តាកែវ៖ ពលរដ្ឋ​រស់នៅ​ឃុំ​លំពង់ ស្រុក​បាទី ខេត្ត​តាកែវ ស្នើ​ឲ្យ​អាជ្ញាធរ​ ចុះ​បង្ក្រាប​រោង​សិប្បកម្ម​ និង​ទប់ស្កាត់​ការ​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​ ដែល​ឈ្មួញ​ខិលខូច​លួច​បើក​ដំណើរការ​ក្នុង​មូលដ្ឋាន​ពួក​គាត់​ដោយ​មាន​ការ​ដុត​កម្ទេច​ក្រណាត់​ ធ្វើ​ឲ្យ​មាន​ក្លិន​មិន​ល្អ​ សាយភាយ​ក្នុង​ភូមិ ​ប៉ុន្ដែ​មេ​ឃុំ​លំពង់​អះអាង​ថា រោង​សិប្បកម្ម​ទាំង​នេះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់នៅ​ភូមិ​ពាន​មាស​ខាង​កើត​ ឃុំ​លំពង់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ​បន្ទាប់​ពី​អាជ្ញាធរ​ចុះ​បង្ក្រាប​ និង​បិទ​ទីតាំង​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​អស់​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន​​ស្រាប់​តែ​ពេល​នេះ​បែរ​ជា​មាន​វត្តមាន​ជាថ្មី​នៅ​ក្នុង​មូលដ្ឋាន​នេះ​ដដែល​។

លោក​បន្ត​ថា ក្រុម​ឈ្មួញ​ដែល​ជា​សែស្រ​ឡាយ​លោក​មេឃុំ ​បាន​លួច​លាក់​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​នៅ​ពេល​យប់ រួច​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ម៉ោង​ប្រហែល ​៣ ឬ ៤ ទៀប​ភ្លឺ ពី​ព្រោះ​កន្លង​មក​ការ​លួច​​ផលិត​នៅ​ពេល​ថ្ងៃ ត្រូវ​បាន​អាជ្ញាធរ​ចុះ​បង្ក្រាប និង​រឹបអូស​យក​សម្ភារ​មួយ​ចំនួន​។

លោក​បញ្ជាក់​ថា៖ ​«កាល​ពី​លើក​មុន ក្រុម​ឈ្មួញ​នាំ​គ្នា​ដុត​អង្កាម​ ឬ​ធ្យូង​ទេ ប៉ុន្ដែ​ម្ដង​នេះ​គាត់​ងាក​មក​ដុត​កម្ទេច​ក្រណាត់​វិញ​ម្ដង​ ដែល​ការ​ដុត​បែប​នេះ ​គឺ​ធ្វើ​ឲ្យ​ហុយ​ផេះ​ ចូល​ពាង​ទឹក​អ្នក​ភូមិ​លាយ​ឡំ​​ជាមួយ​ផ្សែង​ខ្មៅ​អាប់អួ​ ព្រមទាំង​មាន​សាយភាយ​ក្លិន​ឈ្ងៀម​ ចេញ​ពី​រោង​សិប្បកម្ម​នោះ ធ្វើ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ជិត​ខាង​ផង​ដែរ​»។

លោក ង៉ែត ណុប ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ឃុំ​លំពង់​បាន​ថ្លែង​ថា រោង​សិប្បកម្ម​ប្រមាណ​ជាង ​១០ កន្លែង​ ត្រូវ​បាន​បើក​ដំណើរការ​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ បើ​ទោះបី​ជា​មន្ត្រី​ជំនាញ​ធ្លាប់​ចុះ​បង្ក្រាប​ម្ដង​រួច​ហើយ​ក៏​ដោយ។ ​លោក​ស្នើ​ឲ្យ​​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បន្ទាន់ ព្រោះ​សិប្បកម្ម​ទាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ភូមិ​ជា​ខ្លាំង។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ធ្លាប់​ឃើញ​ពី​បច្ចេកទេស​គេ​ធ្វើ​ស្ករ​ត្នោត​នេះ គឺ​ខ្ញុំ​ឃើញ​គេ​ផ្សំ​គ្រឿង​មាន​ស្ករ​ស ទឹក​សាប​ធម្មតា ប្រេង​ឆា ម្សៅ​ស៊ុប ទឹក​ដោះ​គោ​ខាប់ និង​មាន​គ្រឿង​ផ្សំ​មួយ​ចំនួន​ទៀត ខ្ញុំ​ចាំ​អត់​អស់។ បន្ទាប់​មក​គេ​លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ហ្នឹង​ចូល​គ្នា រួច​ហើយ​គេ​កូរ​វឹកៗ ខ្ញុំ​មិន​សូវ​ច្បាស់​ពី​បច្ចេកទេស​គេ​ហ្នឹង​ទេ»​។

