ខេត្តកោះកុង: ​ប្រជាពលរដ្ឋ​ចំនួន ៤០ ​គ្រួសារ​ក្នុង​ចំណោម​ ៣៧៥ ​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​ ៣ នៅ​ខេត្ត​កោះកុង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះដូរ​ទីតាំង​ដី​ដែល​នឹង​ត្រូវ​បែង​ចែកជូន​ពួកគាត់​ដោយសារ​តែ​ទីតាំង​ដី​ដែល​បាន​កំណត់​នោះ​គឺជា​ដី​ដែល​មាន​ដុំថ្ម​ និង​មាន​ព្រៃ​ក្រាស់​ដែល​មិន​អាច​រស់នៅ និង​បង្ក​បង្កើនផល​បាន​។

ពលរដ្ឋ​ទាំង ៣៧៥ គ្រួសារ​នេះ​ចែក​ជា​​ ២ ​ក្រុម​គឺ​ក្រុមទី ១ មាន​ចំនួន​ ២០០ ​គ្រួសារ​រស់នៅ​ឃុំ​ដងពែង ជីខក្រោម ជីខលើ បទុមសាគរ និង​ឃុំ​កណ្ដោល ស្រុក​បទុមសាគរ ដែល​ដឹកនាំ​ដោយ​លោក ទិត្យ ផេង ហើយ​អាជ្ញាធរ​កំពុង​វាស់​កាត់​ដី​បែងចែក​ជូន​ពួកគាត់​។

ចំណែក​ក្រុម​ទី ២ ដែល​ដឹកនាំ​ដោយ​អ្នកស្រី ផាវ ញ៉ើង​មាន ១៧៥ គ្រួសារ​រស់នៅ​ឃុំ​ជីខលើ និង​ជីខ​ក្រោម​ ស្រុក​បទុមសាគរ ប៉ុន្ដែ​នៅ​សល់​ ៤០ ​គ្រួសារ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​កាត់​ដី​ដែល​មាន​ដុំថ្ម​ធំៗ​ដី​ទឹក​លិច និង​មាន​ព្រៃ​ក្រាស់ៗ​ទើប​ពួកគេ​មិន​ទាន់​អាច​ទទួល​យក​សំណង​នៅ​ឡើយ​។

អ្នកស្រី ផាវ ញ៉ើង តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ចំនួន ១៧៥ គ្រួសារ​បាន​លើកឡើង​ថា ​រហូត​មក​ដល់​ពេល​នេះ​ នៅ​សល់​ប្រជាពលរដ្ឋ ៤០ ​គ្រួសារ​ទៀត​ដែល​មិន​ទាន់​បាន​ទទួល​ការ​វាស់​កាត់​ដីជូន​ពួកគាត់​នៅ​ឡើយ ដោយ​អាជ្ញាធរ​បាន​ពន្យារពេល​វាស់ និង​ប្រគល់​ដី​ដែល​មិន​អាច​រស់នៅ ឬ​ដាំដុះ​ដំណាំ​អ្វី​បាន​ទេ​។ ដូច្នេះ​ពួកគាត់​ស្នើសុំ​អាជ្ញាធរ​ដោះដូរ​កន្លែង​ផ្សេង​ឲ្យ​ពួកគាត់ និង​សុំ​កន្លែង​ដែល​ពួកគាត់​ពេញចិត្ត​វិញ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ពួកខ្ញុំ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ជួយ​សម្រួល​ជូន​ពលរដ្ឋ ដែល​អាជ្ញាធរ​បាន​ប្រគល់​ដី​មាន​ថ្ម ឬ​ដី​ដែល​មិន​អាច​បង្កបង្កើន​ផល​បាន​ដោះដូរ​ឲ្យ​ពលរដ្ឋ​ដី​ដែល​ពួកគាត់​ពេញចិត្ត​។ ម្យ៉ាង​ទៀត​សុំ​ជំរុញ​ពន្លឿន​ការបញ្ចប់​ការវាស់វែង​ដី​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​ព្រម​ទាំង​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​មក​គ្រប់គ្រង​ខ្លួនឯង​វិញ ព្រោះ​ការកាន់កាប់​ដី​នេះ​ពលរដ្ឋ​ក៏​នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​ថា វា​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​ដែរ​»​។

លោក ទិត្យ ផេង តំណាង​ពលរដ្ឋ​ចំនួន ២០០ គ្រួសារ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​ទាំងអស់​មាន​ការសប្បាយ​រីករាយ​ដោយសារ​អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​គ្រប់ៗ​គ្នា​ហើយ​ពួកគេ​ក៏​មិន​មាន​អ្វី​ជំទាស់​នឹង​ការបែងចែក​នេះ​ដែរ​។

