ភ្នំពេញ: ពលរដ្ឋ​ចំនួន​ ២៧ ​គ្រួសារ​ដែលថា រងគ្រោះ​ពី​ការទិញ​ផ្ទះល្វែង​ និង​ដីឡូត៍​ពី​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍ទោ​ និង​ភរិយា​បាន​អំពាវនាវ​កាលពី​ថ្ងៃទី​ ២ សីហា ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ បន្ទាប់ពី​ម្ចាស់​គម្រោង​នេះ​បាន​លក់​គម្រោង​បន្ត​ឲ្យ​ធនាគារ Prime MF Microfinance LTD និង​បាន​គេចវេះ​មិន​ព្រម​ដោះស្រាយ​ជាមួយ​អ្នក​ដែល​បាន​ទិញ​រួច​។

លោក ពេជ សារ៉ាត តំណាង​ពលរដ្ឋ​ ២៧ ​គ្រួសារ ​ដែល​រងគ្រោះ​ដោយសារ​គម្រោង​ផ្ទះល្វែង និង​ដីឡូត៍​ ១ ​កន្លែង​នៅ​ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​បាន​ថ្លែង​ពីថ្ងៃ​ទី​ ២ សីហា​ថា គម្រោង​ដែល​ពួកលោក​បាន​ទិញ​នេះ​ជា​កម្មសិទ្ធិ​របស់​លោក​ ឯម សុខពៅ ជា​មន្ត្រី​យោធា​ថ្នាក់​ឧត្ដមសេនីយ៍ទោ​ (​ផ្កាយ​ ២) និង​ភរិយា​របស់​លោក​ឈ្មោះ អ៊ុង សុភា ដែល​បើក​លក់​តាំងពី​ឆ្នាំ​ ២០១៨ ​មក​។

លោក​បន្តថា ផ្ទះល្វែង និង​ដីឡូត៍​ដែល​ពួកលោក​បាន​ទិញ​នេះ​មាន​ទំហំ​ ៤,២ ​ម៉ែត្រ​គុណ​នឹង​ ១៤ ​ម៉ែត្រ​ក្នុង​តម្លៃ​ចន្លោះ​ពី​ ៣៩ ០០០ ​ដុល្លារ​អាមេរិក​ ទៅ​ ៤៥ ០០០ ​ដុល្លារ​។ ពេល​ទិញ​ដំណាក់កាល​ដំបូង ម្ចាស់​គម្រោង​តម្រូវ​ឲ្យ​បង់​ក្នុង​លក្ខខណ្ឌ​ផ្សេងៗ​គ្នា​អ្នកខ្លះ​បង់​ ៣០ ​ភាគរយ អ្នកខ្លះ​ ៥០ ​ភាគរយ និង​បង់​ប្រចាំខែ​ជា​បន្តបន្ទាប់​។ រីឯ​អ្នក​ខ្លះទៀត​បង់​ដំណាក់​ដំបូង ហើយ​មិន​បង់​ប្រចាំខែ​ទេ ដោយ​រង់ចាំ​ផ្ទះ​សាងសង់​ជិត​រួច​សិន ទើប​បង់ប្រាក់​បង្គ្រប់​តែម្តង​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​ខ្ញុំ​បាន​បង់​ដំណាក់កាល​ដំបូង​ជាង​ ១ ​ម៉ឺន​ដុល្លារ ហើយ​នៅសល់​ប្រមាណ​ ២៧ ០០០ ​ដុល្លារ​ ត្រូវ​បង់​ពេល​ផ្ទះ​សាងសង់​រួចរាល់​។ រីឯ​អ្នកទិញ​ខ្លះទៀត​គាត់​បាន​បង់​ដំណាក់កាល​ដំបូង​រហូត​ដល់​ជាង​ ២ ​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​បង់​ប្រចាំខែ​រហូត​ដល់​ជាង​ ៥០០ ​ដុល្លារ​បន្ថែមទៀត​។ ​ប៉ុន្ដែ​ឥឡូវនេះ​ម្ចាស់​គម្រោង​បានគេច​វេះ​មិន​ទទួលខុសត្រូវ ហើយ​លក់​គម្រោង​នេះ​ទៅ​ឲ្យ​ធនាគារ​ Prime ធ្វើ​បន្ត​ដោយ​ស្ងាត់ៗ​ទៅវិញ​»​។

លោក​បន្ថែមថា បច្ចុប្បន្ន​នេះ​ធនាគារ​បាន​តម្រូវ​ឲ្យ​អតិថិជន​ដែល​ទិញ​រួច​បង់លុយ​ឲ្យ​ធនាគារ​បន្ថែម ​១៣ ០០០ ​ដុល្លារ​ពី​លើ​តម្លៃ​នេះ​។ ប្រសិនបើ​តម្លៃ​ផ្ទះ​ត្រឹម ៣៩ ០០០ ​ដុល្លារ​គឺ​ត្រូវ​ឡើងដល់ ៥២ ០០០ ​ដុល្លារ​។