លោក ឆេ សយ មេឃុំ​លំពង់ ស្រុក​បាទី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ​ពី​ម្សិលមិញ​ថា នៅ​ក្នុង​ឃុំ​របស់​លោក​ពិត​ជា​មាន​ការ​ផលិត​ស្ករ​ត្នោត​បែប​នេះ​មែន ប៉ុន្ដែ​សិប្បកម្ម​នោះ​សុទ្ធ​តែ​មាន​ច្បាប់​ត្រឹមត្រូវ​ដោយ​មាន​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​​ផ្ដល់​អាជ្ញា​ប័ណ្ណ​ជូន​ម្ចាស់​សិប្បកម្ម​ទាំង​អស់​នេះ​ តែ​លោក​ថា មិន​ដឹង​ពី​សាច់​ញាតិ​ទេ។

លោក​បន្ត​ថា កន្លង​មក​អាជ្ញាធរ​ធ្លាប់​បាន​បង្ក្រាប និង​ណែនាំ​ក្រុម​អ្នក​ផលិត​ស្ករ​ត្នោត​ទាំង​អស់​ពី​ផល​ប៉ះ​ពាល់​ផ្សេងៗ​ផង​ដែរ ហើយ​ឈាន​ដល់​ការ​បង្ក្រាប​ទៀត​ផង។ ប៉ុន្ដែ​ក្រោយ​មក​ពួក​គាត់​បាន​ទៅ​សុំ​អាជ្ញាប័ណ្ណ​ពី​មន្ត្រី​ជំនាញ​ខេត្ត​ ដើម្បី​មាន​សិទ្ធិ​​បន្ត​ធ្វើ​សកម្មភាព​ផលិត​ស្ករ​ត្នោត​ទាំង​នេះ​ឡើង​វិញ​។

លោក​បញ្ជាក់​ថា៖ ​«គេ​ផលិត​ស្ករ​ហ្នឹង​ដោយសារ​គេ​ទៅ​សុំ​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​រួច​ហើយ​ តែ​ខ្ញុំ​មិន​ស្គាល់​ក្រសួង​អ្វី​ទេ តែ​គេ​សុំ​ច្បាប់​រួច​ហើយ​ អ៊ីចឹង​ខ្ញុំ​មិន​អាច​ទៅ​បង្ក្រាប​គេ​បាន​ទេ ព្រោះ​គេ​​មាន​ច្បាប់​ត្រឹមត្រូវ។ កន្លង​ទៅ​យើង​ធ្លាប់​បាន​បង្ក្រាប​ដែរ​ ព្រោះ​លើក​មុន​នោះ គាត់​អត់​ច្បាប់ ឥឡូវ​គេ​បាន​ច្បាប់ យើង​ទៅ​បង្ក្រាប​គេ​ម៉េច​កើត? ហើយ​ខ្ញុំ​មិន​ដឹង​ថា កូន​ក្មួយ​ខ្ញុំ​ណា​ធ្វើ​​អាជីវកម្ម​នេះ​ទេ»។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុង​ត្រូល​ខេត្ត​តាកែវ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​ក៏​បាន​ទទួល​ព័ត៌មាន​នេះ​ដែរ ប៉ុន្ដែ​ក្រុម​ឈ្មួញ​នាំ​គ្នា​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ឧសបគ្គ​ដល់​មន្ត្រី​លោក​ក្នុង​ការ​ចុះ​ទៅ​បង្ក្រាប​ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​លោក​ផង​នោះ​។​

