កោះកុងៈ អតីតប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ២ នៃ ខេត្តកោះកុង ដែលត្រូវបានរុះរើបំផ្លាញផ្ទះសម្បែងដោយសន្តិសុខក្រុមហ៊ុនចិនឈ្មោះ Union Development Group (UDG) កាលសប្តាហ៍មុន កំពុងរៀបចំដាក់ពាក្យបណ្តឹងមកកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំជួយអន្តរាគមន៍។
ផ្ទះអ្នកភូមិចំនួន ១៤ ខ្នង ត្រូវបានបំផ្លាញដោយកម្លាំងសន្តិសុខក្រុមហ៊ុនកាលព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នេះបើតាមអ្នកភូមិ និងតំណាងអង្គការសិទ្ធិមនុស្សលីកាដូ អះអាង។
ក្រុមអ្នកភូមិរងគ្រោះ ឥឡូវនេះកំពុងតែស្នាក់នៅបណ្តោះអាសន្នក្នុងវត្តមួយនៅជិតនោះ និងពឹងផ្អែកលើម្ហូបអាហារ និងទឹកដែលបានមកពីការបរិច្ចាគរបស់អ្នកភូមិដូចគ្នា។
អ្នកស្រី សេស សេងហៀង តំណាងអ្នកភូមិដែលត្រូវបានបណ្តេញចេញដែលនៅកំពុងរស់នៅក្នុងដីសម្បទានរបស់ក្រុមហ៊ុន UDG បានរៀបរាប់ថា ស្ថានភាពរបស់អ្នកភូមិដែលត្រូវបានបណ្តេញចេញ គឺមានលក្ខណៈអាក្រក់ហួសហេតុ។
អ្នកស្រីបាននិយាយបន្តថា៖ «ឥឡូវនេះយើងកំពុងរស់នៅក្នុងស្ថានភាពយ៉ាងលំបាកជាខ្លាំង ជាពិសេសបញ្ហាម្ហូបអាហារ ប៉ុន្តែសំណាងល្អអ្នកជិតខាងជួយយើងច្រើនណាស់ ដោយផ្តល់ឲ្យយើងម្ហូបអាហារមួយចំនួនពីក្នុងស្បៀងអាហារបន្តិចបន្តួចដែលពួកគេបម្រុងទុក។
អ្នកស្រី ទូច ស្រីម៉ៅ អាយុ ៣៧ឆ្នាំ ដែលបានរងរបួសនៅពេលសន្តិសុខធ្វើការបណ្តេញអ្នកភូមិដោយបង្ខំបាននិយាយថា៖ «នៅពេលខ្ញុំឃើញសន្តិសុខរុះរើបំផ្លាញផ្ទះ ខ្ញុំបានទៅជួយ។ តែត្រូវពួកគេគប់ដុំថ្មមកលើពួកយើងនិងត្រូវចំភ្លៅរបស់ខ្ញុំ»។
ផ្ទះរបស់អ្នកស្រី ម៉ៅ បានគេចផុតការបំផ្លាញកាលថ្ងៃព្រហស្បតិ៍ ប៉ុន្តែឥឡូវអ្នកស្រីបារម្ភអំពីសុវត្ថិភាពក្នុងការរស់នៅជាខ្លាំង។ អ្នកស្រីថា៖ «ខ្ញុំបារម្ភខ្លាចពួកគេមកម្តងទៀត មកបំផ្លាញផ្ទះរបស់ខ្ញុំដែរ។ ប៉ុន្តែ ខ្ញុំលែងខ្លាចអ្នកទាំងនោះទៀតហើយ។ ខ្ញុំនឹងបន្តការពារដីខ្ញុំ នឹងមិនចេញទៅណាទេ»។
លោក លី តិចឆៃ ប្រធានសន្តិសុខរបស់ក្រុមហ៊ុន UDG ក្នុងតំបន់នោះ មិនអាចទាក់ទងសុំអត្ថាធិប្បាយបាន។
អភិបាល ស្រុកគិរីសាគរ បានថ្លែងថា កម្លាំងសន្តិសុខរបស់អាជ្ញាធរមិនអាចទៅជួយអន្តរាគមន៍ទាន់ពេលទេ។
លោកបន្តថា៖ «យើងពិតជាមានការសោកស្តាយ ដែលយើងមិនអាចធ្វើអ្វីបាន។ ដូចបានដឹងហើយ ក្រុមហ៊ុនមានឡានទំនើបធំៗ មានល្បឿនលឿន។ កន្លែងជម្លោះ គឺនៅឆ្ងាយហើយយើងមិនដឹងថា តើកំពុងកើតមានរឿងអ្វីទេ ដូច្នេះយើងមិនអាចចាត់ការជួយអន្តរាគមន៍ទាន់ពេលឡើយ»។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា ការបណ្តេញរបស់ក្រុមហ៊ុន UDG ទៅលើអ្នកភូមិ គឺប្រឆាំងនឹងបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងធ្វើឲ្យប្រជាជនខ្វះម្ហូបអាហារ។ លោកថា៖ «ក្រុមហ៊ុនមិនអើពើនឹងបញ្ជារបស់លោកនាយករដ្ឋមន្រ្តីទេ។ ខ្ញុំនឹងផ្ញើរបាយការណ៍ទៅអាជ្ញាធរពីបញ្ហានេះ»៕