អ្នកស្រី ហូ សុខលីម ជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​នោះបាន​ថ្លែងថា ពួក​អ្នកស្រី​ស្នើសុំ​ឲ្យ​ម្ចាស់​ធនាគារ​ជួយ​សង់ផ្ទះ​ជូន​ភាគី​អ្នកទិញ​ឲ្យ​ចប់​តាម​កិច្ចសន្យា​ចាស់​។ ​បើ​មិនអាច​សាងសង់​ទេ ភាគី​អ្នកទិញ​អាច​សាងសង់​បញ្ចប់​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ដោយ​ត្រូវ​កាត់កង​ជាមួយ​តម្លៃ​ផ្ទះ​ដែល​នៅសល់​ជាមួយ​ធនាគារ​។

អ្នកស្រី​បន្តថា ភាគី​អ្នកទិញ​តម្រូវ​ឲ្យ​ខាង​ធនាគារ​រៀបចំ​កិច្ចសន្យា​ទិញ-លក់​ឡើងវិញ ដោយ​ត្រូវតែ​លម្អិត និង​មាន​ការដឹងឮ​ពី​អាជ្ញាធរ​មាន​មេធាវី និង​អ្នកឯកទេស​ផ្នែក​អចលនទ្រព្យ​ជំនាញ​ខាង​ផ្នែក​ទិញ-លក់ ជា​អ្នកជួយ​មើល និង​រៀបចំ​ឯកសារ​ឲ្យ​ភាគី​អ្នកទិញ​។​អ្នកស្រី​ថា​៖ «​ខ្ញុំ​ស្នើ​ឲ្យ​ភាគី​ខាង​ធនាគារ​រៀបចំ​កាត់​ប្លង់រឹង​ជូន​ម្ចាស់ផ្ទះ​នីមួយៗ​ទៅតាម​កិច្ចសន្យា​ចាស់​»​។

ភ្នំពេញ​ប៉ុស្ដិ៍ មិនអាច​សុំ​អត្ថាធិប្បាយ​ពី​លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែនសុខ​ជុំវិញ​ករណី​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្ដែ​លោក​បាន​ប្រាប់ Fresh News កាលពី​ថ្ងៃ​ ២ សីហា​ថា លោក​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​រួចហើយ ដោយ​បាន​បញ្ជូន​បន្តទៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ថា​៖ «​បច្ចុប្បន្ន​ខាង​សាលា​រាជធានី​ភ្នំពេញ​កំពុង​ពន្លឿន​ការដោះស្រាយ​ជូន​ពួកគាត់​ហើយ យើង​មិនបាន​ទុក​បញ្ហា​របស់​ពួកគាត់​ចោល​ទេ​»​។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​ពុំទាន់​បាន​ទទួល​ពាក្យបណ្ដឹង​ពី​បញ្ហា​នេះ​ទេ ដោយសារ​ឯកសារ​ច្រើន​មិនទាន់​បាន​ពិនិត្យ​។ ប៉ុន្តែ​លោក​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​មក​ស៊ើបសួរ និង​ដាក់ពាក្យ​ផ្ទាល់​នៅ​សាលា​រាជធានី ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ងាយស្រួល​ត្រួតពិនិត្យ​។

លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ និង​សុរិយោដី​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ពីថ្ងៃ​ទី​ ២ សីហា ថា លោក​មិនទាន់​បាន​ទទួល​បណ្ដឹង​ពី​ពលរដ្ឋ​ទាំង ២៧ ​គ្រួសារ​នេះ​ទេ ដោយសារ​លោក​ជាប់រវល់​ការងារ​នៅ​ខេត្ត​មណ្ឌលគិរី​។ ចំណែក​លោក យស់ វណ្ណា ប្រធានស្ដីទី​មន្ទីរ​នេះ​ថា លោក​ក៏​មិនទាន់​បាន​ទទួល​ពាក្យបណ្ដឹង​នេះដែរ​។ «​ខ្ញុំ​គិតថា​ប្រហែល​ជា​គាត់​ដាក់ពាក្យ​បណ្ដឹង​ទៅ​កន្លែង​ផ្សេង​ឲ្យ​ជួយ​ដោះស្រាយ​»​។

លោកស្រី អ៊ុង សុភា និង​លោក ឯម សុខពៅ ដែលជា​ម្ចាស់​គម្រោង​ផ្ទះល្វែង និង​ដីឡូត៍​នេះ​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណីនេះ​បានទេ​។ រីឯ​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ក៏​មិនអាច​សុំ​ការបញ្ជាក់​បាន​ដែរ ដោយ​ទូរស័ព្ទ​របស់លោក​ពុំមាន​អ្នកទទួល​កាលពី​ម្សិលមិញ​។

បុគ្គលិក​ធនាគារ Prime MF Microfinance LTD ម្នាក់​ឈ្មោះ វិរៈ ដែល​កាន់​សំណុំ​រឿងនេះ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​កាលពី​ថ្ងៃទី​ ២ ខែសីហា​។ លោក​ថា​៖ «​ខ្ញុំ​សូម​មិន​ឆ្លើយ​អ្វី​ទាំងអស់​ទៅកាន់​អ្នកសារព័ត៌មាន​សូម​សួរ​ទៅ​លោក​អគ្គនាយក​ខ្ញុំ​វិញ​ទៅ​»​។ ​ក៏ប៉ុន្តែ​លោក គីម សៀងស៊ូ អគ្គនាយក​ធនាគារ​នេះ​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​៕