លោក​បញ្ជាក់​ថា៖ «​ករណី​នេះ​ពិត​ជា​មាន​មែន យើង​ចុះ​បង្ក្រាប​លើក​មុន គឺ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ពេល​ថ្ងៃ អ៊ីចឹង​យើង​អាច​​បង្ក្រាប​បាន ​ប៉ុន្ដែ​លើក​នេះ​ជន​ខិលខូច​ធ្វើ​ពេល​យប់​ អ៊ីចឹង​មន្ត្រី​យើង​ពិបាក​ចុះ​ទៅ​ពេល​យប់ ហើយ​អាជ្ញាធរ​មូលដ្ឋាន​​មិន​សហការ​ល្អ​ជាមួយ​យើង​ទេ។ ចំណែក​ករណី​នេះ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ទាល់​តែ​បាន​ ខ្ញុំ​នឹង​រក​វិធី​ទប់ស្កាត់»​។

លោក ប៉ោ លាង​គង់ បាន​បន្ថែម​ថា មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា​ សារធាតុ​ទាំង​នោះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​បរិភោគ​​ដូច​ជា កើត​ជំងឺ​ខ្លាញ់​រុំ​បេះដូង​ សម្ពាធ​ឈាម​ឡើង​ខ្ពស់ បង្កើន​ជាតិ​ស្ករ និង​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ជាដើម​។

លោក កេត ព្រុង ប្រធាន​មន្ទីរ​ឧស្សាហ៍កម្ម និង​សិប្បកម្ម​ខេត្ត​តាកែវ​ បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ទេ ប៉ុន្ដែ​លោក​ថា​ នឹង​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ស៊ើប​អង្កេត​ជុំវិញ​ករណី​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា មន្ទីរ​ឧស្សាហកម្ម ​និង​សិប្បកម្ម​ខេត្ត​តាកែវ​ មិន​ដែល​ចេញ​ច្បាប់​ឬ​អាជ្ញាប័ណ្ណ​​ឲ្យ​ក្រុម​ឈ្មួញ​ខិលខូច​ទាំង​នេះ​បង្កើត​រោង​សិប្បកម្ម​ផលិត​ស្ករ​ត្នោត​ទេ ព្រោះ​វា​ជា​អាជីវកម្ម​ខុស​ច្បាប់​ហើយ​ខ្ញុំ​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន។ ខ្ញុំ​នឹង​ចាត់​មន្ត្រី​ខ្ញុំ​ឲ្យ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ទាំង​អស់​តែ​ម្ដង»។

អតីត​សិប្បករ​ ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា រោង​សិប្បកម្ម​របស់​លោក​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ​កាល​ពី​ឆ្នាំ ២០១៩ ប៉ុន្ដែ​នៅ​ពេល​នេះ​លោក​បាន​ឈប់​ផលិត​ស្ករ​ត្នោត​នេះ​ហើយ​ ដោយ​បាន​ប្ដូរ​ទៅ​រក​ស៊ី​ធ្វើ​ជា​ជាង​សាងសង់​ផ្ទះ​វិញ។​

លោក​ថា៖ «រឿង​នេះ ខ្ញុំ​អាច​ប្រាប់​ពី​វិធី​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​នេះ​បាន​ខ្លះៗ គឺ​វត្ថុធាតុ​ដើម និង​គ្រឿង​ផ្សំ​​ រួម​មាន​ ស្ករស ទឹក​សាប​ធម្មតា ប្រេង​ឆា ​ម្សៅ​ស៊ុប និង​ទឹក​ដោះគោ​​ខាប់។ រីឯ​វិធី​ធ្វើ​ក្នុង​ស្ករស ​៥០ ​គីឡូ​ក្រាម ត្រូវ​ប្រើ​ទឹក ​១៥ ​គីឡូ​ក្រាម ប្រេង​ឆា ​២០០ ​ក្រាម ម្សៅ​ស៊ុប ​២ ​ស្លាបព្រា​បាយ​ និង​ទឹក​ដោះ​គោ​ខាប់ ​២ ​កំប៉ុង។ បន្ទាប់​មក​គេ​លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ហ្នឹង​បញ្ចូល​គ្នា​តាម​ក្បួន​ខ្នាត ​រួច​យក​ទៅ​រម្ងាស់​ឲ្យ​ពុះ​រហូត​ដល់​កំណត់​នាទី​រួច​ហើយ​គេ​កូរ​វឹកៗ​ដូច​ការ​ផលិត​ស្ករ​ត្នោត​ធម្មជាតិ​​ដែរ»៕