ខេត្តប៉ៃលិនៈ ​ពលរដ្ឋ​ជិត​ ១០០ ​នាក់​ បាន​ជួបជុំគ្នា​នៅមុខ​សាលាខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍​កុំឱ្យ​មាន​ការចាប់ខ្លួន បន្ទាប់ពី​ពួកគាត់​ទទួល​ដីកា​សម្រេច​រក្សា​ការពារ​ដែល​ចេញ​ដោយ​តុលាការ​ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី ទំហំ​ ២ ​ហិកតា​ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​។

លោក ធូ ភា អភិបាលរង និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាលខេត្ត​ប៉ៃលិន​បាន​ថ្លែង​​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​បាន​មក​ស្នើសុំ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​កុំ​ឲ្យ​មានការ​ចាប់ខ្លួន​ ឬ​ក៏​ការរុះរើ​ផ្ទះ​របស់​ពួកគាត់​ពាក់ព័ន្ធ​នឹង​ដីកា​សម្រេច​រក្សា​ការពារ​របស់​សាលាដំបូង​ខេត្ត ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើដី​ទំនាស់​ចំនួន​ ៤៤ ​គ្រួសារ​។

ជា​ការឆ្លើយតប​ទៅកាន់​ពលរដ្ឋ​នេះ​លោក ធូ ភា បាន​ឱ្យ​ដឹងថា អាជ្ញាធរ​​ខេត្ត​ប៉ៃលិន​ថា នឹង​តាម​ឃ្លាំមើល​ពី​ភាពយុត្តិធម៌​របស់​តុលាការ​ដែលមាន​ចំណាត់​ការ​លើ​រឿង​វិវាទ​ដីធ្លី​នេះ ប៉ុន្តែ​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​​ជំទាស់​នឹង​ការសម្រេច​នេះ​។

លោក ធូ ភា បាន​ឲ្យ​ដឹងថា បញ្ហា​ដី​វិវាទ​នោះ​មាន​ពាក់ព័ន្ធ​នឹង​ភាគី​ចំនួន​ ៣ ហើយ​ក្នុង​ករណី​ដីកា​សម្រេច​រក្សា​ការពារ​របស់​តុលាការ​នេះ​គឺ​តាមរយៈ​បណ្តឹង​របស់​អ្នកស្រី វិន ផេង ដែល​ជា​ភាគី​មួយ​ក្នុងចំណោម​ភាគី​ទំនាស់​ទាំងនោះ​។

លោក​ ភា បន្តថា កន្លងមក​ពលរដ្ឋ​ធ្លាប់បាន​ប្តឹងទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដើម្បី​ជួយ​អន្តរាគមន៍​ចេញ​បណ្ណ​កម្មសិទ្ធិ​ដល់​ពួកគាត់ តែ​មិនឃើញ​មាន​លទ្ធផល​ទេ​។ រីឯ​អាជ្ញាធរ​ដែនដី​មិនទាន់​អាច​ដោះស្រាយ​ជូន​បាន​ដោយសារ​របៀប​រស់នៅ​របស់​ពលរដ្ឋ​នៅ​មិនទាន់​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពលរដ្ឋ​ខ្លះ​មាន​ដី​តែ​ ២ ​ម៉ែត្រ​ ៤ ​ជ្រុង អ្នកខ្លះ​ ២ ​គុណ​ ៣ ​ម៉ែត្រ អីចឹង​ទៅ ហើយ​មិនទាន់​មាន​ផ្លូវ​ចូល មាន​ប្រព័ន្ធ​បង្ហូរទឹក អី​ហូរហែ​អ៊ីចឹង​ទៅ យើង​ពិបាក​ដោយសារ​តែ​ការចូលទៅ​រស់នៅ​របស់​ពួកគាត់​ហ្នឹង​វា​មាន​ចំណែក​ដី​តូច​ផង ធំ​ផង ចេះ​តែ​ប្រជ្រៀត​គ្នា​នៅ​»​។

អ្នកស្រី ហម ស្រីនាង អាយុ​ ៥០ ​ឆ្នាំ​ ជា​តំណាង​ពលរដ្ឋ​ទាំង​ ៤៤ ​គ្រួសារ​បាន​ឲ្យ​ដឹងថា ដី​វិវាទ​នោះ​មាន​ទំហំ​ ២ ​ហិកតា ដោយ​ពួកគាត់​បាន​ទៅ​រស់នៅ​ទីតាំង​នោះ​តាំងពី​ឆ្នាំ​ ១៩៩៨ ​មក​ម្ល៉េះ​តាមរយៈ​​ការដោះដូរ​របស់​អាជ្ញាធរ ហើយ​នៅ​​ពេលនោះ​មិនទាន់​ឃើញ​មាន​ឈ្មោះ​​ វិន ផេង នោះទេ​។

អ្នកស្រី ស្រីនាង ថ្លែងថា​៖ «​ក្រោយមក​ឈ្មោះ វិន ផេង ហ្នឹង មកសុំ​ដី​ពួកខ្ញុំ​ដើម្បី​ធ្វើ​ផ្ទះ​ឲ្យ​កូន​នៅ ដល់ពេល​នៅ​យូរ​ទៅ​ស្រាប់តែ​មក​ប្តឹង​ថា​ដី​ហ្នឹង​ជា​ដី​គាត់​ទៅវិញ រឿង​តែ​ប៉ុណ្ណឹង​ទេ គាត់​ម្នាក់ឯង​ប្តឹង​ពួកខ្ញុំ​រហូត​ដល់​ ៤៤ ​គ្រួសារ​»​។

បើតាម​អ្នកស្រី ស្រីនាង ពលរដ្ឋ​នឹង​យកពាក្យ​បណ្តឹង​ជំទាស់​ទៅ​ដាក់​នៅ​តុលាការ​នៅ​ថ្ងៃទី​ ១៦ ខែធ្នូ​នេះ ដោយ​អះអាង​ថា សេចក្ដី​សម្រេច​រក្សា​ការពារ​របស់​តុលាការ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពួកគាត់​ជាខ្លាំង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​នេះ អ្នកស្រី ស្រីនាង បាន​ឱ្យ​ដឹងថា កន្លងមក​ពលរដ្ឋ​ទាំងអស់​គ្នា​ធ្លាប់​បាន​សុំ​អន្តរាគមន៍​ទៅ​លោក​អភិបាលខេត្ត ដើម្បី​ជួយ​ដោះស្រាយ ប៉ុន្តែ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។

យ៉ាងណាក្ដី​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​អ្នកស្រី វិន ផេង ដែល​ជា​ដើមបណ្ដឹង​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​៕