លោក​បន្ត​ថា​ប្រជាពលរដ្ឋ​បាន​ទទួល​ថវិកា​ចំនួន ៣ ពាន់​ដុល្លារ និង​ដី​ចំនួន​ ២ ​ហិកតា​ក្នុង​មួយ​គ្រួសារ​តាម​ការសន្យា​របស់​អាជ្ញាធរ​រួចហើយ ប៉ុន្ដែ​ដី​នោះ​មិន​ទាន់​បញ្ចប់​ការវាស់វែង​នៅ​ឡើយ ព្រោះ​រដូវភ្លៀង និង​រដូវកាល​បោះឆ្នោត​ផង​។

លោក ផេង ​បញ្ជាក់​ថា​៖ «​ពួកខ្ញុំ​មិន​មាន​អ្វី​ជំទាស់​ទេ គឺ​គ្រាន់តែ​អាជ្ញាធរ​ពន្យារពេល​បន្ដិច ព្រោះ​រដូវវស្សា​ពិបាក​វាស់ដី ហើយ​ក៏​ជា​រដូវកាល​បោះឆ្នោត​ដែរ​។ ពួកខ្ញុំ​បាន​ចាប់ឆ្នោត​យក​ក្បាលដី​បាន​គ្រប់ៗ​គ្នា ហើយ​ម្នាក់ៗ​សុទ្ធតែ​ស្គាល់​ទីតាំង​ដី​របស់​ខ្លួន​ដែរ ប៉ុន្ដែ​មិន​ទាន់​បាន​វាស់វែង​រួចរាល់​នោះ​ទេ​»​។

លោក មាន ព្រហ្មមុនី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង លើក​ឡើង​ថា​ប្រជាពលរដ្ឋ​ទាំង​ ២ ​ក្រុម​គឺ​ក្រុម​ ២០០ ​គ្រួសារ និង​ក្រុម​ ១៧៥ ​គ្រួសារ​ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង និង​ក្រុមហ៊ុន​ឈ្មោះ កោះកុង ស៊ូហ្គើរ និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន របស់​អ្នក​វិនិយោគទុន​ថៃ​ដែល​បាន​ទិញ​ភាគហ៊ុន​ពី​លោក​ឧកញ៉ា លី យ៉ុងផាត់​នោះ​គឺ​សល់​តែ​​ ៤០ ​គ្រួសារ​ទេ​ដោយ​ពួកគាត់​មិន​ទាន់​យល់ព្រម ព្រោះ​ដី​ដែល​នឹង​បែងចែក​ឲ្យ​ពួកគាត់​នោះ មិន​អាច​ដាំ​ដំណាំ ឬ​រស់នៅ​បាន​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​នាម​យើង​ជា​សង្គម​ស៊ីវិល​យើង​សាទរ​ចំពោះ​ដំណោះស្រាយ​នេះ ហើយ​ខ្ញុំ​សុំ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ដោះដូរ​ដី​ដែល​ពុំមាន​ដុំថ្ម​ធំៗ​មាន​ទឹក​លិច​ជ្រៅ​ពេក និង​មាន​ព្រៃ​ក្រាស់ៗ ព្រោះ​ពួកគាត់​នឹង​មិន​មាន​លទ្ធភាព​ប្រើប្រាស់​ដី​ទាំងនេះ​ទេ ហើយ​គួរ​តែ​ឲ្យ​ដី​កន្លែង​ណា​ដែល​អាច​បង្កបង្កើនផល​ដំណាំ និង​រស់នៅ​បាន​ត្រឹមត្រូវ​»​។

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណី​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​បើ​តាម​អ្នកស្រី ផាវ ញ៉ើង អះអាង​ថា​លោក អន ភារៈ អភិបាលរង​ខេត្ត​កោះកុង​ដែល​បាន​ចុះ​ទៅ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​លោក​បាន​ឯកភាព​ដោះដូរ​ដី​កន្លែង​ផ្សេង​ជូន​ពលរដ្ឋ ប៉ុន្ដែ​មិន​ទាន់​បាន​ប្រាប់​ទីតាំង​ច្បាស់លាស់​នៅ​ឡើយ​ទេ​។

គួររំឭក​ថា​កាលពី​ថ្ងៃទី​ ២២ ខែ​មីនា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​ដីធ្លី​នេះ​ជា​ស្ថាពរ​ដោយ​ក្រុម​ប្រជាពលរដ្ឋ ១៧៥ គ្រួសារ​ក្នុង​ក្រុម​ទី ១ ​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​ដី​ទំហំ ៣ ហិកតា​នៅ​លើ​ទីតាំង​ថ្មី និង​ថវិកា​ចំនួន ២៥០០ ​ដុល្លារ​ក្នុង ១ ​គ្រួសារ​។ ចំណែក​ក្រុម​ទី​ ២ ក៏​ត្រូវ​បាន​ក្រសួង​យល់​ព្រម​ប្រគល់​ដី​ ២ ហិកតា និង​ថវិកា​ចំនួន​ ៣ ​ពាន់​ដុល្លារ​ហើយ​អាជ្ញាធរ​កំពុង​ដំណើរការ​វាស់​កាត់​ដី​ចែកជូន​ពលរដ្ឋ​៕