង​ ៣ ​ដង បើ​ប្រៀបធៀប​ទៅ​ថ្ងៃ​ផ្សេងទៀត​។

មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​មាន​ប្រជាពលរដ្ឋ​បាន​មក​ប្រឡង​យក​បណ្ណបើកបរ​នៅ​អង្គភាព​ផ្តល់​បណ្ណ​បើកបរ​យានយន្ត និង​មក​ប្តូរ​ពន្យារ​ប័ណ្ណ​នៅ​មណ្ឌល​ប្តូរ​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារទំនើប​អ៊ីអន​ទី​ ១ និង​អ៊ីអន​ទី​ ២ មាន​ចំនួន​ ៥៨៣ ​នាក់ ​កើន​ជាង​ ៣ ​ដង​ធៀប​នឹង​ថ្ងៃ​ធម្មតា​»​។

ជាមួយ​គ្នា​នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏​អំពាវនាវ​មន្ត្រី និង​ប្រជាពលរដ្ឋ​ទាំងអស់ រក្សា​គម្លាត​តាម​ការណែនាំ​ពី​មន្ត្រី​ផ្ទាល់​ពេល​មក​ទទួល​សេវា​បណ្ណ​បើកបរ និង​បន្ត​រក្សា​ភ្ជាប់​គោលការណ៍​អនាម័យ​ពាក់​ម៉ាស់​ឲ្យ​ត្រឹមត្រូវ​តាម​ការចាំបាច់ ដើម្បី​ការពារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ទាំងអស់​គ្នា​។

លោក ឈួន វ៉ន់ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ជា​អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ម្សិលមិញ​ដែរ​ថា តាម​ការសង្កេត​ឃើញជាក់ស្ដែង​គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ពលរដ្ឋ​បាន​នាំគ្នា​ទៅ​ប្រឡង​យក​បណ្ណ​បើកបរ និង​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​នៅតាម​មណ្ឌល​នៅ​ទូទាំង​ប្រទេស គឺ​មាន​កើនឡើង​ច្រើន​មិន​ធ្លាប់មាន​។

លោក​ថា​៖ «​ខ្ញុំ​មិនទាន់​មាន​តួលេខ​ច្បាស់​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពី​តាម​មណ្ឌល​មួយចំនួន​ដែល​ក្នុង​ ១ ​ថ្ងៃ​ធ្វើ​ (​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​) ១៣០ ​គ្រឿង​ឡើង​ទៅ​ដល់​ទៅ​ ២៥០ ​ឬ​ជិត​ទៅដល់​ ៣០០ ​គ្រឿង​អ៊ីចឹង​ទៅ​។ ហើយ​មណ្ឌល​នៅ​ខេត្ត​ឆ្ងាយៗ​ខ្លះ​មិន​មាន​សោះ ឬ​ ២-៣-៤ ​គ្រឿង ឥឡូវ​កើន​ដល់​ ៤០ ​គ្រឿង​ទៅដល់​ ៥០ ​គ្រឿង​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក​ឡើង​ថា ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​តាមរយៈ​ការបង្កើន​ប្រាក់​ផាកពិន័យ គឺ​មិនមែន​ជា​ការឆ្លៀត​ឱកាស​រកប្រាក់ និង​ធ្វើបាប​ពលរដ្ឋ​ឡើយ​។ លោក​លើកឡើង​បែបនេះ​ដើម្បី​ឆ្លើយតប​ទៅ​អ្នក​រិះគន់​ដែល​ថា ការរឹតបន្តឹង​ច្បាប់​នេះ​គឺ​កាន់តែ​ដាក់​បន្ទុក​ទៅលើ​ពលរដ្ឋ ស្រប​ពេល​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ដោយសារ​ផ្ទុះឡើង​ជំងឺ​កូវីដ​១៩​។

ប៉ុន្តែ​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​សេចក្ដី​ព្រាង​សេចក្ដីណែនាំ​មួយ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​លោក ស ខេង បញ្ជាក់​ថា​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​ភាពអាសន្ន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​កំណើន​យ៉ាងគំហុក​កាលពី​ឆ្នាំ​កន្លងទៅ ដោយ​បាន​បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់ របួស​ពិការ និង​បង្ក​ឱ្យ​មាន​កុមារកំព្រា​រួមទាំង​វិនាស​ព្រាត់ប្រាស​ក្នុង​គ្រួសារ ស្របពេល​ប្រទេស​ជាតិ​បាន​ចាក​ផុត​ពី​ភ្លើងសង្គ្រាម​មាន សន្តិភាព និង​ការអភិវឌ្ឍ​។

