បាត់ដំបងៈ ប្រជាពលរដ្ឋប្រមាណជិត ១០០ នាក់តំណាងឲ្យ ៥៩ គ្រួសារ រស់នៅក្នុងភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបាណន់ និងស្រុកបវេល ដែលបានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលតាំងតែពីឆ្នាំ ២០១១ កាលពីម្សិលមិញបានឡើងមកភ្នំពេញសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែដីធ្លីនោះមានជម្លោះជាមួយក្រុមទាហានហើយអាជ្ញាធរពាក់ព័ន្ធមិនបានដោះស្រាយជាច្រើនឆ្នាំហើយ។
ប្រជាពលរដ្ឋទាំងនេះមានទំនាស់លើដីសម្បទានសង្គមកិច្ចទំហំ ១៥២ ហិកតាជាមួយទាហានតាំងពីឆ្នាំ ២០១១ ដែលរហូតមកទល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយ។
លោក រិទ្ធ សារ៉េន អាយុ ៦៣ ឆ្នាំជាតំណាងប្រជាពលរដ្ឋបានឲ្យដឹងថាប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយខាងទាហានអស់រយៈពេល ៦ ឆ្នាំមកហើយ ប៉ុន្តែគ្មានដំណោះស្រាយទើបពួកគេនាំគ្នាឡើងមកភ្នំពេញដើម្បីរកការអន្តរាគមន៍។
លោកថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសង្គមកិច្ចដល់អ្នកភូមិក្នុងឆ្នាំ ២០១១ តែខាងទាហាននៅតែមិនព្រម និងមានជម្លោះរហូតមកដល់សព្វថ្ងៃ។
លោកបញ្ជាក់ថា៖ «ពលរដ្ឋអ្នកមកកាប់ឆ្ការនៅតំបន់នេះមុនហើយខាងទាហានមកចង់កាន់កាប់ទើបមានជម្លោះនឹងគ្នា»។
ពលរដ្ឋម្នាក់ទៀតឈ្មោះ ទូច ចន្ថា ឲ្យដឹងថាប្រជាពលរដ្ឋធ្លាប់ដាក់ពាក្យបណ្តឹង និងរកការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានតែនៅតែគ្មានដំណោះស្រាយ។ «ធ្លាប់ដាក់ពាក្យបណ្តឹងប៉ុន្មានដងហើយតែគ្មានដំណោះស្រាយនោះទេទើបនាំគ្នាមកភ្នំពេញស្នើសុំសម្តេចតេជោជួយអន្តរាគមន៍»។
លោកបន្ថែមថានៅពេលពលរដ្ឋមកមុខវត្តបទុមវត្តីមន្រ្តីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីបានចេញមកទទួលហើយឲ្យពួកគាត់ទៅដាក់ពាក្យបណ្តឹងនៅក្រសួងដែនដីដែលជាក្រសួងទទួលបន្ទុកលើការដោះស្រាយវិវាទដីធ្លីវិញ។
អំឡុងពេលដែលប្រជាពលរដ្ឋទៅក្រសួងដែនដីលោក អុល សុខយស ក្រុមការងារទទួលពាក្យបណ្តឹងរបស់ក្រសួងដែនដីបានចេញមកនិយាយជាមួយពលរដ្ឋដោយស្នើឲ្យពួកគាត់ទៅរៀបចំញត្តិដើម្បីដាក់មកក្រសួងដែនដីក្នុងការរកដំណោះស្រាយ។
លោក យិន ម៉េងលី អ្នកសម្របសម្រួលសមាគមអាដហុកបានថ្លែងថាលោកមិនបានជ្រាបព័ត៌មានលម្អិតពីប្រវត្តិដីធ្លីប្រជាពលរដ្ឋរស់នៅក្នុងឃុំឃ្លាំងមាសនោះទេគ្រាន់តែដឹងថាពួកគេមានជម្លោះដីធ្លីជាមួយក្រុមទាហានយូរឆ្នាំមកហើយ។ «ពួកគាត់សម្រេចមកភ្នំពេញព្រោះគ្មានដំណោះស្រាយយូរឆ្នាំមកហើយ»។
បញ្ហាវិវាទដីធ្លីនៅតែជាបញ្ហាដ៏ក្តៅគគុកមួយនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ហើយជាញឹកញាប់គេតែងតែឃើញប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានាឡើងមកតវ៉ានៅភ្នំពេញ៕