លោក​បាន​បន្តថា ក្រសួង​មហាផ្ទៃ​អគ្គស្នងការ ឬ​អង្គភាព​នគរបាល​ចរាចរណ៍​ដែល​ដឹកនាំ និង​អ្នកអនុវត្ត​ច្បាប់​មិន​ចង់​បាន​ប្រាក់​ពី​ពលរដ្ឋ​នោះទេ ផ្ទុយ​ទៅវិញ​នេះ​គឺជា​ការថែរក្សា​ប្រាក់ និង​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទៅវិញ​ទេ​។

លោក​ថា​៖ «​សមត្ថកិច្ច​នឹង​មិន​ឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិ​ដែល​ធ្វើ​ដំណើរ​ប្រកប​ដោយ​ការគោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះទេ​។ បងប្អូន​អ្នក​ត្រឹមត្រូវ​គឺ​អាច​ធ្វើដំណើរ​បាន​ដោយ​រលូន លើកលែង​តែ​បាន​ធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់​ត្រង់​ចំណុច​ណាមួយ ដូចជា​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា​ទើប​សមត្ថកិច្ច​ឃាត់​មិនឱ្យ​ធ្វើដំណើរ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ​»​។

លោក​បន្ថែមថា​៖ «​សូមកុំ​មាន​ទស្សនៈ​ថា នគរបាល​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើបាប​ប្រជាជន​នេះ​គឺជា​ភារកិច្ច​ដើម្បី​ប្រជាជន ហើយ​ទាល់តែ​ឃាត់​គ្រប់​អ្នកដំណើរ​ទោះ​គោរព​ច្បាប់ និង​មិន​គោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះ​ទើប​ថា ជា​វិធានការ​រដ្ឋបាល​»​។

យោងតាម​អនុក្រឹត្យ​ថ្មី​នៃ​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​គឺ​អ្នកបើកបរ​យានយន្ត​ដោយ​គ្មាន​បណ្ណ​បើកបរ ឬ​ក្នុង​រយៈពេល​ដកហូត​ទុក ព្យួរទុក ឬ​ទុក​ជា​មោឃៈ​គឺ​ត្រូវ​ពិន័យ​ចំនួន​ ១ ​លាន​ ២ ​សែន​រៀល​សម្រាប់​រថយន្ត​ធុន​ស្រាល និង​ ២ ​លាន​ ៤ ​សែន​សម្រាប់​រថយន្ត​ធុន​ធ្ងន់​។

ការបើកបរ​ប្រើប្រាស់​បណ្ណ​បើកបរ​ហួស​សុពលភាព​ត្រូវ​ពិន័យ​ ១ ​សែន​ ៨ ​ម៉ឺន​រៀល​ សម្រាប់​រថយន្ត​ធុន​ស្រាល និង​ ៣ ​សែន​ ៧ ​ម៉ឺន​ ៥ ​ពាន់​សម្រាប់​រថយន្ត​ធុន​ធ្ងន់ ហើយ​ចំពោះ​ការបើកបរ​ប្រើប្រាស់​បណ្ណ​បើកបរ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យាន​ត្រូវ​ពិន័យ​ ១ ​សែន​ ៨ ​ម៉ឺន​រៀល និង​ពិន័យ​ចំនួន​ ៣ ​សែន​ ៧ ​ម៉ឺន​ ៥ ​ពាន់​រៀល​សម្រាប់​រថយន្ត​ធុន​ធ្ងន់​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​តាមរយៈ​ហ្វេសប៊ុក​ដែរ​ថា ដើម្បី​ចៀសវាង​ការផាកពិន័យ ប្រជាពលរដ្ឋ​គឺ​ត្រូវតែ​មាន​បណ្ណ​បើកបរ ហើយ​រថយន្ត​គឺ​ត្រូវតែ​មាន​ការត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​។

រដ្ឋាភិបាល​បាន​ត្រៀមកម្លាំង​ ៣ ៩១៩ ​នាក់ ដើម្បី​ដាក់ពង្រាយ​នៅ​ទូទាំង​ប្រទេស ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​តាម​អនុក្រឹត្យ​ថ្មី ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​អតិបរមា​។ កាលពី​ឆ្នាំ​ ២០១៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់​ចំនួន​ ១ ៩៨១ និង​របួស​ចំនួន​ ៦ ១៤១ ​នាក់ ​ដែល​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​ ២០១៨ ដែលមាន​អ្នកស្លាប់​ចំនួន​ ១ ៧៦១ ​នាក់ និង​របួស​ចំនួន​ ៤ ៧៧០ ​នាក់​៕